សំណួរ
១. ដូចម្តេចដែលហៅថាលទ្ធិប្រជាធិបតេយ្យ ?
២. ចូរអធិប្បាយអំពីពណ៌ភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម ពណ៌លឿង ពណ៌បៃតង ពណ៌ភ្លឹបភ្លែតៗ ?
៣. ដើម្បីឱ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងដូចម្តេច ?
៤. ចូរបង្ហាញពីប្រទេសចំនួនប្រាំដែលមានប្រជាជនច្រើនជាងគេ ។
៥. តើជនបរទេសត្រូវមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ដែលអាចសុំចូលជាសញ្ជាតិខ្មែរបាន ?
ចម្លើយ
១. លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹននាំប្រទេសដែលអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ។ អំណាចកំពូលរបស់រាជរដ្ឋាភិបាល ឋិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋប្រើប្រាស់ដោយប្រជាពលរដ្ឋផ្ទាល់ និងដោយតំណាងប្រជាពលរដ្ឋដែលជ្រើសរើសដោយការបោះឆ្នោត ។
២. អំពីភ្លើងសញ្ញាចរាចរណ៍គឺ ៖
- ភ្លើងពណ៌ក្រហម ៖ គឺជាសញ្ញាបង្ខំឱ្យឈប់យានជំនិះ បើសិនជានៅខាងមុខគ្មានឧបសគ្គទេនោះ យានជំនិះដែល នៅខាងស្តាំអាចបត់ស្តាំបាន ។
- ភ្លើងពណ៌លឿង ៖ គឺជាសញ្ញាដែលប្រុងប្រយ័ត្ន មានន័យថា ពណ៌ក្រហមខិតជិតមកដល់ ។
- ភ្លើងពណ៌លឿង ៖ គឺជាសញ្ញាដែលអនុញ្ញាតឱ្យយានជំនិះ គ្រប់ប្រភេទទៅមក ។
- ភ្លើងភ្លឹបភ្លែត ៖ គឺជាសញ្ញាឱ្យយានជំនិះបន្ថយល្បឿនអែបមកខាងស្តាំ ។
៣. ដើម្បីឱ្យបរិស្ថានសាលារៀនបានល្អ យើងជាសិស្សានុសិស្សគប្បី ៖
ក. ចំពោះបរិស្ថានធម្មជាតិ ៖
- សម្អាតទីធ្លា សាលារៀន និងបន្ទប់រៀងជារៀងរាល់ថ្ងៃ
- ចេះតុបតែងលម្អនៅក្នុងបន្ទប់រៀន
- មិនត្រូវមើលបំណាំគ្នាក្នុងការធ្វើអនាម័យសាលារៀន
- មិនត្រូវចោលសំរាម ឬកាកសំណល់ ឬថង់ប្លាស្ទិចពាសវាល ពាសកាល ត្រូវចោលក្នុងធុងសំរាម
- រាល់សំរាម ត្រូវដុតចោល ហើយយកផេះទៅធ្វើជី
- ត្រូវដាំដើមឈើយកម្លប់ធ្វើស៊ុម ស្រោចទឹក រួមទាំងដាក់ជីធម្មជាតិ
- ធ្វើសួនផ្កាលម្អតាមមុខថ្នាក់រៀន មុខទីចាត់ការ ការិយាល័យនានានិងជុំវិញដង់ជាតិ ទីស្នាក់ការក្រុមប្រឹក្សាយុវជន បន្ទប់យុវជនកាកបាទក្រហម ទីស្នាក់ការកាយរិទ្ធិ ផ្លូវចូលសាលារៀន
- ធ្វើសួនជីវចម្រុះ សួនជីវវិទ្យា
- ត្រូវឱ្យមានប្រព័ន្ធចែកចាយទឹកនិងលូបង្ហូរទឹកផ្សេងៗ
- ត្រូវមានជាដាច់ខាតនូវបង្គន់អនាម័យ តាមភេទ (បរុសនិងនារី)
- ត្រូវមានបងព័ន្ធជុំវិញនិងខ្លោងទ្វារចូល ពាក្យស្លោកអប់រំផ្សេងៗ
- ត្រូវចេះរៀបចំកន្លែងដាក់ កង់ ម៉ូតូ ឡាន និងលក់ចំណីដែលមានអនាម័យនិងមានរបៀបរៀបរយ ជានិច្ច
- ត្រូវមានក្តារខៀនជូនព័ត៍មាន
- ត្រូវចេះថែរក្សាសម្បត្តិរួម
- ត្រូវមានទីលានកីឡា ដែលរួមមានលានបាល់ទាត់បាល់បោះ បាល់ទះជាដើំម
- ត្រូវមានស្លាក ឈ្មោះ សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ស្លាកបណ្ណាល័យ និងទីកន្លែងផ្សេងៗទៀត ។
ខ. ចំពោះបរិស្ថានសង្គម និងវប្បធម៌
- ត្រូវគោរពឱ្យបានជាដាច់ខាតនូវក្បួនខ្នាតបទបញ្ជាផ្ទៃក្នុងសាលារៀនគឺត្រូវស្លៀកពាក់ឯកសណ្ឋាន ស្លាកឈ្មោះសាម៉ីខ្លួនស្លាកឈ្មោះសាលារៀននិងការតសិស្ស
- ត្រូវមានក្រមសីលធម៌ រស់នៅល្អ ចេះគោរពគ្នា ទៅវិញទៅមកចេះជួយគ្នា ក្នុងគ្រាមានអាសន្នអនក្រ
- មិនត្រូវភ្លើតភ្លើន មិនស្រើបស្រាល មិនត្រូវច្រងេងច្រងាក្លាយជាក្មេងទម្រើសឡើយ
- ត្រូវចេះរក្សា វប្បធម៌ បវេណី អរិយធម៌ ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ
- ត្រូវរកវិធានការទប់ស្កាត់វប្បធម៌ បរទេសពាលា (ក្រុមក្មេងទម្រើស ក្រុម លួចប្លន់ ក្រុមគ្រឿងញៀនជាដើម)
- ត្រូវចេះគួរសមរមទម (រម្យទម) គោរពលោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា និងប្រធានក្រុមប្រឹក្សាចាស់ព្រឹទ្ធាចារ្យជាដើម
- ត្រូវមានសាមគ្គីភាពគ្នាល្អរាប់អានគ្នាល្អមិនរើសអើង និងចេះសហការធ្វើការជាងារជាក្រុម ។
៤. បង្ហាញពីប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក ៖
- សាធារណរដ្ឋប្រជាមានិតចិន
- សាធារណរដ្ឋឥណ្ឌា
- សាធារណរដ្ឋឥណ្ឌូណេស៊ី
- សហរដ្ឋអាមេរិក
- ប្រេហ្ស៊ីល ។
៥. ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវមានលក្ខណៈដូចតទៅ ៖
ក. លក្ខខណ្ឌទូទៅ
- មានលិខិតបញ្ជាក់ថា មានគំនិតមារយាទ និងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់ ដែលខ្លួនរស់នៅ
- មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ
- មានលិខិតបញ្ជាក់ថាជននោះមានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ដែលចេញឱ្យក្នុងក្របខណ្ឌនៃច្បាប់
- មានទីលំនៅក្នុង ព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំសញ្ជាតូបនីយកម្ម
- ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងពីប្រវត្ថិសាស្រ្តខ្មែរខ្លះៗ
- មានបញ្ញានិងកាយសម្បទា ដែលមិននាំឱ្យគ្រោះថ្នាក់ឬនាំឱ្យមានបន្ទុកដល់ជាតិ ។
ខ. លក្ខខណ្ឌគុណសម្បត្តិ
- ធ្វើអំណាយជាប្រាក់ដល់ថវិការជាតិ ចាប់ពីមួយពាន់លានរៀនឡើងទៅ
- មានថ្មីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចជាតិ
គ. លក្ខខណ្ឌសហព័ន្ធ
- មានសហព័ន្ធឬកូនដែលមានអាយុតិចជាង ១៨ឆ្នាំដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ
- ជនដែលបានអនុញ្ញាតឱ្យ ចូលជាសញ្ជាតិត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។