សំណូរ
១. តើសិទ្ធិនារីអន្តរជាតិត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅពេលណា ? គ្រប់ស្ថាប័ន ក្រសួង មន្ទីររដ្ឋនិងឯកជនតើបានរៀបចំដូចម្តេចខ្លះ ?
២. តើសិទ្ធិពិសេសរបស់នារីមានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
៣. តើសិទ្ធជាអ្វី ? សិទ្ធិនារីមានន័យដូចម្តេច ?
៤. ហេតុអ្វីបានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ? ចូររៀបរាប់អត្ថន័យនៃមាត្រានីមួយៗទាក់ទងនឹងនារីភេទ ។
៥. តើសេចក្តីថ្លែងការណ៍ជាសកលមានប៉ុន្មានមាត្រា ? មាត្រាណាខ្លះដែលពាក់ព័ន្ធនឹងសិទ្ធិនារី ? ចូររៀបរាប់ ។
ចម្លើយ
១. ទិវាសិទ្ធិនារី ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី ៨ មីនា មិនដែលខានឡើយ ។ គ្រប់ស្ថាប័នក្រសួង មន្ទីររដ្ឋនិងឯកជន ត្រូវ ៖
- រៀបចំចងបដារ ពាក្យស្លោក (ពាក់ព័ន្ធនឹងការលើកកម្ពស់ស្រ្តី)
- មានការចែកអំណោយ ឬពិធីជប់លៀងជូនស្រ្តី ឬជនអំណោយដល់អ្នកម្តាយ
- មានការរៀបចំពិធីសូតមន្ត លើករាសី(ជំនឿសាសនា)
- លេងល្បែងប្រជាប្រិយតាមអង្គភាពផ្សេងៗ
- ធ្វើពិធីមិទ្ទេញ ប្រារព្ធថ្ងៃ ៨ មីនា
២. សិទ្ធិពិសេសរបស់នារីមាន ៦យ៉ាងគឺ ៖
- សិទ្ធិមានសមភាពខាងផ្លូវភេទ គឺភេទណាក៏ដូចណាអាចធ្វើអ្វីៗបានតាមសមត្ថភាព
- សិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស គឺកិច្ចការស្មើគ្នាឱ្យកម្រៃស្មើគ្នា
- សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ គឺភាពជាប្រពន្ធមានតម្លៃស្មើគ្នានឹងប្តី
- សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច គឺសង្គមនិងរដ្ឋមានកាតព្វកិច្ចការពារកុំឱ្យមានការងារកេងប្រវ័ញ្ចលើស្រ្តីភេទតាមគ្រប់មធ្យោបាយ
- សិទ្ធិទទួលការឈប់សម្រាកពេលសម្រាលកូន គឺត្រូវមានច្បាប់អនុញ្ញាតឱ្យស្រ្តីឈប់សម្រាកពីការងារក្នុងពេលមុនពេលនិងក្រោយពេលសម្រាលកូន
- សិទ្ធិរួមផុតពីទោសប្រហាជីវិតក្នុងពេលមានគភ៌ ប្រសិនបើមានទោសប្រហាជីវិតមនុស្សទោសនេះមិនត្រូវអនុវត្តលើស្រីមានផ្ទៃពោះឡើយ ។
៣. សិទ្ធិ គឺជាអ្វីៗដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។ សិទ្ធិនារី គឺជាការទាមទារអ្វីៗ ដែលនារីត្រូវមានជាចាំបាច់ ជាពិសេសគឺដើម្បីឱ្យមានលក្ខណៈស្មើភាពនឹងបុរសដែរ ។
៤. បានជាមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិលើអនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ព្រោះបើតាមលក្ខណៈធម្មជាតិនារីភេទ ជាមនុស្សទន់ខ្សោយដែលងាយរងគ្រោះ និងទទួលរងនូវការគម្រាមកំហែងជាពិសេសពីសំណាក់មនុស្សប្រុស ។ ការរើសអើងប្រឆាំងនឹងនារីភេទ គឺជាការរំលោភទៅលើគោលការណ៍នៃសិទ្ធិស្មើគ្នានឹងគោលការណ៍ស្តីពីការគោរពចំពោះភាពថ្លៃថ្នូររបស់មនសុ្ស គឺជាឩបសគ្គដល់ការចូលរួមរបស់នារី ក្នុងជីវភាពនយោបាយ សង្គមសេដ្ឋកិច្ច និងវប្បធម៌ក្នុងប្រទេស របស់ខ្លួន និងប៉ះពាល់ដល់ការលូតលាស់និងភាពរុងរឿងរបស់សង្គមនិងគ្រួសារ ។ អនុសញ្ញាបានចែងថា
- មាត្រា ១ ឈរលើមូលដ្ឋាននៃសិទ្ធិនិងសេរីភាពនារីនិងបុរសត្រូវមានភាពស្មើគ្នានៅក្នុងសង្គម គ្រួសារ និងលើគ្ររប់វិស័យនយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត ។
- មាត្រា ២ រាល់ការរើសអើង និងអំពើហិង្សាលើនារីត្រូវបានការពារតាមផ្លូវច្បាប់ ។ ត្រូវបានធានាសេវាសមស្របដែលទាក់ទិននឹងការពពោះ ការសម្រាលកូន ។
- មាត្រា ៣ នារីមានសិទ្ធិដូចបុរសក្នុងការចូលរួមការងារលើគ្រប់វិស័យក្នុងសង្គមតាមសមត្ថភាព និងជំនាញរបស់ខ្លួន ។
- មាត្រា ៤ រាល់អំពើបង្ខិតបង្ខំ ឬបញ្ឃប់ការងារនារីភេទមិនត្រូវធ្វើតាមទំនើងចិត្តឡើយ ។
- មាតា្រ ៥ កិច្ចការក្នុងគ្រួសារនិងការអប់រំចិញ្ចឹមបីបាច់ថែរក្សាកូនជាភារកិច្ចរបស់បុរសនារី ។
- មាត្រា ៦ ការលក់ដូរនិងអាជីវកម្មផ្នែកពេស្យាចារលើនារីភេទជាអំពើរំលោភសិទ្ធិមនុស្សប្រឆាំងច្បាប់ជាតិនិងអន្តរជាតិ ។
