សំណួរ
១. តើការសំពះរបស់ខ្មែរយើងមានប៉ុន្មានបែប ? ចូររៀបរាប់ និងពន្យល់ ។
២. សង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ ។ តើដូនតាយើងអប់រំកូនតាមរបៀបណាខ្លះ ? ចូររៀបរាប់និងពន្យល់ ។
៣. តើកូនប្រុសកូនស្រីត្រូវមានវិន័យ និងឥរិយាបថដូចម្តេចខ្លះក្នុងគ្រួសារ ?
៤. នៅអាណត្តិទី៤ នេះមានកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ ដោយមានការកាត់បញ្ចូលឃុំចំនួន ២០ នៃស្រុក ៥ ក្នុងខេត្តកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញ ។ តើស្រុកទាំង ៥ និងឃុំទាំង ២០ នោះមានអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. ការសំពះតាមប្រពៃណីខ្មែរយើងមានប្រាំបែប គឺ
- សំពះត្រឹមដើមទ្រូង គោរពចំពោះអ្នកមានវ័យ និងឋានៈទាបជាង ឬស្មើ ។
- សំពះត្រឹមបបូរមាត់ គោរពចំពោះអ្នកមានវ័យ និងឋានៈខ្ពស់ជាង ។
- សំពះត្រឹមចុងច្រមុះ គោរពចំពោះឪពុកម្តាយ ជីដូនជីតាគ្រូបាធ្យាយ ។
- សំពះត្រឹមប្រជុំចិញ្ជើម គោរពចំពោះ ចំពោះស្តេច ព្រះសង្ឃ ឬវត្ថុស័ក្តិសិទ្ធិសក្ការៈ ។
- សំពះត្រឹមថ្ញាស គោរពចំពោះព្រះរតនត្រ័យ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ) ឬការបួងសួងផ្សេងៗ ។
២. សង្គមខ្មែរបុរាណមានប្រពៃណីអប់រំកូនប្រុសតាមរយៈការបួងរៀន និងអប់រំកូនស្រីតាមរយៈការចូលម្លប់ ។
ក. ការបួសរៀន
- ក្មេងប្រុសដឹងក្តីត្រូវបានបញ្ជូនឱ្យទៅបម្រើព្រះសង្ឃ ឬក្មេងប្រុសពេញវ័យត្រូវបានបញ្ជូនឱ្យទៅរៀនធម៌បួស ។
- ស្របពេលបម្រើព្រះសង្ឃ ក្មេងប្រុសត្រូវបានព្រះសង្ឃបង្រៀនអក្សរ លេខនព្វន្ត និងបង្រៀនសូត្រធម៌ផង ។ ចំពោះក្មេងប្រុសពេញវ័យ ត្រូវរៀនធម៌បួសផង និងរៀនអក្សរលេខនព្វន្តផងដំណាលគ្នា ។ ផ្អែកលើផ្នត់គំនិត (បួសដើម្បីសងគុណមាតាបិតា) ទាំងក្មេងប្រុសតូចៗ ដែលនៅបម្រើព្រះសង្ឃ ទាំងក្មេងប្រុសពេញវ័យ ។ ដល់ដំណាក់កាលមួយកំណត់ ត្រូវសាងផ្នួសដែលយ៉ាងតិចមួយវស្សាដែរ ។
- ការបួសរៀន គឺជាការទទួលការអប់រំផ្លូវចិត្ត អប់រំអារម្មណ៍មួយដ៏មានប្រសិទ្ធភាព ដែលសង្គមខ្មែរបុរាណទទួលស្គាល់ ជាទូទៅបន្ថែមលើការអប់រំផ្នែកចំណេះដឹងទូទៅ ចំណេះជំនាញ ការអប់រំសុខភាព ។
- ក្មេងប្រុសដែលធ្លាប់បានបួសរៀន ជាទូទៅតែងតែមានឧត្តមគតិ មានវិចារណញ្ញាណ ចេះគ្រប់គ្រងខ្លួនឯងនិងគ្រប់គ្រងគ្រួសារបានល្អ ។
ខ. ការចូលម្លប់
- ពេលក្មេងស្រីចាប់ផ្តើមគ្រប់ការ (ពេញក្រមុំ) ត្រូវម្តាយឪពុកប្រារព្ធពិធីចូលម្លប់ ។
