Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

"វីល្លាម! វីល្លាម​! ដល់ពេលរើផ្ទះហើយកូន!" សំឡេងមនុស្សស្រីម្នាក់​ លាន់ឮកាត់ចម្ការមក​។​ "មក​ហើយៗ ម៉ែ!" វីល្លាម​ ឃែរី ក្នុងវ័យ៦ឆ្នាំ​​ ស្រែកតបទៅម្ដាយ​ ខណៈកំពុងយោលខ្លួន​​ ចុះពីដើមសែន​ ដែលគាត់ឡើងទៅលេងអម្បាញ់មិញ​​។​ លើកនេះ គាត់ប្រយ័ត្នណាស់​ ព្រោះខ្លាច​រហែកខោ​ ដូចអាទិត្យ​មុនទៀត។​ ក្រោយចុះដល់ដី​ ដោយ​សុវត្ថិភាពហើយ ក៏រត់កាត់ចម្ការយ៉ាងលឿន តម្រង់ទៅផ្ទះតៀមថ្មពណ៌ប្រផេះ​ ជាទីដែលគាត់បាន​រស់​នៅ កាលពីក្មេង។​ មុនចូលក្នុងផ្ទះ គាត់រលាស់​មែកឈើ ចេញពីសក់​ប្រះស្មាពណ៌ត្នោតរបស់គាត់ រួចតម្រង់កអាវខ្លួន ឱ្យស្រួលបួលសិន។​ ទោះក្នុងស្ថានភាពរួសរាន់រើផ្ទះក្ដី ក៏ម្ដាយចង់ឱ្យគាត់ មើល​ទៅមានរបៀបដែរ។​ ពេលឃើញថា​ ខ្លួនឯង​មានរបៀបរៀបរយ ល្មមឆ្លងផុតការត្រួតពិនិត្យហើយ គាត់ក៏ឈានជើង ចូលទៅខាងក្នុង​ យ៉ាងរំភើប។​ អស់ពេលជា​ច្រើនសប្ដាហ៍​ហើយ​ ដែលគាត់បានសុបិន​ បន់ឱ្យរឿងនោះកើតឡើង ហើយពេលនេះ រឿង​នោះកំពុងកើត​ឡើងហើយ។​​

ក្នុងឆ្នាំ១៧៦៧ មិនថាសម្រាប់ក្មេងប្រុសវ័យ៦ឆ្នាំ ឬនរណា​ឯទៀតក្ដី ផូលែស្ពូរី បេះដូង​នៃដែនដីភាគកណ្ដាលរបស់អង់គ្លេស​ មិនមែនកន្លែងស្រួលរស់នៅឡើយ​។​ ទី​ប្រជុំជន​​​នេះ​ មានមនុស្សរស់នៅ ប្រហែល​៨០០​នាក់។​ ភាគច្រើន ពួកគេ​ជាមនុស្ស​ខ្សត់ខ្សោយ​ ដូចអេដ​មូនដ៍​ និងអេលីសាបិត​ ឃែរី ជាឪពុកម្ដាយវីល្លាមដែរ គឺ​មាន​តែប្រកប​របរកំប៉ិកកំប៉ុក ក្នុង​ផ្ទះតៀមតូចចង្អៀត​​ ដែលចំណូលបាន​មក​ ស្ទើរមិនគ្រប់​នឹងចិញ្ចឹមគ្រួសារ​ ដែលមានចំនួន​សមាជិកច្រើនទៅៗ ពី១ឆ្នាំទៅ១ឆ្នាំ​។​ ទាំងឪពុកនិងម្ដាយវីល្លាម​ ជាអ្នកត្បាញក្រណាត់​​ ហើយត្រូវចំណាយពេលពេញៗ១ថ្ងៃ ជួន​ដល់​យប់​ផង ដើម្បីត្បាញក្រណាត់​រោមចៀមម្យ៉ាង​ ហៅថា​ថាំមី ទុកលក់​ឱ្យពួកជនវណ្ណ:​កណ្ដាល​ ដែលមកធ្វើ​ជំនួញ​ ក្នុងទីក្រុង​ឡុងដ៍។​ តាំងពីដើម​ ដល់សព្វថ្ងៃ ស្ថានភាពមានតែអ៊ីចឹង​ឯង​។​ តែថ្ងៃ​នេះ ស្ថានភាពនឹង​ប្ដូរ។​ ថ្ងៃនេះ ជាថ្ងៃដែលត្រូវរើផ្ទះ។​ គ្រប់យ៉ាង​ ក្នុងឆាកជីវិតវីល្លាម​ នឹងប្ដូរផ្លាស់​​ ហើយវីល្លាម​ដឹងច្បាស់ណាស់។​