- មាត្រា ៧ នារីគ្រប់រូបមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងខ្លួនដោយសេរីនិងមានសិទ្ធិឈ្មោះឱ្យគេបោះឆ្នោតដូចបុរសដែរ ។
- មាត្រា ៨ នារីនិងបុរសមានសិទ្ធិស្មើគ្នាចូលរួមសកម្មភាពការងារក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិតាមសមត្ថភាពរបស់ខ្លួន ។
- មាត្រា ៩ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការផ្លាស់ប្តូរ ឬរក្សាទុកសញ្ជាតិរបស់ខ្លួន ។
- មាត្រា ១០ នារីនិងបុរសមានសិទ្ធិស្មើគ្នាក្នុងការទទួលអាហាររូករណ៍សម្រាប់ការសិក្សា និងការទទួលយកសញ្ញាប័ត្រនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់ផ្នែកទាំងក្នុងប្រទេសនឹងប្រទេសក្រៅ ។
- មាត្រា ១១ នារីគ្រប់រូបមានសិទ្ធិរើបម្រះដើម្បីទាមទារសិទ្ធិរបស់ខ្លួនលើរាល់ការងារដែលប្រព្រឹត្តផ្ទុយនឹងសេចក្តីថ្លៃថ្នូររបស់នារីភេទ ។
- មាត្រា ១២ នារីគូមានការលើកចិត្តដើម្បីធានាសុខភាពរបស់ម្តាយ និងទារកព្រមទាំងជួយកាត់បន្ថយនូវកង្វះខាតក្នុងគ្រួសារ ជាពិសេសត្រូវធានាសុខភាព សេវាសមស្របដែលទាក់ទិននឹងកាតព្វកិច្ចចំពោះការសម្រាលកូន ។
- មាត្រា ១៣ នារីគ្រប់រូបមានសិទ្ធិចូលរួមក្នុងសកម្មភាពកំសាន្តកីឡានិងរាល់ទិដ្ឋភាពនៃជីវភាពវប្បធម៌ទាំងឡាយ ។
- មាត្រា ១៤ រដ្ឋត្រូវគិតគូរដល់ស្ត្រីនៅជនបទឱ្យទទួលនូវអត្ថប្រយោជន៍ពីកិច្ចអភិវឌ្ឍន៍ ដូចជាការឩបត្ថម្ភផ្នែកសុខាភិបាល សន្តិសុខអប់រំនិងទទួលបាននូវឥណទានផ្នែកកសិកម្ម ។
- មាត្រា ១៥ នារីមានសិទ្ធិស្មើនឹងបុរសចំពោះមុខច្បាប់ហើយនៅគ្រប់ផ្នែករដ្ឋវប្បវេណី ដូចជាចុះកិច្ចសន្យា ការគ្រប់គ្រងកម្មសិទ្ធិនិងនៅគ្រប់ដំណាក់កាលនៃនីតិវិធីនៃការជំនុំជម្រះក្តីក្នុងតុលាការ ។
- មាត្រា ១៦ គ្រប់រូបមានសិទ្ធិទទួលយក ឬបដិសេធក្នុងការជ្រើសរើសគូស្រករ ដោយគ្មានបង្ខិតបង្ខំពីក្រុមគ្រួសារ ឬអាណាព្យាបាលបានឡើយ ។ នារីអាចមានសិទ្ធិប្តឹងសុំលែងលះនៅពេលណាដែលមិនអាចទ្រាំទ្រក្រោមការគាបសង្កត់របស់ប្តី ។
៥. សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិនារីមាន ៣០ មាត្រា ។ មាត្រាដែលពាក់ព័ន្ធនឹងសិទ្ធិនារីមានដូចខាងក្រោម ៖
- មាត្រា ១ មនុស្សទាំងអសស់កើតមានសេរីភាព និងសមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ មនុស្សមានវិចារណញ្ញាណ និងសតិសម្យជញ្ជៈ ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាព
- មាត្រា ៣ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន
- មត្រា ៧ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីរច្បាប់ស្មើៗគ្មានដោយគ្មានការរើសអើង ។ មនុស្សគ្រប់រូបមានសិទ្ធិការការពារស្មើៗគ្នាប្រឆាំងនឹងការការរើសអើងណាដែលរំលោភសេចក្តីប្រកាសនេះ ព្រមទាំងប្រឆាំងនឹងការញុះញង់ឱ្យមានការរើសអើង
- មាត្រា ១៦ មនុស្សប្រុសស្រីដល់អាយុគ្រប់ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ជាតិ ឬសាសនាឡើយ ។ មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងចំណងអាពាហ៍ពិពាហ៍ និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍ ។ អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបានលុះត្រាតែមានព្រមព្រៀងដោយសេរីនិងពេញលេញពីអនាគតប្តីប្រពន្ធ ។
- មាត្រា ២១ មនុស្សគ្រប់រូបមានសិទ្ធិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន ដោយផ្ទាល់ ឬ តាមរយៈតំណាងដែលជ្រើសរើសដោយសេរី ។មនុស្សគ្រប់រូបមានសិទ្ធិចូលរួមបម្រើមុខងារសាធារណៈនៃប្រទេសរបស់ខ្លួនក្នុងលក្ខខណ្ឌសមត្ថភាព ។
