សំណួរ
១. តើអ្វីខ្លះដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ? ចូររៀបរាប់ ។
២. ដូចម្តេចដែលហៅថាសិទ្ធិកុមារ ? តើសិទ្ធិធំៗរបស់កុមារមានប៉ុន្មាន ? ចូររៀបរាប់ខ្លឹមសារសំខាន់ៗមកបញ្ជាក់ផង ។
៣. តើអនុសញ្ញាស្តីសិទ្ធិកុមារជាអ្វី ? ហេតុអ្វីបានជាគេបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារ ?
៤. តើសិទ្ធិមនុស្សចែកចេញជាអ្វីខ្លះ ? ចូរលើកយកខ្លឹមសារនៃចំណែកនីមួយៗ មកបញ្ជាក់ឱ្យបានបីចំណុច ។ ឧទាហរណ៍ សិទ្ធិដើម្បីរស់រានមានជីវិត ។
៥. តើទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធឡើងនៅថ្ងៃខែណាជារៀងរាល់ឆ្នាំ ? តើយើងទាំងអស់គ្នាគួរធ្វើអ្វីខ្លះ ? ជាពិសេសគឺស្ថាប័នរដ្ឋ ស្ថាប័នជំនួញ វត្តអារាម និងសាលារៀន ?
៦. ហេតុអ្វីបានជាគេនិយាយថា “សិទ្ធិមនុស្សទាំងអស់ដើម្បីទាំងអស់គ្នា” ? ចូរបង្ហាញដោយមានអំណះអំណាងមកបញ្ជាក់ផង ។
ចម្លើយ
១.សិទ្ធិមូលដ្ឋានរបស់មនុស្សដែលមានជាស្រេចតាំងពីកំណើតមកគឺ សេរីភាព និងសុភមង្គល ។ សិទ្ធិមូលដ្ឋានរបស់មនុស្សមាន ៖
- ជីវិត គឺសិទ្ធិរស់រានមានជីវិត គឺអ្វីៗដែលប៉ះពាល់ដល់ជីវិតត្រូវតែហាមឃាត់ ទប់ស្កាត់ ចៀសវាងកែលម្អ ដូចជា សង្រ្គាមការប្រើប្រាស់អាវុធ ចរាចរឥតសណ្តាប់ធ្នាប់ យានយន្តមិនស្របច្បាប់ ចោរកម្ម ម្ហូបអាហារ ភេសជ្ជៈដែលមានជាតិពុលកង្វះអនាម័យក្នុងភូមិស្រុក ដែលយាយីជីវិតមនុស្ស ។
- សេរីភាព សព្វបែបយ៉ាងដែលមនុស្សត្រូវការ ។ សេរីភាពខ្លះឥតព្រំដែន ដូចជាការគិត ឬគំនិត ជំនឿសាសនា ការបញ្ចេញមតិជាដើម ។ សេរីភាពខ្លះទៀត មានព្រំដែនដូចជា សេរីភាពក្នុងសើរហើរសេរីភាពនៃសារព័ត៌មាន ។ ការប្រើសេរីភាពទាំងពីរនេះសុទ្ធតែមានការទទួលខុសត្រូវ ។
- សុភមង្គល ស្ថិតក្នុងសន្តិភាព បរិស្ថាន និងអភិវឌ្ឍន៍ ។ សុភមង្គល គឺសេចក្តីសុខ ការមានជោគលាភល្អក្នុងផ្លូវចិត្តដែលកើតឡើងពីការប្រព្រឹត្តអំពើអាក្រក់ ។ កាលបើមនុស្សម្នាក់ៗមានសីលធម៌ជានិច្ចហើយ សន្តិភាព បរិស្ថាន និងអភិវឌ្ឍន៍ ក៏រីកចម្រើនឡើងដែរ ។
២. សិទ្ធិកុមារ គឺជាអំណាចពិសេសរបស់កុមារដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកសម្រាប់ឱ្យកុមារការពារខ្លួនពីការរំលោភបំពានពីអ្នកដទៃ ។
សិទ្ធិធំៗរបស់កុមារមាន៤គឺ
- សិទ្ធិរស់រានមានជីវិត គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ មានជម្រកសមរម្យ ទទួលបានការព្យាបាលនិងថែទាំសុខភាព មានសិទ្ធមានឈ្មោះនិងមាសញ្ជាតិស្រមច្បាប់ ។
- សិទ្ធិក្នុងការអភិវឌ្ឍ គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិទទួលព័ត៌មានសមស្រប មានសិទ្ធិលេងកម្សាន្តលំហែ និងមានសិទ្ធិទទួលការថ្នាក់ថ្នមពីឪពុកម្តាយ ។
- សិទ្ធិទទួលការការពារ គឺការពារពីការជួញដូរនិងរំលោភផ្លូវភេទ ការពារពីអំពើហិង្សានានា ការពារពីពលកម្មធ្ងន់ធ្ងរនិងសិទ្ធិការពារពីគ្រឿងញៀន ។
