សំណួរ
១. តើអាណាចក្រចេនឡាមានទីតាំងត្រង់ណា ? ចូររៀបរាប់ពីទីតាំងភូមិសាស្រ្ដ ។
២. ចូររៀបរាប់ពីព្រះរាជាល្បីៗ និងស្នាព្រះហស្ដរបស់ព្រះអង្គផង ។
៣. តើប្រពៃណីរៀបការ និងបុណ្យសពនៅនគរភ្នំនិងចេនឡាដូចគ្នាឬទេ ? ព្រោះអ្វី ?
៤. តើមូលហេតុអ្វីខ្លះ ដែលធ្វើឪ្យពួកជ្វាចូលត្រួតត្រាចេនឡាទឹកលិច ?
៥. ចូរប្រៀបធៀបជីវភាពរស់នៅរបស់អ្នកស្រុកនគរភ្នំនិងចេនឡា ។
ចម្លើយ
១. ទីតាំងភូមិសាស្រ្ដអាណាចក្រចេនឡា ៖
- តាមឯកសារចិន ចេនឡាស្ថិតនៅនិរតីនៃនគរលិនយី (ចាម្ប៉ា) ពីដើមជាសមន្ដរដ្ឋរបស់អាណាចក្រភ្នំ ។ រដ្ឋនេះមានទីតាំងស្ថិតនៅវាលទំនាបភាគកណ្ដាលនៃទន្លេមេគង្គ ក្នុងតំបន់ចំប៉ាសាក់នៃប្រទេសឡាវសព្វថ្ងៃនិងខាងត្បូងខ្ពង់រាបកូរ៉ាត់ (ថៃ) និងវាលទំនាបទន្លេមេគង្គខាងជើងត្រង់តំបន់ប៉ាក់សេ (វត្តភូ) នៃប្រទេសឡាវសព្វថ្ងៃ ។
- សព្វទស្សនៈ លោក ស៊ាន់ឈ័ង ចេនឡាស្ថិតនៅត្រង់ម្ដុំក្រុងភវបុរៈ (វត្តភ្នំ) ក្រោយពីក្លាយជាអាណាចក្រ ។ គេចែកស្ថានភាពទឹកដីចេនឡាតាមស្ថានសាស្រ្ដនៅភាគខាងជើងចាប់ពីជួរភ្នំដងរែកទៅទល់ប្រទេសចិនជាប់នឹងរដ្ឋណាចាវនិងរដ្ឋយូណាន ។ ផ្នែកនេះសម្បូរខ្ពង់រាបជួរភ្នំជ្រលងភ្នំ ។ នៅភាគខាងត្យូងចាប់ពីជួរភ្នំដងរែករហូតដល់ ឈូងសមុទ្រនគរភ្នំ ។ ផ្នែកនេះសម្បូរវាលទំនាប ស្ទឹងបឹងបួ ទន្លេ និងសមុទ្រ ។
២. ព្រះរាជាល្បីៗនិងស្នាព្រះហស្តរបស់ព្រះអង្គ ៖
- ព្រះបាទភវ័រ្មនទី១ ( ៥៥០ - ៦០០នៃគ.ស ) ព្រះអង្គជាបុត្ររបស់ស្ដេចវីរវ័រ្មន និងចៅរបស់ព្រះបាទរុទ្រវ័រ្មន ។ ព្រះបាទភវ័វ័្មនទី ១ បានរំដោះចេនឡាពីអាណាចក្រភ្នំ និងយកនគរភ្នំដាក់ជាចំណុះអាហារចក្រចេនឡាវិញ ។ ព្រះអង្គបានកសាងរាជធានីភវបុរៈ ( វត្តភូ ) ប្រាសាទវត្តភូ ប្រាសាទបារាណ (ស្ទឹងត្រែង) អាស្រមមហាឬស្សីនៅជើងភ្នំដា (តាកែវ) ក្រុមប្រាសាទនៅហាន់ជ័យ (កំពងចាម) និងសិលាចារឹងវត្តភូ សិលាចារឹកហាន់ជ័យ សិលាចារឹកថ្ម គ្រែ វត្តជ្រោយអំពិល វាលកន្ទេល ប្រាសាទព្រះធាតុ សិលាចារឹកអា ស្រមមហាឬស្សី ប្រាសាទបន្ទាយនាង ( បាត់ដំបង ) ប្រាសាទអកយំ នៅស៊ីថេប ( ថ្លៃសព្វថ្ងៃ ) ....។ ព្រះអង្គបានពង្រឹកអាណាចក្រចេនឡាឪ្យធំទូលាយ ។
