សំណួរ
៦១- តើសហគ្រាសខ្នាតតូច និងមធ្យមមានតួនាទីអ្វីខ្លះក្នុងសេដ្ឋកិច្ចកម្ពុជា ?
៦២- តើយន្តការគ្រប់គ្រង និងសម្របសម្រួលត្រូវផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចផែនការមានន័យយ៉ាងដូចម្តេច ?
៦៣- តើផលិតផលសរុបក្នុងស្រុកគឺជាអ្វី ? តើផលិតផលក្នុងស្រុកសរុបមានទំនាក់ទំនងអ្វីជាមួយកំណើនសេដ្ឋកិច្ច ?
៦៤- តើបញ្ជ័យវិជ្ជមាន និងអវិជ្ជមាន នៃសាកលភាវូបនីយកម្មមានអ្វីខ្លះ ?
៦៥- ចូរពន្យល់ពីតួនាទីក្នុងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ ។
ចម្លើយ
៦១- សហគ្រាសខ្នាតតូច និងមធ្យមមានតួនាទីក្នុងសេដ្ឋកិច្ចកម្ពុជាដូចជា ៖
- បង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការនាំចូលមកពីបរទេស
- ទំនិញ និងសេវាមានគុណភាព ទំនើប និងមានតម្លៃសមរម្យ
- ជួយឱ្យជញ្ជីងពាណិជ្ជកម្មមានលំនឹង ព្រោះកាត់បន្ថយការនាំចូល រួចបង្កើនការនាំចេញ
- កាត់បន្ថយហានិភ័យអតិផរណា ទំនិញ និងសេវាមិនងាយឡើងថ្លៃ
- ផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងប្រទេស កាត់បន្ថយភាពគ្មានការងារធ្វើ
- សេដ្ឋកិច្ចរបស់ប្រទេសមានស្ថេរភាព និងរីកចម្រើនប្រកបដោយចីរភាព
- ប្រទេសមានការអភិវឌ្ឍគ្រប់វិស័យ សម្បូរសប្បាយ... ។
៦២- យន្តការគ្រប់គ្រង និងសម្របសម្រួលត្រូវផ្អែកលើមូលដ្ឋានសេដ្ឋកិច្ចផែនការ មានន័យថា ដំណើរការផលិតកម្មស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាល ។
៦៣- ផលិតផលសរុបក្នុងស្រុក គឺជាតម្លៃផលិតផល និងសេវាសម្រេចទាំងអស់ ដែលផលិតបាននៅក្នុងសេដ្ឋកិច្ចមួយក្នុងកំឡុងពេលមួយកំណត់ ។ ការគណនារាប់បញ្ចូលតម្លៃទំនិញ ដែលបានផលិតដូចជា សំណង់ គេហដ្ឋាន ទំនិញប្រើប្រាស់ផ្សេងៗរួមមាន សម្លៀកបំពាក់ វិទ្យុ ទូរទស្សន៍ ថាសចម្រៀង សេវាផ្សេងៗ និងមធ្យោបាយធ្វើដំណើរ ការព្យាបាលជម្ងឺ ការបណ្តុះបណ្តាល ។ល។ តម្លៃទំនិញ និងសេវា នីមួយៗ ត្រូវបានកំណត់ផ្អែកតាមថ្លៃទីផ្សារ ហើយតម្លៃនីមួយនេះ បូកបញ្ចូលគ្នាបានជាផលិត ផលក្នុងស្រុកសរុប ។ គេអាចវាស់វែងផលិតផលក្នុងស្រុកសរុបតាមពីរវិធីសាស្ត្រគឺ អភិក្រមចំណាយ (Expenditure Approach) និងវិធីសាស្ត្រ អភិក្រមចំណូល (Income Approach) ហើយជាទូទៅចំណាយគឺស្មើនឹងចំណូល ។ ដូចដែលបានបង្ហាញរួចមកហើយ វឌ្ឍនភាពសេដ្ឋកិច្ចមិនមែនពឹងផ្អែកទៅលើតែកត្តាផ្គត់ផ្គង់មួយមុខ ដែលទាមទារឱ្យមានការបង្កើនបរិមាណ និងគុណភាពផលិតកម្ម តាមរយៈបង្កើនធនធានសេដ្ឋកិច្ចរួមមាន ធនធានធម្មជាតិ ធនធានមនុស្ស និងទំនិញវិនិយោគ ព្រមជាមួយការរីកចម្រើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ។ ជាក់ស្តែង វឌ្ឍនភាពសេដ្ឋកិច្ច ត្រូវគាំទ្រដោយការកើនឡើងនូវសេចក្តីត្រូវការរបស់សង្គមទាំងមូល ដែលស្រូបយកការរីកកើនឡើងនៃធនធានសម្រាប់ការលូតលាស់ទៀតផង ។ ប្រការនេះ អាចគូសបញ្ជាក់បានថា វឌ្ឍនភាពសេដ្ឋកិច្ចមានទំនាក់ទំនងយ៉ាងស្អិតរមួតរវាងបម្រែបម្រួលផ្នែកផ្គត់ផ្គង់សរុប និងបម្រែបម្រួលនៃតម្រូវការសរុបដែលទាមទារឱ្យមានបម្រែបម្រួលធនធានសេដ្ឋកិច្ច នៅក្នុងខឿនសេដ្ឋកិច្ចទាំងមូល ។ រចនាសម្ព័ន្ធ និងយន្តការបែងចែកធនធានសេដ្ឋកិច្ចត្រូវអភិវឌ្ឍឱ្យបានលឿន និងមានសេរីភាពពេញលេញ ដើម្បីឱ្យការបង្កើនសមត្ថភាពផលិតកម្មអាចផ្តល់ផលបានពិតប្រាកដ ។
៦៤- បញ្ជ័យវិជ្ជមាន និងអវិជ្ជមាន នៃសាកលភាវូបនីយកម្មមានដូចជា ៖
ក- បញ្ជ័យវិជ្ជមាន ៖
- សាកលភាវូបនីយកម្ម ត្រូវបានរំលេចឡើងដោយសារ សេដ្ឋកិច្ចពិភពលោកបានរីកចម្រើនខ្លាំង តាមរយៈការចងភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាងមុននូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសមួយទៅប្រទេសមួយទៀត ។ ការរីកលូតលាស់យ៉ាងខ្លាំងនេះ ត្រូវបានផ្តួបផ្សំជាមួយនឹងបដិវត្តន៍ថ្មីៗ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលជាប្រការធ្វើឱ្យផ្នែកដឹកជញ្ជូន និងទូរគមនាគមន៍ទទួលបានវឌ្ឍនភាពយ៉ាងខ្លាំង និងលឿនឆ្ពោះទៅមុខ ។
- បានជំរុញឱ្យប្រទេសជាច្រើន ធ្វើសេរីភាវូនីយកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ និងវិស័យទីផ្សារហិរញ្ញវត្ថុ ។ ក្នុងក្រប ខណ្ឌនេះ គេឃើញទ្រង់ទ្រាយនៃការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងលំហូរចេញ-ចូលមូលធនបានកើនឡើងក្នុងល្បឿន និងទំហំ ដែលស្ទើរតែមិនអាចវាយតម្លៃ និងប៉ាន់ប្រមាណបាន ។
- បានបើកឱ្យកាន់តែទូលំទូលាយ សម្រាប់កិច្ចដំណើរការនៃកម្លាំងទីផ្សារជំរុញឱ្យទំនិញ និងសេវាកម្មគ្រប់បែបយ៉ាង ព្រមទាំងកម្លាំងពលកម្ម ភ្ញៀវទេសចរ និងទុនវិនិយោគហូរចេញ-ចូលពីប្រទេសមួយទៅប្រទេសមួយដោយសេរី ។ ជាលទ្ធផលក្នុងប្រទេសដែលមានទីផ្សារកំពុងងើបឡើងវិញ បានទទួលផលចំណេញខ្ពស់ពីការវិនិយោគភាគហ៊ុន និងជាពិសេសមានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគត ដែលមានសភាពល្អប្រសើរ និងការទទួលយកបច្ចេកវិទ្យាទំនើប ជំនាញធុរកិច្ច និងសកម្មភាពឆ្លងកាត់ហិរញ្ញវត្ថុអន្តរជាតិថែមទៀត ។
ខ- បញ្ជ័យអវិជ្ជមាន ៖
