Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ឪពុកឃែរី ត្រូវធ្វើការសម្រេចចិត្ត១។​ តើគាត់ត្រូវរក​ការងារ​អ្វី​ ឱ្យ​កូន​ប្រុស​​ច្បង​របស់ខ្លួន? មនុស្ស​ភាគច្រើនគិតថា​​ អេដមូនដ៍ ឃែរី នឹងឱ្យ​កូនរៀនត្បាញ​ក្រណាត់​ ដូចខ្លួន​បានរៀន កាលពីក្មេង​ដែរ​។​ តែលោក​ឃែរី មិនទាន់ច្បាស់​ទេ​។​ ១​ឆ្នាំមកនេះ​ មានដំណឹង​ច្រើន​ណាស់​ នៅលើកាសែត ឌឹ​ ណូសាមថុន​ ម៉ឺគ្យូរី ដែលចែងថា​ ម៉ាស៊ីនរវៃថ្មី និងកីតម្បាញដើរដោយចំហាយទឹក​ កំពុង​ផ្លាស់ប្ដូរវិធីផលិត​​ក្រណាត់​។​ មនុស្ស​​ជាច្រើន ​នៅផូលែស្ពូរី អះអាងថា​ ​ក្រណាត់​ត្រូវបាន​ផលិត​ដោយដៃ តាមតៀមតូចៗ​ រាប់ជំនាន់ហើយ​​ ហើយគេនឹងនៅ តែប្រើវិធីនេះ ដើម្បីផលិត​ដដែលហ្នឹង។​ តែឪពុកវីល្លាម​ មិនយល់​ដូច្នោះ​ទេ។​ គាត់​គិតថា មិនយូរទេ​ ​ រោង​ចក្រ​ដើរ​ដោយ​ចំហាយ​ទឹក​​ នឹងអាច​រវៃអំបោះ​ ហើយត្បាញ​ក្រណាត់​ លឿនជាង​ជាងត្បាញ​ម្នាក់​ ត្បាញ​ដោយកីតម្បាញ​ ១០០​ដង​ឯ​ណោះ។​​​ បើដូច្នោះ​ តើពួកជាងត្បាញ នឹងត្រូវទៅ​ឯណា?

បើវីល្លាម​ បន្ត​ធ្វើការនៅខាងក្រៅទៀត ក៏មិនកើត ធ្វើជាងតម្បាញ ​ក៏មិនល្អ​​ ដូច្នេះតើគាត់ គួរធ្វើអ្វី​ទៅ? សំណួរនេះ នៅកឿងលើអាកាស អស់ជាច្រើនថ្ងៃ រហូតដល់​ អេដមូនដ៍ ឃែរី បានឮថា​​​ ជាងធ្វើស្បែកជើង​១រូប ឈ្មោះ​ ក្លាក​ នីខូលស៍ កំពុងត្រូវការ​សិស្សហាត់ការម្នាក់។​ ជាងធ្វើស្បែកជើង ជាអ្នកដែលធ្វើស្បែក​ជើង ពីវត្ថុធាតុដើម។​​​ ក្នុង​ការងារនេះ រឿងដែល​ត្រូវធ្វើគឺ​ បង្កើតពុម្ពស្បែកជើង ពីដុំ​ឈើ, ចៀរស្បែក, និងដេរស្បែកចូលគ្នា។​​ ការ​ងារនេះ ទាមទារជំនាញច្រើន ច្រើនជាង​ជាងជួសជុល​ស្បែកជើង អ្នកដែលរក​ស៊ី ដោយរបរដេរប៉ះស្បែកជើង​នោះ។​

ក្លាក​ នីខូលស៍ រស់នៅឯភីឌឌីងថុន​ ជាទីប្រជុំ​ជន​១ ចម្ងាយ៥​គីឡូ ពីផូលែស្ពូរី។​ អេដមូនស៍ ឃែរី ក៏ស្កាត់ទៅជួបលោក​នីខូលស៍។​ ទាំង​២នាក់​ និយាយគ្នា១​ស្របក់​ រួចចាប់ដៃគ្នា។​ លោក​ឃែរី ប្រញាប់ប្រញាល់ដើរ​មកផ្ទះ ដើម្បីប្រាប់ដំណឹងល្អ ដល់កូនប្រុស​គាត់​។​ ដំណឹងនោះ​គឺ វីល្លាម​ក្លាយ​ជា​សិស្សហាត់ការ​​ ផ្នែកធ្វើ​ស្បែកជើងហើយ។ 

ធ្វើ​ជាសិស្សហាត់ការ​ ជារឿងធំដុំ១ នៅឆ្នាំ​១៧៧៤។​ យុវជន​ត្រូវចុះកិច្ចសន្យា​ ដើម្បីរៀនធ្វើជំនួញ ពីគ្រូឈ្មួញ​។​ បន្ទាប់មក​ គេនឹងក្លាយជាសិស្សហាត់ការ​របស់គ្រូឈ្មួញ ចំនួន៧ឆ្នាំ មុននឹងខ្លួនឯង ក្លាយជាឈ្មួញម្នាក់ដែរ​។​ ក្នុង​រយ:​ពេល​៧​ឆ្នាំ​ ដែល​ត្រូវ​រៀន​ធ្វើជំនួញ​នោះ សិស្ស​ហាត់​ការ មិន​បាន​ប្រាក់​ឈ្នួល​ទេ។​ តែទន្ទឹមនឹងបង្រៀនជំនួញ ដល់សិស្សហាត់ការ​ ឈ្មួញ​​ក៏ផ្ដល់អាហារហូបចុក​ ខោអាវស្លៀក​ពាក់​ និងកន្លែងស្នាក់​នៅ​ ដល់សិស្សហាត់ការផងដែរ។ ក្រោយចុះហត្ថលេខាហើយ កិច្ចព្រម​ព្រៀង​ហាត់ការ​ នឹងចូល​ជាធរមាន​ ពោល​គឺ សិស្សហាត់ការ​ ត្រូវ​ស្ដាប់បង្គាប់គ្រូ ហើយត្រូវនៅ រហូតគ្រប់៧​ឆ្នាំ​ ទើបចេញ​មកបាន។​

