Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ផ្នែកទី ៣

អំពីមោឃភាពនៃអាពាហ៍ពិពាហ៍

មាត្រា ២១-

            អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ ប្រសិនបើអាពាហ៍ពិពាហ៍នោះ ចុះបញ្ជីនៅពេលដែលសហព័ន្ធណាម្នាក់ឆ្កួត ឬមិនដឹងខុសត្រូវ ។ តើបើសហព័ន្ធនោះបានជាស្រួលឡើងវិញហើយ ហេតុដែលនាំឲ្យទុកជាមោឃៈនោះត្រូវរលាយទៅវិញដែរ ។

មាត្រា ២២-

            អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង២០ឆ្នាំ ឬនារីអាយុតិចជាង១៨ឆ្នាំ ត្រូវទុកជាមោឃៈ ។

            អាពាហ៍ពិពាហ៍ដែលទុកជាមោឃៈនោះនឹងលែងមោឃៈទៅវិញ កាលបើប្តីឬប្រពន្ធនោះចម្រើនវ័យ ដល់អាយុតាមបញ្ញត្តិច្បាប់ ឬក្នុងករណីដែលមានចែងក្នុងមាត្រា៥វាក្យខ័ណ្ឌទី២ ។

មាត្រា ២៣-

            អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ កាលបើសហព័ន្ធណាម្នាក់ប្តឹងថា ខ្លួនត្រូវគេចាប់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ ។

            ការប្តឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ត្រូវផុតអាជ្ញាយុកាល ប្រសិនបើការប្តឹងនោះ មិនធ្វើក្នុងរយៈពេល៦ខែគិតពីថ្ងៃដែលគេលែងបង្ខំមក ។

មាត្រា ២៤-

            អាពាហ៍ពិពាហ៍ត្រូវទុកជាមោឃៈ បើចំណងអាពាហ៍ពិពាហ៍មុនរបស់សហព័ន្ធណាម្នាក់មិនទាន់រលាយ ។

            ការប្តឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ក្រោយ មិនអាចធ្វើបានឡើយ បើក្រោយពីថ្ងៃចុះអាពាហ៍ពិពាហ៍ក្រោយ នេះមកអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ។

មាត្រា ២៥-

            អាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬញាតិព័ន្ធក្នុងថ្នាក់ដែលច្បាប់ហាមឃាត់ ត្រូវទុកជាមោឃៈ លើកលែងតែករណីដែលមានចែងក្នុងមាត្រា៨វាក្យខ័ណ្ឌទី២ ។

            ការប្តឹងសុំមោឃភាព នៃអាពាហ៍ពិពាហ៍ខាងលើនេះ មិនអាចផុតអាជ្ញាយុកាលឡើយ ។

មាត្រា​ ២៦-

            មានតែសហព័ន្ធ រដ្ឋអាជ្ញា និងជនដែលមានប្រយោជន៍ស្របច្បាប់ក្នុងការប្តឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទេ ទើបអាចដាក់ពាក្យប្តឹងសុំមោឃភាពនៃអាពាហ៍ពិពាហ៍ទៅតុលាការប្រជាជន ។

            បើជនដែលបានដាក់ពាក្យប្តឹងនោះស្លាប់ សិទ្ធិវន្តអាចប្តឹងជំនួសបាន ។

មាត្រា ២៧-

            កូនកើតអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាសជាមោឃៈ ត្រូវទុកជាកូនមានខាន់ស្លា ទោះបីហេតុដែលនាំឲ្យមានមោឃភាពនោះ យ៉ាងណាក៏ដោយ ។

            សិទ្ធិនិងកាតព្វកិច្ចរបស់ឪពុកម្តាយ និងកូនត្រូវមានដូចគ្នាក្នុងករណីឪពុក ម្តាយលែងលះគ្នា​។

            ការចែកទ្រព្យសម្បត្តិរវាងប្តី ប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោឃៈក៏ត្រូវធ្វើដូចក្នុងករណីលែងលះគ្នាដែរ ។

មាត្រា ២៨-

តុលាការប្រជាជន ត្រូវចាត់ចែងឲ្យចម្លងសេចក្តីវិនិច្ឆ័យនៃសាលក្រមស្ថាពរដែលប្រកាសមោឃភាពអាពាហ៍ពិពាហ៍ ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវទុកជាមោឃៈ ។

ផ្នែកទី ៤

សិទ្ធិ និង ករណីយកិច្ចរបស់សហព័ន្ធ

មាត្រា ២៩-

            ក្នុងគ្រួសារ ប្តី ប្រពន្ធ ត្រូវមានភាពស្មើគ្នាលើគ្រប់ទស្សនៈ ។

មាត្រា ៣០-

            ប្តី​ ប្រពន្ធ មានករណីយកិច្ចស្រឡាញ់គ្នាទៅវិញទៅមក គោរពគ្នាទៅវិញទៅមក ថែរក្សាគ្នានិងជួយគ្នាទៅវិញទៅមក ដើម្បីឈានទៅកាន់វឌ្ឍនភាពព្រមទាំងកសាងគ្រួសារមួយមានសាមគ្គីភាព និង ប្រកបដោយសុភមង្គល ។

មាត្រា ៣១-

            ប្រពន្ធ ប្តី មានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈរបស់ខ្លួន មានសិទ្ធិចូលរួមប្រាស្រ័យដោយសេរីក្នុងសកម្មភាពនយោបាយ វប្បធម៌ និងសង្គម ។

មាត្រា ៣២-

            ប្រពន្ធនិងប្តី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ ការអាស្រ័យផល ការចាត់ចែងទ្រព្យសម្បត្តិរួម ។

            សហព័ន្ធម្នាក់ៗ មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យផ្ទាល់របស់ខ្លួន ។

មាត្រា ៣៣-

            ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ន្ធទាំងពីរ រកបានជាមួយគ្នា ឬសហព័ន្ធណាម្នាក់រកបានក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ ។

មាត្រា ៣៤-

            ត្រូវចាត់ទុកជាទ្រព្យសម្បត្តិផ្ទាល់របស់សហព័ន្ធ ៖

            ១- ទ្រព្រសម្បត្តិដែលសហព័ន្ធមានមុនរៀបអាពាហ៍ពិពាហ៍ ។

            ២- ទ្រព្យសម្បត្តិដែលសហព័ន្ធបានទទួលអំណោយជាមត៌ត ឬជាបច្ច័យទានក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ ។

មាត្រា ៣៥-

            ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម ៖

            ១- ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និងបណ្តុះបណ្តាលកូន ។

            ២- បំណុល និងកាតព្វកិច្ចទាំងឡាយ ដែលសហព័ន្ធទាំងពីបានព្រមព្រៀងគ្នាសម្រេច ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ ឬដែលសហព័ន្ធណាម្នាក់សម្រេចក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ដោយមានការយល់ព្រមពីសហព័ន្ធម្នាក់ទៀត ។

            ៣- ការថែទាំ និងការគ្រប់គ្រងទ្រព្យសម្បត្តិរួម ។

មាត្រា ៣៦-

            សហព័ន្ធម្នាក់ៗអាចប្រើប្រាស់សម្ភារៈដែលជាទ្រព្យសម្បត្តិរួម តាមការតម្រូវនៃសម្ភារៈនោះ ។

            សហព័ន្ធទាំងពីរនាក់ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា ។ សហព័ន្ធម្នាក់អាចទាមទារឲ្យសហព័ន្ធម្នាក់ទៀតយល់ព្រមលើវិធានការចាំបាច់ដើម្បីថែទាំទ្រព្យសម្បត្តិរួម ឬរក្សាទុកតម្លៃរបស់ទ្រព្យសម្បត្តិនោះ ។

មាត្រា ៣៧-

            ទ្រព្យសម្បត្តិរួមអាចលក់ដូរឬធ្វើអំណោយបាន លុះត្រាតែមានការព្រមព្រៀងពីសហព័ន្ធទាំងពីរ ។

ជំពូកទី ៣

អំពីការលែងលះគ្នា

ផ្នែកទី ១

អំពីមូលហេតុនៃការលែងលះគ្នា

មាត្រា ៣៨-

            ការលែងលះគ្នា គឺការផ្តាច់ចំណងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធ ដែលបានរៀបការពេញច្បាប់ក្នុងពេលរស់នៅទាំងពីរនាក់ ។

មាត្រា ៣៩-

            ប្តី ឬប្រពន្ធអាចប្តឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់ បញ្ជាក់ថា ខ្លួនពុំអាចរួមរស់ជាមួយគ្នាតទៅទៀតបាន ។

            មូលហេតុជាអាទិមានដូចខាងក្រោមនេះ ៖

            ១- ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវ ហើយឥតមានផ្តត់ផ្គង់ស្បៀងអាហារ និងទំនុកបំរុងកូនសោះ ។