- មាត្រា ២៣ មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើ ជ្រើសរើសការងារដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវ និងពេញចិត្ត និងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នាដោយគ្មានការរើសអើង ។ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភសក្ការៈដោយសមធម៌ និងពេញចិត្តដើម្បីធានាអសត្ថិភាពរស់នៅរបស់ខ្លួននិងគ្រួសារឱ្យសមស្រប និងសេចក្តីថ្លៃថ្នូរនៃមនុស្សនឹងត្រូវបានបំពេញបន្ថែមទៀតដោយមធ្យោបាយផ្សេងៗនៃការការពារផ្នែកសង្គមប្រសិនបើចាំបាច់ ។ មនុស្សគ្រប់រូបមានសិទ្ធិបង្កើតសហជីព និងចូលរួមក្នុសហជីពដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។
- មាត្រា ២៥ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួន និងគ្រួសាររួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាពនិងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការរគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺពិការ មេម៉ាយ ពោះម៉ាយ ចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន ។ មាតុភាព និងកុមារភាពមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេសកុមារគ្រប់រូបនោះកើតពីឪពុកម្តាយមានខាន់ស្លា ឬឥតខាន់ស្លាក្តីត្រូវទទួលបានការពារខាងសង្គមកិច្ចដូចគ្នា
- មាត្រា ២៦ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ។ ការអប់រំត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សា និងអប់រំមូលដ្ឋាន ។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច ។ ការអប់រំខាងបច្ចេកទេស និងវិជ្ជាជីវៈត្រូវរៀបចំឱ្យមានជាទូទៅ ។ ការអប់រំឩត្តមសិក្សាត្រូវបើកឱ្យចូលរៀនស្មើភាពគ្នា ដោយឈរលើមូលដ្ឋានសមភាព ។ ការអប់រំត្រូវសំដៅទៅរកការរីកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្សនិងពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានការអប់រំមនុស្ស និងពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានការអប់រំនេះត្រូវលើកកម្ពស់ការយល់ដឹងការអត់ឱនអធ្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាតិ និងក្រុមពូជសាសន៍ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព ។ មាតាបិតាមានសិទ្ធិជាអាទិភាពក្នុងការជ្រើសរើសប្រភេទនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន ។ មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាក៏បានចែងទាក់ទងនឹងានារីដែរដូចជា
- មាត្រា ៤៥ ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងនារីភេទត្រូវបំបាត់ចោល ។ ការធ្វើអាជីវកម្មលើការងាររបស់នារីត្រូវបានហាមឃាត់ ។ បុរស និងនារីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ ។ អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខណៈដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័ត្រចិត្តប្តីមួយប្រពន្ធមួយ
- មាត្រា ៤៦ អំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាកាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ ។ ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារដោយមូលហេតុមានគត៌ ។ នារីមានសិទ្ធិឈប់សម្រាកនៅពេលសម្រាល់កូនដោយទទួលប្រាក់បៀវត្ស ដោយមានការធានារក្សាសិទ្ធិអតីតភាពក្នុងការងារនិងអត្ថប្រយោជន៍សង្គមផ្សេងៗទៀត ។ រដ្ឋនិងសង្គមយកចិត្តទុកដាក់កង្កលក្ខណៈឪ្យនារី ជាពិសេសនារីនៅជនបទដោយគ្មានទីពឹងបានទទួលការឧបត្ថម្ភ ដើម្បីមានមុខរបរមានលទ្ធភាព ព្យាបាលជំងឺឪ្យកូនចៅរៀន និងមានជីវភាពរស់នៅសមរម្យ ។
- មាត្រា ៤៧ មាតាបិតាមានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនចៅជាពលរដ្ឋល្អ ។ កូនមានករណីកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតាដែលចាស់ជរាតាមទំនៀមទំលាប់ខ្មែរ ។