ជាលើកទី១ ក្នុងជីវិតហើយ ដែល វីល្លាម ឃែរី​​ វ័យ​១៤ឆ្នាំ​​ ត្រូវឃ្លាតឆ្ងាយពីផ្ទះ ដើម្បីទៅធ្វើ​ការ​។​ ម្ដាយគាត់​​យកអាវសាកួ១ ស្រោមជើងចាក់ដោយដៃ១​គូ ព្រមទាំងចាន​ និងពែងដែក​ វេចក្នុងកន្សែង​ ហុចឱ្យទៅគាត់។​ ក្រុមគ្រួសារ​ ជូនដំណើរគាត់ ដល់ផ្លូវ​វ៉ាថុលរ៉ូដ ជាផ្លូវឆ្ពោះទៅ​ភីឌឌីងថុន។ អាណវ័យ​១២​ឆ្នាំ ថូូម​វ័យ​៧​ឆ្នាំ ជូន​ដំណើរបងចេញទៅ ទាំង​ទឹក​​មុខសោកសៅ តែផូល្លីវ័យ​៩​ឆ្នាំឯណោះវិញ កំពុងខូចចិត្ត​ខ្លាំងតែម្ដង។​ នាងបានឱប​វីល្លាម ហើយសន្យានឹង​ថា​ នឹងរក្សាគ្រប់សំណាក​ គ្រប់វត្ថុ​ ដែលគាត់បានប្រមូលមកទុុកនោះ ឱ្យបានល្អ។

វីល្លាម​ដើរ៤ម៉ោង​ ទើបដល់ភីឌឌីងថុន។ តាមពិត​ ត្រូវដល់លឿនជាងនោះ​ តែគាត់បានឈប់​​ប្រហែលកន្លះម៉ោង​ មើលគេអូសសាឡង់ ចុះតាមព្រែកជីកថ្មី​ ដែលនៅហួសពីផូលែស្ពូរីមកបន្តិច។ នៅជនបទ​ គេជីកព្រែក​ច្រើនណាស់​ ហើយវីល្លាម​គិតថា​ ធ្វើដំណើរតាមសាឡង់​ មើលទៅទំនងណាស់។​ ពេលកំពុងដើរនោះ គាត់ក៏បានឃើញសេះបោលចុះឡើង និងរទេះធំ១​ អូសដោយសេះ៤​ក្បាល​ លាន់ក្រុកក្រាក់ៗ ក្បែរៗនោះ​​ផងដែរ តែលើដងផ្លូវ​វ៉ាថុលរ៉ូដ​នោះ មនុស្សភាគច្រើន ដើរដោយជើង ដូចគាត់អ៊ីចឹង។ ខណៈមើល​ទៅមនុស្សម្នា ដែលដើរចុះឡើងនោះ វីល្លាម​នឹកភ្នកថា​ ធ្វើ​ជាង​ស្បែកជើង​ ទំនងណាស់តើ។​ បើផ្លូវណា​ ក៏ដូចផ្លូវ​ ដែលគាត់កំពុងដើនោះ​ ស្បែកជើងនឹងឆាប់សឹក​ខូច​ ត្រូវជួលជុល​ ត្រូវ​​​ប្ដូរផ្លាស់ ញឹកញាប់មិន​ខាន។ 

វីល្លាម​ទៅដល់​រោងជាង​ និងផ្ទះ​លោក​នីខូលស៍ នៅ​ពេលរសៀល។​ មានក្មេងប្រុសសក់ខ្មៅរាងខ្ពស់ម្នាក់​ ឈរចាំនៅមាត់ទ្វារ​។ វីល្លាម​គិតថា​ ម្នាក់នោះអាយុ​បង​គាត់ ប្រហែល​៣​ឆ្នាំ​។​ ​   

"ខ្ញុំ​ ចន វ៉ូរ​" ក្មេងម្នាក់នោះ​ ណែនាំខ្លួន។ "ឯង​ច្បាស់ជា​សិស្សហាត់ការ​ថ្មីនោះហើយ!"

វីល្លាម​ងក់ក្បាល​​ ដោយអាការៈអឹមអៀន។​ "មកចំពេលល្អណាស់​ កំពុងតែធុញនឹងដើរយកអីវ៉ាន់ឱ្យគេផង" ចន និយាយផង​ ធ្វើមាត់ស្ញូញស្ញាញផង។

វីល្លាម​ញញឹម។ "ពេលណាក៏បាន ប្រើខ្ញុំឱ្យទៅចុះ​ មិនអីទេ" គាត់តប​ទៅវិញ ដោយទឹកមុខ​រលាម។

វីល្លាម​ឈានជើងចូលក្នុងតៀម ទាំងគិតក្នុងចិត្តថា​​ ចន​ជាមនុស្ស​គួររាប់អានតើ។ ដូច​ដែលវីល្លាម​ បានប៉ាន់ប្រមាណ​ ចន វ៉ូរ​ ចូលហាត់ការ នៅទីនោះ បាន​៣​ឆ្នាំហើយ។ ចននាំវីល្លាម ឡើងតាមជណ្ដើរ​​ ដែល​ខាងក្រោយ​រោង​ជាង​​ ចូលទៅក្នុងបន្ទប់ឡៅតឿ ជាកន្លែងដែលពួកគេ ត្រូវដេកនៅរួមគ្នា។ វីល្លាម​មើល​ទៅបន្ទប់គេងថ្មី​ ទាំងគិតពីកន្លុកកន្លែង សម្រាប់ដាក់​អីវ៉ាន់។​ វីល្លាម​ជឿជាក់ថា​ ខ្លួនច្បាស់ជាអាច​យកអីវ៉ាន់​ឱ្យភ្ញៀវបណ្ដើរ ប្រមូលសំណាកនេះនោះ​ មកទុកសិក្សា​បណ្ដើរ។​

ក្មេងទាំង២ចុះមកជាន់ក្រោមវិញ​​​ ចំពេល​លោក​នីខូលស៍ ច្រានទ្វារចូលមក ទាំងយួរ​ស្បែកដំហើយ ជាច្រើនផ្ទាំងមកជាមួយ។​ គាត់ស្គាល់វីល្លាម​មួយរំពេច។​ "អូ អាអូន មកហើយអី!" គាត់ពោលឡើង។​​ "ឪពុកឯង​ប្រាប់ថា ឯងរហ័សរហួន​ណាស់។​​​ ពិត​មិនពិត​ បន្តិចទៀតដឹងហើយ។​ ​​​មក សាកប្រមូលកម្ទេចកម្ទីរ​ស្បែក ដាក់ក្នុងស្បោងនោះ​ទៅមើល។"​ គាត់ចង្អុល​ ទៅស្បោងក្រណាត់​​ ដែលព្យួរជាប់នឹងខ្នងកៅអី១។​

មិនយូរ​ វីល្លាម​ក៏ទម្លាប់​ នឹងការងារទីនោះ។​ គាត់រវល់រហូត។​ ជាសិស្សហាត់ការថី្ម​ថ្មោងអ៊ីចឹង​ គាត់ត្រូវរ៉ាប់​រងការងារយ៉ាប់ៗទាំង​អស់​​ ដូចជាវាយស្បែក ឱ្យទន់ស្រួលបត់​, មឹនដែក​គោល,​​ និ​ងយកស្បែកជើង ដែលធ្វើហើយ ទៅឱ្យម៉ូយ។​ ពេលយកស្បែកជើង ទៅឱ្យភ្ញៀវនេះឯង​ ដែលវីល្លាម​បានធ្វើ នូវរឿងល្ងីល្ងើ​១ ជារឿងដែលគាត់ចាំមិនភ្លេច​ អស់១ជីវិត​។​

រឿងនោះកើតឡើង នៅអំឡុងពេលបុណ្យ​ណូអែល​​។​ ដោយសារ​សិស្សហាត់ការ​ ពុំទទួលបានប្រាក់ឈ្នួល ​ជា​ញឹកញាប់​​ ពេលណូអែល​ គាត់មានសិទ្ធិ​ យកប្រាក់​២-៣ផិននី ជាប្រាក់​របស់ឈ្មួញ​ ដែលទិញលក់អីវ៉ាន់​ ជាមួយថៅកែខ្លួននោះ​ គេបរិច្ចាគឱ្យ។​ គេហៅប្រាក់បរិច្ចាគទាំងនេះថា​"ប្រអប់​ណូអែល"។​ វីល្លាម​បាន​យក​ស្បែកជើងគ្វី១គូ ទៅឱ្យជាងដែកម្នាក់​​ ហើយ​​ជាងដែកនោះ បានផ្ញើប្រាក់១ស៊ីល្លីង​​ តាម​វីល្លាម​​ ទៅឱ្យលោកនីខូលស៍ ដើម្បីសងថ្លៃស្បែក​ជើង។​ រួចគាត់សួរវីល្លាមថា​​ "តើអាអូនឯង​ ចង់បានប្រអប់ណូអែល​ប៉ុន្មាន? ៦ផិន​ ឬក៏១ស៊ីល្លីង?"

វីល្លាម​ស្ទើរមិនជឿ ថាមានសំណាងដូច្នោះសោះ! ១ស៊ីល្លីង ជាប្រាក់​ច្រើនណាស់​​ ល្មមទិញស្លាប​ប៉ាកកា​ថ្មី១ដើម ដែលគាត់ត្រូវភ្នែក មកជា​ច្រើន​​សប្ដាហ៍នោះបាន​។​

"យក១ស៊ីល្លីង​​ អរគុណលោកថៅកែ" គាត់រួសរាន់ឆ្លើយ កុំឱ្យជាងដែកនោះដូរចិត្តទាន់​។​

ជាងដែកសើច​រលាក់ម្នាក់ឯង​ ហើយហុចកាក់​១​មក​ឱ្យ​។​​ វីល្លាម​ក៏រត់​កាត់ព្រិល​ តម្រង់ទៅតូប​​ ដើម្បីទិញស្លាបប៉ាកកា។

ដល់ក្នុងហាងហើយ វីល្លាម​ក៏​លូក​យក​ប្រាក់​១ស៊ីល្លីង​ ដែលខ្លួនទើបបានទទួលនោះ ឱ្យ​ទៅអ្នក​លក់។ អ្នកលក់​​យកដៃកាន់​បង្វិលកាក់នោះ មើល​ចុះមើលឡើង រួចធ្វើមុខក្រញូវ។​​" នេះមិន​មែន​១​ស៊ីល្លីង​ទេ​ អា​នាង​"​ គាត់និយាយ​ ដោយទឹកមុខ​ម៉ឺងម៉ាត់​​។ "ជា​កាក់ធ្វើពីស្ពាន់ទេតើ។ ប្រុងមកបន្លំ​អញ​មែន?" ​អ្នក​លក់សម្លក់​មុខវីល្លាម​។​

មុខវីល្លាមប្រែពណ៌ជា​ក្រហម។ ជាងដែកបានឱ្យកាក់ក្លែង​ក្លាយ​ មកវីល្លាម​​ ដើម្បីឆ​វីល្លាម​លេង។ ចឹង​តើ បាន​​​ហុចកាច់​​ឱ្យបណ្ដើរ សើចរលាក់ម្នាក់ឯងបណ្ដើរ!

ស្លាបប៉ាកកាវិសេស​ ផ្អែកខ្លួនលើធ្នើរ បង្ហាញសម្រស់ ល្បួងអន្ទងចិត្តវីល្លាម​ ហើយវីល្លាម​ បានដាក់ផែនការ ថានឹងទិញ​ យកវា​ទៅសរសេរ​ ល្ងាចនេះឯង​។ រំពេចនោះ គាត់ក៏គិតចេញ ថា​ខ្លួនត្រូវធ្វើដូច​ម្ដេច។ ជាងដែកឱ្យមក​២ស៊ីល្លីង​ ១ទុក​បង់ថ្លៃស្បែកជើង​ ១ឱ្យ​មក​ខ្លួន​។ ចុះម៉េចមិនយកទាំង២ប្ដូរគ្នា? នរ​ណា​ទៅដឹង? វីល្លាម​ក៏ប្រញាប់ប្រញាល់ ដាក់កាក់ស្ពាន់ចូលទៅវិញ​ រួចលូកដៃចូល​ស្បោង​លោកនីខូលស៍ រាវរក​កាក់ប្រាក់​១​ស៊ីល្លីង​នោះ។