            ២- វាយដំឃោរឃៅ ធ្វើទុក្ខបុកម្ទេញប្រមាថមើលងាយធ្ងន់ធ្ងរ ចំពោះសហព័ន្ធ ឬចំពោះបុព្វញាតិរបស់សហព័ន្ធនេះ ។

            ៣- មានចរិយាផ្ទុយពីសីលធម៌ ឬប្រព្រឹត្តអនាចារ ។

            ៤- អពលានុភាពនៃលិង្គ ។

            ៥- បែកគ្នាអស់រយៈពេលជាង១ឆ្នាំ ។

មាត្រា​៤០-

            ប្តីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន ។

ផ្នែកទី ២

អំពីនីតិវិធី នៃ ការលែងលះគ្នា

មាត្រា ៤១-

            ការសម្រេចអំពីការលែងលះគ្នា ជាសមត្ថកិច្ចរបស់តុលាការប្រជាជនខេត្ត-ក្រុង ខាងលំនៅរបស់ចុងចម្លើយ ។

មាត្រា ៤២-

            បណ្តឹងលែងលះគ្នា ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ចុះមូលហេតុនាំឲ្យលែងលះគ្នា ។

            បណ្តឹងនោះត្រូវដើមចោទយកទៅជូនតុលាការប្រជាជនខេត្ត-ក្រុងផ្ទាល់ក៏បាន ឬជូនគណៈកម្មាធិការប្រជាជន ឃុំ ឬសង្កាត់ខាងលំនៅរបស់ចុងចម្លើយ ដោយខ្លួនឯងផ្ទាល់ក៏បាន​ ។

ក្នុងករណីខាងក្រោមនេះ គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ត្រូវធ្វើការផ្សះផ្សាក្នុងរយៈពេល១៥ថ្ងៃ ក្រោយពីទទួលពាក្យបណ្តឹង ។ បើផ្សះផ្សាពុំ​បានសម្រេច ត្រូវបញ្ជូនសំណុំរឿងជាបន្ទាន់ទៅតុលាការប្រជាជនខេត្ត-ក្រុង ។

មាត្រា ៤៣-

            តុលាការប្រជាជនខេត្ត-ក្រុង ត្រូវអញ្ជើញអ្នកប្តឹងឲ្យចូលមក ហើយសំរួលយ៉ាងណាតាមដែលខ្លួនយល់ឃើញ ដើម្បីបញ្ចូលចិត្តអ្នកនោះឲ្យឈប់ប្តឹង លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថា ពាក្យសុំលែងលះគ្នានេះមានអាចហេតុធ្ងន់ធ្ងរណាស់ ។

មាត្រា ៤៤-

            ក្រោយពីពេលបានទទួលបណ្តឹងសុំលែងលះ បើយល់ឃើញថា ការចាំបាច់ តុលាការប្រជាជនខេត្ត-ក្រុងអាចចាត់វិធានការបណ្តោះអាសន្នបាន ដូចជាការបំបែកលំនៅប្តី ប្រពន្ធ ការឲ្យថែរក្សា​ ថែរក្សាទ្រព្យសម្បត្តិ ការផ្តល់អាហារកិច្ច ។ ក្នុងករណីនេះ មេធាវីនៃគូភាគីអាចចូលរួមស្តាប់បាន ។

មាត្រា ៤៥-

            ប្រសិនបើដើមចោទនៅតែទទួលសុំលែង តុលាការប្រជាជនខេត្ត-ក្រុងត្រូវអញ្ជើញប្តី ប្រពន្ធ ឲ្យមកកាន់តុលាការជាប្រញាប់ដើម្បីធ្វើការផ្សះផ្សា​ ។ ក្នុងករណីនេះ មេធាវីមិនត្រូវចូលរួមស្តាប់ទេ ។

មាត្រា ៤៦-

            ប្រសិនបើផ្សះផ្សាចំពោះមុខដើមចោទ និងចុងចម្លើយហើនៅតែពុំបានសម្រេច តុលាការប្រជាជនខេត្ត-ក្រុងអាចធ្វើការផ្សះផ្សាជាលើកទី២បាន ។

មាត្រា​៤៧-

            ប្រសិនបើនៅពេលផ្សះផ្សាលើកទី១ ដើមចោទ ឬចុងចម្លើយ ដែលបានទទួលដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិនមកបង្ហាញខ្លួនតាមការអញ្ជើញនោះ តុលាការប្រជាជនខេត្ត-ក្រុងត្រូវអញ្ជើញភាគីទាំងពីរនោះជាលើកទី២ ដើម្បីធ្វើការផ្សះផ្សា ។

មាត្រា ៤៨-

            ប្រសិនបើដើមចោទ ដែលបានទទួលដីកាអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកកាន់តុលាការ ប្រជាជនខេត្ត-ក្រុង ទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុនោះត្រូវចាត់ទុកថា សុខចិត្តឈប់ប្តឹង ។

មាត្រា ៤៩-

            ប្រសិនបើចុងចម្លើយ បានទទួលដីកាអញ្ជើញត្រឹមត្រូវ ហើយនៅតែមិនព្រមចូលមកកាន់តុលាការប្រជាជនខេត្ត-ក្រុង ទាំងលើកទី១ ទាំងលើកទី២ ដោយគ្មានមូលហេតុ នោះត្រូវចាត់ទុកថាមិនព្រមសះជានឹងគ្នា ។

មាត្រា ៥០-

            ប្រសិនបើអ្នកមិនបានមកតាមដីកាអញ្ជើញលើកទី១ មិនមែនជាអ្នកមិនបានមកលើកទី២ទេ តុលាការប្រជាជនខេត្ត-ក្រុង ត្រូវអញ្ជើញភាគីនោះមកផ្សះផ្សាជាលើកទី៣ ។

មាត្រា ៥១-

            ការផ្សះផ្សាម្តងៗ ត្រូវឲ្យឃ្លាតពីគ្នា១ខែយ៉ាងឆាប់ និង២ខែយ៉ាងយូរ ។

មាត្រា ៥២-

            ក្នុងការផ្សះផ្សាម្តងៗ ទោះបីបានលទ្ធផលយ៉ាងណាក្តី ត្រូវចុះក្នុងកំណត់ហេតុបញ្ជាក់អំពីការផ្សះផ្សាបានសម្រេច មិនបានសម្រេច ឬភាគីមិនបានចូល ហើយចៅក្រមទទួលបន្ទុកការផ្សះផ្សាត្រូវចុះហត្ថលេខា លើកំណត់ហេតុនោះជាមួយភាគីវត្តមាននិងលេខាធិការក្រឡាបញ្ជី ។

មាត្រា ៥៣-

            បើការផ្សះផ្សាមិនបានសម្រេច តុលាការប្រជាជនខេត្ត-ក្រុងត្រូវអញ្ជើញប្តី ប្រពន្ធឲ្យចូលមកកាន់តុលាការប្រជាជនដើម្បីជំនុំជំរះ ។

មាត្រា ៥៤-

            ប្រសិនបើដើមចោទ​ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកបង្ហាញខ្លួន ចំពោះតុលាការប្រជាជន និងមិនបានជូនសេចក្តីដោះសា ឬមិនបានសុំឲ្យបង្អង់កាត់សេចក្តីទៅថ្ងៃក្រោយទេនោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្តឹងវិញហើយ ។

            ក្នុងករណីនេះ ត្រូវចេញសាលក្រមចំណាយរឿងក្តីនោះចោល ។

មាត្រា​ ៥៥-

            ប្រសិនបើចុងចម្លើយ មិនបានចូលមកកាន់តុលាការប្រជាជន ក្នុងលក្ខខណ្ឌដូចខាងលើនេះដែរ ហើយបើយល់ឃើញថាហេតុដែលដើមចោទប្តឹងនោះមានភស្តុតាងពិតប្រាកដហើយ តុលាការប្រជាជនអាចសម្រេចសេចក្តីឲ្យលែងលះគ្នាបាន ។ បើបណ្តឹងនោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់ទេ តុលាការប្រជាជនត្រូវធ្វើការអង្កេតស៊ើបសួរអំពីរឿងនោះ ។

មាត្រា ៥៦-

            បើចុងចម្លើយប្រកែកថា សេចក្តីដែលប្តឹងពីខ្លួននោះមិនពិតទេ តុលាការប្រជាជនត្រូវបញ្ជាឲ្យធ្វើការអង្កេតស៊ើបសួរ ។

មាតា្រ ៥៧-

            ក្នុងរឿងលែងលះគ្នា បើមានការត្រូវអង្កេតស៊ើបសួរ តុលាការប្រជាជនត្រូវធ្វើអង្កេតស៊ើបសួរជាបន្ទាន់ ត្រូវបង្កាប់ឲ្យគូភាគីជូនភស្តុងតាងចាំបាច់នានាអញ្ញើញសាក្សីដែលមានប្រយោជន៍ក្នុងរឿងនេះ និងចាត់វិធានការទូទៅ បើយល់ឃើញថាគួរចាត់ ។

