Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរប្រៀបធៀបពិធីបុណ្យភ្ជំបិណ្ឌនិងពិធីបុណ្យចូលឆ្នាំខ្មែរ ។

២. ចូរប្រៀបធៀបពិធីបុណ្យពិសាខបូជា និងពិធីបុណ្យមាឃបូជា ។

៣. ចូរពិពណ៌នាពិធីបំបួសនាគ ។

៤. តើពិធីសូត្រមន្ត ធ្វើឡើងដើម្បីអ្វី ?

៥. ពិធីបុណ្យចូលឆ្នាំខ្មែរមានកម្មវិធីឆ្លងភ្នំខ្សាច់ ។ ចូរបង្ហាញអត្ថន័យនៃភ្នំខ្សាច់ ។

ចម្លើយ

១. ប្រៀបធៀបពិធីបុណ្យភ្ជំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរ

ក. លក្ខណៈដូច

  • ជាពិធីបុណ្យប្រពៃណីជាតិដូចគ្នា
  • ឧទ្ទិសកុសលដល់វិញ្ញាណក័្ខនបេតជន ដូចគ្នា
  • ប្រជុំគ្នាក្នុងវត្តអារាមដូចគ្នា

ខ. លក្ខណៈខុស

បុណ្យភ្ជំបិណ្ឌ

  • គ្មានពូនភ្នំខ្សាច់
  • គ្មានលេងល្បែងប្រជាប្រិយ
  • គ្មានស្រង់ព្រះពុទ្ធរូប
  • រយៈពេល១៥ថ្ងៃ (១រោចដល់១៥ ខែភទ្របទ)
  • គ្មានជូនសំលៀកបំពាក់ដល់អ្នកមានគុណ
  • បេតជនដើររក៧វត្ត
  • មានបាយបិណ្ឌ
  • ប្រវត្តិរឿងប្រេត ដែលជាញ្ញាត្តិព្រះបាទពិម្ពិសារ
  • បង្សុកូលឧទ្ទិសកុសល
  • គ្មានការតុបតែងគេហដ្ឋាន
  • គ្មានគ្រឿងបូជា ។

បុណ្យចូលឆ្នាំខ្មែរ

  • មានពូជភ្នំខ្សាច់
  • មានល្បែងប្រជាប្រិយ
  • មានស្រង់ព្រះពុទ្ធរូប
  • មានរយៈពេល ៣ថ្ងៃ (ខែចេត្រ)
  • មានជូនសំលៀកបំពាក់ដល់អ្នកមានគុណ
  • គ្មានបេតជនដើររក
  • គ្មានបាយបិណ្ឌ
  • ប្រវត្តិរឿងកបិលមហា
  • អាចមានការបង្សុកូលឧទ្ទិសកុសល
  • មានការតុបតែគេគេហដ្ឋាន
  • មានគ្រឿងបូជាទទួលទេវតា ។

២. ប្រៀបធៀប បុណ្យពិសាខបូជា និងមាឃបូជា

បុណ្យពិសាខបូជា ប្រារព្ធនៅថ្ងៃទី ១៥កើត ខែពិសាខ ។ បុព្វហេតុ ៖ រំលឹកដល់ថ្ងៃព្រះពុទ្ធទ្រង់​ ៖

  • ប្រសូត
  • ត្រាស់ដឹង
  • បរិនិព្វាន ។

សកម្មភាព

  • ពេលល្ងាចព្រះសង្ឃ និងពុទ្ធបរិស័ទសូត្រធម៌ សរសើរពុទ្ធគុណ និងព្រះសង្ឃទ្រង់សំដែងធម៌ទេសនាពីពុទ្ធប្បវត្តិ ។
  • ពេលព្រឹករាប់បាត្រព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។

បុណ្យមាឃបូជា ប្រារព្ធនៅថ្ងៃទី ១៥ កើត ខែមាឃ ។ រំលឹកដល់ថ្ងៃដែល ៖

  • ឆ្នាំដំបូងដែលព្រះពុទ្ធបានត្រាស់ដឹង
  • ប្រជុំមហាសន្និបាតសង្ឃមានព្រះអរហន្ត ១២៥០អង្គក្រុមបុរាណជដិល ១០០០
  • ក្រុមអង្គសាវ័ក ២៥០០មកជួបជុំស្តាប់ឳវាទប្បត្តិមោក្ខព្រះពុទ្ធ
  • ថ្ងៃតាំងព្រះសារីបុត្រជាបឋមសាវ័ក និងព្រះមោកល្លានជាទុតិយសាវ័ក
  • ថ្ងៃដែលព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ៣ ខែមុនចូលបរិនិញ្វននៅថ្ងៃ ១៥កើត ខែពិសាខ
  • ប្រារព្ធនៅវត្ត ពេលល្ងាចព្រះសង្ឃសូត្រធម៌ពុទ្ធគុណនិងសំដៅធម្មទេសនាពីពុទ្ធប្បវត្តិ
  • ពេលព្រឹកប្រគេនយាគូព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ ។