១នាទីក្រោយមក​ គ្រប់យ៉ាងក៏រួច​រាល់។ កាក់ស្ពាន់ចូលក្នុងថង់វិញ ឯវីល្លាម​កំពុងកាន់​ស្លាបប៉ាកកា ដែលគាត់ចង់បាន​ស្ទើរស្លាប់​នោះ​។ តាម​ផ្លូវ​វិលទៅរោងជាង​ វីល្លាម​ដើរផង ហាត់សមត្រៀមប្រឈមមុខ​ នឹងលោកនីខូលស៍ផង​។ គាត់ដាក់ផែន​ការថា​ នឹង​សម្លឹឹងចំ​ទៅភ្នែកលោកនីខូលស៍​ ហើយ​ហុចស្បោងប្រាក់ ឱ្យទៅគាត់ ទាំងទឹកមុខញញឹម​។ បើលោកនីខូលស៍ ដឹងមួយរំពេច ថានោះជា​កាក់ស្ពាន់ វីល្លាម​នឹង​រត់ទៅរកគាត់ ហើយបើកភ្នែកធំៗ សម្លឹង​ទៅកាក់នោះ ធ្វើដូច​ភ្ញាក់ផ្អើល។ រួចគាត់នឹង​ចាប់ផ្ដើមនិយាយចេះចុះៗ ទុកជាការខមាទោស​ ដែលខ្លួនពុំបាន​សង្កេតដឹងទាន់ពេល​ ថានោះជាកាក់​ក្លែងក្លាយ​ ហើយសន្យាថា​ ថ្ងៃមុខថ្ងៃក្រោយ​ នឹងពិនិត្យមើលគ្រប់កាក់គ្រប់សេន​ ដែលភ្ញៀវឱ្យមក​ យ៉ាងប្រយ័ត្ន​ប្រយែង។​

មុនបោះជំហាន់​ចូលតាមទ្វារ​ វីល្លាម​ជឿជាក់ថា​ គ្រប់យ៉ាងនឹងដំណើរការទៅ ដោយរលូន។​ លោកនីខូលដ៍កំពុងឈរ​ ក្បែរតុធ្វើការរបស់គាត់ ដៃ​កាន់ញញួរ​ វាយ​បត់ស្បែក​ ឱ្យចេញជារាងស្បែកជើង។ វីល្លាម​ដើរចូល​មក​តាមទ្វារ។​ ខ្យល់ត្រជាក់ បក់ចូលតាម​ប្រឡោះទ្វារ​មក​ប៉ះខ្នងគាត់​។​​ គាត់ដាក់ញញួរ​ចុះ។  

"ជាង​ដែកនិង​នាយកសាលា​ បង់គ្រប់ចំនួន​ ទាំង​២​នាក់" វីល្លាម​និយាយបណ្ដើរ ហុចស្បោងលុយ​ ឱ្យថៅកែបណ្ដើរ។ បេះដូង​គាត់លោត​ខ្លាំងៗ តែគាត់សម្ដែងធ្វើដូចគ្មានអ្វីកើតឡើង។​ វីល្លាម​ងាក​ទៅយក​អំបោស​ ព្រោះកម្រាលក៏កខ្វក់ ល្មម​បោស​ជូតចេញដែរ។​

លោកនីខូលស៍ លូកដៃចូលក្នុង​ថង់​ ទាញយកកាក់ស្ពាន់នោះចេញមក​ ។ "ស្អីហ្នឹង?" គាត់សួរ​ ទាំងតឹងសរសៃក។ "នរណាឱ្យកាក់នេះមកឯង។"

"ជាងដែក" វីល្លាម​ឆ្លើយ ធ្វើដូច​មិនដឹងអី។ "​មាន​​បញ្ហា​​អីមែន លោកថៅកែ?"

"បញ្ហា! ហ្នឹងហើយ មាន​បញ្ហាធំណាស់។​ កាក់នេះ​ជាកាក់ក្លែងក្លាយ​" លោក​នីខូលស៍​និយាយ​។ រួច​គាត់​ស្រែក​​ថា​"ចន!​ ​ចន!​ មក​ណេះ! មានរឿង​ត្រូវ​ប្រើ​បន្ដិច។"

ចន​រួតរះចេញ​ពីកន្លែង​ ដែល​ខ្លួន​កំពុង​រៀប​ស្បែក​ដំ​ថ្មី​ៗ​​​១បាច់នោះ ដើរ​ចូលមក​។

"ជាងស្បែក​ឱ្យ​កាក់​ស្ពាន់​ មក​វីល្លាម។ ប្រហែល​គិតថា​ វីល្លាមល្ងង់ មើល​មិន​ដឹង​។ ហើយ​វីល្លាម​ ល្ងង់មែន​ហ្នឹង" លោក​នីខូលស៍និយាយ​ទៅ​ចនផង សម្លក់​ទៅ​វីល្លាមផង។ "យក​កាក់នេះ​ ​ទៅដូរ​យក​កាក់​ពិត​មក។" រួច​គាត់​ក៏បោះ​កាក់​នោះ ទៅឱ្យ​ចន។

ចន​ក៏​ទាញ​បិទ​អាវក្រៅ​ឱ្យ​ណែន រួច​ចេញទៅ​កាត់​រងា។ ខ្យល់​ដែល​បក់ផ្ទប់​ទ្វារ​​ត្រជាក់មែន តែមិន​ត្រជាក់ ស្មើនឹង​ខ្យល់​ ដែលកំពុងបក់វិលវល់ជុំវិញបេះ​ដូងវីល្លាម​ឡើយ​។ 

វីល្លាម​បែរ​ទៅ​បោស​កម្រាលវិញ​ តែ​ទោះនោះ​ជា​ការងារ​ងាយក្ដី​ ក៏គាត់​ពិបាក​ផ្ចង់ចិត្ត​ធ្វើ​វា​ណាស់។ចុះបើ​លោក​នីខូលស៍ ទៅ​រក​ជាង​ដែក ដោយខ្លួន​ឯង តើធ្វើម៉េចទៅ? ចុះបើបែកការណ៍ តើធ្វើម៉េចទៅ? គាត់មិនចង់​បាន​ចម្លើយ ពីសំណួរ​បែបនេះ​ឡើយ​។ ច្បាស់ណាស់​ លួច​ប្រាក់១ស៊ីល្លីង​ មានទោស​​ធ្ងន់ណាស់ ធ្ងន់​មែន​ទែន​។ ទោស​ស្រាល​បំផុត​សម្រាប់​អ្នកលួច១ស៊ីល្លីងគឺជាប់គុក រងការវាយ​ដំនៅមុខ​មហាជន ឬដាក់​កប៉ាល់ យក​ទៅ​ធ្វើ​ចម្ការ​ នៅ​អាម៉េរិកឬ​វ៉េស្ដ​អ៊ីនឌីស៍ ចំនួន​៧​ឆ្នាំ។​ សំណាង​ដែរ​ដែលប្រាក់​វីល្លាមបាន​លួច​នោះ​ មិនលើស​ពី​១​ស៊ីល្លីង។ ទោស​សម្រាប់​អ្នក​លួច​លើស១ស៊ីល្លីង​គឺ ប្រហារ​ជីវិត​ដោយ​ព្យួរក នៅមុខ​មហាជន រួច​យក​សាកសព​ចោរនោះ ទៅ​ដាក់ចោល នៅ​តាមផ្លូវ ដែល​មាន​មនុស្ស​ធ្វើដំណើរ ទុកជាសារព្រមានដល់អ្នក​ដទៃ កុំឱ្យ​ហ៊ាន​លួច។ វីល្លាម​ឧស្សាហ៍ឃើញ​សាក​សព​បែបនោះដែរ ពេល​យក​អីវ៉ាន់​ ទៅ​ឱ្យ​ម៉ូយ​ម្ដងៗ។ តែ​គាត់​ហាក់​ពុំ​ទាន់បានយល់ ពីសារ​ព្រមាន​នេះទេ​។

