សំណួរ
៩១- តើកម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និងហេតុ មានអ្វីខ្លះ ? ចូររៀបរាប់ ?
៩២- មាត្រា១៦២នៃក្រមរដ្ឋប្បវេណី២០០៧ តើបានធ្វើការបែងចែកលក្ខខណ្ឌនៃលទ្ធកម្មកម្មសិទ្ធិជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៩៣- តើបុគ្គលដែលមានសិទ្ធិលើកឡើងនូវអាជ្ញាយុកាលមានអ្វីខ្លះ ?
៩៤- តើអ្វីទៅហៅថាអាជ្ញាយុកាល ?
៩៥- តើការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មបណ្តាលមកពីមូលហេតុអ្វីខ្លះ ?
ចម្លើយ
៩១- កម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និងហេតុ មានដូចជា ៖
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល២០ឆ្នាំ ។
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល១០ឆ្នាំ ក្នុងករណីការកាន់កាប់នោះ ធ្វើឡើងដោយសុចរិត និងគ្មានកំហុស នៅពេលចាប់ផ្តើមកាន់កាប់ (មាត្រា១៦០ និងមាត្រា១៦២) ។
៩២- មាត្រា១៦២នៃក្រមរដ្ឋប្បវេណី២០០៧ បានធ្វើការបែងចែកលក្ខខណ្ឌនៃលទ្ធកម្មកម្មសិទ្ធិជា៣ប្រភេទគឺ ៖
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈ ដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល២០ឆ្នាំ ។
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល១០ឆ្នាំ ក្នុងករណីការកាន់កាប់នោះ ធ្វើឡើងដោយសុចរិត និងគ្មានកំហុស នៅពេលចាប់ផ្តើមកាន់កាប់ ។
- បទបញ្ញត្តិទាំងពីរចំណុចខាងលើ មិនត្រូវបានយកមកអនុវត្តឡើយចំពោះអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋទោះបីជាប្រភេទណាក៏ដោយ ។ ពាក្យថាប្រភេទណាក៏ដោយ បើយោងតាមច្បាប់ភូមិបាល ២០០១ ត្រង់ជំពូក២ អំពីកម្មសិទ្ធិសាធារណៈមាត្រា១៤ ចែងថា ៖ (ទ្រព្យមួយចំនួនរបស់រដ្ឋសមូហភាពដែនដីសាធារណៈដែលត្រូវបានដាក់នៅក្រោមរបបគតិយុត្តិពិសេសគឺជា ទ្រព្យសម្បត្តិ សាធារណៈ ។ ទ្រព្យមួយចំនួនទៀតត្រូវគ្រប់គ្រងដូចកម្មសិទ្ធិឯកជន និងអាចជាកម្មវត្ថុនៃកិច្ចការជំនួញ គឺជាទ្រព្យសម្បត្តិឯកជនរបស់នីតិបុគ្គលសាធារណៈ) ។ បើយើងប្រៀបធៀបទៅនឹងបទបញ្ញត្តិនៃមាត្រា ១៦១វិញ ពុំបានកំណត់ច្បាស់ថា អចលនវត្ថុដែលគ្មានម្ចាស់ ត្រូវជាកម្មសិទ្ធិរបស់រដ្ឋ និងថាតើអចលនវត្ថុនោះជា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ត្រង់ចំណុចនេះជាភាពពុំច្បាស់លាស់នៃក្រមរដ្ឋប្បវេណី ២០០៧ ។ ប៉ុន្តែបើយើងក្រឡេកមើលអំពីប្រវត្តិសាស្រ្តប្រទេសកម្ពុជានៅក្រោយថ្ងៃរំដោះ ៧ ខែ មករា ឆ្នាំ ១៩៧៩ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត យើងបានបង្កើតរបបថ្មីមួយទៀត គឺសាធារណៈរដ្ឋប្រជាមានិត្យកម្ពុជា ដែលមានរបបនយោបាយឯកបក្ស សង្គមនិយម និងមានសេដ្ឋកិច្ចផែនការ (សេដ្ឋកិច្ចជាតិ ស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋ) ។
៩៣- បុគ្គលដែលមានសិទ្ធិលើកឡើងនូវអាជ្ញាយុកាលមានដូចជា ៖
- អ្នកដែលនឹងធ្វើលទ្ធកម្មលើកម្មសិទ្ធិដោយអាជ្ញាយុកាល
- អ្នកដែលទទួលការបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍
- អ្នកដែលទទួលសិទ្ធិផលុបភោគ
- អ្នកដែលទទួលបានសិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ
- អ្នកដែលទទួលបានសិទ្ធិសេវភាព
- អ្នកដែលទទួលបានសិទ្ធិជួល
- អ្នកដែលទទួលបានសិទ្ធិហ៊ីប៉ូតែក
- អ្នកដែលទទួលបានសិទ្ធិលើការបញ្ចាំពីអ្នកដែលនឹងធ្វើលទ្ធកម្មនូវកម្មសិទ្ធិ និងបុគ្គលផ្សេងទៀតដែលមានផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់ ក្នុងការលើកឡើងនូវអាជ្ញាយុកាលនៃលទ្ធកម្មបាន ។
តុលាការមិនអាចចេញសាលក្រម ឬសាលដីកា ដោយផ្អែកលើអាជ្ញាយុកាលនៃលទ្ធកម្មទេ ប្រសិនបើភាគីមិនបានលើកឡើងនូវអាជ្ញាកាលនៃលទ្ធកម្ម ។
៩៤- អាជ្ញាយុកាល គឺជារបបសម្រាប់ផលប្រយោជន៍សាធារណៈ ហេតុនេះហើយបុគ្គលឯកជនពុំអាចបង្ហាញឆន្ទៈបដិសេធចោលរបបអាជ្ញាយុកាលនេះជាមុនបានឡើយ ។ ក៏ប៉ុន្តែការបោះបង់ផលប្រយោជន៍នៃអាជ្ញាយុកាលក្រោយពេលអាជ្ញាយុកាលនោះបានសម្រេច អាចធ្វើទៅបានតាមគោលគំនិតនៃមាត្រា ១៦៤ ដែលប្រគល់សិទ្ធិឲ្យអ្នកធ្វើលទ្ធកម្មដោយអាជ្ញាយុកាល សម្រេចទទួលឬមិនទទួលផលប្រយោជន៍នោះ ។
៩៥- ការផ្អាកអាជ្ញាយុកាលនៃលទ្ធកម្មបណ្តាលមកពីមូលហេតុ២គឺ ៖
- ការផ្អាកអាជ្ញាយុកាលដោយធម្មជាតិ ។ (មាត្រា១៦៧ ចំណុច ក) ការផ្អាកបែបនេះកើតឡើងដោយការបាត់បង់ការកាន់កាប់របស់ជនដែលមានសិទ្ធិទទួលបានលទ្ធកម្មនៃកម្មសិទ្ធិ ។
- ការផ្អាកអាជ្ញាយុកាលដែលកំណត់ដោយច្បាប់ ។ (មាត្រា១៦៧ ចំណុច ខ គ និង ឃ) ការផ្អាកបែបនេះគឺជាការផ្អាក ដោយមូលហេតុមានបណ្តឹងទៅតុលាការ ឬការអនុវត្តសិទ្ធិដែលមានលក្ខណៈប្រហាក់ប្រហែល សកម្មភាពអនុវត្តដោយបង្ខំ ឬសកម្មភាពចាត់ចែងរក្សាការពារ ឬការទទួលស្គាល់ ។
តភាគ