សំណួរ
១. តើការបួសជាសាមណេរ និងការបួសជាភិក្ខុមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?
២. ហេតុអ្វីបានជាប្រជាជនខ្មែរមួយចំនួនចង់ឱ្យកូនប្រុសសាងផ្នួស ?
៣. ប្រាសាទភាគច្រើនបុព្វបុរសយើងសង់បែរមុខទៅទិសខាងកើតដោយមានជំនឿថា ទិសខាងកើតផ្តល់សេចក្តីចម្រើនរុងរឿងលើកលែងតែប្រាសាទអង្គរវត្តដែលបែរមុខទៅទិសខាងលិច ។ តើមូលហេតុអ្វី ? ចូរពន្យល់ ។
៤. ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីវពត្រឹមត្រូវ ឬមុខរបរ សុចរិតហើយវៀរចាកការចិញ្ចឹមជីវិតខុសមានជំនួញទាំង៥ប្រការ តើជំនួញនោះមានអ្វីខ្លះ ?
៥. តើព្រះពុទ្ធសាសនាបានអប់រំមនុស្សឱ្យប្រកាន់សុចរិតធម៌ដូចម្តេចខ្លះ ?
ចម្លើយ
១. ការបួសជាសាមណេរ និងការបួសជាភិក្ខុមានលក្ខណៈខុសគ្នា
+ ការបួសជាសាមណេរ
- កាលសម័យដើមការបួសនេះគេមិនកំណត់អាយុទេ បើពីសម័យពុទ្ធកាល ការបួសជាសាមណេរ ចាប់ពីអាយុ៧ ឆ្នាំប្រសិនបើក្មេងនោះនិយាយច្បាប់ និងមានប្រាជ្ញា ។ ប៉ុន្តែក្រោយមក អ្នកបួសមានអាយុចាប់ពី ១២ឆ្នាំ ឬច្រើនជាងនេះរហូតដល់ ៨០ ឆ្នាំក៏បាន ។
- អ្នកបួសជាសាមណេរត្រូវរក្សាសីល ១០និងសេខិយវត្ត៧៥ ឱ្យបានខ្ជាប់ខ្លួន ។
- ការបួសជាសាមណេរ មានន័យថា បួសសងគុណម្តាយ ។
- ជាទូទៅការរបួសជាសាមណេរ ត្រូវឆ្លងកាត់ ការបួសនាគជាមុនសិន ។
+ ការបួសជាភិក្ខុ
- មានអាយុយ៉ាងតិច ២១ឆ្នាំឡើងទៅ
- ត្រូវរក្សាសីល ៤ ហៅថា ចតុបារិសុន្ធិសីល
- បាតិមោក្ខសំវរសង្រួមតាមសិក្ខាបទ ២២៧
- ឥន្ទ្រីយសំវរ សង្រួមឥន្ទ្រីយ៦
- អាជីវបារិសុទ្ធី ចិញ្ចឹមជីវិតតាមគន្លងសេចក្តីបរិសុទ្ធ
- បច្ចយសន្និសិត្ស ពិចារណាសិន សឹមបរិភោគបច្ច័យ៤
- ការបួសជាតិភិក្ខុមានន័យថាបួសសងគុណឪពុក ។
២. បានជាប្រជាជនខ្មែរមួយចំនួនចង់ឱ្យកូនប្រុសសាងផ្នួសព្រោះក្នុងព្រះពុទ្ធសាសនាអ្នកដែលបានបួសជាមនុស្សល្អដឹងខុសត្រូវជាមនុស្សស្អាតបរិសុទ្ធនិងអាចស្វែករកសេចក្តីស្ងប់ចិត្ត តាមរយៈការសង្រួមកាយ វាចា ចិត្ត ដោយអាស្រ័យតាមធម៌វិន័យ ។
៣. ចំពោះការបែរមុខទៅទិសខាងលិចនៃប្រាសាទអង្គរវត្តនេះមានទស្សនៈជាច្រើនបានវាយតម្លៃ និងសន្និដ្ឋានខុសៗគ្នា ៖
- ទស្សនៈខ្លះយល់ថា បើគេសង់ប្រាសាទនេះបែរមុខទៅទិសខាងកើត គឺជិតស្ទឹងសៀមរាបនាំឱ្យគ្នាកន្លែងប្រារព្ធពិធីបុណ្យ ហើយផ្លូវចូលមករាជធានីអង្គរធំនោះនៅខាងលិចស្រាប់ ។
