Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើអ្វីទៅជានិយមន័យកាតព្វកិច្ច ?

២- តើអ្វីទៅជានិយមន័យកាតព្វកិច្ចនិងករណីយកិច្ច ?

៣- តើអ្វីទៅជានិយមន័យកាតព្វកិច្ចនិងសិទ្ធិលើបំណុល ?

៤- តើអ្វីទៅជាភាពខុសគ្នារវាងសិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្ស ?

៥- ចូរឲ្យនិយមន័យនៃការបង្ហាញឆន្ទៈ ?

ចម្លើយ

១- និយមន័យកាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចងបុគ្គលពីរនាក់​ ដោយឲ្យបុគ្គលម្នាក់ដែលបានកំណត់មានករណីយកិច្ចមួយចំនួន​ ចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត (មាត្រា ៣០៨ នៃក្រមរដ្ឋប្បវេណី) ។

២- កាតព្វកិច្ច គឺជាប្រភេទមួយនៃករណីយកិច្ច ប៉ុន្តែករណីយកិច្ចទាំងអស់មិនមែនសុទ្ធតែជាកាតព្វកិច្ចទេ ។ ពាក្យកាតព្វកិច្ច ត្រូវបានប្រើក្នុងករណីដែលឆ្លើយតបទៅនឹងសិទ្ធិលើបំណុល ដូចជា អ្នកទិញ មានកាតព្វកិច្ចបង់ប្រាក់ គឺឆ្លើយតបទៅនឹងសិទ្ធិទាមទារឲ្យបង់ប្រាក់របស់អ្នកលក់ ។ ពាក្យករណីយកិច្ច ជួនកាលត្រូវបានប្រើក្នុងករណីមិនឆ្លើយតបចំពោះសិទ្ធិលើបំណុល (សិទ្ធិទាមទារ) ទេ ។ ឧទាហរណ៍ អ្នកបរឡាន ម៉ូតូ មានករណីយកិច្ចប្រុងប្រយ័ត្ន នៅពេលបើកបរតាមផ្លូវ មិនឲ្យមានគ្រោះថ្នាក់ដល់បុគ្គលផ្សេងទៀត ។

៣- ពុំមានមាត្រាណាចែងអំពីនិយមន័យនៃសិទ្ធិលើបំណុលទេ តែមានមាត្រាចែងអំពីនិយមន័យនៃកាតព្វកិច្ច តែតាមពិតទៅការឲ្យនិយមន័យកាតព្វកិច្ច ក៏ដូចជាការកំណត់ពីសិទ្ធិលើបំណុលដែរ ព្រោះកាតព្វកិច្ច និងសិទ្ធិលើបំណុល គឺមានទំនាក់ទំនងមុខពីរ (កាតព្វកិច្ចរបស់ភាគីម្ខាង ត្រូវគ្នានឹងសិទ្ធិរបស់ភាគីម្ខាងទៀត) ។ បុគ្គលម្ខាងដែលទទួលផលប្រយោជន៍ ហៅថា ម្ចាស់បំណុល ឯបុគ្គលម្ខាងទៀត ដែលទទួលបន្ទុកហៅថា កូនបំណុល (មាត្រា ៣០៨ កថាខណ្ឌទី២នៃក្រមរដ្ឋប្បវេណី) ។ ម្ចាស់បំណុលមានសិទ្ធិទាមទារឲ្យកូនបំណុលធ្វើ ឬមិនធ្វើសកម្មភាពអ្វីមួយមកឲ្យខ្លួន ។

៤- ភាពខុសគ្នារវាងសិទ្ធិលើបំណុល និងសិទ្ធិប្រត្យក្សគឺ ៖

         + សិទ្ធិលើបំណុល

  • សិទ្ធិលើបំណុល ជាសិទ្ធិលើបុគ្គលជាសិទ្ធិដែលអាចទាមទារឲ្យបុគ្គលណាមួយធ្វើសកម្មភាពអ្វីមួយ ឬមិនធ្វើសកម្មភាពអ្វីមួយ ។ អ្នកដែលមានសិទ្ធិលើបំណុល ហៅថាម្ចាស់បំណុល។
  • សិទ្ធិលើបំណុលពុំមានភាពដាច់ខាត មិនផ្តាច់មុខ ។
  • ភាពមិនដាច់ខាតរបស់សិទ្ធិលើបំណុល ៖ ម្ចាស់បំណុលអះអាងសិទ្ធិទាមទាររបស់ខ្លួនបានតែចំពោះបុគ្គលជាក់លាក់ (កូនបំណុល) តែប៉ុណ្ណោះ មិនអាចអះអាងដល់ជនដទៃឡើយ ។ ចំណងចងភ្ជាប់តែរវាងម្ចាស់បំណុល និង កូនបំណុលតែប៉ុណ្ណោះ ។ ឧទាហរណ៍ A ឲ្យ B ខ្ចីប្រាក់ (ខ្ចីបរិភោគ) A ពុំអាចទាមទារឲ្យបងប្អូន B សងជំនួសឡើយ ។ មានការវិវឌ្ឍន៍ដោយក្រមរដ្ឋប្បវេណីថ្មីដែលអនុញ្ញាតឲ្យមានការធ្វើអនុប្បទានសិទ្ធិលើបំណុល (មាត្រា ៥០១ នៃក្រមរដ្ឋប្បវេណី) និងការទទួលកាតព្វកិច្ច (មាត្រា៥០៧ នៃក្រមរដ្ឋប្បវេណី)។
  • ភាពមិនផ្តាច់មុខនៃសិទ្ធិលើបំណុល ៖ បុគ្គលតែមួយ អាចមានកាតព្វកិច្ចដូចគ្នាច្រើន ។ A មានដីមួយកន្លែង តែ Aបានលក់ដីនោះឲ្យទៅ B ផង ហើយលក់ទៅឲ្យ C ផង ដោយ B ពុំបានចុះបញ្ជី C បានចុះបញ្ជី ។ កម្មសិទ្ធិត្រូវបានផ្ទេរឲ្យ C ប៉ុន្តែ A មានកាតព្វកិច្ចប្រគល់ដីឲ្យ B ផង និងប្រគល់ដីដដែលនោះឲ្យទៅ C ។