- សិទ្ធិក្នុងការចូលរួម គឺមានសិទ្ធិបញ្ចេញមតិយោបល់ចូលរួមផ្សព្វផ្សាយព័ត៌មាន ចូលរួមនិងបង្កើតក្រុម ឬសមាគមនិងមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ។
៣. អនុសញ្ញាស្តីពីសិទ្ធិកុមារ គឺជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាជាតិដែលបានកំណត់ពីសិទ្ធិនានារបស់កុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិនេះគ្រប់ៗគ្នា ។ អនុសញ្ញានេះកំណត់នូវបទដ្ឋានសម្រាប់សុខមាលភាពកុមារ ។ មូលហេតុបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារ
- ដោយសារនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ដល់សិទ្ធិរបស់កុមារ
- ដោយសារការអភិវឌ្ឍរបស់កុមារគឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់សង្គមជាតិនីមួយៗ
- ដោយសារតម្រូវការចាំបាច់របស់កុមារ ពុំទាន់មានចែងនៅក្នុងឩបករណ៍សិទ្ធិមនុស្សមានស្រាប់នៅឡើយ
- ដោយសារផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលរបស់កុមារ
- ដោយសារកុមារងាយនឹងរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសពីការកេងប្រវ័ញ្ច និងការរំលោភបំពានបានគ្រប់យ៉ាង
- ដោយសារកុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀត ចំពោះសកម្មភាពឬភាពអកម្មរបស់រដ្ឋាភិបាល
- ដោយសារកុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ
- ដោយសារនៅក្នុងសង្គមជាតិច្រើនតែគិតថា កុមារគឺ ជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថា ដូចមនុស្សធំអាចធ្វើការងារបាន ហើយខ្លះទៀតគិតថា ពួកគេមិនទាន់អាចចូលរួមជួយសង្គមបានឡើយ
- ដោយសារសង្គមជាតិនីមួយៗត្រូវមានកាតព្វកិច្ចបំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារនឹងផ្តល់ការឩបត្ថម្ភ លើការអភិវឌ្ឍកុមារ ទាំងបុគ្គលិកភាព ប្រាជ្ញា ស្មារតី នឹងសមត្ថភាព ។
៤. សិទ្ធិមនុស្សចែកចេញជា ១១ គឺ ៖
- សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម
- សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត
- សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើស្របតាមសមត្ថភាពរបស់ខ្លួន សិទ្ធិក្នុងការធ្វើជំនួញ សិទ្ធិមានកម្មមសិទ្ធិផ្ទាល់ខ្លួន សិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់របស់ខ្លួន
- សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្កើតគ្រួសារ សិទ្ធិទទួលការអប់រំ សិទ្ធិប្រើប្រាស់ភាសានិងគោរពប្រពៃណី ទំនៀមទម្លាប់របសស់ខ្លួន
- សិទ្ធិកុមារនិងយុវជន សិទ្ធិមានឈ្មោះ ទទួលការសិក្សាកុមារមានសិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
- សិទ្ធិរបស់កម្មករ ទទួលប្រាក់បំណាច់ស្មើគ្នា បង្កើតសហជីព ធ្វើកូដកម្ម (អហិង្សា ស្របតាមច្បាប់)
- សិទ្ធិជនបរទេស សិទ្ធិសុំការជ្រកកោន រួចផុតពីការនិរទេសដើម្បីជួបជុំគ្រួសារឡើងវិញ
