Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ច្បាប់

ស្តីពី

អាពាហ៍ពិពាហ៍ និង គ្រួសារ

ជំពូកទី ១

បទបញ្ញត្តិទូទៅ

មាត្រា ១-

ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ដោយផ្អែកលើមាត្រា​៧ និងមាត្រា ៨ នៃរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មានគោលដៅ ដាក់បទបញ្ជា និង ការរៀបអាពាហ៍ពិពាហ៍ និងគ្រួសារ ធានាសមភាពរវាងសហព័ទ្ធ ក្នុងអាពាហ៍ពិពាហ៍ និងក្នុងជីវភាពគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្តាយ ក្នុងការចិញ្ចឹមថែរក្សាកូន និងជម្រុញការបណ្តុះបណ្តាលសីលធម៌ និងការអប់រំ ដើម្បីឲ្យទៅជាពលរដ្ឋល្អ មានមនសិការសេ្នហាជាតិ ស្រឡាញ់ការងារ មានសម្បជញ្ញៈទទួលខុសត្រូវចំពោះសង្គម ។

មាត្រា ២-      

ហាមឃាត់ដាច់ខាត នូវអាពាហ៍ពិពាហ៍ដែលគូស្រករនៅក្មេងពេក អាពាហ៍ពិពាហ៍ដោយបង្ខិតបង្ខំ អំពើដែលមានឧបសគ្គដល់សេរីភាពនៃអាពាហ៍ពិពាហ៍ ។

ជំពូកទី ២

អំពីអាពាហ៍ពិពាហ៍

ផ្នែកទី ១

អំពីលក្ខខណ្ឌដែលត្រូវមានដើម្បីរៀបអាពាហ៍ពិពាហ៍

មាត្រា ៣-

            អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឱឡារិកមួយ ធ្វើឡើងដោយបុរសម្នាក់ និងស្រ្តីម្នាក់ដែលប្តេជ្ញា ខ្លួននិងរួម សមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន ។

            អាពាហ៍ពិពាហ៍នឹងមានអានុភាពពេញលក្ខណៈច្បាប់បាន លុះត្រាតែអាពាហ៍ពិពាហ៍នោះធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ ។

មាត្រា ៤-

            បុរស និងនារីដែលមានអាយុពេញលក្ខណៈច្បាប់មានសិទ្ធិពេញលេញក្នុងការសម្រេចអាពាហ៍ពិពាហ៍ ។ ភាគីម្ខាងមិនអាចបង្ខំឆន្ទៈរបស់ភាគីម្ខាងទៀតបានឡើយ ។

            គ្មាននរណាមួយអាចបង្ខំបុគ្គលម្នាក់ឲ្យរៀប ឬរារាំងមិនឲ្យរៀបអាពាហ៍ពិពាហ៍បានឡើយ បើអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងក្នុងច្បាប់នេះ ។

មាត្រា ៥-

            អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ២០ឆ្នាំឡើង នារីចាប់ពីអាយុ ១៨ឆ្នាំឡើង ។

            ក្នុងករណីពិសេស បុរសដែលមានអាយុមិនទាន់ដល់២០ឆ្នាំ និងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បាន​ ប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីឪពុកម្តាយ ឬអ្នកអាណាព្យាបាល ។

មាត្រា ៦-

            មិនអាចរៀបអាពាហ៍ពិពាហ៍ ៖

  • បុគ្គលមានភេទដូចគ្នា
  • បុគ្គលគ្មានពលានុភាពនៃលិង្គ
  • បុគ្គលមានជម្ងឺឃ្លង់ របេង មាហារីក កាមរោគ ដែលមិនទាន់ព្យាបាលបានជាដាច់
  • ជនវិកលចរិត ជនមិនដឹងខុសត្រូវ
  • បុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ។

មាត្រា ៧-

            អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងបុគ្គលដែលជាប់ចំណងញាតិលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្តី ឥតមានខាន់ស្លាក្តី ឬសាច់ចិញ្ចឹមក្តី ។

មាត្រា ៨-

            អាពាហ៍ពិពាហ៍ត្រូវហាមឃាត់ រវាងសាខាញាតិ ទោះសាខាញាតិនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី សាច់ចិញ្ចឹមក្តី រួមម្តាយក្តី រួមឪពុកក្តី​ ជាញាតិលោហិតក្តី ឬជាញាតិពន្ធក្តី រហូតដល់ថ្នាក់ទី៣រាប់ទាំងថ្នាក់ទី៣នេះផង ។

            ក្នុងករណីពិសេស ប្រសិនបើសហព័ន្ធណាមួយស្លាប់ សហព័ន្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ ជាមួយសាខាញាតិពន្ធ ថ្នាក់ទី២ ឬថ្នាក់ទី៣បាន ។