         + សិទ្ធិប្រត្សក្ស

  • សិទ្ធិប្រត្យក្ស គឺសំដៅទៅលើសិទ្ធិគ្រប់គ្រងវត្ថុដោយចំពោះ ។ កម្មសិទ្ធិករលើវត្ថុណាមួយអាចគ្រប់គ្រងដោយសេរីលើវត្ថុដែលជារបស់ខ្លួន ដោយមិនមានការជ្រៀតជ្រែកពីអ្នកដទៃ។ កម្មសិទ្ធិករ អាចប្រើប្រាស់អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីក្នុងទំហំដែលច្បាប់បានកម្រិត (មាត្រា ១៣៨ នៃក្រមរដ្ឋប្បវេណី)។
  • សិទ្ធិប្រត្យក្ស មានភាពដាច់ខាតផ្តាច់មុខ ។
  • ភាពដាច់ខាតរបស់សិទ្ធិប្រត្យក្ស ៖ កម្មសិទ្ធិករលើវត្ថុអ្វីមួយ អាចអះអាងពីសិទ្ធិរបស់ខ្លួនចំពោះបុគ្គលគ្រប់រូប ដូចជាអាចទាមទារឲ្យប្រគល់វិញ តាមមាត្រា ១៥៥ សិទ្ធិទាមទារឲ្យបញ្ឈប់ និងបង្ការការរារាំងសិទ្ធិលើកម្មសិទ្ធិ តាមមាត្រា ១៥៩ នៃក្រមរដ្ឋប្បវេណី។
  • ភាពផ្តាច់មុខរបស់សិទ្ធិប្រត្យក្ស ៖ វត្ថុមួយមានសិទ្ធិតែមួយ ច្បាប់មិនអនុញ្ញាតឲ្យបង្កើតសិទ្ធិមួយទៀត ដែលមានខ្លឹមសារដូចគ្នាលើវត្ថុតែមួយបានទេ ។ បើដីមួយកន្លែងជារបស់ A ដីដដែលនោះ មិនអាចជារបស់ B បានទេ ។
  • គោលការណ៍កំណត់សិទ្ធិប្រត្យក្សដោយច្បាប់ មាត្រា ១៣១ សិទ្ធិប្រត្យក្សអាចបង្កើតបានតាមក្រមរដ្ឋប្បវេណី និង ច្បាប់ពិសេស ។

៥- និយមន័យនៃការបង្ហាញឆន្ទៈ គឺការបង្ហាញឆន្ទៈរបស់ភាគីដែលមានបំណងបង្កើតអនុភាពគតិយុត្ត ហៅថា ការបង្ហាញឆន្ទៈ​(មាត្រា ៣១០ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី) ។ ឧទាហរណ៍ សំណើ និងស្វីការដើម្បីបង្កើតកិច្ចសន្យា ឬការបង្ហាញឆន្ទៈរំលាយកិច្ចសន្យា គឺជាការបង្ហាញឆន្ទៈ ។ ផ្ទុយមកវិញ ការពោលពាក្យពេចន៍ស្នេហាប្រាប់សង្សារ មិនមែនជាការបង្ហាញឆន្ទៈទេ ព្រោះវាមិនមានបំណងចង់បង្កើតឲ្យមានបំណងគតិយុត្តទេ ។ ការបង្ហាញឆន្ទៈ ត្រូវមានអនុភាពចាប់ពីពេលដែលការជូនដំណឹងអំពីការបង្ហាញឆន្ទៈនោះបានទៅដល់ភាគីម្ខាងទៀត (មាត្រា ៣១០ កថាខណ្ឌទី២ នៃក្រមប្បវេណី) ។ ប៉ុន្តែមានការបង្ហាញឆន្ទៈខ្លះមិនអាចធ្វើឡើងចំពោះភាគីម្ខាងទៀតទេ ដូចជា អច្ច័យទាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login