- ព្រះបាទមហិន្ទ្រវ័រ្មន ( ៦០០-៦១៥ នៃគ.ស ) ព្រះអង្គជាប្អូនជីដូនមួយនិងជាមេទ័ពរបស់ព្រះបាទភវវ័រ្មនទី ១ ។ ព្រះអង្គបានកសាងសិលាចារឹកផ្សេងៗនៅពាមទន្លេមូល និងនៅសុរិន្ទ កសាងលិង្គគិរិស និងរូបគោ នន្ធិន... ។ ព្រះអង្គបានធ្វើឪ្យហសង្គ្រាមពង្រីកទឹកដីបន្ដពីព្រះរាមឆ្ពោះទៅទិសខាងលិចនិងខាងត្បូង ។ ព្រះអង្គបានបញ្ចូនរាជទូតឈ្មោះសិង្ហទេវៈទៅនគរចម្ប៉ាដើម្បីចងស្ពានមេត្រីខាងការទូត ។ ព្រះអង្គកសាងក្រុង ឥន្រ្ទបុរៈពង្រីកទឹកដីដល់បុរីរម្យនិងសុរិន្ទ កសាងសិលាចារឹកនៅភូល្ខោន ( ឡាវ ) ។
- ព្រះបាទឦសានវ័រ្មនទី ១ ( ៦១៥-៦៣៥ នៃគ.ស ) ព្រះអង្គជាបុត្ររបស់មហិន្រ្ទវ័រ្មន ។ ព្រះអង្គបានបន្ដនយោបាយពង្រីកទឹកដីពិបិតាទៅលើនគរភ្នំ ។ ព្រះអង្គកសាងសិលាចារឹកនៅប្រាសាទបាយ៉ង់ ( តាកែវ ) ប្រាសាទសម្បូរព្រៃគុក ( កំពង់ធំ ) សិលាចារឹកអង្គជំនីក ( ព្រៃវែង ) ។ ព្រះអង្គបានកសាងរាជធានីឦសានបុរៈជាប់តាមដងស្ទឹងសែន ( កំពង់ធំ ) ។ ព្រះអង្គបានវាយយករាជធានីនរវរនគរនៅអង្គរបុរី ( តាកែវ ) ។ ព្រះអង្គបានវាយយកក្រុងអនិនិ្ទត្យបុរៈ ( កំពង់ធំ ) សក្រានកាបុរៈ ( កំពង់ចាម ) អាមូហបុរៈ ( បាត់ដំបង ) ភីមបុរៈ ( ភីម៉ៃថៃ ) និង អមរិន្រ្ទបុរៈខាងលិចបារាយណ៍ទឹកថ្លា ( សៀមរាប )...។ ព្រះអង្គបានគ្រប់គ្រងទំនាបទន្លេមេណាម ( ថៃ ) សិលាចារឹកនៅខេត្តប៊ីន នៅខាវណយខាវរ៉ាង និងវាយយកអាណាចក្រមននៅទ្វារវតី ។ ព្រះអង្គបានចងស្ពានមេត្រីជាមួយនគរចម្ប៉ា ។
- ព្រះបាទភវវ័រ្មនទី ២ ( ៦៣៩-៦៥៥ នៃគ.ស ) ពុំស្គាល់រាជវង្ស ។ វិបត្តិកើតមានជាច្រើនឆ្នាំជ័យជនះបានលើកព្រះបាទភវវ័រ្មនទី ២ ។ ព្រះអង្គកសាងសិលាចារឹកជាច្រើនដូចជា នៅបាយ៉ងកោរ ( តាកែវ ) នៅភ្នំព្រះវិហារ នៅកំពង់ឆ្នំាងនៅត្រពាំងមាស...។ ព្រះអង្គបានលើករាជធានីមកតាំងនៅអង្គរបុរី ( តាកែវ ) ។
- ព្រះបាទជ័យវ័រ្មនទី ១ ( ៦៥៥-៦៨១ នៃគ.ស ) ព្រះអង្គជាបុត្ររបស់ព្រះបាទភវវ័រ្មនទី ២ ។ ព្រះអង្គចានបញ្ជូនរាជទូតទៅប្រទេសចិន និង បន្តនយោបាយគ្រប់គ្រងទឹកដីប៉ែកខាងលិច ( ដងទន្លេមេណាម ) ។ ព្រះអង្គបានបែងចែកអាណាចក្រចេនឡាជាតំបន់រដ្ឋបាលគ្រប់គ្រងដូចជា ៖
- តំបន់វត្តភូ ចាប់ពីវត្តភូ ស្ទឹត្រែង បាភ្នំ ព្រៃនគរ ក្រុងសម្ភុបុរៈ ( ក្រចេះ )