៣. ពិធីបំបួសនាគ ពាក្យ “នាគ” មានន័យថាប្រសើរចម្បងបរិសុទ្ធ ។ “នាគ” សំដៅបុគ្គលិកបុថុជ្ជនណាម្នាក់ដែលកើតមានសេចក្តីអៀនខ្មាស ខ្លាចបាប ហើយមានចិត្តជ្រះថ្លាទៅសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា ។ កុលបុត្រដែលបម្រុងខ្លួនចូលទៅសាងផ្នួសជាសាមណេរនៅក្នុងព្រះពុទ្ធសាសនាត្រូវបានទទួលនាមថាជា “នាគ” ។ អតីតកាលពិធីនេះគេធ្វើចំនួនពីរថ្ងៃ ឬបីថ្ងៃតែបច្ចុប្បន្នពិធីនេះគេធ្វើត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ ពិធីបុណ្យនេះគេអាចរៀបចំធ្វើនៅក្នុងវត្តក៏បាន ឬនៅតាមគេហដ្ឋានរបស់ដែលត្រូវបួសក៏បាន ។ ក្រៅពីត្រៃចីវរនិងបរិក្ខារចាំបាច់ដទៃទៀតសម្រាប់អ្នកបួសគេឃើញមានការរៀបចំបាយសីលធំមួយធ្វើអំពីដើមចេកដែលមានដប់ប្រាំបួនបាយសីនេះរុំព័ទ្ធដោយ ធាងចេក និងមានសំពត់ហួលរុំពីក្រៅមួយជាន់ទៀត ។ គេរៀបចំក្បួរហែនាគចេញទៅវត្តនៅពេលព្រឹកដោយមានភ្លេងឆៃយុំាភ្លេងពិណពាទ្យកំដរផង ។ នាគអាចជិះសេះ ឬគោ និងមានអ្នកបាំងឆ័ត្រឱ្យព្រមទាំងហែហមដោយម្តាយទូលត្រៃចីវរ ឪពុកស្តាយបាត្រ និងអ្នកកាន់បរិក្ខាផ្សេងៗទៀត ។ ជាទូទៅនាគស្លៀកហូល ពានាក្រមាពណ៌ស ឆៀងលើស្មាឆ្វេង ។ ក្បួរដង្ហែត្រូវបទក្សិណជុំវិញព្រះវិហារបីជុំទើបហែរចូល ដើម្បីសំដែងសេចក្តីត្រេកអរចំពោះកុលបុត្រដែលបានចូលសាងផ្នួស ។ ពិធីនេះសន្មត់ថាចប់ត្រឹមនេះ ហើយបន្តទៀតនាគនេះនឹងត្រូវបំបួសជាសាមណេរ ។

៤. ពិធីសូត្រមន្ត ធ្វើឡើងដើម្បី

  • ចម្រើនសិរីសួស្តី​និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះ ទេវតា ម្ចាស់ទឹកម្ចាស់ដីថែរក្សានៅទីកន្លែងនោះដូចជា បុណ្យកឋិន ផ្កា បច័្ចយបួន បញ្ចុះសីមាល ។
  • ដើម្បីជម្រះឧបទ្រុពចង្រៃ លើករាសីឱ្យមានសិរីមង្គលដូចជា ឡើងផ្ទះបុណ្យចូលឆ្នាំថ្មី មង្គលការ រំដោះគ្រោះយោងគ្រោះ ប្រទាក់ស្មាព្រហ្ម លើករាសី ។

៥. ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានរយៈពេល ៣ថ្ងៃក្នុងពិធីនេះមានភ្ជាប់ពិធីបុណ្យព្រះពុទ្ធសាសនា គឺពិធីពូនភ្នំខ្សាច់ជាកិច្ចបង្ហើយបុណ្យ ។ តាមជំនឿក្នុងព្រះពុទ្ធសាសនា ភ្នំខ្សាច់មានអត្ថន័យដូចតទៅ ៖

  • ភ្នំខ្សាច់តំណាងឱ្យមហាពិត្រ នៃលោកធាតុប្រចាំប្រទេសឥណ្ឌាគឺ មានកំពូល ៥ ដែលភ្នំកណ្តាលតំណាងឱ្យភ្នំព្រះសុមេរុ និងកំពូល ៤ទៀតតំណាងឱ្យទ្វីបទាំង ៤ជាសត្តបរិព័ទ្ធ ព័ទ្ធព័ន្ធជាបរិវារជុំវិញព្រះសុមេរុ ។
  • ការពួនភ្នំខ្សាច់ជាការកសាង “វាលុកចេតិយ” ដែលតំណាងឱ្យ “ព្រះចូឡាមណីចេតិយ” ដែលជាចេតិយសម្រាប់តម្កល់ព្រះកេសា ស្នៀតព្រះកេសា និងព្រះចង្កូមកែវរបស់ព្រះពុទ្ធនៅឋានត្រៃត្រឹង្ស ។
  • តាមធម្មទេសនាអំពី “អនិសង្សវាលុកចេតិយ” បានចែងថា “បើចង់រួចកម្មពៀរ គប្បីសាងវាលុបចេតិយគឺ ធ្វើបុណ្យឆ្លងហើយនឹងរួចកម្មពៀរនោះហោង ។
  • ការពួនភ្នំខ្សាច់ ឬកសាងវាលុកចេតិយអាចរំដោះនូវកម្មពៀរទាំងឡាយដែលគេបានកសាងកន្លងមកដោយទូទាត់នឹងចំនួនគ្រាប់ខ្សាច់ដែលមានច្រើនរាប់មិនអស់នេះ ។ ពូភ្នំខ្សាច់ និងឆ្លងភ្នំខ្សាច់ ផ្តាច់កម្មពៀរ ។
  • គេដើរប្រទក្សិណ ៣ជុំ និងអធិដ្ឋានដើម្បីរំដោះកម្មពៀរនិងលាងបាប ។
  • នៅថ្ងៃបង្ហើយ (ថ្ងៃឡើងស័ក) គេនាំគ្នាឆ្លងភ្នំខ្សាច់ដោយធ្វើពិធីផ្សឹកវាលុកចេតិយភ្នំខ្សាច់នេះអោយមកជាខ្សាច់ធម្មតាវិញដើម្បីយកខ្សាច់ប្រើការ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login