មាត្រា ៩-

            ក្រោយពីអាពាហ៍ពិពាហ៍រលាយដោយមូលហេតុ ប្តីស្លាប់ មោឃភាពនៃអាពាហ៍ពិពាហ៍ ឬលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុងវិធវភាព “ភាពមេម៉ាយ” ចំនួន៣០០ថ្ងៃ គិតពីថ្ងៃដែលប្តីស្លាប់ ឬពីថ្ងៃប្រកាសសាលក្រមដែលសម្រេចពីមោឃភាព នៃអាពាហ៍ពិពាហ៍ ឬពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការលែងលះ ។ ក្នុងករណីដែលតុលាការប្រជាជនបានចេញដីកាសម្រេច ឲ្យប្តីប្រពន្ធនៅបែកគ្នា នោះសាលក្រមនៃការលែងលះត្រូវគិតវិធវភាពតាំងពីថ្ងៃដែលចេញដីកានេះ​។

            ប៉ុន្តែ បើនារីរៀបអាពាហ៍ពិពាហ៍មុនផុត រយៈពេល៣០០ថ្ងៃ ប្តីដែលរៀបអាពាហ៍ពិពាហ៍ថ្មីនេះ ត្រូវចាត់ទុកជាឪពុករបស់កូនដែលកើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះ លើកលែងតែមានការជំនាស់ពីប្តីមុន ដោយមានភស្តុតាងច្បាស់លាស់ ។

មាត្រា ១០-

            ក្នុងករណីដែលសហព័ន្ធណាមួយបាត់ខ្លួនកន្លងហួសពីមួយឆ្នាំ គិតពីថ្ងៃដែលបាត់ខ្លួននោះមកដោយគ្មានដំណឹងអ្វីសោះ ហើយក៏គ្មាននរណាដឹងថា ជននោះស្លាប់ ឬរស់ សហព័ន្ធម្នាក់ទៀតអាចនឹងរៀបអាពាហ៍ពិពាហ៍ទៀតបាន បើផុតរយៈពេល១៥ថ្ងៃ គិតពីថ្ងៃប្រកាសសាលក្រម ដែលបញ្ជាក់ថាជននោះបានបាត់ខ្លួនពិតមែន ។

            ជនណាក៏ដោយ មិនអាចប្តឹងសុំបដិសេធអាពាហ៍ពិពាហ៍ថ្មីនេះបានឡើយ ទោះបីសហព័ន្ធដែលបាត់ខ្លួននោះត្រឡប់មកវិញក៏ដោយ ។

មាត្រា ១១-

            មុនពេលរៀបអាពាហ៍ពិពាហ៍ អនាគតប្តី ប្រពន្ធ ត្រូវប្តឹងដល់គណៈកម្មាធិការប្រជាជន ឃុំ ឬសង្កាត់ខាងលំនៅរបស់នារី ដោយមានឪពុក ឬម្តាយ ឬអ្នកអាណាព្យាបាលចូលរួមផងក៏ដោយ ។

មាត្រា ១២-

            ប្រធាន ឬសមាជិកនៃគណៈកម្មាធិការប្រជាជន ឃុំ ឬសង្កាត់ ក្នុងឋានៈជាមន្រ្តីអត្រានុកូលដ្ឋាន ត្រូវប្រកាសផ្សាយជាសាធារណៈ នូវអាពាហ៍ពិពាហ៍នោះដោយបិទប័ណ្ណប្រកាសនៅលំនៅរបស់នារី និងនៅទីស្នាក់ការឃុំ ឬសង្កាត់របស់ខ្លួន ។

            ប័ណ្ណប្រកាសពីរទៀត ត្រូវផ្ញើទៅជូនមន្រ្តីអត្រានុកូលដ្ឋាន ឃុំ ឬសង្កាត់ខាងបុរស ដើម្បីយកទៅបិទនៅលំនៅរបស់បុរស និងនៅទីស្នាក់ការឃុំ ឬសង្កាត់របស់ខ្លួន ។

            ប័ណ្ណប្រកាសត្រូវចុះ ៖

            ១- ត្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅនៃអនាគតប្តី និងប្រពន្ធ ។

            ២- ក្រកូល ឈ្មោះ អាយុ មុខរបរ និងលំនៅរបស់ឪពុកម្តាយនៃអនាគតប្តីប្រពន្ធ “បើឪពុក ឬម្តាយស្លាប់ ត្រូវដាក់ថាស្លាប់ផង” ។

            ៣- រយៈពេលប្តឹងជំទាស់ ។

មាត្រា ១៣-

            ប័ណ្ណប្រកាសត្រូវបិទផ្សាយក្នុងរយៈពេល១០ថ្ងៃ ដើម្បីឲ្យជនដែលមានផលប្រយោជន៍ក្នុងរឿងនេះដឹងឮ ហើយអាចប្តឹងជំទាស់នឹងអាពាហ៍ពិពាហ៍នោះបាន ប្រសិនបើមានការមិនយល់ស្របនឹងអាពាហ៍នឹងអាពាហ៍នោះ ។ ផុតរយៈពេល១០ថ្ងៃនេះ ពិធីអាពាហ៍ពិពាហ៍អាចធ្វើទៅបាន បើគ្មានការប្តឹងជំទាស់ ។