- សិទ្ធិរបស់អ្នកទោស ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់អ្នកទោសសិទ្ធិមានទឹក មានអាហារហូបគ្រប់គ្រាន់ គោរពសាសនា
- សិទ្ធិរបស់មនុស្សចាស់ សិទ្ធិរួចផុតពីទោសប្រហារជីវិត ដើម្បីនិរភ័យសង្គម
- សិទ្ធិរបស់ជនពិការ សិទ្ធិទទួលបានការពារ លើកទឹកចិត្តពីសំណាក់សង្គម ឬអង្គការនានា ។
៥. ទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី ១០ ធ្នូជារៀងរាល់ឆ្នាំ ។ យើងមានកាតព្វកិច្ចក្នុងការប្រតិបត្តិចំពោះថ្ងៃទី ១០ ធ្នូ តាមមុននាទីរៀងៗខ្លួន ដូចជា ៖
- ស្ថាប័នរដ្ឋតាំងពីមន្ទីររដ្ឋសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីគ្រប់ក្រសួងនានាគួរតែចាប់តាំងឱ្យមានពីធីមិទ្ចីញរឭកខួបទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅតាមស្ថាប័ននីមួយៗ ដោយផ្សព្វផ្សាយដល់បុគ្គលិករាជាការអំពើខ្លឹមសារនៃទិវានេះឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ។ យ៉ាងហោចណាស់ ក៏ឱ្យបុគ្គលិកយល់ដឹងពីសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន និងសិទ្ធិរបស់អ្នកដទៃដែរ នៅក្នុងស្ថាប័នរបស់ខ្លួន
- តាមវិទ្យុ ទូរទស្សន៍ គួរមានល្បែងកំសាន្ត កំណាព្យឬសម្តែងល្ខោនអាយ៉ៃ ដែលស្តីពីសិទ្ធិមនុស្ស
- គួរធ្វើទេយ្យទានចំពោះព្រះសង្ឃឬមជ្ឈមណ្ឌលកុមារកំព្រាជនពិការដោយសង្រ្គាម ជនចាស់ជរា
- កងទ័ព នគរបាលក៏គួរអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យនេះផងដែរ ព្រោះទាហាន និងប៉ូលីស មានតួនាទី និងកាតព្វកិច្ចដ៏ថ្លៃថ្លាបំផុតចំពោះសាធារណៈជន និងប្រទេសជាតិទាំងមូល
- នៅតាមស្ថាប័នជំនួញសហគ្រិននានាត្រូវគោរពច្បាប់ការងារសង្គមកិច្ចនិងអតីតយុទ្ធជន គឺត្រូវឱ្យកម្មករបានឈប់សម្រាកពេញមួយថ្ងៃដោយមិនកាត់ប្រាក់ខែ ។ មិនតែប៉ុណ្ណោះត្រូវបង្កលក្ខណៈឱ្យកម្មករបានរៀបចំពិធីរំឭកខួបទិវាសិទ្ធិមនុស្ស ។ គួរឱ្យមានការជួបជុំអ្នកដឹកនាំការងារ និងកម្មករ ដើម្បីសំណេះសំណាលគ្នាក្នុងក្របខ័ណ្ឌបង្កើនការគោរពសិទ្ធិគ្នាទៅវិញទៅមក ។
៦. គេនិយាយថា សិទ្ធិមនុស្សទាំងអស់ដើម្បីទាំងអស់គ្នា ព្រោះសិទ្ធិមនុស្សមានអត្ថន័យសម្រាប់មនុស្សគ្រប់រូបដោយគ្មានការរើសអើង ។ សិទ្ធិមនុស្សជាគោលគំនិតសកល ។ មនុស្សគ្រប់រូបធ្វើការងារជាមួយគ្នានិងគោរពសេរីភាពរបស់គ្នាទៅវិញទៅមកក្នុងការលើកម្ពស់ និងអនុវត្តសិទ្ធិមនុស្ស ។
- សេចក្តីប្រកាសនៅទីក្រុងរីយែន ១៩៩៣ សិទ្ធិមនុស្ស ទាំងអស់មានលក្ខណៈសកលមិនអាចបែងចែកបានអាស្រ័យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ សហគមន៍អន្តរជាតិត្រូវអនុវត្តសិទ្ធិមនុស្សទាំងអស់គ្នា តាមលក្ខណៈយុត្តិធម៌ និងស្មើភាពក្នុងជំហរដូចគ្នា តាមលក្ខណៈយុត្តិធម៌និងស្មើភាពក្នុងជំហរដូចគ្នា និងទម្ងន់ដូចគ្នា ។ ព្រមជាមួយគ្នានេះ ករណីយកិច្ចនៃរដ្ឋភាគីទាំងឡាយត្រូវបណ្តុះស្មារតីគោរពភាពដោយឡែកៗរបស់ជាតិនិងតំបន់ ហើយនិងវិស័យប្រវិត្តសាស្ត្រ វប្បធម៌ និងសាសនាផ្សេងៗគ្នា ដោយមិនគិតអំពីសម្ព័ន្ធនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌របស់ពួកគេ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានទាំងអស់ ។
