ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ពន្ធគឺ ៖
- ម្ចាស់អចលនទ្រព្យមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ។
- ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសចំនួនពីរច្បាប់ (មួយច្បាប់សម្រាប់រដ្ឋបាលសារពើពន្ធ និងមួយច្បាប់ទៀតសម្រាប់ម្ចាស់អចលនទ្រព្យ) ។
- ការបង់ប្រាក់ពន្ធ និងប្រាក់ពន្ធបន្ថែម ៖
- អាចបង់ប្រាក់ដោយផ្ទាល់នៅបេឡាសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ។
- ប្រសិនបើប្រាក់ពន្ធត្រូវបានបង់តាមប្រព័ន្ធធនាគារ ម្ចាស់អចលនទ្រព្យ ត្រូវយកលិខិតប្រកាសជូនរដ្ឋបាលសារពើពន្ធពិនិត្យជាមុនសិន មុននឹងបង់ប្រាក់ពន្ធនៅធនាគារ ។ បន្ទាប់មកម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់បង្កាន់ដៃទទួលប្រាក់របស់ធនាគារជាមួយលិខិតប្រកាស ហើយដាក់លិខិតប្រកាសនេះជូនរដ្ឋបាលសារពើពន្ធវិញ ។ ក្រោយពីបានទទួលលិខិតប្រកាស និងបង្កាន់ដៃទទួលប្រាក់របស់ធនាគារ រដ្ឋបាលសារពើពន្ធត្រូវចេញបង្កាន់ដៃ ដែលបញ្ជាក់ថាបានបង់ប្រាក់ពន្ធរួចហើយ ។
- ប្រសិនបើម្ចាស់អចលនទ្រព្យមានអចលនទ្រព្យច្រើន ហើយស្ថិតនៅភូមិសាស្ត្ររដ្ឋបាលខុសគ្នា ម្ចាស់អចលនទ្រព្យត្រូវដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដាច់ដោយឡែកពីគ្នាទៅតាមភូមិសាស្ត្រ ដែលអចលនទ្រព្យស្ថិតនៅ។ ក្នុងករណីដែលអ្នកជាប់ពន្ធយល់មិនច្បាស់អំពីវិធីគណនា ឬការបំពេញលិខិតប្រកាសអ្នកជាប់ពន្ធអាចទាក់ទងមករដ្ឋបាលសារពើពន្ធ ដែលអចលនទ្រព្យស្ថិតនៅដើម្បីទទួលការណែនាំ ។
- ក្នុងករណីអចលនទ្រព្យណាមួយត្រូវបានលក់ ឬផ្ទេរ ឬផ្តល់ជាអំណោយដោយម្ចាស់អចលនទ្រព្យ ហើយពុំទាន់បានបង់ពន្ធនៅឡើយ រាល់បំណុល និងកាតព្វកិច្ចពន្ធលើអចលនទ្រព្យ គឺបុគ្គលដែលជាអ្នកទទួលប្រយោជន៍ចុងក្រោយជាអ្នកទទួលបន្ទុក។ ចំពោះអចលនទ្រព្យដែលបានបំពេញទម្រង់ទាំងបី (ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ លិខិតប្រកាសពន្ធលើអចលនទ្រព្យ និងព័ត៌មានអចលនទ្រព្យ) និងបានបង់ពន្ធឆ្នាំ២០១១ រួចហើយសម្រាប់ការប្រកាស និងបង់ពន្ធសម្រាប់ឆ្នាំ២០១២ តទៅ ពុំចាំបាច់សរសេរបំពេញទម្រង់លិខិតទាំងបីខាងលើឡើយ ម្ចាស់អចលនទ្រព្យគ្រាន់តែបង្ហាញលេខអត្តសញ្ញាណកម្មអចលនទ្រព្យ ដោយភ្ជាប់មកជាមួយនូវលិខិតប្រកាសបង់ពន្ធឆ្នាំ២០១២ ជូនដល់ភ្នាក់ងារពន្ធដារនៅសាខាពន្ធដារពន្ធដារខេត្ត/ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅជាការស្រេច។ បន្ទាប់មក ភ្នាក់ងារពន្ធដារនឹងបោះពុម្ភ (Print) ចេញនូវព័ត៌មានប្រកាសពន្ធជូនម្ចាស់អចលនទ្រព្យពិនិត្យ និងទទួលស្គាល់ដើម្បីបង់ប្រាក់ពន្ធ ។