Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើរដ្ឋមានមធ្យោបាយអ្វីខ្លះដើម្បីធ្វើហិរញ្ញប្បទានឱនភាពថវិកា​?

២- តើពន្ធមានឥទ្ឋិពលអ្វីខ្លះដល់ផលិតផលក្នុងស្រុកសរុប ?

៣- តើរដ្ឋធ្វើដូចម្តេចដើម្បពង្រឹងការគ្រប់គ្រងគោលនយោបាយសារពើពន្ធ ?

៤- តើគោលនយោបាយពន្ឋមានមានគោលបំណងអ្វីខ្លះ ?

៥- ដូចម្តេចដែលហៅថាពន្ធ ?

ចម្លើយ

១- មានមធ្យោបាយជាច្រើនដើម្បីផ្តល់ហិរញ្ញប្បទានឱនភាពថវិកា ។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស (កម្ចីពីបរទេស) ឬក៏អាចអនុវត្តន៍យកវិធានការមួយចំនួនដូចខាងក្រោម ៖

  • បង្កើនចំនូលពន្ធ ៖ ប្រទេសមួយអាចបង្កើនចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបញ្ហាប្រភេទពន្ធថ្មីៗ និងពង្រឹងសមត្ថភាពប្រមូលពន្ធ ។ ចំណូលពន្ធដែលកើតឡើងអាចជួយកាត់បន្ថយ ឬលុបបំបាត់ឱនភាពថវិកា និងពង្រីកមូលដ្ឋានយកពន្ធ ។
  • ខ្ចីពីសាធារណៈជន ដោយរួមមាន គ្រួសារ សាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត ។ នៅពេលដែលរដ្ឋាភិបាលចេញផ្សាយមូលបត្រ ដែលមួយផ្នែកនៃមូលបត្រទាំងនោះត្រូវកាន់កាប់ដោយសាធារណៈជនទូទៅ ។ ហេតុនេះសាធារណៈជនទូទៅឱ្យរដ្ឋាភិបាលខ្ចីប្រាក់ ដោយការផ្ទេរមូលនិធិសន្សំទៅរដ្ឋាភិបាល ។
  • ខ្ចីប្រាក់ពីធនាគារកណ្តាល និងធនាគារពាណិជ្ជ ៖ ផ្នែកដ៏ធំនៃមូលបត្ររដ្ឋាភិបាលដែលនៅក្នុងនោះរួមមានប័ណ្ណរតនាគារ ត្រូវបានកាន់កាប់ដោយធនាគារកណ្តាល និងធនាគារពាណិជ្ជ ។ ជាការពិតមូលបត្ររដ្ឋាភិបាល បង្កើតបានជាសមាសភាពដ៏ធំនៃទ្រព្យសកម្មរបស់ធនាគារកណ្តាល និងធនាគារពាណិជ្ជ រដ្ឋាភិបាលនឹងមានមធ្យោបាយជាច្រើនទៀតដើម្បីខ្ចីប្រាក់ពីធនាគារ ។
  • បោះពុម្ពលុយថ្មីបន្ថែម ៖ ប្រការនេះនឹងបង្កើនការផ្គត់ផ្គង់លុយ ។ វិធីចុងក្រោយនេះមិនគួរត្រូវបានយកមកប្រើឡើយ លុះណាតែមានមធ្យោបាយផ្សេងពីនេះ ក្នុងការផ្តល់ហិរញ្ញប្បទានឱនភាពថវិការដ្ឋ ។

២- ពន្ធមានឥទ្ធិពលដល់ផលិតផលក្នុងស្រុកសរុបដូចជា ៖

  • ប៉ះពាល់មកលើការប្រើប្រាស់ ៖ ពន្ធលើចំណូលបុគ្គល ពន្ធលើទំនិញប្រើប្រាស់
  • ប៉ះពាល់មកលើការវិនិយោគ ៖ ពន្ធលើប្រាក់ចំណេញ ពន្ធលើទំនិញដែលប៉ះពាល់លើបរិមាណទំនិញ ដែលត្រូវលក់ ។
  • ប៉ះពាល់ការចំណាយរដ្ឋាភិបាល ៖ អាចឱ្យរដ្ឋាភិបាលចាយថែម
  • ប៉ះពាល់ការនាំចេញសុទ្ធ ៖ ការបង់ពន្ធគយនាំចេញ-នាំចូល ។

