2020-03-05 08:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
អណ្តាតមានតួនាទីសម្រាប់គ្រលាស់បញ្ចេញសូរសៀងពាក្យសម្តីសម្រាប់ប្រាស្រ័យទាក់ទងគ្នា ។ ប៉ុន្តែពាក្យពេចន៍ដែលរលាស់ចេញមកនោះអាចមានប្រយោជន៍ឬគ្មានប្រយោជន៍ពាក្យពិតឬមិនពិតអាស្រ័យលើចេតនាវិចារណញ្ញាណរបស់អ្នកនិយាយ ។ អាស្រ័យហេតុនេះទើបព្រះសម្មាសម្ពុទ្ធបានបញ្ញ្តត្តិនៅក្នុងនិច្ចសីលត្រង់សិក្ខាបទទី៤ មិនឲ្យពោលពាក្យមុសា ។ ចំណែកបុព្វបុរសខ្មែរក៏បានអប់រំប្រៀនប្រដៅដល់បុត្រធីតាកុំឲ្យពោលពាក្យកុហកដែរ ដោយលោកបានលើកជាសុភាសិតតមួយឃ្លាថា « ពាក្យភុតច្រើនចាញ់អាត្មា » ។
តើពំនោលខាងលើពិតជាត្រឹមត្រូវទាំងស្រុងឬទេ ?
មុននិងបកស្រាយប្រធានខាងលើឲ្យបានក្បោះក្បាយល្អ យើងគប្បីយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ភូត មានន័យថាកុហកនិយាយមិនពិត បោកប្រាស់ពោលពាក្យមិនទៀងត្រង់ ឯអាត្មា គឹសំដៅលើខ្លួនយើងផ្ទាល់ ។ អត្ថន័យរបស់ប្រធានខាងលើចង់និយាយថា ពាក្យភូតកុហកបោកប្រាស់ច្រើននាំទុក្ខដល់ខ្លួនវិញ » ។
ជាទូទៅមនុស្សយើងប្រាស្រ័យទាក់ទងគ្នាតាមរយៈពាក្យសម្តី ។ ដូចនេះពាក្យសម្តីត្រូវតែជាពាក្យពិត ពាក្យមានប្រយោជន៍ ពាក្យសច្ចៈ មិនត្រូវកុហកបោកប្រាស់គ្នា ។ ការដែលទម្លាប់និយាយកុហកភូតភរនេះលោកចាស់ទុំបុរាណយើងបានប្រដៅថា « ពាក្យភូតច្រើនចាញ់អាត្មា » មានន័យថាការដែលយើងកុហកគេ លុះពេលគេដឹងការពិតគេនឹងស្អប់ ឬប្រទេចផ្តាសាធ្វើឲ្យខ្លួនអាម៉ាស ត្រូវអ្នកជិតខាងមើលងាយ ស្អប់ខ្ពើមលែងចង់និយាយរកថែមទៀតផង ។ ជួនកាលពាក្យមុសានោះបណ្តាលឲ្យអន្តរាយដល់ខ្លួនឯងនិងគ្រួសាររបស់ខ្លួនទៀត ។ ទីបំផុតក៏មានវិប្បដិសារីស្តាយនូវទង្វើដែលខ្លួនបានប្រព្រឹត្តរួចទៅហើយ ទោះជាចង់កែក៏ហួសពេលទៅហើយដែរ ។ ពាក្យមុសានេះបើតាមទ្រឹស្តីពុទ្ធសាសនានិងធ្វើឲ្យអ្នកនិយាយមានបាបកកម្មធ្លាក់នរក ហើយត្រូវទទួលទណ្ឌកម្មទៅតាមកម្រិតទោសនៅឋាននរកនោះ ។ ទោះបីជាមិនទាន់ស្លាប់ធ្លាក់នរកក៏ដោយ ក៏កម្មពៀរនៃពាក្យមុសានោះមកលេងអន្ទោលជាប់ប្រាណជាកប្រចាំ ។ឧទាហរណ៍អ្នកលក់ដូរ អាជីវកម្ម ឬពាណិជ្ជករដែលយកទំនិញក្លែងក្លាយហួសកំណត់មកលក់ដោយនិយាយបោកប្រាស់អ្នកទិញថាល្អ សុទ្ធ លុះពេលគេយកទៅប្រើពុំដូចអ៊ីចឹង គេនិងជេរផ្តាសាឲ្យលក់លែងដាច់ជាដើម ហើយគេនិងឈប់ទិញទំនិញអ្នកនោះរហូត ។ រីឯព្រះសង្ឃដែលតែងតែពោលពាក្យមុសា