- នៅទីក្រុងអ៊ីស្លាមបាត (ប្រទេសប៉ាគីស្ថាន) ខែកុម្ភៈ ឆ្នាំ ២០០៣ រដ្ឋាភិបាលទាំងឡាយបានប្រកាសថា ពួកគេកំពុងធានាអះអាងថាជាថ្មីនូវសកលភាព ភាពមិនអាចបែងចែកបាន ភាពអាស្រ័យគ្នាទៅវិញទៅមក និងភាពទាក់ទងគ្នាទៅវិញទៅមកនៃសិទ្ធិមនុស្សទាំងអស់ មានជាអាទិ៍ សិទ្ធិពលរដ្ឋ សិទ្ធិវប្បធម៌ សិទ្ធិសេដ្ឋកិច្ច សិទ្ធិនយោបាយ សិទ្ធិសង្គម និងសិទ្ធិមានការអភិវឌ្ឍ ។
- សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សបានត្រូវបកប្រែជាង ១០៣ ភាសាទូទាំងពិភពលោក
- ឯកសារសិទ្ធិមនុស្សត្រូវបានផ្សព្វផ្សាយទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈនៅស្ទើរគ្រប់បន្លុកកន្លៀតនៃពិភពលោកជាភាសារបស់គេផ្ទាល់
- សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស អំពាវនាវឱ្យប្រជាពលរដ្ឋនិងរដ្ឋាភិបាលទាំងឡាយធ្វើការ ដើម្បីលើកកម្ពស់ការ ការពារ និងការសម្រេចបានសិទ្ធិមនុស្សទាំងអស់
- មនុស្សទាំងអស់មានសចក្តីថៃ្លថ្នូរជាប់ពីកំណើតនិងសិទ្ធិស្មើភាពគ្នា និងសិទ្ធិមិនអាចលក់ដូរ ផ្ទេរឬដកហូតបានរបស់សមាជិកទាំងអស់នៃគ្រួសារមនុស្ស គឺជាគ្រឹះនៃសេរីភាពយុត្តិធម៌និងសន្តិភាពក្នុងពិភពលោក
- មនុស្សទាំងឡាយមានសេរីភាពក្នុងការនិយាយស្តី និងជំនឿរួចផុតពីការភ័យខ្លាច និងទុរគតភាព ត្រូវបានប្រកាសថាជាសេចក្តីប្រាថ្នាដ៏ខ្ពស់របស់មនុស្ស
- ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មាន៣០មាត្រា ដែលខ្លឹមសារនៃមាត្រាទាំងអស់នោះត្រូវបានបណ្តាប្រទេស លើពិភពលោកយកមកចងក្រងបន្តសម្រាប់ខ្លួនផងដែរ
នៅក្រោមសេចក្តីប្រកាសរបស់រដ្ឋាភិបាលទាំងឡាយនាឆ្នាំ ១០៩៣ នៅទូទាំងប្រទេស សិទ្ធិមនុស្សត្រូវបានបញ្ជាក់ជាថ្មីថាមានលក្ខណៈសកល មិនអាចបែងចែកបានអាស្រ័យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ។ សិទ្ធិមនុស្សមានលក្ខណៈសកល ព្រោះសិទ្ធិមនុស្សនោះទៅជាប់នឹងមនុស្សជាតិ ។ ដូច្នេះវាប្រើបានសម្រាប់ទាំងអស់គ្នាយ៉ាងសកល ។ សិទ្ធិមនុស្សក៏មិនអាចបែងចែកបានផងដែរព្រោះវាទាក់ទងនឹងវិស័យផ្សេងៗ នៃជីវភាពមនុស្ស ។ គេមិនអាចបំបែកសិទ្ធិមានអាហារ ចេញពីសិទ្ធិសម្តែងមតិបានទេ ពីព្រោះវាជាផ្នែកនៃកេតនភណ្ឌធម្មជាតិ ។ សិទិ្ធអាស្រ័យគ្នាទៅវិញទៅមកពីព្រោះសិទ្ធិទាំងអស់មានភាពចាំបាច់ចំពោះជីវិតពេញលេញរបស់មនុស្ស ។ ការអប់រំសិទ្ធិមនុស្សត្រូវបានទទួលប្រយោជន៍ពីគុណភាពតម្លៃរបស់វប្បធម៌ ហើយនិងប្រពៃណីទាំងឡាយដែលជំរុញឱ្យមានសកលលភាពនៃសិទ្ធិមនុស្សក្នុងបំណងលើកកម្ពស់ការយល់ដឹងអំពីពហុវប្បធម៌របស់សិទ្ធិមនុស្ស ។ សរុបសេចក្តីមកសិទ្ធិមនុស្សជារបស់មនុស្សគ្រប់រូបការប្រឹងប្រែងរួមគ្នារបស់មនុស្សទាំងអស់ជាកត្តាសម្រេចចុងក្រោយនៃការប្រាកដឡើងនូវសិទ្ធិមនុស្សទាំងអស់គ្នា ។