សំណួរ
១. ដូចម្តេចហៅថា “មង្គល” ? តើមង្គលមានប៉ុន្មានប្រការ ? មង្គលណាសំខាន់ជាងគេ ? ព្រោះអ្វី ? សុភមង្គលជាអ្វី ?
២. សង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ ។ តើដូនតាយើងអប់រំកូនតាមរបៀបណាខ្លះ ? ចូររៀបរាប់ពន្យល់ ។
៣. នៅសម័យដើមគេតែងស្វែងរកគ្រូបាធ្យាយ ឬអាចារ្យដ៏ចំណានដើម្បីសិក្សា ។ តើអាចារ្យតាមបបែបពុទ្ធសាសនាមានប៉ុន្មាន ? អ្វីខ្លះ ? ចូរបង្ហាញ ។
៤. ព្រះពិធីច្រត់ព្រះនង្គ័លច្រើនប្រារពធ្វើឡើងនៅថ្ងៃ ៤ រោចខែពិសាខ ជារៀងរាល់ឆ្នាំ ។ តើពិធីនេះធ្វើឡើងក្នុងគោលបំណងដូចម្តេចខ្លះ ?
ចម្លើយ
១. ដែលហៅថា មង្គល ជាសេចក្តីចម្រើនប្រកបដោយសេចក្តីសុខ សិរីសួស្តី ដែលមនុស្សទាំងអស់ក្នុងលោកចង់បាន ។ មង្គលមាន ៣៨ ប្រការ ។ ប្រការដែលសំខាន់ជាងគេគឺ មង្គលទី ១៦ “កិរិយាប្រព្រឹត្តនូវធម៌” ។ កិរិយាប្រព្រឹត្តនូវធម៌បានដល់ធម៌ ១០ យ៉ាងគឺ ៖
+ អំពើល្អដោយកាយទាំងបីយ៉ាង (កាយសុចរិត បី) មាន ៖
- វៀរចាកអំពើបៀតបៀន ឬសម្លាប់មនុស្ស សត្វ (បាណាតិបាតាវេរមណី)
- វៀរចាកអំពើកេងបន្លំលួច ឬប្លន់ទ្រព្យសម្បត្តិអ្នកដទៃ (អទិន្នាទានាវេរមណី)
- វៀរចាកអំពើខុសឆ្គងក្នុងផ្លូវកាមទាំងឡាយ (កាមេសុមិច្ឆាចារាវេរមណី)
+ អំពើល្អដោយវាចាទាំងបួនយ៉ាង (វចីសុចរិត បួន) មាន ៖
- វៀរចាកពោលពាក្យកុហក (មុសាវាទា វេរមណី)
- វៀរចាកពាក្យសំដីញុះញង់បំបែកបំបាក់ (បិសុណាយវាចាវេរមណី)
- វៀរចាកពាក្យសំដីទ្រគោះបោះបោក (ផរុសាយវាចា វេរមណី)
- វៀរចាកពោលពាក្យសំដីឥតប្រយោជន៍ (សម្ឆប្បលាបា វេរមណី) ។
+ អំពើល្អដោយចិត្តទាំងបីយ៉ាង (មនោសុចរិតបី) ៖
- មិនសម្លឹងរំព្រៃ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អនភិជ្ឈា)
- មិនគិតបៀតបៀន ចង់ឱ្យអ្នកដទៃដល់ក្តីវិនាស (អព្យាបាទ)
- គំនិតយល់ឃើញត្រូវពិត ដោយប្រកាន់ឡើងថា ត្រូវមែន (សម្មាទិដ្ឋិ) ។
ខ. សុភមង្គល សំដៅលើអ្វីដែលធ្វើឱ្យមនុស្សយើងរីករាយសប្បាយកាយនឹងចិត្ត ។
២. សង្គមខ្មែរបុរាណមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួសរៀន និងអប់រំកូនស្រីតាមរយៈការចូលម្លប់ ។
ក. ការបួសរៀន
- ក្មេងប្រុសដឹងក្តីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនឱ្យទៅរៀនធម៌បួស ។
- ស្របពេលបម្រើព្រះសង្ឃ ក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរ លេខនព្វន្ត និងបង្រៀនសូត្រធម៌ផង ។ ចំពោះក្មេងប្រុសពេញវ័យត្រូវរៀនធម៌បួសផង និងរៀនអក្សរលេខនព្វន្តផងដំណាលគ្នា ។ ផ្អែកលើផ្នត់គំនិត (បួសដើម្បីសងគុណមាតាបិតា) ទាំងក្មេងប្រុសតូចៗ ដែលនៅបម្រើព្រះសង្ឃ ទាំងក្មេងប្រុសពេញវ័យ ។ ដល់ដំណាក់កាលមួយកំណត់ត្រូវសាងផ្នួសដែលយ៉ាងតិចមួយវស្សាដែរ ។
