2018-01-09 11:30
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ខ្មែរបុរាណនិយមឱ្យកូនស្រីចូលម្លប់នៅពេលដែលកូនស្រីពេញក្រមុំ គឺនៅពេលនាងមានរដូវគ្រាដំបូង។ ពិធីចូលម្លប់របស់កូនស្រីក្នុងសង្គមខ្មែរគេមិនបានដឹងថា កើតមានតាំងពីសម័យកាលឬឆ្នាំណាមកទេតែគេបានដឹងតាមរយៈរឿងទុំ ទាវ ដែលកើតឡើងនៅសម័យលង្វែក ក្នុងរវាងសតវត្សទី១៦ ហើយបានបន្តមកដល់សម័យព្រះបាទស៊ីសុវត្ថិ មុនីវង្ស ក្នុងរវាងឆ្នាំ ១៩៤០ទើបប្រជាពលរដ្ធខ្មែរយើងបានបោះបង់ចោលរហូតមកដល់បច្ចុប្បន្ននេះ។ ចំពោះវត្ថុបំណង នៃការធ្វើពិធីចូលម្លប់របស់់កូនស្រីនោះមានបួនយ៉ាងគឺ៖
១-ប្រកាសភាពពេញក្រមុំរបស់កូនស្រី។
២-បន្ទុំសម្បុរនិងអប់រំរូបរាងកាយឱ្យកូនស្រី។
៣-បំពេញលក្ខណៈចរិយាវិជ្ជាមេផ្ទះ និងវិជ្ជាជីវៈឱ្យកូនស្រី។
៤-ទាក់ទាញអារម្មណ៍ញាតិមិត្តតាមរយៈ រូបសម្បត្តិ ចរិយាសម្បតិ្ត និងវិជ្ជាសម្បតិ្ត។
ការចូលម្លប់របស់កូនស្រីនៅពេលពេញក្រមុំដែលបានកំណត់ដឹងដោយសារការមានរដូវនៅគ្រាដំបូង។ រយៈពេល ចូលម្លប់មាន ៣ខែ ទ ៦ខែ ឬក៏លើសនេះក៏មានដែរ ទៅតាមជីវភាព លទ្ធភាពរបស់គ្រួសារនិងការ សំរេចលើឪពុកម្តាយ។ នារីចូលម្លប់ពាក់អាវដៃវែង ស្លៀកសំពត់វែង ឋិតនៅក្នុងផ្ទះមិនឱ្យត្រូវកំដៅថ្ងៃទេ។ ប៉ុន្តែបើនៅពេលយប់នោះគឺអាចចុះដី ឬចេញក្រៅផ្ទះបាន។ ចាប់ពីថ្ងៃចូលម្លប់មានតែការអុជធូបជំរាប់ព្រលឹងដូនតាបន្តិចបន្ទួចប៉ុណ្ណោះ ហើយក៏មានដាក់ដាំកូនចេកក្រមុំដំណាលគ្នាផងដែរដើម្បីបានផ្លែទុំមួយស្ទងនោះបន្ទុំធ្វើបង្អែមនៅពេលចេញពីម្លប់។ នារីនៅក្នុងម្លប់ គឺមានការហាត់ពត់ផ្នែកវិន័យ និងសីលធម៌ក្នុងការរស់នៅ ដោយហាមនូវទំនាក់ទំនងលើការនិយាយ ជាមួយភេទបុរសដែលសូម្បីតែឪពុក និងបងប្អូនប្រុស ក៏ហាមមិនឱ្យនិយាយច្រើនដែរ។ ពេលនោះការទាក់ទងតែទៅលើ ស្ត្រីភេទដូចគ្នា ហើយត្រូវបរិភោគម្ហូបបួសដូចជាសណ្តែក ល្ង បន្លែជាដើម ពោលគឺមិនមានការអនុញ្ញាតឱ្យបរិភោគសាច់ឡើយ។ នេះជាពិធីដ៏សំខាន់ពីបុរាណត្រូវអប់រំនារី ដែលត្រូវដល់ពេលឈានដល់ភារកិច្ចថ្មី គឺជាមេផ្ទះនិងដឹកនាំគ្រួសារឱ្យមានសុភមង្គលស្របទៅតាមរបបមាតាធិបតេយ្យ ការនិយមមេជាធំ ដែលជាការអនុវត្តន៍ តាមប្រវត្តិប្រពៃណីព្រះថោងតោង ជាយស្បៃនាងនាគ។ ពិសេសគេដឹងថា ស្រ្តីមេផ្ទះមានតួនាទីដ៏ថ្លៃថ្លា ឈានមុខក្នុងការកសាងសេចក្តីសុខចំរើនរកទ្រព្យ សម្បត្តិក្នុងគ្រួសារ ដូចពាក្យចាស់ពោលថា “ទ្រព្យគង់ ដ្បិតស្រី” “សូវស្លាប់បាកុំឱ្យស្លាប់មេ...”