- បច្ចុប្បន្ននេះ គេមើលឃើញយ៉ាងប្រក្សនូវមហិច្ឆិតាក្នុងការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយការទូត ដើម្បីគ្របដណ្តប់នៅលើពិភពលោករបស់បណ្តាប្រទេសមហាអំណាចមួយចំនួន ជម្លោះការប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលបានបញ្ចុះបន្ថែមទៀតនូវសង្គ្រាមវិនាសហិនហោច និងភាពវឹកវរនៃអំពើភេរវកម្ម និងការចាប់ជម្រិត ។
- ទន្ទឹមនឹងបដិវត្តបច្ចេកវិទ្យា និងភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ វប្បធម៌ និងការរស់នៅបែបខុសៗគ្នា ព្រមទាំងជម្ងឺឆ្លងផ្សេងៗនោះ ផលប៉ះពាល់ទៅលើបរិស្ថាន បាននាំមកនូវគ្រោះមហន្តរាយធំៗ ដែលមិនធ្លាប់មានពីមុនមក និងបំផ្លិចបំផ្លាញជីវិតមនុស្ស សត្វ និងធម្មជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។
- ការប្រើប្រាស់ធនធានធម្មជាតិលើសចំណុះ ដោយសារកង្វះប្រព័ន្ធច្បាប់សម្រាប់ការការពារបរិស្ថាន បាននាំមកនូវកត្តាអវិជ្ជមានផ្សេងៗ ដូចជាការឆ្លងរាលដាលជម្ងឺហ៊ីវ អេដស៍ ជម្ងឺសារ ជម្ងឺគ្រុនផ្តាសាយបក្សី និងគ្រោះធម្មជាតិ ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងការរញ្ជួយដីជាដើម ។
- ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ការហូរចូលទំនិញគ្រប់បែបយ៉ាង មានការបញ្ឈប់បង្អាក់យ៉ាងខ្លាំងទៅលើការរីកលូតលាស់នៃទំនិញក្នុងស្រុក ។
- ការហូរចូលទំនិញប្រណិតគ្រប់បែបយ៉ាង និងរបៀបរស់នៅទំនើប បានកាត់បន្ថយការសន្សំជាតិដែលជាកត្តាចាំបាច់សម្រាប់ពង្រីក និងពង្រឹងវិស័យផលិតកម្ម ។ ជាក់ស្តែង ចំណាយមួយផ្នែកធំ ត្រូវបានផ្ទេរមកប្រើប្រាស់លើទំនិញ និងសេវាប្រណិត បម្រើការកម្សាន្ត ជីវីតសប្បាយហ៊ឺហារ និងចំណាយលើទំនិញប្រណិតផ្សេងៗ តាមរបៀបប្រណាំងប្រជែងគ្នាទៅវិញ ។ ប្រការទាំងអស់ ដែលបានរៀបរាប់ខាងលើនេះ គឺជាកត្តាសំខាន់ដែលកំណត់នូវទិដ្ឋភាពរួមរបស់ពិភពលោកបច្ចុប្បន្ននេះ និងទៅអនាគត ។ ជាងនេះទៅទៀត អនាគតអ័ព្ទអួ ឬភ្លឺស្វាងនៃពិភពលោកយើងមួយផ្នែកធំ ពិតជាអាស្រ័យទៅលើលទ្ធផលនៃដំណោះស្រាយបញ្ហាទាំងអស់នេះ ។
៦៥- ពន្យល់ពីតួនាទីក្នុងការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ ។ សម្រាប់នីតិកាលទី៦នេះ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នឹងបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន៤ ដោយតម្កល់មនុស្សជាអាទិភាពទី១នៅលើគេ ។ ការអភិវឌ្ឍធនធានមនុស្សរួមមាន ៖
- ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
- ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
- ការលើកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ និង
- ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម ។
តភាគ