មាត្រា ១៤-

            អាពាហ៍ពិពាហ៍ និងចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈច្បាប់បាន លុះត្រាតែបុរស និងនារីដែលស្ម័គ្រចិត្តយកគ្នាជាប្តីប្រពន្ធ ចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានខាងលំនៅរបស់នារី ។

            កិច្ចសន្យានេះត្រូវចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ ហើយត្រូវចុះហត្ថលេខាដោយមន្រ្តីអត្រានុកូលដ្ឋាន ប្តីប្រពន្ធ និងសាក្សីគ្រប់អាយុការពីរនាក់ ។

ផ្នែកទី ២

អំពីបណ្តឹងអាពាហ៍ពិពាហ៍ឲ្យរៀបអាពាហ៍ពិពាហ៍

មាត្រា ១៥-

            ក្នុងរយៈពេល១០ថ្ងៃ គិតពីថ្ងៃដែលបិទផ្សាយជាសាធារណៈ ញាតិក្តី ជនដែលមានប្រយោជន៍ក្នុងរឿងនេះក្តី អាចនឹងប្តឹងជំទាស់មិនឲ្យរៀបអាពាហ៍ពិពាហ៍បាន ។

មាត្រា ១៦-

បណ្តឹងទាស់នេះ នឹងយកជាការបាន លុះណាតែអ្នកប្តឹងជំទាស់ចុះហត្ថលេខា លើពាក្យរបស់ខ្លួនដោយផ្ទាល់ដៃខ្លួនឯង ។

បណ្តឹងនេះ ត្រូវចង្អុលពីមូលហេតុនៃការប្តឹងទាស់ ។ មូលហេតុដែលអាចយកមកប្តឹងជំទាស់បាននោះ គឺអសមត្ថភាពរបស់បុរស ឬនារី ឬមានប្រកាសណាមួយ ដែលច្បាប់ហាមឃាត់ក្នុងមាត្រា៥ វាក្យខណ្ឌទី១ មាត្រា៦ មាត្រា ៧ មាត្រា ៨ នៃច្បាប់នេះ ។

មាត្រា ១៧-

            បណ្តឹងទាស់នេះ ត្រូវអ្នកប្តឹងជំទាស់ ឬតំណាងរបស់ខ្លួនយកទៅជូនគណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ខាងលំនៅអនាគតប្រពន្ធ ។ គណៈកម្មាធិការនេះត្រូវសម្រេចក្នុងរយៈពេល៣ថ្ងៃគិតពីថ្ងៃទទួលបណ្តឹងទាស់ ។

            បើអ្នកប្តឹងជំទាស់ ឬអនាគតប្តីប្រពន្ធ មិនសុខចិត្តនិងសេចក្តីសម្រេចនេះ គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ត្រូវបញ្ជូនសំណុំរឿងទៅតុលាការប្រជាជនក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលបណ្តឹងទាស់ដើម្បីសម្រេច ។

មាត្រា ១៨-

            តុលាការប្រជាជន ត្រូវសម្រេចសេចក្តីពីបណ្តឹងទាស់ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ គិតពីថ្ងៃបានទទួលសំណុំរឿង ។

            សាលក្រមរបស់តុលាការប្រជាជន មិនអាចប្តឹងតវ៉ាបានឡើយ ទោះបីសាលក្រមនោះជាសាលក្រមកំបាំងមុខក៏ដោយ ។

មាត្រា ១៩-

            បើតុលាការប្រជាជនបដិសេធបណ្តឹងទាស់ចោលអនាគតប្តីប្រពន្ធអាចរៀបអាពាហ៍ពិពាហ៍បាន ។

            បើតុលាការប្រជាជនចាត់ទុកបណ្តឹងទាស់នោះជាត្រឹមត្រូវ មន្ត្រីអាត្រានុកូលដ្ឋានត្រូវបញ្ឈប់មិនឲ្យរៀបអាពាហ៍ពិពាហ៍ ។

មាត្រា ២០-

            នៅពេលដែលដឹងថាបុរស ឬនារីជាអសមត្ថជន ឬមានប្រការណាមួយដែលច្បាប់ហាមឃាត់ ដូចមានចែងក្នុងមាត្រា ១៦ មន្ត្រីអត្រានុកូលដ្ឋានមានសិទ្ធិជំទាស់មិនឲ្យរៀបអាពាហ៍ពិពាហ៍ ដោយធ្វើពីរបាយការណ៍បណ្តឹងទាស់នេះ ជូនទៅតុលាការ ប្រជាជនក្នុងរយៈពេល២ថ្ងៃយ៉ាងយូរដើម្បីសម្រេ​ច ។

            តុលាការប្រជាជន ត្រូវសម្រេចសេចក្តីតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា ១៨ និង១០ខាងលើ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login