វីល្លាម​ក៏​ផ្ដើម​អធិស្ឋាន។ "ព្រះជាម្ចាស់​អើយ បើ​ទ្រង់​ជួយខ្ញុំ​លើក​នេះ ខ្ញុំ​លែង​កុហកហើយ​។ រាល់​ថ្ងៃ​អាទិត្យ​ ខ្ញុំ​នឹង​ទៅ​ក្រុម​ជំនុំ៣ដង ហើយ​ខ្ញុំ​ឈប់​លួច​គេ​ហើយ​។​ លើកនេះ សូម​ជួយ​ខ្ញុំ​ផង។ ខ្ញុំ​មិន​ចង់​ទៅ​វ៉េស្ដ​អ៊ីនឌីស៍​ទេ។​"

ពេល​ជាង​ដែក​ មកវិញ​ជាមួយ​ចន នៅ​ប្រមាណ​១ ម៉ោង​ក្រោយម​ក​ ស្ថានភាព​មើល​ទៅ​ ហាក់​ដូច​ជា​ព្រះ​ ជាម្ចាស់​ នឹងពុំ​​ឆ្លើយតប ពាក្យ​អធិស្ឋានបែបទាន់ហន់​ របស់​វីល្លាម​នោះ​ឡើយ។ រឿង​ទាំងមូល​បែកការណ៍​អស់​រលីង។ ជាង​ដែក​ពន្យល់​លោក​នីខូលស៍ថា ខ្លួនគាត់​ឲ្យ​កាក់ក្លែងក្លាយ ជា​ប្រអប់​ណូអែល ដល់​វីល្លាម​ក្នុងន័យចង់លេងសើច ហើយ​​គាត់​ក៏ភ្ញាក់​ផ្អើលដែរ ដែល​វីល្លាម​មើល​មិនដឹង ថាជា​កាក់​ក្លែងក្លាយ​។ វីល្លាម​បាន​សុំ​អភ័យ​ទោស​ និង​អង្វរ​លោក​នីខូលស៍ឱ្យលើក​ទោស​​ឱ្យ​ខ្លួន​។​ គាត់សន្យាថា នឹង​យក​ប្រាក់ប្រអប់​ណូអែល​ទាំង​អស់​ មកសង​ប្រាក់​១ស៊ីល្លីង​នោះឱ្យរួច។ ចុង​បញ្ចប់​ លោក​នីខូលស៍ក៏​អាណិត​គាត់​ ឥត​បញ្ជូនគាត់​ ទៅ​ចៅក្រម​ឡើយ។បុណ្យ​ណូអែលឆ្នាំនោះ​ ​បរិយាកាសហាក់ស្ងប់់​​ស្ងាត់ខ្លាំង​សម្រាប់​វីល្លាម​ តែគាត់​​មាន​អារម្មណ៍ដឹងគុណដឹងស្រ័យ​ដែរ ដែល​មិន​ត្រូវ​គេចាប់បញ្ជូន ទៅ​វ៉េស្ដអ៊ីនឌីស៍ ក្នុង​ឋានៈជា​ឧក្រិដ្ឋជន។

ពេល​ធ្វើការ វីល្លាម​មាន​សៀវភៅ​​ ក្បែរខ្លួនជានិច្ច​។ខណៈគោះដែកគោល​ បញ្ចូល​ក្នុងស្បែក​ បាន​២-៣​ប៉ូក គាត់តែងឆ្លៀតក្រឡេកមើល ហើយ​អាន​១បន្ទាត់​២ ពីសៀវភៅដែលគាត់ខ្ទាស់​បើក​ដាក់​លើតុ​ធ្វើការនោះ។ លោក​នីខូលស៍មិនប្រកាន់​ នឹង​គាត់​​ទេ​ ព្រោះ​វីល្លាម​បញ្ចប់​កិច្ចការខ្លួន​ ទាន់​ម៉ោង​ទាន់​ពេល​ជា​និច្ច​។

លោក​នីខូលស៍​​ចូលចិត្តសៀវភៅ​​ ហើយ​មាន​សៀវភៅ​ច្រើនក្បាល​ នៅ​ផ្ទះ​គាត់ដែរ។ រសៀល​១ វីល្លាម​​យក​សៀវភៅ​១​ក្បាល​ របស់​លោក​នីខូលស៍ មក​អាន​។​ លុះ​បើ​ក​ទៅ​ ក៏​ឃើញ​ក្នុង​សៀវភៅ មាន​សុទ្ធ​តែ​គំនូស​អង្កាញ់ៗ ស្អាតៗ តម្រៀបគ្នា​ ជាជួរៗ​។​ គាត់​ជាប់​ចិត្ត នឹង​អត្ថបទ​ចម្លែក​នោះ​ណាស់​។​ ១ពាក្យ​ក៏គាត់​អាន​អត់​ចេញ​ ហើយ​គាត់​ក៏​មិន​ដឹងថា​ នោះជាភាសា​អ្វី​ដែរ​។ 

វីល្លាម​ចង់​ដឹង​ ពីសៀវភៅ​នោះ ហើយ​សម្រេច​ចិត្ត​ថា នឹងធ្វើការស៊ើប​សួរទាល់​តែ​បាន​ដឹង។ គាត់​ដឹងថា​ត្រូវ​ទៅ​សួរនរណា។ មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ ថូម៉ាស ចូនស៍ ជាង​ត្បាញ​ចំណាស់ម្នាក់ ក្នុង​ភូមិ​ផូលែស្ពូ​រី​ ធ្លាប់​ចូលរៀន​នៅសកលវិទ្យាល័យ ដែល​ជារឿងកម្រ១ នៅ​សម័យ​នោះ​។ វីល្លាម​ជឿជាក់ថា ថូម៉ាស ចូនស៍​ ប្រហែលជាដឹង ថានោះ​ជាភាសា​អ្វី​។ ថ្ងៃ​ឈប់សម្រាក​មកដល់​ វីល្លាម​ក៏រួតរះ​វិល​ទៅ​ស្រុក​ដើម្បី​​ជួប​លោក​ចូនស៍។ មិនខុស​បំណងមែន។ លោក​​ចូនស៍​មើល​ទៅ​សៀវ​ភៅនោះ រួច​សើច​រលាក់តិច​ៗ។ គាត់​ពន្យល់​វីល្លាម​​ថា​ សៀវភៅ​នោះសរសេរ​ជាភាសាក្រិច រួច​ក៏​ចាប់​ផ្ដើ​ម​ប្រែ​ពាក្យ​ខ្លះ ឱ្យ​វីល្លាម​ស្ដាប់​។ វីល្លាម​ជាប់​ចិត្ត​ នឹង​ភាសានេះ ហើយ​ក៏សួរចេះ១​ចុះ១ រហូត​ដល់​លោក​ចូនស៍ យល់ព្រមបង្រៀន​ភាសានេះដល់​ខ្លួន​។​ 

លោក​ចូនស៍​គិតថា បង្រៀន១ឬ២មេរៀនទៅ វីល្លាម​ប្រហែល​​ធុញលែងចង់រៀន​ហើយ​។ សិស្សហាត់​ធ្វើស្បែជើង​សោះ ចេះ​ក្រិចទៅ ក៏​មិន​ដឹង​យក​ទៅ​ធ្វើ​អីដែរ។ ​លោក​ចូនស៍​ស្គាល់​វីល្លាមស្ដើងពេកហើយ! វីល្លាម​បន្ដ​រៀន​ ​២​ឆ្នាំ​ជាប់គ្នា​។ ឱ្យតែទំនេរ​ គាត់ទៅរៀន​រហូត។ ​ហើយចុង​បញ្ចប់​ គាត់​ក៏​ចេះ​អាន​ និងសរសេរ​ក្រិច បានយ៉ាងល្អ​។ នៅត្រឹម​វ័យ​១៦ឆ្នាំ វីល្លាម​ក្លាយ​ជាមនុស្ស​ ដែល​មាន​ចំណេះដឹងខ្ពស់ម្នាក់ នៅ​ក្នុងស្រុក​។ គាត់​មិន​ដឹង​ទេ ថាថ្ងៃ​ណា១​ គាត់​នឹង​ត្រូវ​ប្រើចំណេះដឹងនេះ ទៅ​ជួយ​មនុស្ស ដែលនៅ​​​ឆ្ងាយពីគាត់ ពាក់​កណ្ដាល​ផែនដី​ឯណោះ។

ដោយ​សារ​បាន​រួចផុត ពីការ​ចាប់​បញ្ជូន​ ទៅ​វ៉េស្ដអ៊ីនឌីស៍ ក្រោម​បទ​យក​ប្រាក់ស្ពាន់​មក​បន្លំ គាត់​ក៏​ធ្វើតាមពាក្យដែលខ្លួនបានសន្យា គឺរាល់ថ្ងៃអាទិត្យ​គាត់ទៅ​ក្រុម​ជំនុំ៣ដង​។ គាត់ឧស្សាហ៍​ជំនុំ​គ្នា​រឿងក្រុមជំនុំ ជាមួយ​ ចន​ វ៉ូរ​។ ទាំង​២នាក់ ចូលចិត្ត​ជជែកគ្នា​រឿងសាសនា។ ឪពុក​​វីល្លាម ​ជាស្មៀន​នៃក្រុម​ជំនុំ​និកាយអង់គ្លីកង់ ឯឪពុក​ចន ជា​អ្នកដឹកនាំនៃ​ក្រុម​ជំនុំក្រៅ​ច្បាប់​១កន្លែង​ (សម័យនោះ សាសនិក​ក្រៅ​ច្បាប់​ជួន​ត្រូវ​គេហៅថា​ក្រុម​ប្រឆាំង ដែលជាទូទៅ ពួក​គេកាន់​តាមនិកាយ​បាប់ទីស្ដ​ ខុនគ្រីកេសឹនណាល់​ ព្រេសប៊ីធេរាន ឬ​ក្វេឃ័រ​។) ប្រធាន​បទ​ពិភាក្សា​ រវាង​វីល្លាម​និង​ចន​ ច្រើន​តែ​ទាក់ទង នឹង​ចំណុច​ផ្សេង​គ្នា​ នៃ​របៀប​ថ្វាយ​បង្គំ របស់​ក្រុម​ជំនុំ​ នៃឪពុក​ពួក​គេ​។មិត្ត​ទាំង​២ខ្វែង​គំនិត​គ្នា​គ្រប់​បញ្ហា ​តាំង​ពីរឿងពិធីជ្រមុជ​ទឹក​ឱ្យ​ទារក រហូតដល់រឿង​លក្ខខណ្ឌ​នៃ​ការ​កា្លយ​ជាគ្រូ​គង្វាល​។ ជាញឹកញាប់ កិច្ចពិភាក្សា​ដំណើរ​​ការ​ទៅ​ យ៉ាង​ស្រួច​ស្រាល់​។ 

វីល្លាម​ជជែក​ពូកែ ហើយ"ឈ្នះ"​ស្ទើរ​គ្រប់​​ការ​ជជែក​ អំពី​សាសនា​ ជាមួយ​នឹង​ចន​។ ពេល​ខ្លះ​ គាត់ឈ្នះ​ចន​មែន តែ​មិនសប្បាយ​អារម្មណ៍​ទេ ព្រោះ​ហាក់​បាត់បង់​ នូវ​អ្វី​ម្យ៉ាង​​ដែល​សំខាន់​ជាង​ការឈ្នះ​ទៅ​ទៀត តែ​គាត់​មិន​​អាច​ធ្វើចិត្ត​ទន់​ ឱ្យ​ចន​ដឹង​បាន​ទេ​។ 

