Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វីល្លាម​ ឃែរី សម្លឹងមើលទៅ​គំនរឡាំងឈើនិងហឹបស្បែក ដែលគេទម្លាក់​ ពីលើកំពង់​ផែផូតស្ម៉ោស​​ ក្បែរសំពៅឈ្មោះ អឺល​ អូហ្វ​ អូកស្វ៉ដ។​ គាត់នឹកចាំ ពីអារម្មណ៍រំភើបដែលខ្លួនមាន​ ពេលដែលឥវ៉ាន់​គាត់​ ត្រូវគេយកទៅដាក់​ លើសំពៅ នៅទីក្រុ​ង​ឡុងដ៍ កាលពីខែមុន។​ ពេលនោះ ដំណើរផ្សងព្រេង​ កំពុង​ទន្ទឹងរង់ចាំ​ពួកគេ​។​ ពេលនេះ សុបិននោះបែកបាក់ខ្ចាត់​ខ្ចាយអស់ហើយ។​ ពួកគេ​២នាក់​ ឈរទន្ទឹមគ្នា​ នៅលើកំពង់ មើលទៅសំពៅ​ ដែលត្រៀមចេញដំណើរ ហើយនៅលើកនេះ គឺចេញដំណើរទៅ ដោយគ្មានពួកគេ​ ទៅជាមួយឡើយ។​

ខណៈដែលក្រុមការងារសំពៅ កំពុងច្រាន​ដោល​ក្ដោងសំពៅចុះឡើងៗ វីល្លាមបាន​អង្វរកាពីទែន​ វ៉ាយថ៍ សូមឱ្យពិចារណាម្ដងទៀត។​ លោកកាពីទែនមិនពិចារណាឡើយ។​ និយាយងាយយល់​គឺ គាត់មិនអាច​ប្រឈម នឹងការបាត់បង់មុខរបរ​ខ្លួន ដោយឱ្យអ្នកដំណើរគ្មានលិខិតអនុញ្ញាត ធ្វើដំណើរ ទៅឥណ្ឌានោះឡើយ។

១ម៉ោងក្រោយមក​ សំពៅ​ អឺល​ អូហ្វ​ អូកស្វ៉ដ​ ក៏ស្រាយខ្សែ​ ហើយបណ្ដែតខ្លួន ចេញពីកំពង់ទៅ។​ ឯក្រុមការងារសំពៅ ក៏រួសរាន់ទាញកន្ត្រាក់ក្ដោងសំពៅ ឱ្យស្ថិតក្នុងទីតាំងត្រឹមត្រូវ។​ វីល្លាម​ឱបហ្វេលីកស៍យ៉ាងណែន​ ទាំងដឹងថាកូនប្រុសខ្លួន ប្រហែលមិនយល់ពីអ្វី ដែលកំពុងកើតឡើងនោះឡើយ។​ ឱ្យគ្នាយល់ដូចម្ដេចទៅ បើវីល្លាម​ខ្លួនឯង​ ក៏មិនយល់ផងហ្នឹង? អឺល​ អូហ្វ​ អូកស្វ៉ដ​ ចាកចេញទៅ ដោយពុំមានពួកគេ​ ទៅជាមួយឡើយ។​

វីល្លាម​មើលឃើញនាវានោះ​ រួមគ្នា​​ជាមួយសំពៅ៦ផ្សេងទៀត​ បង្កើតបានជាក្បួនសំពៅ១។​ ទោះខកចិត្តក្ដី តែវីល្លាម​ជក់ចិត្ត​ នឹងទស្សនីយភាពដ៏វិសេស​វិសាលនោះណាស់... ក្ដោងធំៗពណ៌ស​បក់ភ្លឹបផ្លាប់ៗ ដោយជំនោរពេលរសៀលដ៏ត្រជាក់ស្រទន់ ក្រោមរស្មីសូរិយា​នារដូវ​ផ្ការីក។​ ក្បួនសំពៅតម្រង់មុខ​ ចុះឆ្ពោះទៅច្រកសមុទ្រ​​អង់គ្លេស​។​ ខណៈ​​វីល្លាម​​កំពុងមើលនោះ ទឹក​ភ្នែក​១​ដំណក់​ ក៏រមៀលធ្លាក់​ កាត់ពី​លើផែនថ្ពាល់គាត់។​

ហើយខណៈដែលសំពៅទាំងនោះ​ កំពុងបណ្ដែតខ្លួន ឆ្ពោះទៅជើងមេឃឯនាយ​​ រយពាន់​ចម្ងល់​​និងមន្ទិលក៏ជន់ជោរ ពេញក្នុងដួងចិត្តវីល្លាម​។​ បើអង់គ្លេសនិងបារាំង គ្មានសង្គ្រាមនឹងគ្នា​ ម្ល៉េះវីល្លាម​និងកូនប្រុសគាត់​ មិនអាក់​ដំណើរ នៅត្រឹម​ផូតស្ម៉ោស​​នោះទេ​។​​ ផ្ទុយទៅវិញ ពួកគេបានដល់​ពាក់កណ្ដាលផ្លូវ ឆ្ពោះទៅឥណ្ឌាហើយ។​ ឬបើបានចេញពីទីក្រុងឡុងដ៍ លឿនជាងតែ១ថ្ងៃ ម្ល៉េះបានចេញដំណើរ ទៅជាមួយក្បួនសំពៅលើកមុនទៅហើយ ពុំបាច់ចាំដល់ទៅ១ខែ ទម្រាំក្បួនថ្មី រួបរួមគ្នារួចរាល់នោះឡើយ។​ ឥឡូវត្រូវធ្វើ​ដូច​ម្ដេចទៅ? វីលា្លម​បានទទួលភារកិច្ច​ និងការចាត់​បញ្ជូន ឱ្យទៅធ្វើជាសាសនទូត​ នៅប្រទេសឥណ្ឌា តែគាត់ត្រូវជាប់គាំង នៅត្រឹមផូតស្ម៉ោស​ទៅវិញ។​ តើគាត់ត្រូវប្រាប់​ ទៅសមាគមសាសនទូត​ ថាដូចម្ដេច? តើគាត់ពិតជាមិនអាច​ ទៅដល់ឥណ្ឌាទេឬ?

ពេលក្បួនសំពៅ អណ្ដែតលឹបលិច​បាត់​ នាជើងមេឃឯនាយហើយ វីល្លាម​ក៏បែរខ្នងដាក់សមុទ្រ​។​ គាត់ជួលរទេះសេះតូច១ ឱ្យដឹកឥវ៉ាន់​គាត់​ ទៅផ្ទះសំណាក់ ដែលគាត់និងហ្វេលីកស៍ បានស្នាក់នៅនោះវិញ។​ ពេលគាត់ដើរក្បែររទេះនោះ​ គាត់ក៏នឹកដល់ដំណើរជីវិតវែងឆ្ងាយរបស់​ខ្លួន តាំងពី​កុមារភាពនៅផូលែស្ពូរី មកដល់សព្វថ្ងៃ។​ តែគាត់នៅមានដំណើរវែងឆ្ងាយទៀត ដែលត្រូវទៅ។​ គាត់ត្រូវទៅឥណ្ឌា។ គាត់ត្រូវទៅទីនោះ​ឆាប់ៗ។​​ គាត់ដឹងថា​ នៅដែនដីដ៏ឆ្ងាយសែនឆ្ងាយនោះ មានកិច្ចការជាច្រើន​ ដែលគាត់ត្រូវធ្វើ។

(ដោយ​ យ៉ាណិត និងកូហ្វ បេនច៍)



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login