មាត្រា ៥៨-

            ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នា បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ការសុំលែងលះគ្នានោះធ្វើដោយគ្មានការបង្ខិតបង្ខំ និងដោយស្ម័គ្រចិត្តពិតប្រាកដ តុលាការប្រជាជនត្រូវសម្រេចឲ្យលែងលះគ្នា ។

មាត្រា ៥៩-

            ក្នុងករណីសុំលែងលះដោយឯកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរឃើញថា ស្ថានភាពរវាងប្តី ប្រពន្ធ មានភាពធ្ងន់ធ្ងរ ការរួមរស់ជាមួយគ្នាមិនអាចពន្យាយូរបាន គោលបំណងអាពាហ៍ពិពាហ៍លែងបានសម្រេច តុលាការប្រជាជនត្រូវសម្រេចឲ្យលែងលះគ្នា ។

មាត្រា ៦០-

            តុលាការប្រជាជនអាចធ្វើការស៊ើបសួរ និងធ្វើការជំនុំជំរះដោយសម្ងាត់បាន ។

មាត្រា ៦១-

ការវិនិច្ឆ័យដល់អង្គសេចក្តី ត្រូវតែធ្វើក្នុងរយៈ១៥ថ្ងៃ គិតពីថ្ងៃអង្កេតស៊ើបសួររួចមក ។

មាត្រា ៦២-

            តាមគោលការណ៍ សាលក្រមលែងលះគ្នាត្រូវសម្រេចចំពោះមុខគូក្តី ។ ប្រសិនបើសាលក្រមនោះជាសាលក្រមកំបាំងមុខ គូក្តីអាចប្តឹងទាស់បាន ក្នុងរយៈ១៥ថ្ងៃ ។ រយៈពេលនេះគិតពីថ្ងៃដែលឲ្យដំណឹងពីសាលក្រមកំបាំងមុខដល់គូក្តីផ្ទាល់ ឬដល់លំនៅរបស់គូក្តី ។

មាត្រា ៦៣-

            បណ្តឹងទាស់និងសាលក្រមកំបាំងមុខ ត្រូវធ្វើដោយសាមីខ្លួនជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់នៅតុលាការប្រជាជនខេត្ត ក្រុង ។ បណ្តឹងទាស់នាំឲ្យផ្អាកការអនុវត្តន៍សាលក្រម ។

មាត្រា ៦៤-

            ប្រសិនបើផុតរយៈពេលប្តឹងទាស់ សាលក្រមកំបាំងមុខនឹងទៅជាសាលក្រមស្ថាពរ ។

មាត្រា ៦៥-

            ប្រសិនបើអ្នកប្តឹងទាស់ បានប្តឹងក្នុងរយៈពេលកំណត់ ប៉ុន្តែមិនបានចូលខ្លួនមកក្នុងពេលជំនុំជំរះ ដោយមូលហេតុ នោះសាលក្រមកំបាំងមុខត្រូវតម្កល់ជាបានការ និងទៅជាសាលក្រមស្ថាពរ ។

មាត្រា ៦៦-

            ប្រសិនបើបណ្តឹងជំទាស់ត្រឹមត្រូវតាមទម្រង់ច្បាប់តុលាការប្រជាជនខេត្ត-ក្រុង ត្រូវពិនិត្យនិងជំនុំជំរះសាជាថ្មីលើអង្គសេចក្តី ។

            តុលាការប្រជាជនអាចតម្កល់ កែប្រែ ឬបដិសេធសាលក្រមកំបាំងមុខង ដែលបានសម្រេចសេចក្តី លើកមុនបានកុំឲ្យតែបំពានលើច្បាប់ ឬគោលការណ៍នៃច្បាប់ ។

មាត្រា ៦៧-

            កាលបើសាលក្រមលែងលះជាសាលក្រមស្ថាពរ តុលាការប្រជាជនខេត្ត-ក្រុងត្រូវចាត់ចែងឲ្យចម្លងសេចក្តីនៃសាលក្រមស្ថាពរនោះ ចុះនៅរឹមទំព័រនៃសំបុត្រអាពាហ៍ពិពាហ៍ដែលត្រូវរលាយ ។

មាត្រា ៦៨-

            ប្រសិនបើប្រពន្ធមានផ្ទៃពោះ ប្តឹងអាចនឹងសុំលែងលះបាន លុះត្រាតែប្រពន្ធនោះសម្រាលកូនរួចបាន១ឆ្នាំសិន ។

            ការបន្ថយសិទ្ធិខាងលើមិនត្រូវអនុវត្តលើនារីទេ ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login