វីល្លាមលួច​​ស្ញប់ស្ញែង​ចន​ផងដែរ ព្រោះ​ចន​សុខ​ចិត្ត​រស់​នៅ​ជាអ្នក​ប្រឆាំង។ វាជារឿង១ ​​ដែល​ទាម​ទារ ឱ្យមាន​ការលះ​បង់​ច្រើន​ណាស់​។​ ឧទាហរណ៍​ ក្នុងក្រឹត្យ​ស្ដី​ការ​ល្ប​ង​ពិនិត្យ​និង​កិច្ច​សហការ​ មានចែង​ពី​ការ​ហាមប្រាម​ក្រុម​ប្រឆាំង មិន​ឱ្យ​ធ្វើមន្ត្រីស៊ី​ប្រាក់​ខែរដ្ឋ​ និងមិន​ឱ្យ​មានតំណែង ក្នុង​ជួរ​កង​ទ័ព​ ឬកង​នាវិក​ឡើយ​។ វីល្លាម​ដឹង​ផងដែងថា កូនចៅ​របស់​ក្រុម​ប្រឆាំង​ ត្រូវ​ហាម​មិនឱ្យ​ចូលរៀន នៅ​សាលា​ផូលែ​ស្ពូរី​ឡើយ​។ ធ្វើជា​អ្នកប្រឆាំង​​ មានន័យថា​ ស្ថិត​នៅ​ក្រៅ​គន្លង​ជីវិត​នៃ​ប្រជាជន​អង់គ្លេសទូទៅ​ នា​សតវត្សរ៍​ទី១៨។

តែ​វីល្លាម​មិន​សុខ​ចិត្ត​ ឱ្យ​ចន​មាន​ប្រៀប​លើ​ខ្លួន​ ពេល​ជជែក​គ្នា​នោះ​ឡើយ​។ ក្នុង​កិច្ចជជែក​ដេញដោល​១​ ចន​បាន​លើកឡើង​ថា ក្នុង​ក្រុមជំនុំ​អង់គ្លេស មនុស្ស​ពុំ​មាន​សេរីភាព ធ្វើតាម​អ្វី ដែល​ព្រះជាម្ចាស់ចង់​បាន​ឡើយ​ព្រោះ​ការងារ​ចម្បង​គឺ បម្រើស្ដេច​ និង​ផ្គាប់​ចិត្ត​ស្ដេច​ ដែល​ជាក្បាលនៃ​ក្រុមជំនុំ ដោយ​ស្វ័យ​ប្រវត្តិ​។ចន​យល់ឃើញថាការនេះ ធ្វើ​ឱ្យក្រុម​ជំនុំ​រដ្ឋ​​មានតម្លៃ មិន​លើស​ពី​ហាង​បញ្ចាំ​នោះឡើយ​។​ ទាំង​២​នាក់ គ្មាន​ដឹង​មុន​បន្តិចឡើយថាហេតុ​ការ​ណ៍​ដែល​កំពុង​កើត​ឡើង​ នៅ​ត្រើយ​ម្ខាង​ទៀត​ នៃ​មហា​សមុទ្រអាត្លង់​ទិកនោះ​ នឹង​បង្ខំ​ឱ្យ​វីល្លាម​ គិត​ដូច​ចនដែរ នៅ​នាទី​ចុងក្រោយ​។

ហេតុការណ៍​នោះ​គឺ ចលនាបដិវត្តន៍​អាម៉េរិក​។ តាំង​ពីអ៊ំខ្លួន ត្រឡប់​ពី​ប្រយុ​ទ្ធ​នៅកាណាដា​មក វីល្លាម​បាន​តាមដាន​ហេតុ​ការណ៍​នៅ​អាម៉េរិក​យ៉ាងដិតដល់។ គឺ​ជ័យ​ជម្នះ​របស់​ជនជាតិ​អង់គ្លេស​ ទៅ​លើជនជាតិ​បារាំង​ នៅ​ក្វេបិក​នោះហើយ​ ដែល​បាន​នាំឱ្យមាន​បដិវត្តន៍​អាម៉រិក​។​ ដោយសារ​កាណាដា​ស្ថិតក្រោម​ការឃុំគ្រង់យ៉ាងគត់មត់​ ពី​សំណាក់​អង់គ្លេសហើយ ពួកនិគមជន​អាម៉េរិក ក៏ពុំចាំបាច់​ខ្លាច​ថា បារាំង​នឹង​ឈ្លាន​ពាន​ខ្លួន​ ពី​ទិសខាង​ជើង​ទៀត​ឡើយ​។​ ដោយ​គ្មាន​ការគំរាម​ឈ្លានពាន​នោះទៀត​ពលទាហាន​អង់គ្លេសជាច្រើន ដែល​ឈរ​ជើង​នៅ​អាម៉េរិក ក៏​ត្រូវ​បញ្ជូន​ វិល​ទៅ​ស្រុក​វិញ។ ពួក​និគមជនបានយល់ព្រម បង់ពន្ធសន្ធឹកសន្ធាប់​ ឱ្យ​​ស្ដេចអង់គ្លេស ជួយការពារខ្លួន​ ពីជនជាតិ​បារាំង​ តែឥឡូវ​ទាហាន​ទៅ​វិញ​អស់​ហើយ​​។​ ពួក​និគមជន​ក៏ផ្ដើម​សួរ​គ្នាទៅ​វិញទៅមក​ថា​ តើចាំបាច់ត្រូ​វបន្ដ​បង់​ពន្ធ​សន្ធឹក​សន្ធាប់​ដូច្នេះទៀតឬអត់។ អ្វី​ដែល​ស្ដេច​​​ធ្វើដើម្បី​ពួក​គេនោះ ពួក​គេ​ធ្វើ​ដោយ​ខ្លួន​បានដែរ​តើ។ ដូច្នេះ​ នៅឆ្នាំ១៧៧៥​ ពួកគេក៏​បះ​បោរ ក្នុង​សមរភូមិ​ឡិចស៊ីងថុន​ រួច​ចុះ​សញ្ញា​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​ នៅ​ឆ្នាំ​បន្ទាប់មក​។ អេស្ប៉ាញ​និង​បារាំង​ប្រកាសផងដែរ​ថា​ ពួកគេ​នឹង​ប្រយុទ្ធ ដើម្បី​សេរី​ភាព​អាម៉េរិក។​ ដូច្នេះ​​បដិវត្តន៍​អាម៉េរិក​ ក៏​រីកសាយ​ខ្លាំងឡើងៗ។ 