- ការបួសរៀន គឺជាការទទួលការអប់រំផ្លូវចិត្ត អប់រំអារម្មណ៍មួយដ៏មានប្រសិទ្ធភាពដែលសង្គមខ្មែរបុរាណទទួលស្គាល់ ជាទូទៅបន្ថែមលើការអប់រំផ្នែកចំណេះដឹងទូទៅ ចំនេះជំនាញ ការអប់រំសុខភាព ។
- ក្មេងប្រុសដែលធ្លាក់បានបួសរៀន ជាទូទៅតែងតែមានឧត្តមគតិមានវិចារណញ្ញាណចេះគ្រប់គ្រងខ្លួនឯង និងគ្រប់គ្រងគ្រួសារបានល្អ ។
ខ. ការចូលម្លប់
- ពេលក្មេងស្រីចាប់ផ្តើមគ្រប់ការ (ពេញក្រមុំ) ត្រូវម្តាយឪពុកប្រារព្ធពិធីចូលម្លប់ ។
- ផ្អែកលើផ្នត់គំនិត (ចូលម្លប់ដើម្បីសងគុណមាតាបិតា)ការចូលម្លប់ គឺជាកាតព្វកិច្ចរបស់កូនស្រីដែលអាចមានថេរវេលា ៣ខែ ឬ ៦ខែ ឬ ៩ខែ អាស្រ័យទៅលើស្ថានភាពជីវភាពគ្រួសារ ។
- ពេលចូលម្លប់កូនស្រីបានរៀនអក្សរ លេខនព្វន្តច្បាប់ផ្សេងៗពីម្តាយ ឬម្តាយធំ មីង ឬបងស្រី...។
- រៀនរៀបចំខ្លួនធ្វើជាមេផ្ទះ ក្រមសីលធម៌ ជាភរិយាល្អ ចេះមើលការខុសត្រូវក្នុងគ្រួសារ ការរៀបចំទុកដាក់ទ្រព្យសម្បត្តិជាដើម ។
- រៀនវិជ្ជាជីវៈ ដាំស្ល ដេរប៉ាក់ ចាក់ជុល ត្បាញរវៃ..។
៣. អាចារ្យតាមពុទ្ធសាសនាមាន ៥គឺ ៖
- បព្វជ្ជាចារ្យ ៖ អាចារ្យអ្នកបំបួស ភិក្ខុសម្រាប់បំបួសសាមណេរ
- ឧបសម្បទាចារ្យ ៖ ភិក្ខុអ្នកសូត្រញ្ញតិ ចតុត្ថកម្មឱ្យសាមណេរបានឧបសម្បតាជាភិក្ខុ
- ឧទ្នេសាចារ្យ ៖ អាចារ្យអ្នកបង្រៀនបាលី
- និស្សយាចារ្យ ៖ អាចារ្យអ្នកអោយនិស្ស័យ គឺភិក្ខុ ជាអ្នកទទួលភារៈឱ្យសិស្សនៅអាស្រ័យនឹងខ្លួនផង
- ធម្មាចារ្យ ៖ អាចារ្យអ្នកបង្រៀនធម៌អាថ៌ ឬបង្រៀនចំណេះវិជ្ជាផ្សេងៗ
៤. ព្រះពិធីច្រត់ព្រះនង្គ័លច្រើនប្រារព្ធធ្វើឡើងនៅថ្ងៃ ៤រោច ខែពិសាខជារៀងរាល់ឆ្នាំ ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៤យ៉ាងគឺ ៖
១. សម្ពោធការផ្តើមបើកក្សេត្ររដូវប្រកាសប្រាក់ពីពេលវេលាដល់ប្រជាកសិករថា ដំណើរការធ្វើស្រែឱ្យទាន់រដូវភ្លៀងធ្លាក់ដើមឆ្នាំ ។
២. បន់ស្រន់អង្វរកឱ្យទេវតារក្សាទឹកដីបង្អុលទឹកភ្លៀងសម្រាប់ដាំដំណាំ (សុំទឹកភ្លៀងពីទេវតា) ។
៣. ដាស់ព្រះធរណីឱ្យជួបថែរក្សាបង្កើនផលដំណាំ គឺជាការរំលឹកគុណព្រះធរណីដែលបានផ្តល់នូវការលូតលាស់ដល់ដំណាំគ្រប់ប្រភេទ ។
៤. បង្ហាញពីរបកគំហើញថ្មីលើការអភិវឌ្ឍន៍វិស័យកសិកម្ម (មានបញ្ជាក់ការឈ្លាសវែរបស់ខ្មែរប្តូរពីការដាំស្រូវដោយបុកដាំមកភ្ជួររាល់វិញ) ។