2019-12-13 16:03
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨១- តើអី្វទៅហៅថាសិទ្ធិចាត់ចែង ?
៨២- តើអ្វីទៅហៅថាសិទ្ធិកម្មសិទ្ធិ ?
៨៣- តើអ្វីទៅជាការកម្រិតនៃសិទ្ធិកម្មសិទ្ធិ ?
៨៤- ទំនាក់ទំនងរវាងដីដែលនៅជាប់គ្នា តើកម្មសិទ្ធិករនៃក្បាលដីនីមួយៗមានសិទ្ធិទាមទារអ្វីខ្លះចំពោះស្ថានភាពដីដែលមានព្រំជាប់គ្នា ?
៨៥- ដូចម្តេចហៅថាដីបិទជិត ?
ចម្លើយ
៨១- សិទ្ធិចាត់ចែង គឺជាសិទ្ធិរបស់កម្មសិទ្ធិករ តាមនោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់សិទ្ធិមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចាត់ចែងផ្ទេរប្រគល់ទ្រព្យរបស់ខ្លួនទៅឲ្យបុគ្គលដទៃផ្សេងទៀតឲ្យចាត់ចែង ឬគ្រប់គ្រងជំនួសយ៉ាងណាកុំឲ្យបំពានទៅលើសិទ្ធិរបស់អ្នកដទៃ ឬប៉ះពាល់ទៅដល់សណ្តាប់ធ្នាក់សាធារណៈ និងទំនៀមទម្លាប់ដ៏ល្អប្រពៃ ។
៨២- សិទ្ធិកម្មសិទ្ធិ គឺសំដៅទៅលើសិទ្ធិរបស់កម្មសិទ្ធិករក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យសកម្មសិទ្ធិរបស់ខ្លួន បានដោយសេរីទៅតាមទំហំដែលច្បាប់បានកំណត់ (មាត្រា១៣៨) ។ មានន័យថាបុគ្គលដែលជាម្ចាស់សិទ្ធិ មានសិទ្ធិសេរីភាពក្នុងការសម្រេចចាត់ចែងទ្រព្យជាកម្មសិទ្ធិរបស់ខ្លួន ដោយស្ថិតនៅក្រោមកម្រិតនៃកម្មសិទ្ធិ ដែលការពារដោយច្បាប់ដោយមិនបំពានទៅលើសិទ្ធិសេរីភាពរបស់អ្នកដទៃ ដូចជាសិទ្ធិទាមទារបញ្ឈប់អំពើរំខានដល់ជីវភាពរស់នៅដោយផ្អែកលើ មាត្រា១៤០ នៃក្រមរដ្ឋប្បវេណី និងសិទ្ធិក្នុងការហាមឃាត់ការជីកករកាយបេតិកភណ្ឌវប្បធម៌ និងរ៉ែក្នុងដី មាត្រា ១៤១ នៃក្រមរដ្ឋប្បវេណី ។
៨៣- ការកម្រិតនៃសិទ្ធិកម្មសិទ្ធិ គឺជាព្រំដែននៃសិទ្ធិរបស់កម្មសិទ្ធិករដោយប្រែប្រួលទៅតាមប្រភេទនៃទ្រព្យជាកម្មសិទ្ធិ ឬទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ម្យ៉ាងទៀត ការកម្រិតនៃកម្មសិទ្ធិដី យើងអាចកំណត់បានថាកម្មសិទ្ធិដី ត្រូវមានអានុភាពទាំងផ្នែកលើដី និងផ្នែកក្រោមដីនៅក្នុងទំហំដែលមានផលប្រយោជន៍សម្រាប់កម្មសិទ្ធិករ ដែលបុគ្គលនៃម្ចាស់សិទ្ធិមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងគោលបំណងព្យាបាទ ឬរំខានដល់ជីវភាពនៃអ្នកដទៃបានឡើយ (មាត្រា១៣៩) ។ ករណីមានការអនុវត្តបំពានទៅលើការកម្រិតនៃសិទ្ធិកម្មសិទ្ធិ បុគ្គលដែលរងគ្រោះដោយការបំពានអាចបញ្ឈប់អំពើដែលរំខានដល់ជីវភាពរស់នៅ ។
៨៤- យោងតាមគោលការណ៍ទូទៅ នៃសិទ្ធិកម្មសិទ្ធិរវាងដីដែលនៅជាប់គ្នា កម្មសិទ្ធិករនៃក្បាលដីនីមួយៗ អាចមានសិទ្ធិទាមទារប្រើដីដែលនៅជាប់គ្នាបានក្នុងទំហំចាំបាច់ ដើម្បីធ្វើជារបង ឬសំណង់ ឬជួសជុលរបស់ទាំងពីរ នៅព្រំប្រទល់ដី ឬនៅក្បែរប្រទល់ ។ ករណីបង្កឲ្យមានការខូចខាតដោយសារការសាងសង់ ឬជួសជុលនោះ កម្មសិទ្ធិករនៃត្រូវបង់ប្រាក់សំណង (មាត្រា ១៤៣) ។
៨៥- ដីបិទជិត គឺជាប្រភេទដីដែលហុំព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ និងអាចជាប្រភេទដីដែលមានច្រកចេញ ប៉ុន្តែច្រកចេញនោះមិនគ្រប់គ្រាន់ ហើយមានឧបសគ្គដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះសម្រាប់ការធ្វើការកសិកម្ម ឬឧស្សាហ៍កម្មហៅថាដីបិទជិត (មាត្រា ១៤៤កថាខណ្ឌទី១) ។ ម្យ៉ាងទៀតកម្មសិទ្ធិករនៃដីបិទជិតមានសិទ្ធិស្នើសុំឆ្លងកាត់ដីអ្នកជិតខាងបានដោយបង់ប្រាក់សំណង់តាមការខូចខាតដោយសារការឆ្លងកាត់ (មាត្រា១៤៤ កថាខណ្ឌទិ២) ។