ចច វ៉ាស៊ីងតោន ដែលមាន​ជីតាជីដូន​ ជា​អ្នក​ស្រុក​ណូសហ៊ែមថុន​សឺ​ និង​ពួក​និគម​ជន​បះ​បោរ​ទាំង​នោះ បាន​ក្លាយ​ជា​វីរជន​ ក្នុង​​ដួង​ចិត្ត​ប្រជាជន​ នៅ​ភីឌឌីងថុន និង​ផូលែស្ពូរី​។​ មនុស្ស​​ជាច្រើន​ ក្នុងតំបន់ទាំងនេះ​និយាយថា ស្ដេច​ចច​ទី៣​ ជាមនុស្សឡប់​ មិនចេះគិត ហើយ​ពួកគេ​សុខចិត្ត​អធិស្ឋាន​ ឱ្យ​ព្រះជាម្ចាស់ប្ដូរ​ស្ដេច​ថ្មី ចៀសជាងអធិស្ឋាន ​ឱ្យ​វ៉ាស៊ីងតោន​​និង​ក្រុម​បះ​បោរ​នៅ​អាម៉េរិក​ ទទួល​បរាជ័យ​។​ វីល្លាម​ផ្ដើម​មាន​គំនិត​ដូច្នេះ​ដែរ​។ដោយសារ​គាត់​បាន​អាន​អំពី​ស្ថានការណ៍នេះ។ ចុង​បញ្ចប់​ ​គាត់​យល់ឃើញថា បុព្វហេតុ​របស់​ពួក​និគមជន​អាម៉េរិក មានលក្ខណៈត្រឹមត្រូវ​​សុចរិត​។ 

អស់​ជាច្រើន​ខែ​ ចន វ៉ូរ​ ​បានព្យាយាម​បបួល​វីល្លាម ឱ្យ​ទៅ​ផ្ទះ​ប្រជុំ​១កន្លែង​ នៅ​សាក្លេថុន​ជាមួយខ្លួន ប៉ុន្ដែ​វីល្លាម​បដិសេធ​ហើយ​បដិសេធ​ទៀត រហូត​ដល់​ស្ដេច​ចច​ទី​៣​ប្រកាស​​កំណត់​យក​ថ្ងៃពុធ ទី​១០ ខែ​កុម្ភៈ ឆ្នាំ​១៧៧៩​ ជាទិវាអធិស្ឋាន​និងតមអត់ថ្នាក់ជាតិ​។​​ ក្រៅ​​ពីនៅ​អាម៉េរិក​ នៅ​កន្លែង​ផ្សេង​ៗទៀត ​អង់គ្លេស​ក៏​ប្រឈមមុខ​ នឹង​ស្ថានការណ៍​លំបាក​​ដែរ​។ បារាំង​និង​អេស្ប៉ាញ​ប្រកាស​សង្គ្រាម ​នឹង​អង់គ្លេស ហើយ​នាវា​ចម្បាំង​ពួកគេ ឈរ​ជើងជា​ប្រចាំ នៅ​ច្រក​សមុទ្រ​អង់គ្លេស​ រង់​ចាំឱកាស​វាយ​លុក​។ នៅ​ឥណ្ឌា ​កងកម្លាំង​អង់គ្លេស​ រងការ​វាយលុក ពីបណ្ដា​កម្លាំង​តាម​មូលដ្ឋាន​ ដែល​មាន​រចនាសម្ព័ន្ធរឹងមាំ ហើយ​នៅ​វ៉េស្ដ​អ៊ីនឌីស៍​ ជន​ជាតិ​បារាំង​កំពុង​ប្រយុទ្ធ​ នឹង​កងនាវិកអង់គ្លេស​លើសមរភូមិសមុទ្រ​ទៀត។ 

ដូចជនជាតិ​អង់គ្លេស​ទូទៅដែរ​ វីល្លាម​ចង់​ចូល​រួម​កម្មវិធីអធិស្ឋាន​ ដើម្បី​ប្រទេស​ណាស់​ តែ​គាត់​ហារមាត់​អធិស្ឋាន​ ឱ្យ​កងកម្លាំង​បដិវត្តន៍​នៅ​អាម៉េរិក​ ដួល​រលំ​មិនរួចឡើយ​។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​ឱ្យ​ពួក​គេ​ឈ្នះ​!  គិតដូច្នេះមានន័យថា គាត់​មិន​អាច​ទៅ​ចូល​រួម​កម្មវិធី​អធិស្ឋាន​ នៅក្រុម​ជំនុំ​អង់គ្លីកង់​ ដែលស្ដេចបានដាក់បញ្ជា ទៅអ្នក​ថ្វាយ​បង្គំ​ទាំង​អស់​ ត្រូវអធិស្ឋាន ឱ្យ‌ពួក​បះ​បោរ​នៅ​អាម៉េរិក​រង​បរាជ័យបាន​ទេ។ ទន្ទឹម​គ្នានេះ ក្រុម​ប្រឆាំង​គេ​អធិស្ឋាន ឱ្យ​​ពួកបដិវត្តន៍​ឈ្នះ​​​។ វីល្លាម​ក៏​ប្ដូរ​ចិត្ត ព្រមទៅ​​ចូលរួម​កម្មវិធី​អធិស្ឋាន​របស់​ក្រុម​ប្រឆាំង​ តាម​ការ​បបួល​របស់​ ចន វ៉ូរ។

វីល្លាម​​ ឃែរី ពុំ​បាន​ដឹង​ខ្លួន​ឡើយ ថា​ពិភព​ដែល​ខ្លួន​កំពុង​ឈាន​ជើង​ចូល​នោះ​ មានភាពខុសប្លែក​ប៉ុណ្ណា​។ ហើយ​គាត់​ក៏​ពុំ​បាន​ដឹង​សោះ​ឡើយ​ ថានៅ​ប៉ុន្មាន​ឆ្នាំខាងមុខ ​ខ្លួនគាត់​នឹងមាន​ឥទ្ធិពល​ប៉ុណ្ណា ចម្ពោះ​ពិភពលោកនេះ​។ 

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login