៣- ការពង្រឹងការគ្រប់គ្រងសារពើពន្ធឱ្យបានសុក្រឹត គឺសំដៅលើការកែលម្អប្រព័ន្ធពន្ធដារដែលរួមបញ្ចូលទាំងពន្ធក្នុងប្រទេស ទាំងពន្ធអាករនៃពាណិជ្ជកម្មអន្តរជាតិ ការកែលម្អរដ្ឋបាលពន្ធដារ និងការប្រមូលពន្ធការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរតនាគារ និងពង្រឹងវិន័យសារពើពន្ធ ។ ជាមួយគ្នានេះរដ្ឋផ្តល់ការយកចិត្តទុកដាក់ទៅលើការកែលម្អកិច្ចអាទិភាវូបនីយកម្មសាធារណៈ ការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិនិយោគផ្ទាល់ពីបរទេស និងក្នុងការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តសំរាប់ការវិនិយោគ និងការពង្រឹងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ។ កិច្ចការនេះរួមបញ្ចូលទាំងការអនុវត្តយ៉ាងម៉ត់ចត់នូវច្បាប់ស្តីពីសារពើពន្ធ ការប្រឆាំងនឹងអំពើពុករលួយ និងការគេចវេសពន្ធ ការលុបបំបាត់ការលើកលែងពន្ធ ដែលមិនមានកំណត់នៅក្នុងច្បាប់ ដែលមិនមានកំណត់នៅក្នុងច្បាប់ការគ្រប់គ្រងដ៏ត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងធានាការគ្រប់គ្រង និងការធ្វើអាជីវកម្មប្រកបដោយចីរភាពលើធនធានធម្មជាតិ ។ រាល់ប្រតិបត្តិការថវិកាទាំងផ្នែកចំណូល និងចំណាយ ត្រូវតែធ្វើឡើងឱ្យស្របទៅនឹងវិធាន និងនីតិវិធីជាផ្លូវការ ។ ចំពោះចំណាយត្រូវចាយឱ្យចំមុខសញ្ញាអាទិភាពនៃការអភិវឌ្ឍ ។ ដាច់ខាតមិនត្រូវចាយឱ្យលើសពីធនធានដែលរកបាន ដើម្បីជៀសវាងការធ្វើហិរញ្ញប្បទានឱនភាពថវិកា តាមរយៈការយកលុយពីធនាគារជាតិ ។

៤- ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក៏ដូចជាប្រទេសដទៃទៀត គោលបំណងពន្ធក៏ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ស្ថាប័នរដ្ឋ ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈចំពោះសង្គមគោលបំណងផ្សេងទៀត គឺជំរុញការបែងចែកឡើងវិញនូវរាល់ចំណូល និងកំណែតម្រូវអនុក្រឹត្យភាពទីផ្សារ ។ ដើម្បីសម្រេចគោលបំណងទាំងនេះ ទោះជាការយកពន្ធក្នុងកម្រិតណាក៏ដោយសកម្មភាពនេះតែងតែមានបរិយាទាន ដែលរួមមានចំណាយផ្ទាល់លើកិច្ចការរដ្ឋបាលប្រមូលពន្ធ និងចំណាយដោយប្រយោល ជាមួយនឹងការបែងចែកខុសនៃប្រភពធនធាន ព្រមទាំងផលវិបាកពីការបែងចែកចំណូល និងឥទ្ធិពលនៃការយកពន្ធទៅលើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ។

៥- ពន្ធ ជាវិភាគទានមានលក្ខណៈកាតព្វកិច្ច (ចាប់បង្ខំ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គលត្រូវបង់ជូនរដ្ឋ ។ ការយកពន្ធជាមធ្យោបាយជាក់ស្តែងមួយដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល និងបំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និងសេវាដែលប្រជាជនភាគច្រើនត្រូវការ ។ ទំនិញសាធារណៈដូចជា ការការពារជាតិ និងកម្មវិធីធានារ៉ាប់រងសង្គមអាចត្រូវបានផ្តល់ជូនសង្គមជាតិវិញ តាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ ។ ពិតណាស់ប្រសិនបើរដ្ឋអនុញ្ញាតឱ្យប្រជាជន (អ្នកជាប់ពន្ធ) បង់ពន្ធជូនរដ្ឋដោយស្ម័គ្រចិត្តនោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬពុំមានអ្នកជាប់ពន្ធណាម្នាក់បង់ពន្ធជូនរដ្ឋឡើយ ។ ដូច្នេះរដ្ឋនឹងទទួលចំណូលតិចតួចសម្រាប់បែងចែកជូនសង្គមជាតិវិញ និងប្រជាជនវិញតាមរយៈទំនិញ និងសេវាសាធារណៈរបស់រដ្ឋ ។ ក៏ប៉ុន្តែបើសិនមានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហិរញ្ញវត្ថុសម្រាប់ផ្គង់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ ។ ជាមួយនេះរដ្ឋត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន ។ តាមរយៈចំណូលពន្ធស្ថាប័នរបស់រដ្ឋ អាចដំណើរការបានក្នុងការបំពេញភារៈកិច្ច និងការដឹកនាំដើម្បីផ្តល់ទំនិញ និងសេវាសាធារណៈ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login