ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើត្រូវធ្វើយ៉ាងដូចម្តេចចំពោះអាករលើតម្លៃបន្ថែមដែលខ្ញុំបានបង់នៅមុនពេលចុះបញ្ជី ?
២. តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើម្បីចុះបញ្ជីអាករលើតម្លៃបន្ថែម ?
៣. តើខ្ញុំត្រូវចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែមនៅពេលណា ?
៤. សម្រាប់គោលដៅនៃអាករលើតម្លៃបន្ថែម តើត្រូវកាន់បញ្ជីនិងកំណត់ត្រាអ្វីខ្លះ ?
៥. តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះលិខិតប្រកាសប្រចាំខែ ។
ចម្លើយ
១. លោក/លោកស្រីអាចស្នើសុំឱ្យបង្វិលសងវិញនូវអាករលើតម្លៃបន្ថែមដែលបានបង់លើទំនិញប្រើប្រាស់ក្នុងការ បង្កើតអាជីវកម្ម ចំពោះតែទំនិញដែលបានទិញក្នុងរយៈពេល៦០ថ្ងៃចុះបញ្ជីប៉ុណ្ណោះ ។ លោក/លោកស្រីត្រូវសុំទម្រង់ស្នើសុំឥណទានពីនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។ នៅពេលដាក់ពាក្យស្នើសុំឥណទានលោក/លោកស្រីត្រូវភ្ជាប់មកជាមួយនូវឯកសារដែលជាភស្តុងតាងថាបានបង់អាករលើតម្លៃបន្ថែម លើទំនិញទាំងនោះ ។
២. ទម្រង់អតប ១០១ គឺជាពាក្យស្នើសុំចុះបញ្ជីសម្រាប់បុគ្គលជាប់អាករ ហើយក៏អាចប្រើជាពាក្យស្នើសុំចុះបញ្ជី ដោយស្ម័ត្រចិត្តផងដែរ ។ ទម្រង់នេះត្រូវបានផ្តល់ជូនលោក/លោកស្រីដោយនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ។ លោក/លោកស្រីត្រូវបំពេញទម្រង់នេះនិងផ្តល់នូវព័ត៍មានបន្ថែមនានាទៅតាមការតម្រូវ ហើយយកទម្រង់ នេះទៅដាក់ជូន នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំយ៉ាងយឺតបំផុតត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ពីខែដែលផលរបររបស់លោក/លោកស្រីមានការកើនឡើងលើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ។ ចំពោះក្រុមហ៊ុនដើមទុនគ្រប់ប្រភេទអ្នកនាំចេញនាំចូលសហគ្រាសវិនិយោគ ឬអង្គភាពរបស់រដ្ឋត្រូវបំពេញទម្រង់ហើយយកទៅ ដាក់ជូននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំទៅមុនពេលចាប់ផ្តើមប្រកបអាជីវកម្ម ។ ចំពោះការយឺតយ៉ាវក្នុងការ ដាក់ពាក្យស្នើសុំចុះបញ្ជីលោក /លោកស្រីនឹងត្រូវទទួលរងទោសទណ្ឌទៅតាមច្បាប់ស្តីពីសារពើពន្ធ ។នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារនឹងផ្តល់ជូនលោក/លោកស្រីនូវលេខចុះបញ្ជីដែលជាលេខ អត្តសញ្ញាណកម្មអតបរបស់លោក/លោកស្រី ។ វិញ្ញាបនប័ត្រ ចុះបញ្ជីត្រូវបានផ្តល់ជូនលោក/លោកស្រី ហើយត្រូវតាំងឬព្យូរវិញ្ញាបនប័ត្រនេះនៅទីកន្លែងអាជីវកម្ម ជាសំខាន់របស់ខ្លួន ។ ប្រសិនបើការដាក់ពាក្យស្នើសុំចុះបញ្ជីត្រូវបានបដិសេធ អគ្គនាយកដ្ឋានពន្ធដារនឹងជូនដំណឹងដល់លោក/លោកស្រីដោយភ្ជាប់ជាមួយនូវសេចក្តីពន្យល់ផ្សេងៗដែលជាហេតុផលនៃការបដិសេធ ។
៣. លោក/លោកស្រីត្រូវចាប់ផ្តើមកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមហើយនិងប្រមូលអាករលើតម្លៃបន្ថែម ពីអតិថិជនចាប់ពីកាលរិច្ឆេទដែលមានបញ្ជាក់ក្នុងវិញ្ញាបនប័ត្រចុះបញ្ជីរបស់លោក/លោកស្រី ។
៤. លោក/លោកស្រីត្រូវកាន់បញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមដែលរួមមានកំណត់ត្រានៃការផ្គត់ផ្គង់និងការ ទិញទាំងអស់ព្រមទាំងសង្ខេបកំណត់ត្រាអាករលើតម្លៃបន្ថែមនៃលិខិតប្រកាសប្រចាំខែនីមួយៗ ។ ប្រសិនបើលោក/លោកស្រីធ្លាប់បានប្រកបអាជីវកម្ម លោក/លោកស្រីអាចនឹងប្រើប្រាស់សម្រាប់គណនេយ្យអាករលើតម្លៃបន្ថែមបាន ។
៥. លោក/លោកស្រីត្រូវដាក់លិខិតប្រកាស(ទម្រង់អតប២០០) ជារឿងរាល់ខែ ។ រយៈពេលដែលគ្របដណ្តប់ ដោយលិខិតប្រកាសហៅថារយៈពេលជាប់អាករ ។ លោក/លោកស្រីត្រូវបំពេញព័ត៍មានលម្អិតអំពីការផ្គត់ផ្គង់ ដែលលោក/លោកស្រីបានធ្វើនិងបានទទួលនៅក្នុងរយៈពេលជាប់អាករ (ខែ) ហើយនិងបង់ប្រាក់អាករជូនអគ្គនាយកដ្ឋានពន្ធដារ ឬធ្វើការស្នើសុំបង្វិលសងឥណទានអាករ ។ លោក/លោកស្រីត្រូដាក់លិខិតប្រកាស និងបង់ប្រាក់អាករនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលជារយៈពេលជាប់អាករ ។