- តំបន់ខាងលិច ចាប់ពីអាងទន្លេមេគង្គ អង្គបុរី បាត់ដំបង ខាងជើងបឹងទន្លេសាប ...។ ព្រះអង្គបានកសាងប្រាសាទនៅក្រុងវ្យធបុរៈ ព្រៃវែង ឡាវវត្តភូ និងក្រុងនរវរនគរ ឬ ក្រុងអង្គរបុរី ( តាកែវ ) និងតាំងរាជធានីនៅធានីនៅអង្គរបុរី ។
៣. ប្រពៃណីរៀបការនិងបុណ្យសពនៅនគរភ្នំនិងចេនឡា ៖
ក. ប្រពៃណីរៀបការគឺមិនដូចគ្នាទេ ព្រោះអ្នកស្រុកនគរភ្នមបើកសិទ្ធិឪ្យកូនប្រុសស្រីរើសគូស្រករដោយខ្លួនឯង ។ ចំណែកនៅចេនឡាគឺកូនកំលោះទៅស្ដីដណ្ដឹងកូនក្រមុំ ពេលរៀបការរួចឪពុកម្ដាយកូនស្រីកូនប្រុសចែកទ្រព្យសម្បត្តិតាមធនធានដែលគេមានឪ្យទៅគ្រួសារថ្មីរួចបែកផ្ទះរស់នៅដោយឡែក ។
ខ. ប្រពៃណីបុណ្យសព្វមានលក្ខណៈដូចគ្នាមួយចំនួន និងខុសគ្នាមួយចំនួន គឺនៅនគរភ្នំពិធីរំលាយសពមានបួនបែបគឺ កប់ ដុត (បូជា) ចោលក្នុងព្រៃ និង ក្នុងទឹក ។ បើមានសមាជិកក្នុងគ្រួសារស្លាប់ញាតិនៃសពត្រូវកោរសក់ កោរពុកមាត់ ពុកចង្កា និងកាន់ទុក្ខ ។ ចំណែកនៅចេនឡាគឺពិធីបុណ្យសព កូនទាំងអស់នៃសពត្រូវកោរសក់ អត់បាយប្រាំពីរថ្ងៃ ស្រែកយំខ្លាំងៗ ។ ការដង្ហែសពមានគ្រួសារសព ញាតិមិត្ត បព្វជិត និងមានភ្លេងប្រគំកំដរផង ។ គេបូជាសពនឹងឈើក្រអូប រើសធាតុដាក់កោដ្ឋដី ប្រាក់ឬមាសតាមឋានៈគ្រួសារមានធនធាន ឬ ក្រីក្រ ។
៤. មូលហេតុដែលធ្វើឪ្យពួកគេជ្វាចូលត្រួតត្រាចេនឡាទឹកលិច គឺ ៖
- ចេនឡាលិចមិនអាចរក្សាឯកភាពជាតិបាននយូរអង្វេង ក៏បែកខ្ញែកជារដ្ឋបុរីតូចៗយ៉ាងតិចចំនួន ៥ ទៀតដុចជា សម្ភុបុរៈ អនិនិ្ទត្យបុរៈ ពាលាទិត្យបុរៈ សក្រានកាបុរៈ អាមូហបុរៈ ...។ រាជធានីរបស់ចេនឡាទឹកលិចនៅសម្ភុបុរៈ ( ក្រចេះ ) ។ ព្រះរាជាដែលត្រូវគ្រប់រាជ្យនៅចេនឡាទឹកលិចគឺព្រះបាទបុស្ករាក្ស ដែលជាប់ញាតិវវង្សនឹងព្រះបាទហ៊ុន ទៀន ព្រះនាងលីវយី ។
- នៅស.វទី ៨ ចេនឡាទឹកលិចមានវិបត្តិផ្ទៃក្នុង រដ្ឋបុរីតូចៗ ដណ្ដើមកាន់កាប់អំណាចកណ្ដាលរៀងៗខ្លួន
- នៅស.វទី ៨ ពួកចោរសមុទ្រជ្វាបានចូលរាតត្បាតឆក់ប្លន់ទ្រព្យសម្បត្តិតាមឆ្នេរនិងតាមដងទន្លេនៅអាស៊ីអាគ្នេយ៍ ។ នេះបណ្ដាលមកពីនៅកោះជ្វា មានរាជវង្សសៃលេន្ទ្រខ្លាំងពគូកែកសាងបូរូប៊ូឌូរដ៏ល្បីល្បាញនិងពុទ្ធរូបតារា ដោយសេ្ដចជ្វា ប៉ាណាមការាណា ។
៥. ជីវភាពរស់នៅរបស់អ្នកស្រុកនគរភ្នំនិងចេនាឡាខុសគ្នាដូចជា ៖
ជីវភាពរស់នៅរបស់អ្នកស្រុកនគរភ្នំ ៖
