សំណួរ
១. តើវត្តអារាមពុទ្ធសាសនាមានមុខនាទីចំពោះការអភិវឌ្ឍសហគមន៍ដូចម្តេចខ្លះ ?
២. ដើម្បីធ្វើឱ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងដូចម្តេចខ្លះ ?
៣. ដូចម្តេចហៅថា ព្រហ្មវិហាធម៌ ? ចូរពន្យល់ពីធាតុនីមួយៗនៃព្រហ្មវិហាធម៌ ។
៤. តើការអប់រំសីលធម៌ និងពលរដ្ឋ នៅក្នុងសាលារៀនផ្តល់នូវសារៈសំខាន់អ្វីខ្លះ ?
ចម្លើយ
១. មាននាទីពីអតីតកាល និងបច្ចុប្បន្នកាលរបស់វត្តអារាមពុទ្ធសាសនា ចំពោះការអភិវឌ្ឍសហគមន៍មានដូចជា ៖
ក. ផ្នែកអប់រំ
- ជាកន្លែងប្រៀនប្រដៅអ្នកស្រុកដែលជាពុទ្ធបរិស័ទ
- អប់រំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ
- ជាថ្នាក់បណ្តុះនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ
- ផ្តល់ជាកន្លែងស្ងប់ស្ងាត់រំងាប់ចិត្ត
- ឃ្លាំងចំណេះដឹងជាបណ្ណាល័យ ជាសារមន្ទីរវប្បធម៌អក្សរសាស្រ្តជាតិ ។
ខ. ផ្នែកវប្បធម៌
- រក្សានិងផ្ទុកនូវសម្បត្តិវប្បធម៌របស់ជាតិ
- ជាកន្លែងរក្សានូវមរតកវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិ
- កន្លែងបណ្តុះសីលធម៌ គុណធម៌ និងបណ្តុះពូជនៃបុណ្យកុសល
- កន្លែងពឹងពាក់នៃអ្នកភ័យខ្លាចនឹងសេចក្តីស្លាប់ ស្អប់ខ្ពើមអំពើបាប និងអ្នកចង់កសាងអំពើល្អ
- ជាកន្លែងសក្តិសិទ្ធិ ជាទីសក្ការៈបូជា
- ជាកន្លែងធ្វើបុណ្យទានផ្សេងៗដូចជា បុណ្យឋិន បុណ្យភ្ជុំបិណ្ឌ បុណ្យមាឃបូជា បុណ្យចូលឆ្នាំ ។ ប្រមូលផ្តុំសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ។
គ. ផ្នែកសង្គមកិច្ច និងសុខាភិបាល
- ជាកន្លែងជួយសង្រ្គោះអ្នកស្រុក (កុមារកំព្រា កុមារក្រីក្រចាស់ជរាគ្មានទីពឹង)
- ជាកន្លែងពឹងពាក់នៃអ្នកភ័យខ្លាច អ្នកក្រខ្សត់
- ជាមណ្ឌលព្យាបាលជំងឺផ្លូវចិត្ត អភិឌ្ឍផ្លូវចិត្ត ឬសមាធិ
- កន្លែងស្ងប់រំងាប់ចិត្តឱ្យផុតកង្វល់ក្នុងជីវិត
- ជារណ្តៅកប់ចោលទំនាស់ ជម្លោះ និងជាកន្លែងដែលមនុស្សទាំងអស់មានភាពស្មើគ្នា
- ជួយឧបត្ថម្ភជនក្រីក្រ និងកុមារកំព្រា
- ជាឧទ្យានដ៏ជាទីមនោរម្យ ជារមណីយដ្ឋាន ជាកន្លែងសន្តិភាព
- ជាប្រភពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ ប្រឡាយ ទំនប់ ស្ពាន សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក) ។
- ជាកន្លែងរកយុត្តិធម៌ជូនអ្នកស្រុកក្រៅប្រព័ន្ធតុលាការ ។
ឃ. ផ្នែកសេដ្ឋកិច្ច បរិស្ថាន
- បណ្តុះវិជ្ជាជីវៈដល់និសិត្ស ក្មេងវត្តឱ្យចេះរកប្រាក់តាមរយៈចំណេះដឹងរបស់ពួកគេ (ធ្វើតុ ទូក កៅអី..)