នៅសតវត្សរ៍ទី១៨ ជនជាតិ​អង់គ្លេស​ ប្រើ​ពាក្យ​​"ភ្លីធីង"​ ក្នុង​ន័យថា​​រើផ្ទះ ហើយពេលបោះជំហាន​ ចូលក្នុងផ្ទះ វីល្លាម​ក៏ឃើញឪពុក​ និងប្រធានក្រុមជំនុំ កំពុងសែងតុនិង​កៅអីធ្ងន់ៗ ដែលមានក្នុងផ្ទះ ចេញទៅក្រៅ ដាក់ក្រោម​កម្ដៅថ្ងៃចែងចាំង​​​ នារដូវ​ក្ដៅ។​ វីល្លាម​ក៏នឹកស្រមៃ ដល់ការផ្លាស់ប្ដូរនានា​ ដែលនឹងកើតឡើង ដោយសារតែពេលនេះ ឪពុកគាត់ទើបទទួលតំណែងជាស្មៀន នៅក្រុមជំនុំវិសុទ្ធជន​យ៉ាកុបមហាបុរស​។​ (​ក្រុម​ជំនុំ​វិសុទ្ធជន​យ៉ាកុប ជាសាខា​របស់​ក្រុម​ជំនុំអង់គ្លេស​ ជាស្ថាប័ន​សាសនាតែ១គត់​ ដែលស្ដេច​ ចច ទី៣ ទទួលស្គាល់ ជាផ្លូវការ នាពេលនោះ។​)

អ្វីដែលធ្វើឱ្យវីល្លាម​រំភើប​បំផុត​ គឺឱកាសបានចូលរៀន។​ មុននេះ គាត់គ្មានសង្ឃឹម​ថាបាន​ចូល​សាលាឯកជនផង​។​ កុំថា​ប្រាក់បង់ថ្លៃសាលា​ សូម្បីប្រាក់ទិញស្បែក​ជើង ពាក់ឱ្យបានគ្រប់​គ្នា​ ក៏គ្មានផងហ្នឹង។​​ សម័យនោះ នៅអង់គ្លេស​ សាលាឥតបង់ថ្លៃ មានតិចណាស់​។​ ដូច្នេះ​ អ្នកភូមិភាគច្រើន​ អត់ចេះអាន​ អត់ចេះសរសេរទេ​ ហើយពួកគេ​ក៏ដូចជាមិនចាំបាច់ ត្រូវចេះអានចេះសរសេរអីដែរ។​ ក៏ប៉ុន្តែ​ ទីប្រជុំជនផូលែស្ពូរី ខុសពីទីប្រជុំជនឯទៀត។​ អ្នក​មានស្ដុកស្ដម្ភ២នាក់ ដែលចម្រើនវ័យនៅទីនោះ​ ហើយក្រោយមកទៅរកស៊ី​កើត​មានកើតបាន​នៅទីក្រុង​ឡុងដ៍  បានផ្ញើប្រាក់​មកស្រុកវិញ​ ល្មមនឹងបើកសាលារៀនឥតគិតថ្លៃ១កន្លែង​ ដែលអាចទទួល​ក្មេងៗ​ ឱ្យចូលរៀន​ ​បាន​១២នាក់​។​ ​ដោយសារ​អេដមូនដ៍ ឃែរី ជិតក្លាយជាស្មៀនក្រុមជំនុំ​ថ្មី វីល្លាម​ក៏មានសិទ្ធិចូល​រៀន​ នៅសាលា​នោះដែរ។​ ពេលទៅរៀន​ វីល្លាម​នឹងជួបឪពុកខ្លួនឯងញឹកញាប់​ ព្រោះស្មៀនក្រុមជំនុំ​ ត្រូវបំពេញតួនាទី ជានាយកសាលា​ផងដែរ។​

ការងារថ្មីរបស់ឪពុកវីល្លាម​ តម្រូវឱ្យមានការផ្លាស់ប្ដូរផ្ទះសម្បែង ឬភ្លីធីង។​ មុននេះ ​វីល្លាម​, ប្អូនស្រីវ័យ​៤ឆ្នាំឈ្មោះអាណ, និងឪពុកម្ដាយគាត់​ ត្រូវប្រច្រៀត​គ្នាស្នាក់​នៅ ក្នុងបន្ទប់តូចៗ២ នៅតៀមត្បាញក្រណាត់​នោះ។​ គ្រាន់តែ​កីតម្បាញ​ លាតសន្ធឹងស្ទើរពេញបន្ទប់ជាន់ក្រោម។​ តាំងពីនៅតូចៗ វីល្លាម​និងអាណ នាំគ្នារត់លេងក្រ​ឡឹងកី ទាំង​ប្រយ័ត្ន​​ប្រយែង ក្រែងប៉ះកួយដៃ​និងជង្គង់របស់ឪពុកម្ដាយ ដែលកំពុងដំណើរការត្បាញក្រណាត់​​ដោយកី ដែលមានរាងច្រងេងច្រងាងនោះ។​​ ប៉ុន្ដែ ពេលនេះ​ ពួក​គេ​នឹងរើចេញ​ ពីតៀមតូចសើម​ នៅពួរីអិនដ៍នោះ ទៅកាន់ឆឺច​អិនដ៍ រំលងស្ទឹងពងទឹក​ ដែលពុះខណ្ឌទីប្រជុំជន​ឯណោះ។​ ពួកគេនឹង​រើ ទៅកាន់ផ្ទះថ្មី ជាផ្ទះដែលបានមក​ ដោយសារ​ការងារថ្មីរបស់ឪពុក។​

ជាផ្ទះតៀម២ជាន់​ប្រក់ស្បូវ មានឡកម្ដៅ២ និងមានបង្អួចប្រដឹស៤ នៅពី​មុខ។​​ បើប្រៀបធៀបនឹងផ្ទះ ដែលពួកគេធ្លាប់នៅពីមុន ផ្ទះថ្មីនោះប្រៀប​បាននឹងវាំង​អ៊ីចឹង។​ ហេតុ​ការណ៍ផ្លាស់ប្ដូរផ្ទះនេះ កើតឡើងចំវេលាល្អផងដែរ ព្រោះម្ដាយវីល្លាម​ មានផ្ទៃពោះគ្រប់​ខែ​ទៀតហើយ។​ បើបន្តនៅ​តៀមត្បាញក្រណាត់​នោះ ច្បាស់ជារកកន្លែងឱ្យកូនម្នាក់ទៀតដេកពុំបានឡើយ ទោះត្រឹមជាកូន​ង៉ែតតូចក្ដី តែផ្ទះថ្មីនេះ ធំជាងផ្ទះចាស់ឆ្ងាយណាស់ ធំដល់ថ្នាក់​វីល្លាម​ បានបន្ទប់១​ ជាបន្ទប់ផ្ទាល់ខ្លួនទៀតផង​។​ ក្នុងភូមិ ​ក្មេងតិចនាក់ណាស់​ ដែលដេកបន្ទប់១ម្នាក់​ឯង។​

វីល្លាម​ដឹងច្បាស់ ថាត្រូវចាត់ចែងដូចម្ដេច​​ ឱ្យមានឥវ៉ាន់​ពេញបន្ទប់។​ ទោះវ័យ​ទើប៦ឆ្នាំ តែវីល្លាមពូកែ​ប្រមូលរបស់ទុក ជាងមនុស្សធំភាគច្រើនទៅទៀត។​ ពុំមែនរបស់ប្រើប្រាក់ទិញទេ តែជារបស់​ក្នុងធម្មជាតិជុំ​វិញខ្លួន។​ គាត់ចូលចិត្តដើរយូរៗ ក្នុងព្រៃ រ៉ូយ៉ាល់​​ វីថុលបឺរី ហ្វូរ៉េសថ៍ នៅចុងភូមិ។​ គាត់ចូលចិត្តត្រាច់ចរ​ ក្រោមដើមសែន​ធំៗ ដើម្បីស្វែង​រកចង្រិត​ ដង្កូវ​ ពងបក្សី និងមេអំបៅ យកមក​ទុកក្នុងបន្ទប់។​ ពេលឃើញសត្វល្អិតណា១ប្លែក​ សូម្បីក្រោមគុម្ពដំបងយក្ស​ ក៏គាត់ខ្វេះយក​ទាល់តែបាន។​ អ្វីដែលគាត់ រក​បានមកនោះ ខ្លះងាប់​ ខ្លះនៅរស់​។​ គាត់យកទាំងអស់​ ត្រឡប់​មក​ផ្ទះ ដាក់ក្នុងប្រអប់​ និងទ្រុងឈើតូចៗ ដែលឪពុកគាត់ធ្វើឱ្យ​។​  ខណៈ​កំពុងកាន់ក្ដារបោកខោអាវ​ និងធុងស្បែក​ តាមផ្លូវឆ្ពោះទៅផ្ទះថ្មី​ វីល្លាម​ដាក់ផែនការជាស្រេច​ ថា​នឹង​រៀបចំទ្រព្យសំណព្វរបស់ខ្លួន នៅបន្ទប់គេងថ្មីនោះយ៉ាងដូច​ម្ដេច។​

មុនមេឃងងឹត គ្រប់​យ៉ាងរើមកអស់ហើយ រួម​ទាំងដើមឈើសំណព្វចិត្ត​របស់វីល្លាម ដែលគាត់ជីកចេញពីផ្ទះចាស់ ​យកមកដាំវិញ នៅក្រោមបង្អួចបន្ទប់គេងរបស់ខ្លួន។​ យប់នោះ ពេលគាត់ចូលគេងជា​លើកទី១ ក្នុងបន្ទប់​គេងថ្មី ដើមកុលាប​សំណព្វ​ចិត្ត​​ ដែលនៅក្រោមបង្អួចតែបន្តិចនោះ ក៏បង្ហើរ​ក្លិនក្លែបដ៏ក្រអូបឈ្ងប់ មកបំពេអារម្មណ៍គាត់។​

វីល្លាម​ទម្លាប់នឹងជីវិតថ្មីលឿនណាស់ តែមានរឿង១ ដែលគាត់មិនចូលចិត្ត។​ ក្នុងកម្មវិធី​ថ្វាយបង្គំថ្ងៃអាទិត្យ​ នៅក្រុមជំនុំវិសុទ្ធជន​យ៉ាកុបមហាបុរស​ វីល្លាម​ត្រូវអង្គុយ​ ជាមួយគ្រួសារគាត់​ នៅកៅអីពិសេស​ ខាងក្រោយបញ្ជរ​ ដែលគ្រូគង្វាល​ចូនស៍ ឈរអធិប្បាយ​បន្ទូល។​ ពិតហើយ វាជារឿង​សប្បាយម្យ៉ាង​ ដែលបាននៅខ្ពស់ជាងគេ​។ វីល្លាមមើល​ឃើញក្បាលមនុស្សទាំងអស់​ សូម្បីអ្នកគោះជួង នៅខាងក្រោយក្រុមជំនុំឯណោះ ក៏គាត់មើល​ឃើញដែរ​។​ ប៉ុន្តែ ខណៈនរណាធ្វើអ្វី ក៏ខ្លួន​ឃើញនោះ គាត់ក៏មានអារម្មណ៍ថា​ ខ្លួនកំពុងស្ថិតលើឆាកសម្ដែងផងដែរ។​​ ម្ដាយគាត់រំឭកគាត់ ឱ្យប្រយ័ត្នប្រយែងជានិច្ច​ ព្រោះ​មនុស្សទាំងអស់កំពុងមើលមកពួកគេ។​ ពេលថ្វាយបង្គំម្ដងៗ មិត្តរួមសាលា​​ ចូលចិត្តញាក់មុខញាក់មាត់​ដាក់គាត់​​ ពីលើជើងម៉ាមក។​ វីល្លាម​ធ្វើមិនដឹងមិនឮ។​ គាត់ដឹងថា​ បើហ៊ានឆ្លើយឆ្លង​នឹងពួកនោះ ខ្លួននឹងទទួលពិន័យមិនខាន។​ វីល្លាម​ទៅក្រុមជំនុំរាល់អាទិត្យ​ លើកលែងចំពេលត្រូវនៅផ្ទះ មើលប្អូនស្រីតូចទើបកើតឈ្មោះផូល្លី (ឈ្មោះពិតរបស់នាងគឺមែរី តែគ្មាននរណាហៅមែរីទេ)។

ពេលថ្វាយបង្គំថ្ងៃអាទិត្យ​ ឪពុកវីល្លាម​ត្រូវបំពេញតួនាទីពិសេសៗច្រើនមុខ​។​ គាត់នាំសមាជិកអធិស្ឋាន​ និង​សូត្របន្ទូល។​ គាត់ប្រកាសចំណងជើងបទអធិប្បាយ។ គាត់មាននាទីលៃយ៉ាងណា ឱ្យក្រុមជំនុំស្អាតបាត​ គ្មានឆ្កែឆ្មាចេញចូលផ្ដេសផ្ដាស។​ គាត់មាននាទីចុះបញ្ជីសំបុត្រកំណើត និងសំបុត្រមរណៈផងដែរ។​ ដោយសារក្រុមជំនុំ​ ពុំមានប្រាក់ច្រើន​ ជាតម្លៃពលកម្ម​ឱ្យគាត់​ នោះគាត់មានសិទ្ធ​ ទុកប្រាក់ថ្លៃចុះបញ្ជីផ្សេងៗ​​​​ សម្រាប់​ប្រើផ្ទាល់ខ្លួន។

គ្រួសារគ្មានប្រាក់ច្រើន ស​ម្រាប់ចាយ​វាយឡើយ​ តែមានចំណុច១ ទាក់ទងនឹងការងារថ្មីរបស់ឪពុកគាត់​ ដែលធ្វើឱ្យវីល្លាម​រំភើប​ជាខ្លាំង នោះគឺសៀវភៅ។​ ក្នុងអំឡុង​ឆ្នាំ១៧៦០ នៅអង់គ្លេស​ មានសៀវភៅបោះពុម្ពចេញមកតិចណាស់។​ ហេតុនេះហើយ ទើបជាទូទៅ មានតែអ្នកមាន​ និងស្មៀនប៉ុណ្ណោះ ដែលមានសៀវភៅក្នុងដៃ។​ តែពេលនេះ ដោយសារឪពុកគាត់ ជានាយកសាលាផង​ ជាស្មៀនក្រុមជំនុំផង វីល្លាម​ក៏មានឱកាសស្គាល់មនុស្សម្នាជាច្រើន ដែលបានឱ្យគាត់ខ្ចីសៀវភៅមកអាន។​ គាត់ជាមនុស្ស​រៀន​លឿន។​ ក្នុងពេលខ្លីប៉ុណ្ណោះ គាត់ចេះអាន​ ចេះជក់ចិត្ត​​ នឹងសៀវភៅរឿងផ្សងព្រេងល្បីៗ​ នៅជំនាន់នោះ ជាអាទិ៍​ សៀវភៅរឿងរ៉ូប៊ីនសុន​គ្រូសូ និង​ដំណើរផ្សងព្រេង​របស់គូលីវែរ។​ មិនត្រឹមរឿងបែបផ្សងព្រេងទេ។​​ វីល្លាម​អានគ្រប់យ៉ាង​ ដែលខ្លួនមាននឹងដៃ ជា​ពិសេស​សៀវភៅទាក់ទងដែនដីបរទេស។​ សៀវភៅទាំងនោះ​បានបញ្ឆេះអារម្មណ៍ស្រមើស្រមៃរបស់វីល្លាម​។​ ជាញឹកញាប់​ ពេលនៅម្នាក់ឯង​ គាត់លួចដើរ​តួជា​ពញា ប្រង់ស៊ីស​ ដ្រេក​ ធ្វើដំណើរឆ្លងកាត់​ច្រកសមុទ្រ​ម៉ាល់កេឡាន់​ ក្នុងសៀវភៅរឿងក្ដាន់មាស ឬ គ្រីស្តូហ្វឺ កូឡុម​ប៊ុស​ ជិះសំពៅរុករក​ដែនដីថ្មី ក្នុងនា​ម​ហ្វ៊ែឌីណងដ៍និង​អ៊ីសាបិល​ ជា​ស្ដេចនិងរាជនីរបស់អេស្ប៉ាញទៀតផង។ ​ថ្ងៃ១ មានមិត្តភក្ដិខ្លះ លបមើលឃើញវីល្លាម​ កំពុង​សម្ដែងជាតួកូឡុម​ប៊ុស​រុករក​ឃើញដែនដីអាម៉េរិក​ រួចនាំគ្នាហៅគាត់ថាកូឡុម​ប៊ុសៗ​ ជាឈ្មោះលេង​ ដែរគេប្រើហៅគាត់​ រហូតដល់ធំពេញវ័យ។ 

