ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៥១- តើច្បាប់រដ្ឋធម្មនុញ្ញ និងរដ្ឋធម្មនុញ្ញខុសគ្នាដូចម្តេច ?
៣៥២- តើលក្ខណៈជាសារវ័ន្តនៃរដ្ឋធម្មនុញ្ញមានន័យដូចម្តេច ?
៣៥៣- តើការបង្កើតរដ្ឋធម្មនុញ្ញធ្វើដោយរបៀបណា ?
៣៥៤- តើរដ្ឋធម្មនុញ្ញបានរៀបរៀងដោយឈរលើគោលការណ៍ចំណុចប៉ុន្មានយ៉ាង?
៣៥៥- យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ យើងមិនឃើញមានមាត្រាណាមួយបញ្ជាក់ឱ្យច្បាស់ពីពាក្យ “សេវាសាធារណៈ" ឡើយ ហេតុអ្វី ? សូមអនុញ្ញាតពន្យល់ពាក្យនេះដោយអធ្យាស្រ័យ ។
ចម្លើយ
៣៥១- ច្បាប់រដ្ឋធម្មនុញ្ញប្រហែលជាចង់និយាយច្បាប់ធម្មនុញ្ញទេមើលទៅ ហើយរដ្ឋធម្មនុញ្ញខុសគ្នាដូចម្តេច? ខ្ញុំសូមឆ្លើយត្រួសៗច្បាប់ធម្មនុញ្ញកាលណាមិនទាន់ប្រកាសឱ្យប្រើទេ គឺមិនទាន់ជារដ្ឋធម្មនុញ្ញទេ នៅជាច្បាប់ធម្មនុញ្ញ ។ សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះគេស្នើធ្វើវិសោធនកម្ម ឬធ្វើបន្ថែម ហើយនៅពេលឆ្លងកាត់រដ្ឋសភា ព្រឹទ្ធសភាចប់ហើយ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញ នៅពេលនោះហើយដែលច្បាប់ធម្មនុញ្ញនឹងក្លាយជារដ្ឋធម្មនុញ្ញ ។
៣៥២- យើងមើលគ្រោងធំៗនៃរដ្ឋធម្មនុញ្ញ ។ ដើម្បីគ្រប់គ្រងរដ្ឋ គ្រប់គ្រងប្រទេស គឺមានស្ថាប័ន ព្រះមហាក្សត្រ ចំពោះព្រះរាជាណាចក្រ ស្ថាប័នប្រធានាធិបតី ចំពោះរបបសាធារណរដ្ឋ ។ អំណាចប្រធានាធិបតី អំណាចព្រះមហាក្សត្រ ហើយការកំណត់សិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ កំណត់ពីសមត្ថកិច្ចនៃអំណាចទាំងបីគឺ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង អំណាចតុលាការ ។ ទន្ទឹមនឹងនោះមានកំណត់ពីនិយ័តករ ឬអ្នកធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ ។ ក្នុងរបបប្រជាធិបតេយ្យសេរីដូចយើង ជាទូទៅ គឺមានស្ថាប័នហៅថា ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការធម្មនុញ្ញ ឬ តុលាការកំពូល និង អាចមានស្ថាប័នឈ្មោះប្លែកពីនេះ ។
៣៥៣- តាមប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បាន នៅក្នុងឆ្នាំ១៩៤៦ ព្រះមហាក្សត្រ ទ្រង់បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាធម្មនុញ្ញ ដែលជាស្ថាប័នទទួលភារកិច្ចសរសេររដ្ឋធម្មនុញ្ញ និង អនុម័តរដ្ឋធម្មនុញ្ញ ។ នៅសម័យសាធារណរដ្ឋខ្មែរ របៀបបង្កើតរដ្ឋធម្មនុញ្ញនៅសម័យនោះ គឺគេបង្កើតគណៈកម្មការតាក់តែង និង អនុម័តដោយប្រជាមតិ ចំណែកឯនៅសម័យកម្ពុជាប្រជាធិបតេយ្យ គឺសរសេរហើយស្រេច ដោយគ្រាន់តែយកទៅឆ្លងសន្និបាតកម្មាភិបាលទូទាំងប្រទេស ។ ករណីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩៣ គឺគេបោះឆ្នោត ដើម្បីរើសតែសភាធម្មនុញ្ញទេ ដើម្បីសរសេរដ្ឋធម្មនុញ្ញ ហើយក្រោយរដ្ឋធម្មនុញ្ញចូលជាធរមាន សភាធម្មនុញ្ញក្លាយទៅជារដ្ឋសភា ។
៣៥៤- រដ្ឋធម្មនុញ្ញត្រូវបានរៀបរៀងឡើងដោយឈរលើគោលការណ៍ច្រើន ក្នុងនោះមានការកំណត់អំណាច ( អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ) ការកំណត់អំពីប្រមុខរដ្ឋ (តើអ្នកណាដែលត្រូវធ្វើជាប្រមុខរដ្ឋ ជាប្រធានាធិបតី ឬក៏ជាព្រះមហាក្សត្រ? ហើយមានអំណាចយ៉ាងដូចម្តេច?) ជាដើម ។
៣៥៥- រដ្ឋធម្មនុញ្ញ ពុំមានប្រើពាក្យ “សេវាសាធារណៈ” នេះមែន ប៉ុន្តែអត្ថបទច្បាប់ ឋានានុក្រមលំដាប់ទី២ មានចែងពីពាក្យនេះ ។