- ជួយថែរក្សា និងដាំកូនឈើ (បំបួសដើម្បីឈើ)
២. ដើម្បីអោយបរិសា្ថនសាលារៀនបានល្អគប្បី
ក. ចំពោះបរិស្ថានធម្មជាតិ ៖
- សំអាតទីធ្លាសាលារៀន និងបន្ទប់រៀនជាប្រចាំ
- តុបតែងលំអបន្ទប់រៀន
- មិនមើលបំណាំគ្នា ក្នុងការធ្វើអនាម័យសាលារៀន
- មិនចោលសំរាម ឬកាកសំណាល់ ឬ ថង់ប្លាស្ទិចពាសវាល ពាសកាលត្រូវចោលក្នុងចុងសំរាម
- សំរាមត្រូវដុតចោល ហើយយកផេះទៅធ្វើជី
- ដាំឈើយកម្លប់ ធ្វើស៊ុប ស្រោចទឹក ដាក់ជីធម្មជាតិ
- ធ្វើសួនផ្កាលំអនៅតាមមុខថ្នាក់ មុខទីចាត់ការ ជុំវិញដងទង់ជាតិ តាមដងផ្លូវចូលសាលារៀន
- មានប្រព័ន្ធចែកចាយទឹក និងលូបង្ហូរទឹក
- មានបង្គន់អនាម័យតាមភេទ
- មានរបងព័ន្ធជុំវិញ និងភ្លោងទ្វារ ពាក្យស្លោកអប់រំផ្សេងៗ
- រៀបចំកន្លែងដាក់ កង់ ម៉ូតូ និងលក់នំចំណីមានអនាម័យនិងមានរបៀបរៀបរយ
- មានក្តារខៀនជូនព័ត៌មាន
- មានទីលានកីឡា
- មានស្លាកឈ្មោះបន្ទប់រៀន
- ថែរក្សាទ្រព្យសម្បត្តិរួម
ខ. ចំពោះបរិស្ថានសង្គម វប្បធម៌
- គោរពបទបញ្ជាផ្ទៃក្នុងសាលារៀន ស្លៀកពាក់ឯកសណ្ឋានមិនស្លៀកពាក់ឆើតឆាយ
- មានសីលធម៌រស់នៅល្អ ចេះគោរពគ្នាទៅវិញទៅមកចេះជួយគ្នាទៅវិញទៅមក
- មិនភ្លើតភ្លើនមិនស្រើបស្រាលមិនច្រងេងច្រងាង
- រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់ខ្មែរ
- ទប់ស្កាត់វប្បធម៌បរទេសពាលា (ក្រុមក្មេងស្ទាវ)
- ចេះគួរសម សំពះ គោរពគ្រូ និងចាស់ទុំ
- ចេះរាប់អានគ្នាមានសាមគ្គីភាពល្អ មិនរើសអើង និងចេះសហការធ្វើការជាក្រុម ។
៣. ក. ព្រហ្មវិហាធម៌ ជាធម៌របស់ព្រះព្រហ្ម ដែលក្រាលចិត្តសន្តោសប្រោសប្រណីចំពោះគ្រប់មនុស្សសត្វដោយគ្មានរើសអើង ។ ព្រហ្មវិហារធម៌ គឺធម៌ជាទីនៅរបស់ព្រហ្ម ឬជាធម៌ប្រតិបត្តិ ដើម្បីឱ្យមនុស្សរស់នៅបានល្អប្រសើរ ដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈនឹងត្រូវប្រតិបត្តិដើម្បីសាមគ្គីភាព និងភាពសុខក្សេមក្សាន្តក្នុងគ្រួសារនិងសង្គម ។
ខ. ពន្យល់ពីធាតុនីមួយៗ នៃព្រហ្មវិហារធម៌ ។ ព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ។
១. មេត្តា