ទឹក​ចិត្តស្រឡា​ញ់ចម្ពោះដែនដីបរទេស​ កាន់តែឆួលឆាបឡើង ពេលអ៊ំប្រុសភីធ័រ​ ដែលបាត់ខ្លួនទៅជាយូរ បានវិលមកពីកាណាដា​ ​ជាទីដែលគាត់បានប្រ​យុទ្ធជាមួយជនជាតិ​បារាំង ដើម្បីចាប់យកខេត្តក្វេបិក​ មកឱ្យចក្រភពអង់គ្លេសវិញ។ គ្មាននរណាធ្លាប់នឹកនាថាអ៊ំភីធ័រ​ នឹងបានមកស្រុកវិញ​ឡើយ តែថ្ងៃ១ ក្នុង​រដូវ​ស្លឹកឈើជ្រុះ​ ស្រាប់តែលេចមុខ​គាត់មក​ ព្រមជាមួយនឹងរឿងរ៉ាវជាច្រើន ទាក់ទងនឹងទីដែលគាត់បានទៅ ហេតុការណ៍ដែលគាត់បានជួប ទុកនិទានប្រាប់គេប្រាប់​ឯងទៀតផង។​ គាត់បានប្រយុទ្ធកៀកស្មាគ្នា​ ជាមួយលោកមេទ័ព ចេមស៍ វូហ្វ​​ ហើយបាន​ធ្វើជំនួញ​ ជាមួយពួកកុលសម្ព័ន្ធ​ អាឡុងគ្វីន​ អ៊ីនឌាន។​

វីល្លាម​ ដែលពេលនេះមានវ័យ៨ឆ្នាំ​ រំជើបរំជួលនឹងអ៊ំភីធ័រ​របស់ខ្លួន​ណាស់ ហើយបានសុំហើយសុំទៀត ឱ្យគាត់និទានរឿងជាច្រើន​ ដែលគាត់បាន​ឆ្លងកាត់​ ឱ្យខ្លួនស្ដាប់​។​ វីល្លាម​មានចំណាប់អារម្មណ៍ពិសេស​ ទៅលើដំណើរផ្លូវសមុទ្រ​ កាត់មហាសមុទ្រ​អាត្លង់ទិក។​ ទោះ​ធ្លាប់លួចដើរ​តួជាពញា ប្រង់ស៊ី ដ្រេក​ និង​ គ្រិស្ដូហ្វឺ កូឡុមប៊ុស​​ តែគាត់ពិបាកនឹងរកនឹករកគិតឱ្យឃើញ ថាមហាសមុទ្រ​នោះ​ មានសណ្ឋានយ៉ាង​ម៉េចណាស់។​ អ៊ំភីធ័រ​ពន្យល់​ថាមហាសមុទ្រ​ ប្រៀបបាន​នឹងស្ទឹង១​លាន​ ហូរទន្ទឹមគ្នា ឆ្ងាយដាច់កន្ទុយភ្នែក។​ វីល្លាម​ព្យាយាមស្រមៃឱ្យចេញជារូប​ភាព ដូចគាត់ធ្លាប់ស្រមៃពីទីក្រុង​ឡុងដ៍ដ៏ធំ​ ដែលមានមនុស្សរស់នៅដល់ទៅ៦សែននាក់​ដូច្នោះដែរ។​ តែទោះព្យាយាមយ៉ាងណា​ សម្រាប់ក្មេងប្រុសម្នាក់​ ដែលមិនធ្លាប់ចេញហួស១៥គីឡូពី​ភូមិកំណើតផង​ វាមិនងាយស្រមៃឱ្យចេញជារូបភាពនោះឡើយ។​

