សំនួរ
១. បញ្ញាជាអ្វី ? ចូររៀបរាប់ពីការបែងចែកនៃប្រភេទបញ្ញានីមួយៗ ។
២. ទំនោរជាអ្វី ? ចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ? ចូរពន្យល់ ។
៣. តម្លៃជាអ្វី ? តើចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមានអ្វីខ្លះ ? ចូរពន្យល់ពីតម្លៃនីមួយៗឱ្យបានក្បោះក្បាយ ។
៤. តើរដ្ឋាភិបាលមានន័យដូចម្តេច ? ចូររៀប់ពីតួនាទី ដោយបញ្ជាក់ពីគុណសម្បត្តិ និងគុណវិបត្តិនៃរដ្ឋបាលកណ្តាល ។
៥. តើមជ្ឈការវិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច ? តើប្រព័ន្ធដឹកនាំតាមបែបមជ្ឈការមានគុណវិបត្តិដូចម្តេចខ្លះ ? ដើម្បីសម្របសម្រួល និងគាំទ្រដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនាំឱ្យមានប្រសិទ្ធិភាព តើរដ្ឋាភិបាលត្រូវមានវិធានការដូចម្តេចខ្លះ ?
ចម្លើយ
១. បញ្ញាមានច្រើននិយមន័យ ៖
- តាមវចនានុក្រមសម្តេច ជូន ណាត បញ្ញាជាសេចក្តីដឹងទូទៅ សេចក្តីដឹងកើតអំពីការរៀនសូត្រ ស្តាប់ គិត គូរ ការដឹងច្បាស់នូវសេចក្តីពិត មានបញ្ញា ឥតបញ្ញា ។
- តាមទ្រឹស្តីព្រះពុទ្ធសាសនា បញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខ ។ អ្នកមានបញ្ញាគឺជាអ្នកស្គាល់ហេតុនៃទុក្ខ និងស្គាល់ផ្លូវរំលត់ទុក្ខ ។
- លោកក្លាប៉ារ៉េត បញ្ញាជាសម្បទាដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ ។
- លោកដឺឡាត្រ័រ បញ្ញាជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបកម្មនៅចំពោះមុខស្ថានភាពណាមួយ ហើយបញ្ចូលប្រព័ន្ធអរូបកម្មទាំងនោះទៅក្នុងស្ថានភាពរូបីមួយៗ ។
- លោកហាតម៉ាន់ បញ្ញាជាអនុគមន៍សម្របមធ្យោបាយ និងគោលដៅ ។
- លោកប៊ែរសុខ បញ្ញាជាជាតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ ។
- លោកដេកាត និងលោកវ៉ុលទែ បញ្ញាជាឩបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត ។
- លោកកូល័រ បញ្ញាជាអព្ភន្តរញ្ញាណភ្លាមៗ ។
ការបែងចែកនៃបញ្ញាមានពីរប្រភេទ ៖
១. បញ្ញាប្រតិបត្តិ ៖ ជាបញ្ញាកម្រិតទាប ហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងដែលមានអាយុក្រោម២ឆ្នាំ ។
២. បញ្ញាទ្រឹស្តី ៖ ជាបញ្ញាដែលកើតចេញពីគំនិតអរូបីអាស្រ័យដោយមានភាសាជាជំនួយ ។
៣. ទំនោរ គឺជាចរិតលក្ខណៈមួយប្រភេទ ឬជាកម្លាំងច្បាស់លាស់មួយដែលតម្រង់ទៅរកគោលបំណងជាក់លាក់មួយ ។ ទំនោរចែកចេញជាបីប្រភេទគឺ ៖
១. ទំនោរខាងសីលធម៌នយោបាយ ៖ ទំនោរនេះស្តែងចេញឱ្យឃើញនូវអត្តចរិតដែលប្រកាន់យកនូវមនោគមវិជ្ជានយោបាយ ស្ថិរភាពនយោបាយ ភាពស្មោះត្រង់ចំពោះមាតុភូមិ និងភក្តីភាពចំពោះស្នាដៃកសាងសង្គមថ្មី ។
២. ទំនោរខាងវិជ្ជាជីវៈ ៖ ទំនោរស្តែងឱ្យឃើញនូវភាពស្វាហាប់ក្នុងការដក់ចិត្តនិងអាជីពណាមួយដែលបុគ្គលប្រាថ្នាចង់បាន ។
៣. ទំនោរខាងជីវិតបុគ្គល ៖ ទំនោរនេះបានស្តែងឱ្យឃើញនូវបំណងប្រាថ្នារបស់មនុស្សទៅលើផ្នែកសម្ភារៈវប្បធម៌ និងសីលធម៌ ។ ទំនោរនេះអាចកើតមានព្រមគ្នា ឬមិនព្រមគ្នាជាមួយទំនោរផ្នែកវិជ្ជាជីវៈ ប៉ុន្តែក៏មិនមានលក្ខណៈជាមួយនឹងទំនោរុំផ្នែកសីលធម៌នយោបាយផងដែរ ។
៣. តម្លៃគឺជាអ្វីៗដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានតម្លៃ ។
ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមាន ៖
- តម្លៃជីវសាស្រ្ត ៖ ជាតម្លៃទាក់ទងជាមួយទិដ្ឋភាពនៃជីវិត និងជាហេតុការជីវសាស្រ្ត