។ ទាំងសុភមង្គលនិងទ្រព្យ សម្បត្តិដែលកើតមាននៅក្នុងគ្រួសារ ក៏ជាកោសិការសង្គម គឺនាំឱ្យជាតិបានរីកចំរើនផងដែរ។ ម៉្លោះហើយការរៀប ចំឱ្យនារី ចូលម្លប់គឺជាឱកាសអប់រំចរិយាមារយាទ សណ្តាប់ធ្នាប់ ពិសេសគឺ ការស៊ូទ្រាំអត់ធន់គ្រប់គ្រាលំបាកល្វិងជូរចត់ដើម្បីត្រៀមខ្លួនរៀបចំទទួលអំរែកវាសនា នៅពេលមានស្វាមី បង្កើតជាគ្រួសារថ្មី។ ដូចនេះ ដើម្បីឱ្យបានជាក់ច្បាស់ថែមទៀតនោះតាមរយៈវត្ថុបំណងទាំង៤នៃការចូលម្លប់មានការបកស្រាយដោយសង្វេបដូចតទៅនេះ។ ចំពោះការប្រកាសពីភាពពេញក្រមុំរបស់កូនស្រីនោះ គឺដើម្បីឱ្យញតិមិត្តផៅពង្សជិតឆ្ងាយដែលរង់ចាំឱកាសចូលស្តី ដណ្តឹងកូនស្រីនោះ នឹងបានជ្រាបច្បាស់ថា កូនស្រីគេពេញក្រមុំអាចទទួលភារកិច្ចតាមធម្មជាតិក្នុងការបន្តពូជពង្សបានហើយ។ នេះជាសញ្ញាមួយបានបង្ហាញអំពីទំនាក់ទំនងទៅតាមច្បាប់ប្រពៃណីដល់បេក្ខភាពនៃកូនកំលោះទាំងឡាយឱ្យបានដឹងនិងរៀបចំខ្លួនចូលទាក់ស្តីដណ្តឹងឱ្យទាន់គេគឺកុំឱ្យខកឬហៅថាចូលមិនទាន់គេ។ បន្ទុំសម្បុរសាច់ឈាម គឺនារីដែលទើបបានឡើខ្លួន ហើយនៅក្នុងម្លប់ធ្វើការស្រាលៗក្នុងផ្ទះតែងនាំឱ្យសាច់និងសម្បុរល្អដែលជារត្ថុបំណងរបស់នារីក្នុងការធ្វើឱ្យសាច់ឈាមស្រស់ថ្លាសាច់ខ្ចីស ម៉ដ្ធទ្រលុកទ្រលន់ល្វត់ល្វន់....។ ចរិយាសម្បតិ្ត និងវិជ្ជាជីវៈ ដែលក្នុងពេលចាស់ទុំបានិយាយឱ្យស្តាប់ ឬអានសៀវភៅ ឬអានសាស្ត្រាដោយខ្លួនឯង។ ជាមួយនេះមានការរៀនវិជ្ជាមេផ្ទះ ការដេរប៉ាក់ ត្បាញរវ៉ៃ ការរៀបចំផ្ទះសំបែង ការនិយាយស្តីប្រកបដោយសំដីផ្អែមល្ហែមមិនឆេវឆាវ...។ នៅពេលចេញពីម្លប់ អាចបណ្តាលឱ្យញាតិមិត្តជិតខាងស្ងើចសរសើរ និងទាក់ទាញទាំងរូបសម្ជស្ស និងទាំងចំណោះ ដឹងសីលធម៌ គឺមានការប្រែប្រួលដ៏ល្អ។ បានសេចក្តីថា ទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ និងទាំងវិជ្ជាសម្បត្តិរបស់នារី នោះអាចស័ក្តិសមជាមេផ្ទះដ៏ប្រសើរ គួរឱ្យចង់ភ្ជាប់សាច់ភ្ជាប់ឈាម ជាគ្រួសារតទៅអនាគត។ ដូចនេះ ការចូលម្លប់ គឺជារូបភាព និងជារិធានការនៃការអប់រំស្ត្រីពីបុរាណ ក្នុងនាមជាអ្នកត្រៀមខ្លួនចូលបំពេញតួនាទីជា មេគ្រួសារប្រកបដោយសុភមង្គលក្នុងគ្រួសារនៃសង្គមខ្មែរ។ ប៉ុន្តែសំរាប់បច្ចុប្បន្ននេះ ការអប់រំមានការរីកចំរើនគឺទាំងយុវជនយុវនារី តែងបានចូលសិក្សារៀនសូត្រតាមសាលារៀនតាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សាព្រមទាំងមានឯកសារក្បូនខ្នាតជាច្រើនសំរាប់បណ្តុះបណ្តាលធនធានមនុស្សឱ្យបានប្រសើរក្នុងសង្គម។