វីល្លាម​បានចំណាយ​ពេល​ជាច្រើនម៉ោងនៅជាមួយអ៊ំភីធ័រ។ អ៊ំភីធ័រ​គ្មានប្រពន្ធគ្មានកូនទេ។​​ ក្រៅពីដឹងរឿងរ៉ាវច្រើនអំពីពិភពលោក​ អ៊ំភីធ័រដឹង​ច្រើនអំពីរុក្ខជាតិ​ទៀតផង។​ តាមពិត​ ក្រោយមកដល់ផូលែស្ពូរីភ្លាម​ ថៅកែធំក្នុងភូមិ ​បាន​ជួល​គាត់ ឱ្យ​ធ្វើអ្នកថែសួន។ ពីពេលនោះ​មក ឱ្យតែមានឱកាស ២នាក់អ៊ំក្មួយ តែង​​ជជែកគ្នាអំពីសួនច្បារផង ហុចកន្រៃ្ដ​ ហុចមើមឈើ ហុចសម្ភារៈធ្វើសួន​​ ចុះឡើងៗផង។​ ​

ជីវិតហាក់ដំណើរការល្អសម្រាប់វីល្លាម ព្រោះគាត់ចូលចិត្ត​សាលា​ តែឪពុកតឹងរ៉ឹងចម្ពោះគាត់​ជាង​សិស្សឯទៀត។​ វីល្លាម​ចូលចិត្តទៅ​នៅសួន​ច្បារ​របស់គាត់​ ជាសួនដែលមិនយូរប៉ុន្មាន ក៏បានក្លាយជាសួន​ស្អាតបំផុតក្នុងភូមិ។ ផូល្លី ប្អូនស្រីតូចរបស់គាត់ ទៅតាម​គាត់ស្ទើរគ្រប់​កន្លែង​​ ដូច្នេះ​វីល្លាម​បានតែងតាំងនាង​​ជា"​ជំនួយការផ្នែកស្រាវជ្រាវ" ហើយឱ្យនាងយួរស្បោង​​ ដែលមានពេញទៅដោយរុក្ខជាតិ​ និងសំណាកសត្វច្រើនប្រភេទ ពេលពួកគេដើរជាមួយគ្នា។​ ពេលខ្លះវីល្លាម​ពរថូម​ជាប្អូន​ប្រុសទើបកើតថ្មីថ្មោងមកដែរ​ តែមិនបានយូរទេ​។ ថូមធំលឿន​ ធ្ងន់ពេក ពរលែងរួច​។

វីល្លាម​ចាប់អារម្មណ៍​ នឹងរឿងរ៉ាវគ្រប់យ៉ាង ហើយទោះគាត់រស់ក្នុងភូមិតូច១ ចម្ងាយ​១៥គីឡូខាងត្បូងណូសាម​ថុន​ក្ដី តែកាសែតបានជួយបើកភ្នែក ឱ្យគាត់មើលឃើញពិភព ដែលនៅហួសឆ្ងាយ ពីផូលែស្ពូរី។ កាសែត ឌឹ ណូសាមថុន​ ម៉ឺគ្យូរី ចេញផ្សាយរាល់ថ្ងៃចន្ទ​ ហើយបុរសប្រៃសណីយ៍ ជិះសេះយកមកចែកចាយ​ នៅផូលែស្ពូរី​ ចំនួន​៣​ច្បាប់។ ១ច្បាប់​បានទៅប្រធានក្រុមជំនុំ ១ច្បាប់​បានទៅថៅកែធំ ហើយ១ច្បាប់​ទៀត បានទៅនាយកសាលា។ ១​សប្ដាហ៍ៗ វីល្លាម​ទន្ទឹងមើលផ្លូវកាសែត​​ ទាំងអន្ទះសា។ មានរឿង​អស្ចារ្យៗជា​ច្រើន ​កើតឡើង​ក្នុងពិភពលោក​ ដែល​គេ​ត្រូវអាន​។​ ក្នុងឆ្នាំ​១៧៦៤ ចេមស៍ ហារគ្រីវ​ បង្កើតបានម៉ាស៊ីនម្យ៉ាង ដែលអាចរវៃអំបោះ៨សរសៃ ក្នុងពេលតែ១។​ គាត់ដាក់ឈ្មោះ​ ឱ្យម៉ាស៊ីននោះចេននីរវៃ តាមឈ្មោះចេននី ជាឈ្មោះកូនស្រីគាត់។​ រួចនៅឆ្នាំ១៧៦៩ រីឆាដ​ អាករ៉ាយថ៍ បានកែលម្អរបកគំហើញថ្មីនេះ ហើយបង្កើតបានម៉ាស៊ីនត្បាញ ដែលធ្វើឱ្យសរសៃអំបោះ មានគុណភាព​ ល្អជាង​ចេននីរវៃទៅទៀត។​ បន្ទាប់មក អាករ៉ាយថ៍ បានសង់រោងធំៗ​ ដើម្បីដំឡើងម៉ាស៊ីនរវៃទាំងនោះ ហើយប្រើម៉ាស៊ីនដើរដោយចំហាយទឹក ដែលរកឃើញដោយ​ ចេមស៍ វ៉ាត់ ក្នុងឆ្នាំ១៧៦៥ ជា​ថាមពលបូមទឹក យកមក​បង្វិលកង្ហារ ដែលវិលនៅលើម៉ាស៊ីន។ នៅឆ្នាំ១៧៦៩ ជនជាតិ​បារាំងម្នាក់ ឈ្មោះ នីកូឡាស​ គុយញ៉ូ​ បានប្រើម៉ាស៊ីនចំហាយទឹក​របស់វ៉ាត់​ ជាម៉ូទ័រ​អូសរទេះ។​

ក្នុងឆ្នាំ១៧៧១ កាសែត ឌឹ ណូសាម​ថុន ម៉ឺគ្យូរី​ ចុះផ្សាយ​ពីដំណើរត្រឡប់មកអង់គ្លេសវិញ​ របស់កាពីទែន​ ចេមស៍​ ឃុក និងក្រុមការងារនៃសំពៅអ៊ីនឌីវើរ។ ឃុក បានចេញសំពៅ​ ទៅថាហ៊ីធី​ ដើម្បីសង្កេតមើលច្រកវ៉េនុស​ រួចបានរុករក​ឃើញឆ្នេរអូស្រ្តាលីខាងលិច និងឆ្នេរណូវែល សេឡងដ៍។ វីល្លាម​រក្សាទុកទំព័រកាសែត​ ដែលមានសម្រង់អត្ថបទ ពីកំណត់ហេតុរបស់ឃុក។​

ថ្ងៃ១ ក្រោយអានសៀវភៅផ្សេងៗទៀត ដែលមានក្នុងផ្ទះអស់ហើយ គាត់​ក៏ផ្ដើមឆែកមើលសៀវភៅ ដែលអ៊ំភីធ័របន្សល់​ទុកនៅទីនោះ។ រួចក៏ឃើញសៀវភៅក្រាស​១​ក្បាល​ ដែលពេញទៅដោយរូបរុក្ខជាតិ។ តែមានបញ្ហា១។​ វីល្លាម​​ ដែលពេលនេះមាន​វ័​យ​៨ឆ្នាំ​ អត់ចេះអានពាក្យ ក្នុងសៀវភៅនោះទេ។ គាត់ក៏នឹកភ្នកថា​ ប្រាកដជា​ភាសាបរទេស​ តែក៏ពុំ​ដឹងថា​ ជាភាសា​អ្វីនោះដែរ។ អ៊ំភីធ័រ​ធ្លាប់និយាយបារាំង​ ដែលខ្លួនចេះចាំ​ កាលនៅកាណាដា​ ឱ្យស្ដាប់ពីរបីម៉ាត់​ដែរ​​ តែក្រៅពីហ្នឹង វីល្លាម​ពុំដឹងថា​ ភាសាផ្សេងពីភាសា​អង់គ្លេស មានសំឡេង​​មានរូបយ៉ាងណានោះទេ។

វីល្លាម​គិតថា​ ឪពុកគាត់ប្រហែល យល់ដឹងអំពីភាសា ច្រើនគួរសម។ ត្រូវមែន​ អេដមូនដ៍ ឃែរី​ ដឹងថា​សៀវភៅនោះ​ សរសេរជាភាសាឡាតាំង​ ដូចគ្នា​នឹង​ភាសាឡាតាំង​ ដែលមានឆ្លាក់ តាម​ផ្នូរនិងម៉ុងចាស់ៗ នៅជុំវិញក្រុមជំនុំវិសុទ្ធជន​យ៉ាកុប​មហាបុរស​ដែរ។​ លោកឃែរីខ្លួនឯង ពុំចេះអានឡាតាំង​ទេ​​ តែបានសង្កេតឃើញសៀវភៅវេយ្យាករណ៍ឡាតាំង​ចាស់១ក្បាល​ ញាត់​នៅលើធ្នើរ ក្នុងអគារសាលា។ គាត់ក៏យកមកជជុះធូលីចេញ រួចឱ្យទៅវីល្លាម។

ក្នុងពេលតែពីរបី​ខែ វីល្លាម​ចេះចាំសៀវភៅនោះទាំងមូល​ ហើយអាចនិយាយចេញជា​ឃ្លា​ជាល្បះបាន ទោះបានត្រឹមតែនិយាយដាក់ខ្លួនឯងក្ដី! វិសេសបំផុងគឺ ​ពេលនេះ​ គាត់​ចេះអាន​ពាក្យ​ ដែលនៅទន្ទឹមនឹង​រូប​ភាពរុក្ខជាតិ ក្នុងសៀវភៅអ៊ំភីធ័រ​ ដោយខ្លួនឯងបានហើយ។

សាលាក្នុងភូមិ បង្រៀនក្មេងៗ ដល់ អាយុ១២​ឆ្នាំប៉ុណ្ណោះ។ ក្រោយអាយុ១២ឆ្នាំ ក្មេងៗត្រូវទៅដាក់ពាក្យរៀនត​នៅក្រុង ឬជួលគ្រូមកបង្រៀននៅផ្ទះ។ ជាអកុសល គ្រួសារឃែរីពុំមានប្រាក់ នឹងធ្វើរឿងទាំង២នេះឡើយ។​​ ដូច្នេះ នៅវ័យ​១២ឆ្នាំ​ វីល្លាម​ត្រូវរកការងារធ្វើជួយផ្គត់ផ្គង់គ្រួសារ​ ដូចក្មេង​ឯទៀតដែរ។​

១៧៧២ ជាឆ្នាំ​ដែលវីល្លាមត្រូវបញ្ចប់ការ​សិក្សា និងជា​ឆ្នាំដែលភាពតានតឹងរវាងដែននិគមកិច្ចអាម៉េរិក​និងអង់គ្លេស កំពុងកើនឡើង។ អ្នកខ្លះមានមន្ទិលថា​​ ពួកនិគមជនទាំង​នោះ​ អាច​ដើម្បីឯករាជ្យ ដោយគ្មានស្ដេចនាំមុខច្បាំង ម្ដេចនឹងបានទៅ។ អ្នកខ្លះទៀតបារម្ភ ក្រែងជនជាតិបារាំងលូក​ដៃលូកជើងមកជួយពួកនិគមជន ដើម្បីសងសឹកនឹងអង់គ្លេស ដែលបានយកខេត្តក្វេបិក​ពីពួកគេ។ ប្រធានបទទាំងនេះ នាំឱ្យមានការជជែកដេញដោល​យ៉ាងស្រួចស្រាល់​ នៅសាលា​ផងដែរ​ តែ​វីល្លាមលែងបាននៅទីនោះ លែងមានឱកាសចូលរួមហើយ។ គាត់កំពុងធ្វើជាកម្មករ​គេ នៅកណ្ដាលចម្ការឯណោះ។

ទោះវីល្លាម​មានចំណេះ ល្មមធ្វើការ​ខាងក្នុង​ផ្ទះបាន តែគាត់​ចូលចិត្ត​នៅខាងក្រៅផ្ទះ។ អ៊ីចឹង​ហើយ ទើបគាត់បានអង្វរឪពុក ឱ្យ​រកការងារក្រៅផ្ទះឱ្យ​ធ្វើ។ ទោះមានរាងស្ដើង ហើយអាយុនៅតូចតិច​​ តែគាត់ធ្វើការចំណាប់ណាស់។ គាត់ចេះភ្ជួរដី​ដាំដុះ គាត់ចេះឃ្វាលចៀមឡាយសេស្ទ័រ​​ ដែល​ពេញៗ​១ថ្ងៃ​​ ស៊ីស្មៅតាមទីទួលពណ៌​បៃតង នៅជនបទ។

ទោះវីល្លាមចូលចិត្ត​សំដិលថ្ងៃ​នៅខាង​ក្រៅ​ តែថ្ងៃពុំចូលចិត្ត​គាត់ទេ។ គាត់​រលាករោលពេញខ្លួន ហើយគ្រូថ្នាំបូរាណប្រចាំភូមិ​ មើលគាត់មិនជាឡើយ។ ឱ្យតែថ្ងៃក្ដៅបន្តិច វីល្លាម​រោលក្រហាយ​ពេញមុខពេញដៃភ្លាម។​ តែដោយសារគាត់​​ ចង់តែធ្វើការ​ ជាមួយសត្វ ជាមួយរុក្ខជាតិ​ នៅខាងក្រៅ​ផ្ទះ​​ គាត់ក៏ទ្រាំឈឺទ្រាំក្រហាយ​ដូច្នោះ អស់ពេល២ឆ្នាំ។ តែនៅទីបញ្ចប់ គាត់ក៏ទទួលស្គាល់ថា​ ខ្លួនមិនអាចបន្តធ្វើទៀតបានទេ។ វីល្លាម​ត្រូវរកការងារផ្សេង។

ជំងឺរោលលើមុខ​ នឹងប្ដូរគន្លងជីវិតវីល្លាមទៅថ្ងៃមុខ តែពេលនោះ​ វីល្លាមពុំដឹងទេ។ បើគ្មានជំងឺរោលនោះ វីល្លាម​ប្រហែលត្រូវរស់នៅ​​ហើយស្លាប់ទៅ​ នៅផូលែស្ពូរី​នោះឯង។ តែដំណើរស្វែង​រកការងារថ្មី​ ធ្វើឱ្យគាត់ត្រូវចេញពីផ្ទះ ចម្ងាយ​១៥​គីឡូ​ ​ជា១៥គីឡូដំបូង​ នៅលើ​ដំណើរជីវិត១ ដែលនឹងវិសេសវិសេស ជាង​ដំណើរផ្សងព្រេងនានា​ ដែលគាត់បាន​អាន ក្នុងសៀវភៅដំណើរ​ផ្សងព្រេងរបស់គូលីវែរ និងសៀវភៅរ៉ូប៊ីនសុន​គ្រូ​សូទៅទៀត។​ 

(ដោយ​ យ៉ាណិត និងកូហ្វ បេនច៍)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login