- ការមានចិត្តស្រលាញ់រាប់អានញាតិមិត្តនិងសាធារណជនក្នុងសង្គមដោយគ្មានការរើសអើងនិងប្រកបដោយសន្តានចិត្តភក្តីទូលាយដូចជាមាតាបិតាចង់ឱ្យតែកូនបានសុខ បានចម្រើនជាកិច្ច ចៀសផុតពីទុក្ខវេទនាពៀរវេរា និងគ្រោះមហន្តរាយគ្រប់ប្រការ ។
- មេត្តា ជាថាមពលនៃធម៌ដែលមានអនុភាពបំផុត អាចផ្សព្វផ្សាយដោយគ្មានការរើសអើងទៅកាន់បុគ្គលដែលជាទីស្រលាញ់របស់យើងឬទៅកាន់អ្នកដទៃដែលមិនមែនជាក្រុមញាតិមិត្ត ឬទៅកាន់បច្ចាមិត្តទៀតផង ។
- មេត្តា មានន័យថាស្និទ្ធស្នាល ការប្រតិបត្តិប្រកបដោយមេត្តា គឹសត្រូវទាំងអស់នឹងត្រឡប់ប្រែក្លាយជាមិត្ត មិនអាចស្អប់ និងមិនចងពៀរវេរាចំពោះយើងបានយូរឡើយ ។ អ្នកមានមេត្តាគ្មានការភ័យតក់ស្លុត អំពីហេតុការណ៍អាក្រក់កើតឡើងទេ គេអាចដោះស្រាយបានរាល់បញ្ហាទាំងអស់ ។
២. ករុណា
- ករុណា គឺការមានចិត្តអាណតិអាសូរដោយគ្មានច្រណែនឈ្នានីស យកត្រូវតែខ្លួនឯង ទិតៀន រិះគន់កំហុសអ្នកដទៃឡើយ ។
- ការអាណតិអាសូរចំពោះមនុស្សទាំងអស់នៅក្នុងសង្គមដែលបានទទួលរងទុក្ខលំបាកផ្សេងៗទាំងផ្លូវចិត្តទាំងផ្លូវកាយ ដោយចង់ឱ្យពួកគេរួចពីទុក្ខលំបាក និងរស់នៅបានសុខស្រួលដូចខ្លួនដែរ ។
៣. មុទិតា
- មុទិតាគឺមានចិត្តទន់ភ្លន់មានចិត្តរីករាយអបអរសារទរចំពោះសេចក្តីសុខចម្រើនរបស់អ្នកដទៃមិនរើសមុខនិងចង់ឱ្យគេស្ថិតនៅក្នុងសេចក្តីសុខសុវត្ថិភាពជាកិច្ចដោយគ្មានការច្រណែននិន្ទាឈ្នានីស ។
៤. ឧបេក្ខា
- ឧបេក្ខា គឺការប្រកាន់ចិត្តជាកណ្តាល មិនលំអៀងទៅខាងណា និងមានចិត្តជាអព្យាក្រឹត ។
- មិនមានចិត្តត្រេកអរហួសហេតុ និងមិនខឹងសំបារចំពោះអ្នកណាទាំងអស់ ។ បំណងសំខាន់ គឺចង់ឱ្យតែពួកគេរស់នៅតាមលទ្ធភាព សមត្ថភាព និងសេរីភាពរបស់ពួកគេមិនមានចិត្តលោភលន់ ឬព្រួយកង្វល់ ចំពោះអ្នកជិតខាងដែលមានទ្រព្យសម្បត្តិច្រើនជាងខ្លួន ។ មនុស្សតែងតែមានចិត្តជាប់ជំពាក់ទៅលើមនុស្សណាម្នាក់ ឬវត្ថុអ្វីមួយដែលជាទីស្រលាញ់ពេញចិត្តរបស់ខ្លួនហើយ ការជាប់ជំពាក់នេះនាំមនុស្សឱ្យមានចិត្តលំអៀងឬអគតិ ។ ដូចនេះមនុស្សម្នាក់ត្រូវប្រកាន់ខ្ជាប់ព្រហ្មវិហារធម៌ព្រោះវាជាប្រភពនៃសន្តិភាព និងវឌ្ឍនភាពនៃសង្គមនិងពិភពលោក ។
