សំណួរ
១. ដើម្បីក្លាយខ្លួនទៅជាគ្រូបង្រៀនល្អទៅថ្ងៃអនាគត តើអ្នកត្រូវត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះ ?
២. ហេតុអ្វីបានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង ?
៣. តើអ្វីទៅជាគរុនិស្សត ?
៤. តើសាកលភាវរូបនីយកម្មមានឥទ្ធិពលអ្វីខ្លះទៅលើសិស្សនិស្សិតគ្រូបង្រៀន ? តើយើងត្រូវធ្វើអ្វីខ្លះ ?
៥. ក្នុងនាមជាបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនតើអ្នកមានគោលបំណងយ៉ាងណាខ្លះដើម្បីឱ្យយុវជនកម្ពុជាក្លាយជាទំពាំងស្នងឫស្សីពិតប្រាកដជាទីសង្ឃឹមរបស់ប្រទេសជាតិ ?
ចម្លើយ
១. ដើម្បីក្លាយខ្លួនទៅជាគ្រូបង្រៀនល្អទៅថ្ងៃអនាគតយើងខ្ញុំបានត្រៀមលក្ខណៈសម្បត្តិដូចតទៅ ៖
ក. រូបសម្បត្តិ ៖ មានរូបរាងកាយសមរម្យ មានសុខភាពល្អកាយសម្បទានសមរម្យ ។
ខ. ចរិយាសម្បត្តិ ៖
- មានកិរិយាមាយាទថ្លៃថ្នូរសុភាពរាបសារ សំដីទន់ភ្លន់ជំហរម៉ឹងមាត់
- គ្រប់ឥរិយាបថដេក ដើរ ឈរ អង្គុយ និយាយស្តីគ្រូត្រូវតែធ្វើជាគំរូដល់អ្នកដទៃ
- សំលៀកបំពាក់មិនឆើតឆោយពោលគឺស្លៀកពាក់សមរម្យមិនមូលជើងខោ ឬដៃអាវហើយអាវដាក់ក្នុងខោជានិច្ច
- មានចិត្តគំនិតស្មោះត្រង់ស្រលាញ់យុត្តិធម៌មានព្រហ្មវិហាធម៌ចំពោះសិស្សខ្លួនជាកិច្ចមានអំណត់ព្យាយាមលើរាល់ការងារមានមនសិកាវិជ្ជាជីវៈជាគ្រូបង្រៀន ។
គ. ចំណេះដឹង
- មានចំណេះដឹងទូលំទូលាយមានកំរិតវប្បធម៌ខ្ពស់មានចំណេះឯកទេសច្បាស់លាស់ប្រកបដោយលក្ខណៈជាវិទ្យាសាស្រ្តទំនើប
- មានចំណេះដឹងខាងវិទ្យាសាស្រ្ត គរុកោសល្យស្គាល់បញ្ញាត្តិទ្រឹស្តីសុភាសិតគោរពតាមគោលដៅអប់រំជាតិ និងគោលការណ៍អប់រំរបស់ក្រសួង ។
ឃ. ចំណេះធ្វើ
- សម្រេចឱ្យបាននូវគុណភាពប្រសិទ្ធភាពអប់រំដើម្បីកសាងធនធានមនុស្សពេញលេញឱ្យក្លាយជាពលរដ្ឋល្អ
- ក្តាប់ឱ្យបាននូវតំរូវការជាក់ស្តែងរបស់សង្គមហៅថា សាលារៀនផ្សារភ្ជាប់ទៅ និងសង្គម និងចេះយកទ្រឹស្តីផ្សារភ្ជាប់ទៅ និងការអនុវត្តន៍
- ការបណ្តុះបណ្តាលធនធានមនុស្សត្រូវផ្សារភ្ជាប់ និងទីផ្សារពលកម្មសេរី ។
ង. ឥរិយាបថ
- គ្រប់ទីកន្លែងត្រូវរក្សាឱ្យបានសេចក្តីថ្លៃថ្នូរប្រកបកិត្តិយសបំផុតដើម្បីឱ្យមានការជឿជាក់ពីអ្នកដទៃ
- ស្រលាញ់ការសិក្សា ការព្យាយាម តស៊ូរៀនសូត្រយកចំណេះដឹងថ្មីៗ ។
ច. បំណិនក្នុងរស់នៅក្នុងសង្គម
- ចេះរួមរស់ក្នុងសុខសន្តិភាពជាមួយអ្នកដទៃពោលគឺចេះរស់ជាមួយគ្នា ធ្វើការជាមួយគ្នា ។
២. វិស្វករ ៖ គឺជាអ្នកដែលធ្វើឱ្យសម្រេចការងារពលកម្ម និងបច្ចេកទេសគ្រប់បែបយ៉ាង ឬហៅថាអ្នកដែលមានគំនិតថ្នៃប្រឌិតបង្កើតថ្មី ។ វិស្វករនៃព្រលឹង គឺជាអ្នកធ្វើឱ្យបញ្ញាញាណរបស់មនស្សមានការរីកចំរើនឈ្លាសវៃ ។ បានជាគេនិយាយថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងព្រោះ ៖
- គ្រូបង្រៀនជាអ្នកអប់រំកសាងបញ្ញារបស់មនុស្សជាតិ
- គ្រូបង្រៀនជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខ និងរីកចំរើននៃការរស់នៅរបស់មនុស្ស
- គ្រូបង្រៀនជាគ្រូពេទ្យព្យាបាលជម្ងឺល្ងង់ខ្លៅរបស់មនុស្សជាតិ
