Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ផ្នែកទី ៩

កិច្ចធានាដោយបុគ្គល

មាត្រា ១១២-

            កិច្ចធានាដោយបុគ្គល ជាកិច្ចសន្យាមួយដែលតតីយជនម្នាក់ហៅថា អ្នកធានាសន្យានឹងដើមបំណុលថា ខ្លួនទទួលបំពេញកាតព្វកិច្ចរបស់កូនបំណុលជំនួសកូនបំណុល ប្រសិនបើកូនបំណុលនេះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះដើមបំណុល ។ កិច្ចសន្យានេះ ត្រូវធ្វើជាលាយល័ក្ខអក្សរ ។

មាត្រា ១១៣-

            បំណុលតែមួយអាចមានអ្នកធានាច្រើនបាន ។

មាត្រា ១១៤-

            កិច្ចធានាណាមួយចែងអំពីកាតព្វកិច្ចដែលច្បាប់ទុកជាមោឃៈ កិច្ចធានានោះទុកជាអសាបង់ ។ ប៉ុន្តែបើមោឃភាពនោះមានមូលហេតុមកពី កូនបំណុលជាអនីតិជន កិច្ចធានានោះនៅទុកជាបានការដែល ។

មាត្រា ១១៥-

            ដើមបំណុលអាចប្តឹងពីអ្នកធានាដំណាលគ្នានឹងប្តឹងកូនបំណុលក៏បាន ឬប្តឹងក្រោយក៏បាន ។

មាត្រា ១១៦-

            ក្រោយពីមានសាលក្រមរបស់តុលាការប្រជាជន អ្នកធានាអាចទាមទារឲ្យដើមបំណុលអូសទ្រព្យរបស់កូនបំណុលលក់មុនសិន រួចសឹមសម្រេចអូសទ្រព្យរបស់ខ្លួនជាក្រោយបាន ។

មាត្រា ១១៧-

            បើលក់ទ្រព្យរបស់នៃកូនបំណុលទៅហើយ បានប្រាក់មិនគ្រាន់នឹងសងបំណុលទាំងអស់ទេ អ្នកធានាត្រូវនៅជំពាក់ប្រាក់ដែលនៅខ្វះ ។

មាត្រា ១១៨-

            ក្នុងករណីដែលមានអ្នកធានាច្រើននាក់ នោះអ្នកធានាម្នាក់ៗត្រូវជាប់ធានាបំណុលទាំងមូល ហាក់ដូចជាអ្នកធានាមានតែម្នាក់ ។ អ្នកធានាទាំងអស់ត្រូវរួបរួមគ្នាសងបំណុលនោះ ។

មាត្រា ១១៩-

            បើអ្នកធានាបានសងប្រាក់ជួសកូនបំណុលដែលខ្លួនធានាហើយ សិទ្ធិទាំងប៉ុន្មាននៃដើមបំណុលត្រូវបានទៅអ្នកធានាទាំងអស់ ។ អ្នកធានាមានសិទ្ធិទារឲ្យកូនបំណុលសងប្រាក់ដែលខ្លួនបានសងជួសមកវិញ ព្រមទាំងសងការប្រាក់ និងសោហ៊ុយបង់ខាតតាំងពីថ្ងៃដែលខ្លួនបានសងជំនួស ។

មាត្រា ១២០-

            កាលបើមានអ្នកធានាម្នាក់បានចេញប្រាក់សងជំនួសកូនបំណុល អ្នកធានានោះអាចប្តឹងទារសំណងបានពីអ្នកធានាដទៃទៀត ដែលត្រូវតាមចំណែករៀងៗខ្លួន ក្នុងករណីកូនបំណុលស្ថិតនៅក្នុងអសាធនភាព​។

ជំពូកទី ៣

អំពីការទទួលខុសត្រូវក្រៅកិច្ចសន្យា

មាត្រា ១២១-

            ជនណាបានធ្វើឲ្យមានខូចខាតដល់អ្នកដទៃដោយកំហុសរបស់ខ្លួន ជននោះត្រូវជួសជុលការខូចខាតនោះ ។