៤. ការអប់រំសីលធម៌ និងពលរដ្ឋ នៅក្នុងសាលារៀន មានសារៈសំខាន់ណាស់ព្រោះ យើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាសព្វថ្ងៃនេះសង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍខាងស្មារតី សីលធម៌និងមនុស្សធម៌ ។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិនោះទ្រព្យសម្បត្តិនោះកើតឡើងក្នុងអំពើអសីលធម៌ក៏ដោយ ពោលគឺ គេអោយតម្លៃតែទៅលើភាពហីហាខ្ពស់មុខខ្ពស់មាត់ សំរាប់ខ្លួន និងក្រុមគ្រួសារគេតែប៉ុណ្ណោះ ។ កត្តាទាំងនេះបណ្តាលមកពីចិត្តលោភ ។ ទោសៈ មោហៈ ខ្វះសីលធម៌ ដែលគ្របសង្កត់លើខ្លួនគេធ្វើឱ្យពួកគេមើលពុំឃើញតម្លៃពិតរបស់សង្គម និងរបស់មនុស្សនៅលើពិភពផែនដីនេះ ។ អាស្រ័យហេតុដូចនេះហើយទើបយើងសង្កេតឃើញថា នៅក្នុងសង្គមជាតិយើង គេតែងជួបប្រទះនូវការកាប់សម្លាប់និងសង្គ្រាមមិនឈប់ឈរដែលជារូបភាពធ្វើអោយសង្គមជាតិយើងអាប់ឳនកិត្តិយសពីមួយ ថ្ងៃទៅមួយថ្ងៃ ។ ដើម្បីជួយចំណែកកាតបន្ថយ ឬលប់បំបាត់នូវរាល់កត្តាអសកម្មនិងទង្វើអសីលធម៌ទាំងឡាយដូចបានរៀបរាប់ត្រួសៗខាងលើ ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលលារៀនមានសារសំខាន់ខ្លាំងណាស់គឺ ៖
- អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កុមារ និងយុវជនអោយបានល្អប្រសើរ ចេះគោរពច្បាប់ស្គាល់ពីតួនាទីរបស់ខ្លួនជាប្រជាពលរដ្ឋនាពេលអនាគតសាកសមជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។
- អប់រំយុវជនអោយចេះយោគយល់គ្នា ស្គាល់តម្លៃសន្តិភាព ស្គាល់ន័យនៃជីវិតខាងផ្លូវលោក និងផ្លូវធម៌ ។
- អប់រំយុវជនឱ្យរៀនរស់នៅឱ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គមទោះបីមាននិន្នាការនយោបាយសាសនា វប្បធម៌ផ្សេងពីគ្នាក៏ដោយ ។
- អប់រំយុវជនឱ្យចេះឈឺឆ្អាលចំពោះសង្គមក្នុងបំណងឱ្យសង្គមមនុស្សមានការអភិវឌ្ឍពីគ្រប់វិស័យ ទាំងផ្នែកសា្មរតី និងសម្ភារៈ ។ ជាពិសេសទៅទៀតនោះត្រូវបំពេញតួនាទី ៖
+ ស្គាល់ និងគោរពខ្លួនឯង និងអ្នកដទៃ
+ ស្គាល់តម្លៃ សិទ្ធិ សេរីភាព ភាតរភាព សមភាពជាមូលដ្ឋានរបស់មនុស្ស
+ ស្គាល់ពីជីវភាពពិត និងការវិវត្តរបស់សង្គម ។ សរុបមកទោះបីជាវិទ្យាសាស្ត្រ បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏មនុស្សមិនអាចរស់ដោយគ្មានចំណេះដឹង ជាពិសេសនូវមុខវិទ្យាសីលធម៌នេះបានឡើយ ។