ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តាមទំនៀម គេធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន ១៥ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃ ១រោជ ទៅដល់ថ្ងៃ ១៥រោជ ខែភទ្របទ។ ថ្ងៃ១រោជ ដល់ថ្ងៃ១៤រោជ ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ។ នៅថ្ងៃ១៥រោជ ខែភទ្របទ គឺជាថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកនាំគ្នាទៅវត្តគ្រប់ៗគ្នា។ គេដាក់បាយបិណ្ឌក្នុងថាសមួយយកទៅវត្ត។
ក្រៅពីតង្វាយផ្សេងៗ នៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើ ផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី។ គេថាផ្កាបិណ្ឌនេះជាតង្វាយ ចំពោះព្រះចូឡាមណី។
មុនថ្ងៃភ្ជុំបិណ្ឌមួយថ្ងៃ គឺថ្ងៃ១៤រោជ នៅតាមផ្ទះនីមួយៗ គេនិមយធ្វើនំអន្សម នំគម និងនំផ្សេងៗទៀត សម្រាប់យកទៅប្រគេនព្រះសង្ឃ ឧទ្ទិសដល់អ្នកដែលបានស្លាប់ទៅ សម្រាប់ចែកចាយដល់អ្នកជិតខាង ឬ មិត្តភក្តិ និងសម្រាប់ដាក់សែននៅផ្ទះ។ យប់ថ្ងៃដដែលនៅវត្ត មានពិធីបង្សុកូលដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជិវិតទៅហើយ ដោយមានការសូត្រធម៌ និងសម្តែងធម៌ទេសនា។ លុះដល់ស្អែកឡើង ថ្ងៃ១៥រោជ ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាទៅជួបជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះទៀតកាន់នំអន្សម នំគម និងនំចំណីផ្សេងៗ ព្រមទាំងមានចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃផងដែរ។
ក្រៅពីពិធីនៅឯវត្ត មានពិធីសែនព្រេននៅតាមផ្ទះនីមួយៗ នៅវាលាល្ងាចថ្ងៃបង្ហើយនេះ។ គេបានរៀបចំនូវគ្រឿងតង្វាយដូចជា ម្ហូប នំចំណី បាយបិណ្ឌ បាយបិតបូរ ផ្តិលទឹក ពានស្លាម្លូ ពានបារី នៅចំកណ្ដាលល្វែងផ្ទះ។ លុះជួបជុំហើយ មេគ្រួសារអុជទាន ធូប អញ្ជើញវិញ្ញាណក្ខន្ធដូនតា មកទទួលយកនូវរបស់ទាំងអស់ ដែលកូនចៅបានរៀចចំសែនជួន ហើយសុំឱ្យជួយថែរក្សាកូនចៅរស់នៅ ឱ្យបានសេចក្តីសុខសប្បាយ។
លុះព្រឹកព្រហាមឡើង គេបានរៀបចំដាក់នំចំណី ក្នុងកូនទូក ធ្វើអំពីដើមចេក ហើយបណ្តែតលើទឹក ដើម្បីជូនដំណើរដូនតាទៅវិញ។