បោកប្រាសពុទ្ធបរិស័ទឲ្យគេជឿជាក់លើខ្លួនដើម្បីបានលាភសក្ការៈច្រើនលុះយូរទៅគេដឹងការពិតក៏ខ្មាសគេ ហើយបើតាមវិន័យពុទ្ធសាសនា គឹត្រូវទទួលអាបត្តិ ព្រមទាំងត្រូវគេចាប់ផ្សឹកជាដើម ។ ចំណែកអ្នកនយោបាយវិញក៏ដូចគ្នាដែរ អ្នកនយោបាយណាដែលដើរតែបោកប្រាស់រាស្រ្ត ដោយសន្យាគ្រប់បែបយ៉ាងដើម្បីឲ្យរាស្រ្តបោះឆ្នោតឲ្យ ។ ក្រោយពេលជាប់ឆ្នោតហើយក៏ក្បត់ពាក្យសន្យា ប្រើឬកក្រអើតក្រទមដាក់ប្រជារាស្រ្តវិញ ។ អ្នកនយោបាយនោះនិងត្រូវស្អប់ខ្ពើម ហើយឈប់បោះឆ្នោតឲ្យជារៀងរហូតបើយើងក្រលេកមើលក្នុងរឿងព្រះវេស្សន្តរ ជូជកបានទៅកុហកព្រះបាទស្រីសញ្ជ័យដើម្បីយកជាលីក្រស្នាមកដូរជាមាសប្រាក់ និងរបស់ទ្រព្យផ្សេងៗ ។ ទីបំផុតក៏ត្រូវបានកម្មបែកពោះស្លាប់យ៉ាងទាន់ហន់ ។ ចំណែករឿងធនញ្ជ័យលោកសេដ្ឋីបានបោកប្រាស់ធនញ្ជ័យដោយយកអំបុកមកពង្រាយលើចង្អេរឲ្យធនញ្ជ័យថាអំបុកច្រើន ។ លុះពេលធនញ្ជ័យដឹងការពិតហើយធនញ្ជ័យក៏តាមផ្ចាញ់លោកសេដ្ឋីគ្រប់ពេល ។ រីឯក្នុងរឿងរាមកេរ្តិ៍វិញដោយសារព្រះរាមចង់ឲ្យនាងសីតាតរឡប់មករកខ្លួនវិញព្រះរាមបានបញ្ជារឲ្យគេរៀបចំពិធីបុណ្យសពក្លែងក្លាយមួយដើម្បីបញ្ជោតនាងសីតា ។ ដំបូងនាងសីតាស្មានថាមែនទែន ក៏ទួញយំសោកបោកខ្លួននៅទល់មុខកោដិដែលព្រះរាមពួននៅក្នុងនោះ ។ លុះគ្រាដឹងការពិតថាព្រះរាមមិនទាន់ស្លាប់ នាងសីតារឹតតែខឹង រឹតតែស្អប់ ព្រះរាមខ្លាំងឡើង និងត្មះតិះដៀលព្រះរាមជាច្រើន ។ជារួមមកយើងឃើញថាការពោលពាក្យកុហកភុតភរនេះមិនត្រឹមតែធ្វើឲ្យអ្នកដទៃក្តៅក្រហាយ ប៉ុណ្ណោះទេថែមទាំងមានទុក្ខដល់ខ្លួនវិញដូចពាក្យចាស់លោកថាមែន ។
តើពាក្យកុហកសុទ្ធតែនាំទុក្ខដល់ខ្លួន ឬយ៉ាងណា ? មិនប្រាកដទាំងស្រុងនោះទេ ។ ពាក្យចាស់មួយឃ្លាលោកពោលថា « ផ្លូវវៀចកុំបោះបង់ » មានន័យថាពាក្យកុហកខ្លះក៏មានប្រយោជន៍ដែរឬ ។ ពាក្យកុហកនាំឲ្យយើងមានការរីកចម្រើនអាចធ្វើឲ្យគេជឿទុកចិត្ត និងធ្វើឲ្យរស់នៅចុះសម្រុងក្នុងសង្គមនិងអាចរក្សាអាយុជីវីតបានទៀតផង ។ ជាក់ស្តែងនៅសម័យប៉ុលពត អ្នកណាមួយដែលហ៊ាននិយាយការពិតថាខ្លួនជាគ្រូបង្រៀន វិស្វករ ឬជាបញ្ញាវ័ន្ត...