- ទស្សនៈខ្លះទៀតសន្និដ្ឋានថា បើគេសង់អង្គរវត្តបែរទៅទិសខាងកើត ហាក់ដូចជាបែរខ្នង ហុចគូទ ទៅលើប្រាសាទសំខាន់ៗឯទៀត ។
- អ្នកខ្លះថាបានជាបុព្វបុរសយើងកសាងអង្គរវត្តបែរមុខទៅទិសខាងលិច ពីព្រោះប្រាសាទនេះជាប្រាសាទផ្នូររបស់ព្រះបាទសុរិយាវរ្ម័នទី២ ។
៤. ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានថា មនុស្សគ្រប់រូបគប្បីចិញ្ចឹមជីវិតឱ្យបានត្រឹមត្រូវ មានអាជីពត្រឹមត្រូវ មុខរបរសុចរិត ហើយវៀរចាកការចិញ្ចឹមជីវិតខុសមាន ជំនួញទាំង ៥ប្រការនោះគឺ ៖
- ជំនួញសាស្រ្តវុធ
- ជំនួញមនុស្ស
- ជំនួញសត្វដែលគេពិឃាតយកសាច់
- ជំនួញទឹកស្រវឹង
- និងជំនួញថ្នាំពុល ។ ការចិញ្ចឹមជីវិតដោយបរិសុទ្ធដោយបរិសុទ្ធប្រកបដោយសីលធម៌ គឺអាជីវកម្មត្រឹមត្រូវដែលមិនឱ្យអ្នកដទៃក្តៅក្រហាយដោយសារមុខរបររបស់ខ្លួន ឈ្មោះថាមុខរបរសុចរិត ។
៥. ព្រះពុទ្ធបានមានពុទ្ធដីកាថា“មនុស្សទាំងឡាយគួរកុំប្រព្រឹត្តអំពើណាដែលមិនគប្បីដល់អ្នកដទៃឱ្យសោះបើយើងមិនចង់ឱ្យគេប្រព្រឹត្តអំពើនោះមកលើខ្លួនយើងវិញ” ។ មនុស្សទាំងអស់ត្រូវតែប្រព្រឹត្តអំពើល្អអំពើសុចរិត ។ អំពើសុចរិតធម៌ ១០ យ៉ាង ឬកុសលកម្មបថ ១០ប្រការ ។
+ កាយសុចរិតមានបីប្រភេទ ៖
- មិនកាប់សម្លាប់ជីវិតមនុស្ស និងសត្វ (បាណាតិបាតាវេរមណីសិក្ខាបទំសមាទិយាមិ)
- មិនលួចទ្រព្យសម្បត្តិអ្នកដទៃ (អទិន្នាទានា វេរមណី សិក្ខាបទំសមាទិយាមិ)
- មិនសហាយស្មន់ជាមួយប្រពន្ធប្តី និងកូនគេ (កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំសមាទិយាមិ) ។
+ វាចាសុចរិតមានបួនប្រការ
- មិនភូតកុហកឆរបោកអ្នកដទៃ (មុសាវាទា វេរមណី)
- មិនញុះញង់បំបែកបំបាក់អ្នកដទៃ (បិសុណាវាចាយវេរមណី)
- មិនពោលពាក្យទ្រគោះបោះបោក ឬជេរប្រទេចផ្តាសាអ្នកដទៃ (ផរុសាយ វាចាយ វេរមណី)
- មិនពោលពាក្យរាយមាយឥតប្រយោជន៌ (សម្ជប្បលាបាវេរមណី) ។
+ មនោសុចរិតមានបីប្រការ
- មិនមានចិត្តសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ (អភិជ្ឈា)
- មិនមានចិត្តគំនុំគុំកួន ឬមិនមានគំនិតព្យាបាទអ្នកដទៃ (អព្យាបាទោ)
- មិនមានគំនិតយល់ឃើញត្រូវពិតតាមច្បាប់របស់សង្គមសីលធម៌ (សម្មាទិដ្ឋ) ។ អ្នកដែលបានប្រកាន់ខ្ចាប់អំពើសុចរិតធម៌ ១០យ៉ាងនេះនឹងបានសេចក្តីសុខ និងសេចក្តីសុខចម្រើន ។