ទោះបីការខូចខាតកើតមកអំពីអំពើប្រព្រឹត្តិដោយចេតនា ដូចជាការធ្វេសប្រហែស ឬការខ្វះការប្រុងប្រយ័ត្នក្នុងការត្រួតមើល ថែទាំដោយ ក៏ជនល្មើសត្រូវតែជួសជុលការខូចខាតនោះដែរ ។

មាត្រា ១២២-

            ជនវិកលចរឹក និងអនីតិជនអាយុតិចជាង១៤ឆ្នាំ ជាអសមត្ថជន ។ ជនទាំងនោះមិនត្រូវទទួលខុសត្រូវចំពោះការខូចខាត ដែលខ្លួនបានធ្វើឲ្យកើតឡើងដល់អ្នកដទៃឡើយ ។

មាត្រា ១២៣-

            ឪពុក ម្តាយ អ្នកអាណាព្យាបាល ព្រមទាំងជនផ្សេងៗទៀតដែលទទួលបន្ទុកត្រូវមើលថែទាំអសមត្ថជន ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះការខូចខាត ដែលអសមត្ថជននោះបានធ្វើឲ្យកើតឡើង ។

មាត្រា ១២៤-

            អនីតិជនអាយុច្រើនជាង១៤ឆ្នាំ ប៉ុន្តែមិនទាន់គ្រប់អាយុ១៨ឆ្នាំ ត្រូវទទួលការខុសត្រូវចំពោះការខូចខាតដែលខ្លួនបានធ្វើដល់អ្នកដទៃ ។ ការជួសជុលការខូចខាត ត្រូវអនីតិជននោះ និងឪពុកម្តាយ ឬអ្នកណាព្យាបាលនៃអនីតិជននោះទទួលខុសត្រូវរួម ។ ក្នុងករណីដែលអនីតិជននេះគ្មានប្រាក់ ឬទ្រព្យសម្បត្តិ ដើម្បីជួសជុលការខូចខាតនោះឪពុកម្តាយ ឬអ្នកអាណាព្យាបាលត្រូវសងជួស ។

មាត្រា ១២៥-

            អង្គការរដ្ឋ អង្គការសង្គម អង្គការសមូហភាព សហគ្រាស ត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលកម្មាភិបាល បុគ្គលិក កម្មកររបស់ខ្លួន បានធ្វើឲ្យកើតឡើងក្នុងពេល ឬពេលបំពេញភារកិច្ចរបស់ជនទាំងនោះ ។

មាត្រា ១២៦-

            និយោជកត្រូវទទួលការខុសត្រូវចំពោះការខូចខាតដល់អ្នកដទៃ បណ្តាលមកពីនិយោជករបស់ខ្លួនក្នុងពេល ឬនៅពេលអនុវត្តការងារដែលនិយោជកបានប្រគល់ឲ្យធ្វើ ។

មាត្រា ១២៧-

            កម្មសិទ្ធិករនៃសត្វ ឬជនដែលប្រើសត្វត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងដល់អ្នកដទៃ ដោយសារសត្វដែលនៅក្នុងការគ្រប់គ្រងរបស់ខ្លួន ទោះអន្តរាយនោះកើតឡើងនៅពេលសត្វរត់រួចក្តី ឬនៅពេលសត្វវង្វេងខ្ចាត់ភ្លាត់ក្តី ។

មាត្រា ១២៨-

            កម្មសិទ្ធិករត្រូវទទួលខុសត្រូវចំពោះការខូចខាតដែលកើតឡើងដល់អ្នកដទៃដោយសារទ្រព្យរបស់ខ្លួន ប្រសិនបើការខូចខាតនោះបណ្តាលមកពីការខ្វះខាតថែទាំ ខ្វះការត្រួតពិនិត្យ ឬក៏ដោយសារសំណង់របស់ខ្លួនសង់មិនបានត្រឹមត្រូវល្អ ។

មាត្រា ១២៩-

            ប្រសិនបើការខូចខាតបណ្តាលមកពីជនប្រព្រឹត្តបទល្មើសច្រើននាក់ ជនទាំងនោះត្រូវទទួលខុសត្រូវរួមចំពោះជនរងគ្រោះ ។ ក្នុងករណីខ្លះតុលាការប្រជាជនអាចសម្រេចសេចក្តីឲ្យបុគ្គលម្នាក់ៗ ដែលបានធ្វើឲ្យមានការខូចខាត សងទៅជនរងគ្រោះតាមសមាមាត្រនៃការចូលរួមប្រព្រឹត្តរបស់ខ្លួន ។