- ផ្អែកលើផ្នតគំនិត (ចូលម្លប់ដើម្បីសងគុណមាតាបិតា) ការចូលម្លប់ គឺជាកាតព្វកិច្ចរបស់កូនស្រីដែលអាចមានថេរវេលា ៣ខែ ឬ៦ខែ ឬ៩ខែ អាស្រ័យទៅលើស្ថានភាពជីវភាពគ្រួសារ ។
- ពេលចូលម្លប់កូនស្រីបានរៀបអក្សរ លេខនព្វន្ត ច្បាប់ផ្សេងៗ ពីម្តាយ ឬម្តាយធំ មីង ឬបងស្រី ។
- រៀនរៀបចំខ្លួនធ្វើជាមេផ្ទះក្រមសីលធម៌ជាភរិយាល្អការមើលការខុសត្រូវក្នុងគ្រួសារ ការរៀបចំទុកដាក់ទ្រព្យសម្បត្តិ ។
- រៀនវិជ្ជាជីវៈ ដាំស្ល ដេរប៉ាក់ ចាក់ជុល ត្បាញរវៃ ។
៣. នៅក្នុងគ្រួសារកូនប្រុសស្រី ត្រូវមានវិន័យ និងឥរិយាបថដូចតទៅ ៖
- គោរពស្តាប់ដំបូន្មាន មាតាបិតា
- កតញ្ញូ កតវេទី ចំពោះអ្នកមានគុណ
- ជួយសម្រាលបន្ទុកការងារមាតាបិតា
- ស្រលាញ់បងប្អូនមានសាមគ្គីភាពផ្ទៃក្នុងល្អ
- ចេះជួយទុក្ខធុរៈក្នុងសមាជិកគ្រួសារ
- ថែរក្សា សុខភាព និងបរិស្ថានគ្រួសារ
- រក្សាវង្សត្រកូល និងកិត្តិយសគ្រួសារ
- មានសម្តី កាយវិការទន់ភ្លន់ សុភាពរាបសារ និងអំណត់អត់ធ្មត់
- គោរពពេលវេលា និងវិន័យក្នុងគ្រួសារមិនភូតកុហក
- ជួយរក្សាទ្រព្យសម្បត្តិ សន្សំសំចៃ មិនខ្ជះខ្ជាយ ។
៤. នៅអាណត្តិទី៤ នេះមានកំណែទម្រង់រដ្ឋបាលដែនដីរបស់រាជធានីភ្នំពេញ ដោយមានការកាត់បញ្ចូលឃុំ ចំនួន ២០ នៃស្រុក ៥ ក្នុងខេត្តកណ្តាលឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់រាជធានីភ្នំពេញ ។ ស្រុកទាំង ៥ និងឃុំទាំង២០ មាន ៖
- ស្រុកពញឮ បញ្ជូល ៣ឃុំ លើ១៤ឃុំ ៖ ឃុំព្រែកព្នៅ ឃុំសំរោង និងឃុំពញាពន់ ត្រូវបានបញ្ចូលមកក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
- ស្រុកអង្គស្នួល បញ្ចូល ៦ ឃុំ លើ១៦ឃុំ ៖ ឃុំពន្សាំង ឃុំស្នោរ ឃុំឪឡោក ឃុំបឹងធំ ឃុំកំបូល មនិងឃុំកន្ទោក ត្រូវបានបញ្ចូលមកក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
- ស្រុកកណ្តាលស្ទឹង បញ្ចូល ៥ ឃុំ លើ២៣ឃុំ ៖ ឃុំគងនយ ឃុំទៀន ឃុំរលួស ឃុំស្ពានថ្ម និងឃុំព្រែកកំពឹសត្រូវបានបញ្ចូលមកក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
- ស្រុកកៀនស្វាយ បញ្ចូល ៤ ឃុំ លើ១២ឃុំ ៖ ឃុំវាលស្បូវ ឃុំព្រែឯង ឃុំក្បាលកោះ និងឃុំព្រែកថ្មីត្រូវបានបញ្ចូលមកក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
- ស្រុកមុខកំពូល បញ្ចូល ២ ឃុំ លើ៩ឃុំ ៖ ឃុំបាក់ខែង និងឃុំកោះដាច់ ត្រូវបានបញ្ចូលមកក្នុង ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។