- គ្រូបង្រៀនជាឃ្លាំងនៃបញ្ញាញាណរបស់មនុស្សជាតិ ។
៣. ដែលហៅថាគរុនិស្សិត គឺមានន័យថា ៖
- គរុ ៖ គឺមកពីពាក្យថាគ្រូ គំរូ ជានិស្សិតគំរូ គឺជានិស្សិតដែលរៀនវិជ្ជាគ្រូ
- និស្សិត ៖ ជាអ្នករៀនដែលមានកំរិតយល់ដឹងខ្ពស់ ។ គរុនិស្សិត គឺជាអ្នករៀនផ្នែកនិយាមគរុកោសល្យ និងជាអ្នករៀនមុខវិជ្ជាជីវៈផ្នែកខាងគ្រូបង្រៀន ។
៤. ឥទ្ធិពលនៃសាកលភាវរូបនីយកម្មមានទំនាក់ទំនងទូលំទូលាយនៅលើសកលលោកទាំងមូលការរៀនត្រូវឱ្យមានគុណភាព ។ ឧទារហណ៍ សិស្សពូកែគណិតវិទ្យាគេអាចប្រឡងតាមអ៊ីនធឺណេត ស្រាវជ្រាវតាមអ៊ីនធឺណេត និងរៀនតាមរយៈការសិក្សាពីចំងាយនេះជាគំនិតសាកលភាវរូបនីយកម្មដើម្បីឆ្លើយតបក្នុងការអភិវឌ្ឍន៍របស់សាកលភាវរូបនីយកម្ម ។ យើងត្រូវ ៖
- មានចំណេះដឹងទូលំទូលាយ
- មានចំណេះដឹងមូលដ្ឋាន និង ជំនាញមុខវិជ្ជាជីវៈច្បាស់លាស់
- ត្រូវចេះកាសាបរទេសពិសេសភាសាអង់គ្លេសដែលអាចធ្វើការនៅប្រទេសណាក៏បានជនជាតិបរទេសអាចទៅធ្វើការឬសិក្សាស្រាវជ្រាវនៅប្រទេសផ្សេងៗបានដូចនេះយើងឃើញថាព្រំដែនរដ្ឋបាលមាន ប៉ុន្តែព្រំដែនធនធានមនុស្សគ្មានទេ
- អប់រំខ្លួនប្រឈមទៅនឹងសាកលភាវរូបនីយកម្មដែលមានចំណេះដឹង ដូចជា ផ្នែកព័ត៌មានវិទ្យា ICT (Information and Communication Technology) រៀនអនុវត្តន៍ប្រើអ៊ីនធឺណេតដើម្បីទទួលឯកសារលើសកលលោកផ្លាស់ប្តូរបទពិសោធន៌តាមរយៈសិក្ខារសាលាសន្និសីទជាតិ អន្តរជាតិលើគ្រប់វិស័យ ពិសេស គឺយកបរទេសដែលមានភាពជឿនលឿនធ្វើជាដែគូរអភិវឌ្ឍន៍ ។
៥. ក្នុងនាមជាបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនដើម្បីឱ្យយុវជនកម្ពុជាក្លាយជាទំពាំងស្នងឫស្សីពិតប្រាកដជាទីសង្ឃឹមរបស់ប្រទេសជាតិ ជាដំបូងត្រូវយល់ ៖
- យុវជន ស្មើមនុស្សដែលកំពុងលូតលាស់ខាងកាយសម្បទាខាងប្រាជ្ញា ។ ទំពាំងស្នងឫស្សីស្មើជាពន្លកដែលត្រូវក្លាយជាដើមឫស្សីមនុស្សដែលកំពុងអភិវឌ្ឍន៍ដែលក្លាយជាពលរដ្ឋល្អយុវជន គឺជាទំពាំងស្នងឫស្សី ស្មើយុវជនប្រៀបដូចជាទំពាំងស្នងឫស្សី ។ យុវជន គឺជាពលរដ្ឋដែលត្រូវបន្តវេន ពីមនុស្សចាស់ទំពាំងល្អក្លាយជាឫស្សីល្អលុះត្រាតែមានការថែទាំល្អ ។
- គោលបំនង ស្មើយុវជនល្អក្លាយជាពលរដ្ឋល្អត្រូវមាន ៖
+ ចំណេះដឹងទូលំទូលាយ
+ មានសីលធម៌ គុណធម៌ល្អ
+ មានចំណេះដឹងវិទ្យាសាស្រ្ត បច្ចេកទេសទំនើបទាន់សម័យ
+ មានចំណេះដឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីរស់នៅក្នុងសុខសន្តិភាព
+ មានសុខភាពល្អ កាយសម្បទា មាំមួនប្រាជ្ញាឈ្លាសវៃ
+ មានមនសិកាវិជ្ជាជីវៈល្អ មានសាមគ្គីភាព ឯកភាពពោលគឺ មានចំណេះចេះរស់នៅ និងឥរិយាបថល្អ
+ មានចំណេះដឹងនិងចំណេះអប់រំល្អដើម្បីផ្ទេរទៅដល់អ្នកដទៃ ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋល្អ
+ មានចំណេះស្រាវជ្រាវដកស្រង់បទពិសោធន៍ល្អៗទៅអនាគត
+ យុវជនល្អជាយុវជនដែលមានប្រយោជន៍ចំពោះខ្លួនឯងនិងសង្គមជាតិដែលជាទីសង្ឃឹមនិងសរសរទ្រូងរបស់ប្រទេសជាតិសំរាប់ធ្វើការអភិវឌ្ឍន៍ ។