- ប្រជារាស្រ្ដរស់នៅប្រមូលផ្ដុំគ្នាជាភូមិ មានផ្ទះពី ៥០ ទៅ ៦០ ខ្ទង សង់ផុតពីដី
- នៅមុខភូមិមានស្រះទឹកមួយប្រើរួមគ្នា
- អ្នកស្រុកនគរភ្នំមានសម្បុរខ្មៅស្រអែម កម្ពស់មធ្យម ១.៦២ ម៉ែត្រ សក់រួចអង្គារដី ពាក់ក្រវិលទាំងប្រុសទាំងស្រី
- អ្នកក្រស្លៀកចងក្បិចលែងខ្លួនទទេ ( ប្រុស ) បើស្រីស្លៀកចោមពុង
- ពួកគេដើរជើងទទេ
- ផ្ទះគ្មានសម្ភារៈតុបតែង
- អ្នកមានស្លៀកសំពត់សារបាប់ ( ចរបាប់ ) ពាក់ស្បែកជើង ផ្ទះមានគ្រឿងតុបតែងលំអ
- ព្រះរាជាគង់ក្នុងវាំងសង់ពីឈើពីរជាន់ មានរបងព័ន្ធជុំវិញ ប្រើប្រាស់របស់របរធ្វើពីមាស និង ប្រាក់ ។ ព្រះអង្គយានទៅណាម្ដងៗគង់លើគ្រែស្នែង ឬ លើដំរីមានក្បួនហែហមផង
- ព្រះរាជានគរភ្នំមានសិទ្ធិអំណាចគ្រប់យ៉ាងដូចជា មេសាសនា មេទ័ព អ្នកគ្រប់គ្រង និងតុលាការ ។ ព្រះរាជាធ្វើសវនាររាល់ ៧ ថ្ងៃម្ដង
- ព្រះរាជានិងនាម៉ឹនមន្ដ្រី គោរពសាសនាព្រាណ្មណ៍គណៈឥសូរ វិស្ណុ និង ហរិហរៈ រីឯប្រជារាស្រ្ដគោរពព្រះពុទ្ធសាសនា ហីនយាន គោរពដូនតាបុព្វបុរសនិងអារុក្ខអារក្សអ្នកតា
- ចំពោះអាពាហ៍ពិពាហ៍ អ្នកស្រុកនគរភ្នំបើកសិទ្ធិឪ្យកូនប្រុសស្រីរើសគូស្រករដោយខ្លួនឯង
- ពិធីរំលាយសពមានបួនបែបគឺ កប់ ដុត (បូជា ) ចោលក្នុងព្រៃ និង ក្នុងទឹក ។ បើមានសមាជិកក្នុងគ្រួសារស្លាប់ ញាតិនៃសពត្រូវកោរសក់ កោរពុកមាត់ ពុកចង្កា និង កាន់ទុក្ខ ។
ជីវភាពរស់នៅរបស់អ្នកស្រុកចេនឡា
- អ្នកស្រុកចេនឡាមានមាឌតូច សម្បុរស្រអែមទាំងប្រុសទាំងស្រីនិយមបួងសក់និងពាក់រយ៉ា
- ពួកគេមានគំនិតរវាងវៃរហ័សរហួនណាស់ តែមានចិត្តឆេវឆាវបន្ដិច
- រៀងរាល់ថ្ងៃ ពួកគេដុសធ្មេញនឹងសំបកឈើម្យ៉ាង រួចអាចគម្ពីរ ឬ សុត្រធម៌
- ចំពោះការរើសគូស្រករមិនដុចអ្នកស្រុកនគរភ្នំទេ កូនកំលោះទៅស្ដីដណ្ដឹងកូនក្រមុំ ពេលរៀបការរួចឪពុកម្ដាយកូនស្រីកូនប្រុសចែកទ្រព្យសម្បត្តិតាមធនធាន ដែលគេឪ្យទៅគ្រួសារថ្មីរួចបែកផ្ទះរស់នៅដោយឡែក
- ពិធីបុណ្យសពកូនទាំងអស់នៃសពត្រូវកោរសក់ អត់បាយប្រាំពីរថ្ងៃស្រែកយំខ្លាំងៗ ។ ការសដង្ហែសពមានគ្រួសារសព ញាតិមិត្ត បព្វជិត និងមានភ្លេងប្រគំកំដរផង ។ គេបូរជាសសពនិងឈើក្រអូប រើសធាតុដាក់កោដ្ឋដី ប្រាក់ឬមាសតាមឋានៈគ្រួសារមានធនធាន ឬ ក្រីក្រ ។