- តម្លៃសេដ្ឋកិច្ច ៖ ជាតម្លៃដែលទាក់ទងនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាស់ប្តូរទំនិញ និងសេវាកម្ម ។
- តម្លៃឥទ្ធិពល ៖ ជាតម្លៃដែលគេបានជួបប្រទះក្នុងទំនាក់ទំនងសង្គម សហប្រតិបត្តិការនិងការប្រកួតប្រជែង ។
- តម្លៃបញ្ញា ៖ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការពេញចិត្តនឹងការចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា ។
- តម្លៃសោភ័ណ ៖ ជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការអបអរសាទរ ឬការសរសើរដោយមិនលំអៀងចំពោះសោភ័ណភាពធម្មជាតិ និងសោភ័ណភាពសិល្បៈ ។
៤. រដ្ឋាភិបាលមានន័យថា ក្រសោបស្ថាប័នកំពូលទាំងបី គឺស្ថាប័ននីតិបញ្ញាត្តិ នីតិប្រតិបត្តិនិងតុលាការ ។ រដ្ឋបាលកណ្តាលមានតួនាទីបំពេញមុខងាររដ្ឋបាលក្នុងលំដាប់ថ្នាក់លើ និងស្ថិតក្នុងក្របខណ្ឌជាតិ និងតុលាការ ។
គុណសម្បត្តិ
- មានភាពខ្លាំងធ្វើឱ្យមានការឯកភាពគ្នាក្នុងការអនុវត្តការងារដូចៗគ្នាដោយគ្មានករណីពិសេស ឬដោយឡែកសម្រាប់មូលដ្ឋានណាមួយឡើយ ។
- ប្រជាជនទូទាំងប្រទេសមានភាពស្មើគ្នាក្នុងការរួមវិភាគទានអនុវត្តការងារដែលតម្រូវឱ្យធ្វើ ។
គុណវិបត្តិ
- ការប្រមូលផ្តុំអំណាចនៅតែមួយកន្លែងនឹងធ្វើឱ្យដំណើរការរដ្ឋបាលកណ្តាលមានបន្ទុកធ្ងន់ធ្ងរ ។
- ប្រធានរដ្ឋបាលកណ្តាលមានការរវល់ខ្លាំង ហើយពេលខ្លះមិនអាចក្រសោបការងារឱ្យល្អបានទេ
- ការរៀបចំផែនការគឺរដ្ឋបាលកណ្តាលរៀបចំតែម្នាក់ឯងធ្វើឱ្យមានការលំបាកក្នុងការអនុវត្តនៅថ្នាក់ក្រោម ព្រោះថ្នាក់ក្រោមមិនបានយល់ដែលនាំឱ្យផែនការបរាជ័យ ។
៥. និយមន័យ មជ្ឈការ វិមជ្ឈការ និងវិសហមជ្ឈការ
- មជ្ឈការមានន័យថា គឺជាការប្រមូលផ្តុំអំណាចឬជាប្រព័ន្ធគ្រប់គ្រងដែលប្រមូលផ្តុំអំណាចនៅតែក្នុងដៃរបស់រដ្ឋបាលគឺមានន័យថាអំណាចទាំងអស់នៅតែក្នុងដៃបុគ្គលឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស ។
- វិមជ្ឈការមានន័យថា គឺជាសិទ្ធិទទួលខុសត្រូវ និងធនធានមួយចំនួយត្រូវបានផ្ទេរពីរដ្ឋាភិបាលជាតិទៅឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានបោះឆ្នោតជ្រើសរើសឡើងតាមលក្ខណៈប្រជាធិបតេយ្យ ។
- វិសហមជ្ឈការមានន័យថា គឺរដ្ឋាភិបាលឬក្រសួង ស្ថាប័ន ធ្វើប្រតិភូ កាន់មុខងារសិទ្ធិអំណាច ធនធានទៅអង្គភាពក្រោមឳវាទឬទៅក្រុមប្រឹក្សាប្រភេទណាមួយដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ។ គុណវិបត្តិនៃប្រព័ន្ធដឹកនាំតាមបែបមជ្ឈការគឺរដ្ឋបាលសាធារណៈមិនអាចសិ្ថតនៅជិតជាប់នឹងប្រជាពលរដ្ឋ មិនបានដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាតម្រូវការរបស់មូលដ្ឋានឱ្យបានពិតប្រាកដ ជូនកាលគម្រោងកម្មវិធីដែលថ្នាក់កណ្តាលបានដាក់ចុះនាំឱ្យខូចប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានណាមួយក៏សឹងមាន ។ ដើម្បីសម្របសម្រប និងគាំទ្រដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនាំឱ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលត្រូវមានវិធានការដូចតទៅ ៖
- រៀបចំកម្មវិធីជាតិមួយក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
- រៀបចំឡើងវិញនូវរចនាសម្ព័ន្ធគ្រប់គ្រងនៅរដ្ឋបាលមូលដ្ឋាន
- បន្តពង្រឹងប្រព័ន្ធគ្រប់គ្រងនាពេលបច្ចុប្បន្នរបស់ក្រុមនីមួយៗ ។