Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          ឆ្លងកាត់នូវបទពិសោធន៍របស់មនុស្ស យើងឃើញថាដំណើរជីវីតមនុស្សគ្រប់រូបគ្រប់សម័យកាលពោរពេញទៅដោយឧបសគ្គរាប់មិនអស់  ។ ឧបសគ្គទាំងនោះបានជំរុញឲ្យមនុស្សប្រើគ្រប់សញ្ញាញាណដើម្បីទម្លាយភាពទាល់ច្រករបស់ខ្លួន ។ ហើយជារឿយៗឃើញថាទោះបីជាមានឧបសគ្គធំតូចយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗប្រើប្រាស់ខួរក្បាល ដែលផ្ទុកទៅដោយចំណេះវិជ្ជាយកមកដោះស្រាយបានប្រកបដោយជោគជ័យ ។ ហេតុនេះហើយទើបមានមតិជាច្រើនយល់ថា « មានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលបានយូរអង្វែងបាន » ។

          តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងណា ?

          ពាក្យថា « ចំណេះវិជ្ជា » សំដៅដល់ការចេះដឹងនូវផ្នែក ឬជំនាញផ្សេងៗ ។ ឯ សុភមង្គល មានន័យថាមង្គលល្អ​ឬសេចក្តីសុខទាំងផ្លូចចិត្តនិងផ្លូវកាយ ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា ការចេះដឹងនូវជំនាញ ផ្សេងៗឲ្យពិតប្រាកដ រមែងនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ទាំងផ្លូវកាយ បានយូរអង្វែង ។

          ជាការពិតណាស់ការដែលចេះដឹងនូវមុខជំនាញណាមួយឲ្យបានច្បាស់លាស់រមែងនាំឲ្យយើងមានភាពងាយស្រូលក្នុងការរកការងារធ្វើមានសេចក្តីសុខ សុភមង្គល និងមានកិត្តិយសថែមទៀតផង ។​វិជ្ជានាំឲ្យយើងមានទ្រព្យសម្បត្តិធូរធារព្រោះបើកាលណាយើងចចេះអ្វីមួយពិតប្រាកដយើងយកវិជ្ជានេះទៅប្រកបរបរទទួលទាននិងបានកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងស្រួល ។ មនុស្សមានចំណេះដឹងជាប់ខ្លូនមិនងាយនិងចាញើបោកគេ ពោលគឹយើងអាចនិយាយបានថាចំណេះវិជ្ជាអាចបញ្ចៀសផុតពីការគេងប្រវ័ញ្ចគ្រប់រូបភាពពីសំណាក់ជនខិលខូច ៕ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិនដោយសារចំណេះវិជ្ជានេះហើយទើបធ្វើឲ្យចៅចិត្ររំដោះខ្លួនពីភាពជាកម្មករ មកជាអ្នកត្រួតពិនិត្យមើលបញ្ជីត្បូងរូចក្លាយជាកូនប្រសារថៅកែត្បូងថែមទៀត​។ ចំណែកក្នុងរឿងធនញ្ជ័យវិញតួអង្គធនញ្ជ័យត្រូវទទួលរងនូវការប្រមាថពីសំណាក់ពួកមន្រ្តីខិលខូចមានទាំងសេដ្ឋីនិងស្តេចផង តែដោយសារធនញ្ជ័យមានប្រាជ្ញា ធនញ្ជ័យអាចការពារខ្លួនបានជោគជ័យរាល់ពេលដូចជាយកកូនមាន់និងកូនដំរីទៅប្រជល់ជាមួយនិងមាន់ដំរីរបស់ស្តេចយកសេះចត្រង្គរត់តាមស្តេចទៅប្រពាតព្រៃធ្វើមាន់ឈ្មោលរងាវក្នុងទឹកជាដើម.. ។ ផលប្រយោជន៍នៃវិជ្ជាមួយទៀតគឺអាចបង្កើត ឬច្នៃប្រឌិតបាននូវផលិតផលគ្រប់បែបយ៉ាងដើម្បីរំដោះខ្លួនពីគ្រោះអាសន្នផ្សេងៗ ។ ពេលទៅដល់ស្រុកចិន ធនញ្ជ័យធ្វើនំបញ្ចុកលក់យកប្រាក់ចិញ្ចឹមខ្លួ​ន ។ លុះពេលជាប់គុកសំរិទ្ធធនញ្ជ័យចេះធ្វើខ្លែងឯកបង្ហោះបំភ័យស្តេចចិនភិតភ័យក៏ដោះលែងធនញ្ជ័យឲ្យរួចខ្លួន រួចបញ្ចូនមកស្រុកខ្មែរវិញដោយមានបរិវារនិងទ្រព្យសម្បត្តិហែហមមកជាមួយផង ។ ក្រៅពីការរកកម្រៃទាញយកទ្រព្យសម្បត្តិចំណេះវិជ្ជាក៏អាចជួយយើងឲ្យមានសេចក្តីសុខផ្នែកផ្លូវកាយបានយ៉ាងស្រួលដូជជាការស្វែងយល់ពីសុខភាពអនាម័យ បរិស្ថាន ការយល់ដឹងពីជំងឺផ្សេងៗក៏ដូចជាវិធីការពារខ្លួនឲ្យរូចផុតពីជំងឺគ្រប់ប្រភេទ ។ តួយ៉ាងដូចជាចៅចិត្រត្រូវទៅរស់នៅតំបន់ប៉ៃលិនដែលជាស្រុកមានជំងឺគ្រុនចាញ់ ក៏ប៉ុន្តែដោយការជួយពន្យល់ពីគ្រូពេទ្យស្អាត គួបផ្សំនិងចំណេះវិជ្ជាដែលបានរៀននៅសាលាផងចៅចិត្រអាចថែរក្សាសុខភាពបានយ៉ងល្អប្រសើរ  ។ ម្យ៉ាងវិញទៀតចំណេះវិជ្ជាបានជួយសម្រាលបន្ទុកយើងឲ្យរួចផុតពីការងារដែលប្រើកម្លាំងបាយ ដូចជាកម្មករដែងធ្ងន់ៗ ដូចករណីចៅចិត្រអ៊ីចឹង ។ ពីដំបូងក៏ដូចជាកម្មករដូចគេដែរ ក៏ប៉ុន្តែដោយចៅចិត្រមានចំណេះវិជ្ជាក៏បានឡើងឋានៈជាអ្នកមើលការខុសត្រូវវិញម្តង​។​