មាត្រា ១៣០-

            ជនដែលទទួលខុសត្រូវរួមជាមួយអ្នកទទួលខុសត្រូវឯទៀត ហើយបានសងជំនួសជនទាំងនេះ ជននោះដែលមានសិទ្ធិទាមទារឲ្យជនដែលទទួលខុសត្រូវឯទៀតសងមកខ្លួនវិញ ដោយគិតទៅតាមកម្រិតនៃអំពើប្រព្រឹត្តដែលម្នាក់ៗបានប្រព្រឹត្ត ។

មាត្រា ១៣១-

            អង្គការ ឬជនដែលបានទទួលខុសត្រូវចំពោះការខូចខាតដែលបណ្តាលមកពីកំហុសរបស់ជនម្នាក់ទៀត អង្គការ ឬជននោះមានសិទ្ធិប្តឹងទារសំណងពីជនខាងក្រោយនេះវិញ ។

មាត្រា ១៣២-

            ក្នុងករណីដែលការខូចខាត បណ្តាលមកពីកំហុសបរស់ជនរងគ្រោះផងដែលនោះ ជនរងគ្រោះត្រូវទទួលខុសត្រូវចំពោះចំណែកនៃការខូចខាតនោះ ។

មាត្រា ១៣៣-

            ជនដែលធ្វើឲ្យមានការខូចខាតដល់អ្នកដទៃ និងអាចឲ្យរួចខ្លួនពីការទទួលខុសត្រូវបានប្រសិនបើ ៖

            ១- ការខូចខាតបានកើតឡើងក្នុងករណីប្រធានសក្តី ។

            ២- ការខូចខាតបណ្តាលមកពីកំហុសទាំងស្រុងរបស់ជនរងគ្រោះ ។

មាត្រា ១៣៤-

            ប្រសិនបើការខូចខាតបានកើតឡើងដោយមានការព្រមព្រៀងពីជនរងគ្រោះ ហើយអំពើនោះគ្មានប៉ះពាល់ ឬគំរាមកំហែងដល់ប្រយោជន៍សង្គមទេ នោះមិនត្រូវឲ្យមានការជួសជុលសំណងនៃការខូចខាតឡើយ ។

មាត្រា ១៣៥-

            បណ្តឹងសុំជួសជុលសំណងនៃការខូចខាត មានអាជ្ញាយុកាលកំណត់៣ឆ្នាំ ។

ជំពូកទី ៤

អំពីបទបញ្ញត្តិអវសាន

មាត្រា ១៣៦-

            កិច្ចសន្យាទាំងឡាយណាដែលកើតឡើងមិនក្រឹត-ច្បាប់ ហើយមិនអាចដោះស្រាយតាមក្រឹត-ច្បាប់នេះបាន នោះត្រូវដោះស្រាយតាមគោលនយោបាយរបស់បក្ស និងរដ្ឋតាមសមធម៌ ឬតាមទំនៀមទំលាប់និងប្រពៃណី ។

            ដំណោះស្រាយនៃកិច្ចសន្យាខាងលើនេះមានកំណត់៥ឆ្នាំ គិតពីថ្ងៃដែលក្រឹត្យ-ច្បាប់នេះចូលជាធរមាន ។

មាត្រា ១៣៧-

ក្រុមប្រឹក្សារដ្ឋមន្ត្រី តុលាការប្រជាជនកំពូល និងមហាអយ្យការអមតុលាការប្រជាជនកំពូល​ ត្រូវទទួលបន្ទុកអនុវត្តក្រឹត្យ-ច្បាប់នេះតាមភារកិច្ចរៀងៗខ្លួន ។

មាត្រា ១៣៨-

            ក្រឹត្យ-ច្បាប់នេះមានអនុភាពគតិយុត្តិចាប់ពីថ្ងៃប្រកាសផ្សាយជាសាធារណៈ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login