អានុភាពនៃការលុបចោលដោយសារការភាន់ច្រឡំមានដូចជា៖
- អានុភាពប្រតិសកម្ម កិច្ចសន្យាដែលមានការភាន់ច្រឡំ អាចលុបចោលបាន ហើយសកម្មភាពដែលត្រូវបានលុបចោលនោះ ត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង (មាត្រា៣៥៨ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។
- ការសងតាវកាលិក ក្នុងករណីលុបចោលកិច្ចសន្យា តាវកាលិកដែលទទួលបានពីកិច្ចសន្យានឹងក្លាយជាសេចក្តីចម្រើនឥតហេតុ (មាត្រា៧៣៦ កថាខណ្ឌទី២ នៃក្រមរដ្ឋប្បវេណី) ។ បើបុគ្គលដែលទទួលបានផលប្រយោជន៍មានចេតនា ឬកំហុស ចំពោះកិច្ចសន្យាដែលត្រូវបានបាត់បង់អានុភាព បុគ្គ6លដែលបានទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះ ដោយភ្ជាប់ជាមួយនឹងការប្រាក់ ។ លើសពីនេះ បើបុគ្គលដែលត្រូវបាត់បង់ផលប្រយោជន៍ទទួលការខូចខាត បុគ្គលដែលបានទទួលផលប្រយោជន៍ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាត (មាត្រា ៧៣៧ កថាខណ្ឌទី២ និងទី៣) ។
- ការការពារតតិយជន ការលុបចោលកិច្ចសន្យាដោយការភាន់ច្រឡំក្រៅពីភាគីម្ខាងទៀត អាចអះអាងចំពោះតតិយជនបាន ។ ប៉ុន្តែ ប្រសិនបើតតិជនជាជនសុចរិត ហើយគ្មានកំហុសអំពីការភាន់ច្រឡំ នោះមិនអាចអះអាងនូវការលុបចោលចំពោះតតិយជននោះបានឡើយ (មាត្រា ៣៤៦ កថាខណ្ឌទី៤ នៃក្រមរដ្ឋប្បវេណី) ។