          ជាងនេះទៅទៀត វិជ្ជានាំឲ្យមនុស្សមានវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងជីវីតរស់នៅព្រោះចំណេះវិជ្ជាអាចតម្រង់មនុស្សឲ្យប្រកបតែរបរណាដែលសុចរិតត្រឹមត្រូវ មិនប៉ះពាល់សិទ្ធិអ្នកដទៃមិនប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់រដ្ឋ ។ ហើយវិជ្ជាធ្វើឲ្យមនុស្សមានឯករាជ្យភាព ព្រោះមិនចាំបាច់រស់នៅដោយពឹងពាក់លើអ្នកដទៃ ឬត្រូវរណបគរយកបាយហូបនោះទេ ពោលគឹអាចរស់នៅបានដោយខ្លួនឯង ។ កាលណាមនុស្សមានការងារធ្វើរកបានប្រាក់ចំណូលផ្គត់ផ្គងជិវភាពគ្រួសារ បានធូរធារនោះនិងមានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានដែលអាចញុំាងជិវីតឲ្យរស់នៅចុះសម្រុងជាមូយអ្នកដទៃប្រកបដោយសុខដុមរមនា ។ កម្មករទាំងឡាយមួយណាក៏ស្រឡាញ់និងលើកតំកើងចៅចិត្រគ្រប់ៗគ្នាឥតមានច្រណែននិន្ទាអាក់អន់ស្រពោនចិត្តអ្វីបន្តិចទាល់តែសោះ ។

          ដូចជាយើងឃើញថាវិជ្ជាពិតជាបាននាំមកនូវសុភមង្គល ទាំងផ្លូវការនិងផ្លូវចិត្តដល់មនុស្សលោកពិតប្រាកដមែន ។

          ឆ្លងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថាមតិរបស់ប្រធានពិតជាតឹ្រមត្រូវដែលអាចយកជាគតិសម្រាប់អប់រំមនុស្សគ្រប់រូបឲ្យខិតខំរៀនសូត្រស្វះស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួនដើម្បីញុំាងជីវីតឲ្យរីករាយយ និងមានសុភមង្គលសមដូចពាក្យចាស់មួយឃ្លាថា « បើចេះប្រាកដប្រាក់រត់តា​មហៅ » ។ ប៉ុន្តែត្រូវចងចាំថាចំណេះវិជ្ចាទាំងនោះត្រូវតែប្រកបដោយក្រមសីលធម៌ផង ។ ដូចនេះយុវជនទាំងឡាយមិនត្រូវបណ្តោយឲ្យពេលវេលាដ៌មានថាមពលក្នុងការសិក្សារៀនសូត្រកន្លងទៅអសារបង់ឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login