ប្រាកដជាត្រួវពួកឃាតករអាវខ្មៅយកទៅសម្លាប់ចោលភ្លាម ។ ដូច្នេះពួកគេត្រូវតែអនុវត្តទឹ្រស្តី « លាក់ការណ៍ខ្ពស់រស់បានយូរ » ថាជាកសិករគ្មានបានរៀនសូត្រ គ្មានចំណេះដឹងអ្វីទេ ទើបអាចរក្សាជីវីតបានដល់សព្វថ្ងៃ ។ ចំពោះអ្នកលក់ដូរវិញបើមិនចេះអួតរបស់ខ្លួនឯងខ្លះ តើមានអ្នកណាគេមកទិញខ្លួន ។ ចំពោះអ្នកនយោបាយបើមិនចេះកុហកគេខ្លះធ្វើម៉េចគេនិងឆាប់ជឿហើយបោះឆ្នោតឲ្យ ។ មិនតែប៉ុណ្ណោះពាក្យកុហកខ្លះក៏ធ្វើឲ្យមនុស្សរបៀបរបបសីលធម៌វិន័យថ្លៃថ្នូរផងដែរ ដូចជាពាក្យចាស់ៗតែងកុហកក្មេងថាស៊ីបាយដេកដុះកន្ទុយជាក្រពើជាដើម ក្នុងគោលបំណងចង់ឲ្យក្មេងមានសណ្តាប់ធ្នាប់ល្អក្នុងពេលទទួលទានអាហារ ។ មួយវិញទៀតការនិយាយពាក្យពិតនៅពេលខ្លះធ្វើឲ្យមនុស្សស្លុត ភិតភ័យក៏ដូចជាហោរាទស្សន៍ទាយកាលបើគន់គូរឃើញថាអ្នកទាយមានគ្រោះអាសន្នខ្លាំងហើយនិយាយត្រង់ៗនោះអាចឲ្យអ្នកទាញភិតភ័យខ្លាំង ហើយនឹងឃើញតែសម្តីហោរក្លាយទៅជាឈឺក៏មាន ។ បើយើងក្រលេកមើលនៅក្នុងអក្សរសិល្ប៍រឿងតាថេន និងចៅសន យើងឃើញថាតាថេន និងបក្សពួកដើរកុហកបោកប្រាស់អ្នកស្រុកថាខ្លួនជាគ្រូសិល្ប៍ខ្លាំងពួកែអាចបណ្តេញញ្រាយបិសាច បានអ្នកស្រុកក៏ជឿស្លុងហើយនាំគ្នាយកបាយសំល នំចំណីមាសប្រាក់ទៅឲ្យតាថេនគ្រប់ៗគ្នា ។ ចំណែកចៅសនឃើញតាថេន និងបក្សពួកលួចផឹកស្រា ស៊ីសាច់ក៏យកដំណើរនេះទៅប្រាប់អ្នកស្រុកត្រង់ៗតែផ្ទុយទៅវិញគ្មានអ្នកណាម្នាក់ជឿចៅសនឡើយ ថែមទាំងចាប់ចៅសមយកទៅឲ្យតាថេនវាយធ្វើបាបយ៉ាងដំណំថែមទៀតផង ។ ចៅសនទ្រាំនិងរំពាត់លែងបានក៏បាននិយាយកុហកតាមតាថេនប្រាប់ទើបរួចខ្លួន ។ ចំណែកនៅក្នុងរឿងព្រះវេស្សន្តរជាតកវិញនាងមទ្រីបានយល់សុបិនចម្លែកហើយប្រាប់ទៅព្រះវេស្សន្តរកាត់សប្តិឲ្យព្រះវេស្សន្តរទ្រង់ដឹងច្បាស់ថាសុបិននិម្មិតនោះមិនល្អទេ តែព្រះអង្គខ្លាចនាងមទ្រីពិបាកព្រះទ័យក៏បង្វែរថាជារឿងល្អទៅវិញ ។ រីឯតាជូជកក្នុងពេលមានអាសន្ននោះ បើគាត់មិនរកវិធីនិយាយកុហកចេតបុត្រទេប្រាកដជានិងត្រូវស្លាប់កណ្តាលព្រៃជាមិនខាន ។ សរុបសេចក្តីមកយើងឃើញថាពាក្យកុហកមិននាំទុក្ខដល់ខ្លួនវិញទេថែមទាំងជួយឲ្យមានសេចក្តីសុខទៀតផង ។
ឆ្លងតាមការវិភាគវែកញែកនូវមតិស្រប និងមតិផ្ទុយយើងឃើញថាពាក្យកុហកនាំមកនូវផលល្អផង ផលអាក្រក់ផលទៅតាមកាលៈទេសៈដែលអ្នកនិយាយត្រូវប្រើ និងត្រូវដឹងឲ្យច្បាស់លាស់ ។ ដូចនេះប្រធានខាងលើមានលក្ខណៈត្រឹមត្រូវដែរ ប៉ុន្តែពុំទាន់គ្រប់ជ្រុងជ្រោយទាំងស្រុងនៅឡើយទេ ។ តែទោះជាយ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកកាន់ព្រះពុទ្ធសាសនា មិនត្រូវពោលពាក្យមិនពីតណាដែនាំឲ្យវិនាសអន្តរាយដល់អ្នកដទៃ ហើយត្រូវចាំថា « អណ្តាតជាអាតិ៍កន្លង បានសុខទុក្ខផលក៏ដោយសារអណ្តាត » ។