2020-03-05 09:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
និព្វាន សច្ឆិរិយា ច កិរិយាធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ។ នេះបានដល់ការប្រព្រឹត្តប្រតិបត្តិនូវវិធីក្បួនច្បាប់ សីល សមាធិ បញ្ញា ឱ្យចេញជាលទ្ធផលច្បាស់លាស់ ។ ព្រះនិព្វាន គឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញាតាមអរិយមគ្គប្រកបដោយអង្គ៨គឺសម្មាទិដ្ឋិ គឺការយល់ឃើញត្រឹមត្រូវពិតប្រាកដ១ សម្មាសង្កប្បៈ គឺការត្រិះរិះត្រឹមត្រូវ គឺគិតនិងរម្លត់តណ្ហា១ សម្មាវាចា គឺការពោលតែពាក្យត្រឹមត្រូវ១ សម្មាកម្មន្តៈ គឺការប្រព្រឹត្ត ធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១ សម្មាអាជីវៈ គឺការប្រកបមុខរបរត្រឹមត្រូវដោយចៀសវាងនូវអំពើបាប៥យ៉ាងមានការលក់មនុស្សជាដើម១ សម្មាវាយាមៈ គឺការព្យាយាមត្រឹមត្រូវ គឺព្យាយាមលះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើឱ្យអស់ និងព្យាយាមចៀសវាងមិនធ្វើអំពើអាក្រក់ជាថ្មីទៀត ព្យាយាមរក្សាគុណធម៌និងសេចក្តីដែលមានស្រាប់ឱ្យមានតាំងនៅនិងកាន់តែចម្រើនឡើង ព្យាយាមសាងគុណធម៌និងក្តីល្អដែលមិនទាន់មានឱ្យមានជាប្រាកដ១ សម្មាសតិ គឺការរឭកដ៏ត្រឹមត្រូវមានការរឭកនូវ វេទនាខាងក្នុងនិងវេទនាខាងក្រៅជាដើម១ និងសម្មាសមាធិ គឺការតម្កល់ចិត្តឱ្យខ្ជាប់ខ្ជួនក្នុងអារម្មណ៍តែមួយ១ ។ ដូច្នេះ ការប្រព្រឹត្តប្រតិបត្តិក្នុងមាគ៌ាប្រកបដោយអង្គ៨រហូតធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោកជាមង្គលដ៏ឧត្តម ។