សំណួរ
១. មតិខ្លះយល់ថា “ការអប់រំ ជាភារកិច្ចរបស់សាលារៀន” ។ តាមទស្សនៈប្អួន តើប្អូនយល់ដូចម្តេច ?
២. ពាក្យចាស់លោកបានពោលថា “ខ្មៅចុះឱ្យតែសក្រចុះឱ្យតែមាន” ។ តើមានន័យដូចម្តេច ? ចូរបកស្រាយ ។
៣. តើប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) នៅថ្ងៃខែឆ្នាំណា ?
៤. តើប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា ? ជាសមាជិកលើកទីប៉ុន្មាន ? នៅឯណា ?
៥. តើអាគាររដ្ឋសភាថ្មីត្រូវបានសម្ពោធនៅថ្ងៃខែឆ្នាំណា ?
៦. តើ “អាស៊ាន” មានន័យដូចម្តេច ? ហេតុអ្វីបានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ខិតខំបញ្ចូលខ្លួនជាសមាជិកអាស៊ាន ?
ចម្លើយ
១. មតិដែលយល់ថា “ការអប់រំ ជាភារកិច្ចរបស់សាលារៀន” ខ្ញុំគតិថា ការយល់ឃើញបែបនេះមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះការអប់រំត្រូវមានការចូលរួមពីគ្រួសារនិងសង្គម ទើបទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៃការអប់រំបានដោយជោគជ័យ ។ មជ្ឈដ្ឋានទាំងបីត្រូវមានទំនាក់ទំនងគ្នាយ៉ាងជិតសិ្នទ្ធបំផុត ៖
ក. សាលារៀន
- បណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើ និងឥរិយាបថឱ្យដល់សិស្ស
- អប់រំសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់សិស្សឱ្យមានការប៉ិនប្រសប់
- អប់រំឱ្យគេស្គាល់ពីច្បាប់ទម្លាប់សង្គម ចេះរស់នៅចុះសម្រុងជាមួយអ្នកដទៃ
- អប់រំកែប្រែខាងផ្លូវចិត្ត គំនិត និងឥរិយាបថឱ្យមានសីលធម៌ល្អស្គាល់ខុសត្រូវស្គាល់គុណទោស
- បំផុតស្មារតីឱ្យសិស្សមានឆន្ទៈស្រលាញ់ប្រទេសជាតិហើយចូលរួមបម្រើជាតិអស់ពីចិត្ត ។
ខ. គ្រួសារ
- ទំនុកបម្រុងកូនឱ្យបានល្អ ទាំងការហូបចុក ទាំងសម្ភារៈសិក្សា
- គ្រប់សកម្មភាពរបស់ឪពុកម្តាយត្រូវធ្វើជាគម្រូដល់កូន
- ត្រួតពិនិត្យតាមដានការសិក្សារបស់កូនឱ្យបានទៀងទាត់
- ជួយជំរុញនិងលើកទឹកចិត្តកូនឱ្យប្រឹងប្រែរៀនសូត្រ
- អប់រំទូន្មានកូនឱ្យប្រព្រឹត្តតែអំពើល្អត្រឹមត្រូវ ។
គ. សង្គម
- ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់សិស្ស
- អាជ្ញាធរដែនដីត្រូវបង្ហាញឱ្យឃើញនូវលក្ខណៈសម្បត្តិល្អៗជាគម្រូដល់សិស្ស
- ត្រូវផ្សព្វផ្សាយតែអ្វីដែលល្អ (ការគោរពច្បាប់ ការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិ)
- អប់រំសិស្សឱ្យមានគំនិតច្នៃប្រឌិតក្នុងការរស់នៅ
- បើមានអំពើណាមួយជះឥទ្ធិពលអាក្រក់ដល់សិស្ស ត្រូវរួមគ្នាដោះស្រាយលុបបំបាត់ជាបន្ទាន់ ។
២. ពាក្យចាស់លោកបានពោលថា “ខ្មៅចុះឱ្យតែស ក្រចុះឱ្យតែមាន” គឺ
- ពាក្យ “ខ្មៅចុះឱ្យតែស” មានន័យថា ៖ មនុស្សយើងកើតមកមានសម្បុរខ្មៅ មានរូបអាក្រក់មិនមែនជាបញ្ហាទេ ឱ្យតែមានចិត្តល្អសប្បុរស ស្មោះត្រង់ មានគុណធម៌ មានកិរិយាមារយាទថ្លៃថ្នូរ សុភាពរាបសា មានទឹកចិត្តសណ្តោសប្រោសប្រណី អាចរស់នៅចុះសម្រុងនឹងគេ និងជាគំរូល្អដល់អ្នកដទៃ ។
- ពាក្យ “ក្រចុះឱ្យតែមាន” មានន័យថា ៖ បើក្រទ្រព្យសម្បត្តិក្របុណ្យស័ក្តិអំណាចឱ្យតែមានគំនិតឆ្លាតវៃ ចេះគិតគូរដោះស្រាយបានគ្រប់បញ្ហា និងមានស្មារតីប្រឹងប្រែងព្យាយាម តស៊ូអំណត់ក្នុងការងារ ពិតជាធ្វើឱ្យគ្រួសារមានជីវភាពធូរធារមានកិត្តយស កេរិ៍ឈ្មោះ មានករស្រឡាញ់រាប់អានពីអ្នកដទៃ ។
៣. ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៥៥ ។
៤. ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ ជាសមាជិកលើកទី ១០ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
៥. អាគាររដ្ឋសភាថ្មីត្រូវបានសម្ពោធនៅថ្ងៃ សៅរ៍ ទី ៧ ខែ កក្កដា ឆ្នាំ ២០០៧ ក្រោមអធិបតីភាពព្រះបាទ នរោត្តម មុនីនាថសីហមុនី ។
៦. ក. អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
ខ. បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះវានាំឱ្យមានប្រយោជន៍ដូចជា ៖
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ឱ្យមានស្ថេរភាព សន្តិសុខ និង សន្តិភាពក្នុងតំបន់
- ជំរុញសហប្រតិបត្តិការណ៍ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ
- ជំរុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស
- ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍
- រក្សាសហប្រតិបត្តិការណ៍ជិតសិ្នទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់ ។