ក្រោយពីបានចាត់មនុស្សឲ្យទៅចែចូវដឹងថាខាងស្រីបើកផ្លូវ ឲ្យចូលហើយខាងប្រុសត្រូវរៀបចំគិតគូរចូលស្តីថ្ងៃណាត្រូវប្រាប់ខាងស្រីឲ្យដឹងមុនសិន ។ ពិធីដណ្តឹងត្រូវប្រព្រឹត្តទៅ៣ដងដូចពិធីចែចូវដែរ ។ មនុស្សដែលមានភារៈទៅស្តីដណ្តឹងកូនស្រីគេនោះហៅថា«អ្នកផ្លូវចៅមហា» ចំណែកអ្នកតំណាងគ្រួសារខាងស្រីហៅថា«មេបា» ។
- លើកទី១៖ នៅថ្ងៃដែលបានកំណត់មកដល់មនុស្ស៣នាក់ដែលមានគូស្រករសុខនិងគ្នាត្រូវខាងប្រុសពឹងឲ្យធ្វើអ្នកផ្លូវទៅចូលទៅដណ្តឹងមានថង់រងមួយគូស្លាថ្នាំឬស្លាជ្វាចេកទុំ នំអន្សម នំគម នំបត់ រៀបជាគូៗទៅជូនខាងស្រី ។ លើកនេះមេបាខាងស្រីពុំទាន់សំរេចអ្វីទេថាចាំពិគ្រោះគ្នាមើលសិន ។
- លើកទី២៖ ដោយលើកទីមួយមិនបានសំរេច គេឲ្យអ្នកផ្លូវ៣នាក់ទៅដណ្តឹងជាលើកទី២ទៀតដោយមានថងរងគូមានកន្សែងច្របុចក្រាលពីលើមានស្លាម្លូឬស្លាជ្វា ទៀន១គូ ស្រាមួយដប ចេកទុំ នំអន្សម នំគម នំបង់ខ្លាញ់ ។ ខាងស្រីមិនទាន់សំរេចទៀត ថាចង់ឲ្យអ្នកផ្លូវប្រុសៗមកម្តងវិញ ព្រោះខ្លាចអ្នកផ្លូវស្រីទទួលការគ្រប់ជំពូកមិនបាន ម៉្យាងទៀតចង់ឲ្យនាំកូនប្រុសមកមើលផង ។ ពិធីនេះហៅថា«ស៊ីស្លាកន្សែង» ។
- លើកទី៣៖ លើកនេះគេឲ្យកូនស្រី៣នាក់«អ្នកផ្លូវ»ប្រុស៣ស្លាជ្វា ទៀន ស្រា ចេកទុំ នំអន្សម នំគម នំបង់ខ្លាញ់ ក្រូច អង្ករ ត្រីសាច់ បន្លែ និងផ្លែឈើផ្សេងៗព្រមទាំងគ្រឿងមាសប្រាក់ និងសំលៀកបំពាក់ជូនខាងស្រី ហើយនាំកូនប្រុសទៅជាមួយផង ។ ក្រោយពីសន្ទនាអ្នកផ្លូវចៅមហា និងមេបារួចសព្វគ្រប់អស់ហើយមេបាខាងស្រីសុំពិនិត្យសាមីខ្លួនប្រុសព្រមទាំងសួរបញ្ជាក់ពីគំនិតមាយាទសាមីខ្លួនប្រុសនោះផង ។ ចំណែកអ្នកផ្លូវចៅមហាក៏សុំមើលកូនស្រីវិញដែរ ។ ពេលនោះសាមីខ្លួនស្រីក៏ចេញមកជំរាបសួរភ្ញៀវ ហើយជួនកាលមានពិធីបំពាក់ចញ្ចៀនទៅវិញទៅមករវាងគូដណ្តឹងផង ។ នៅតំបន់ខ្លះពិធីនេះជាពិធីហៅព្រលឹងមួយបែបដែរ ។ បន្ទាប់មកអ្នកមហាក៏លើកគ្រឿងស្លាបញ្ជាប់ពាក្យ ជូនទៅមេបា ខាងស្រីពិសាពិធីនេះហៅថា«ស៊ីស្លាបញ្ជាប់ពាក្យ» ។
ដោយមេបានៅមិនទាន់អស់ចិត្តពីគំនិតមាយាទរបស់សាមីខ្លួនប្រុស ទើបមានទំនៀមថាត្រូវឲ្យសាមីខ្លួនបម្រើអនាគតឪពុកក្មេករហូតដល់ពេលរៀបការប៉ុន្តែធ្វើតែកិច្ចការក្រៅផ្ទះ ពុំទាន់មានសិទ្ធិចូលទៅនៅផ្ទះបាននៅឡើយទេ ។ ទំនាក់ទំនងរវាងកូដណ្តឹងក៏ត្រូវគោរពច្បាប់យ៉ាងតឹងរ៉ឹង ។