ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អត់មានទេ ពីព្រោះថាគេធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាល់តែមានការចាំបាច់ជាទីបំផុត ។ ឧទាហរណ៍ ចុងក្រោយ ដូចជានៅខែ កុម្ភៈ ឆ្នាំ២០០៨ មុនការធ្វើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ យើងបានធ្វើវិសោធនកម្មម្តង ដោយសារតែយើងចង់ធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលដែនដីចាស់ ពីព្រោះថារចនាសម្ព័ន្ធចាស់មិនឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យមានការបែងចែកដែនដីជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ។ ដូច្នេះ ក្រោយពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្រុងមួយចំនួនត្រូវបានប្រែខ្លួនទៅជាខេត្ត ដូចជាក្រុងប៉ៃលិន ក្រុងព្រះសីហនុ ក្រុងកែប ហើយមានទីប្រជុំជនខ្លះ ដែលមានមនុស្សច្រើនកុះករអាចប្រែខ្លួនក្លាយទៅជាក្រុងបានដូចជាក្រុងប៉ោយប៉ែត ក្រុងបាវិត ក្រុងសួង ។ល ។ ចំណែកឯអ្នកមានសិទ្ធិផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មានព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាតាមសំណើរបស់តំណាងរាស្ត្រ១/៤ ហើយព្រឹទ្ធសភាមិនមានសិទ្ធិផ្តួចផ្តើមធ្វើវិសោធនកម្មទេ ។ បើនាយករដ្ឋមន្ត្រីចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញវិញនោះ នាយករដ្ឋមន្ត្រីត្រូវធ្វើសំណើថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រទ្រង់ធ្វើព្រះរាជសារសុំពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យមើលចំណុចមួយចំនួនដែលរដ្ឋធម្មនុញ្ញហាមឃាត់ក្នុងនោះមានរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមជាដើម ។