ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៣៤៦- រដ្ឋធម្មនុញ្ញក្នុងរបបខ្មែរក្រហម ជនណា ឬក្រុមណាអ្នកបង្កើត និងសម្រេចបម្រើនយោបាយឱ្យជននោះអនុវត្តទៅលើជនណា ព្រោះរបបនេះមានរដ្ឋធម្មនុញ្ញឃោរឃៅណាស់ ?
៣៤៧- តើរដ្ឋធម្មនុញ្ញថ្មីចេញដោយអ្នកណាខ្លះ ?
៣៤៨- ហេតុអ្វីបានជាប្រទេសនីមួយៗចាំបាច់ត្រូវបង្កើតឱ្យមានរដ្ឋធម្មនុញ្ញ ?
៣៤៩- តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងពីច្បាប់ស្តីពីអំពើពុករលួយដែរឬទេ ហើយកាត់ទោសដូចម្តេចចំពោះអ្នកប្រព្រឹត្ត ?
៣៥០- តើនៅមុនឆ្នាំ១៩៤៧ កម្ពុជាមានច្បាប់កំពូល ឬប្រព័ន្ធច្បាប់របស់ខ្លួនដែរឬទេ? បើមានតើអ្វីខ្លះ?
ចម្លើយ
៣៤៦- យើងអាចចោទជាសំណួរទៅថ្នាក់ដឹកនាំសម័យនោះដែលមានលោក នួន ជា លោក អៀង សារី ជាដើម ដែលជាមនុស្សសកម្មក្នុងការបង្កើតរដ្ឋធម្មនុញ្ញសម័យនោះ តែយើងអាចនិយាយលេងបានថា ការគ្រប់គ្រង ប្រទេសជាតិនាសម័យនោះជារបបមួយដែលអាចចាត់ទុកថាជារបបឆេ្វងផុតលេខ ព្រោះមុនរបប ប៉ុល ពត គឺរបបកុម្មុយនីស្តមានជាយូរមកហើយ ហើយអ្នកគ្រប់គ្រងសម័យនោះ ក៏ជាមនុស្សមិនធម្មតាដែរ គឺជាបញ្ញាជនដែលមកពីបរទេសទៀតផង ។
៣៤៧- សំណួរនេះប្រហែលជាសំដៅទៅលើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ហើយ ។ សូមជម្រាបថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣នេះចេញមកពីការបោះឆ្នោតជាសកល ដែលរៀបចំឡើងដោយអ៊ុនតាក់ ក្រោយពេលដែលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញនេះរួចមក ។ នៅពេលដែលរដ្ឋធម្មនុញ្ញនេះចូលជាធរមាន សភាធម្មនុញ្ញបានក្លាយជារដ្ឋសភានៃអាណត្តិទី១ ឆ្នាំ១៩៩៣-១៩៩៨ ។
៣៤៨- ដូចឯកឧត្តម ប៉ែន ថុល ជម្រាបជូនហើយ គឺរដ្ឋធម្មនុញ្ញមានតួនាទីសំខាន់ណាស់នៅក្នុងរដ្ឋមួយ ។ វាមានតួនាទីសម្រាប់គ្រប់គ្រងរដ្ឋ ជាច្បាប់គោលដែលកំណត់អំពីរបបនយោបាយ និងការបែងចែកអំណាចនយោបាយ ។ ប្រសិនបើគ្មានរដ្ឋធម្មនុញ្ញទេ ប្រៀបបាននឹងប្រទេសគ្មានច្បាប់ ពីព្រោះរដ្ឋធម្មនុញ្ញជាច្បាប់មេសម្រាប់បង្កើតច្បាប់ផ្សេងៗទៀត ប៉ុន្តែនៅអាស៊ីអាគ្នេយ៍យើងមានប្រទេសប៊្រុយណេជាប្រទេសគ្មានរដ្ឋធម្មនុញ្ញ ប៉ុន្តែគេរស់នៅបានសុខដែរ ។ ជាទូទៅ គឺប្រទេសទាំងឡាយតែងតែមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ។
៣៤៩- ក្នុងរដ្ឋធម្មនុញ្ញឥតមានចែងទេ ប៉ុន្តែមានចែងក្នុងច្បាប់ដោយឡែកមួយ ស្តីពីការបង្ការនិងប្រឆាំងអំពើពុករលួយ។ យើងបានដឹងគ្រប់គ្នាហើយថា រាជរដ្ឋាភិបាលបានសន្យាថានឹងធ្វើបន្ទាប់ពីក្រមព្រហ្មទណ្ឌត្រូវបានប្រកាសឱ្យប្រើ ។
៣៥០- នៅស្រុកណាក៏គេមានច្បាប់របស់ខ្លួនដែរ ហើយសូម្បីតែប្រពៃណីទំនៀមទម្លាប់ក៏ជាច្បាប់ដែរ ។ នៅក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ លោកបានរៀបចំឱ្យមានជាក្បួនច្បាប់ជាច្រើនដែលយើងអាចឃើញស្រាប់ នៅតាមជញ្ជាំងប្រាសាទនានា ហើយលុះមកដល់ឆ្នាំ១៨២០ ក្នុងរាជ្យស្តេចជ័យជេដ្ឋាទ្រង់បានរៀបចំច្បាប់ដឹកនាំស្រុកទេសជាថ្មី ដែលគេហៅថា ក្រុមស្រុក ឬច្បាប់ស្រុក ប៉ុន្តែគេមិនហៅថារដ្ឋធម្មនុញ្ញនោះទេ។ ក្រោយពីបារាំងចូលស្រុក នៅឆ្នាំ១៩១២ នៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ យើងមានក្រមព្រហ្មទណ្ឌដំបូង ហើយក្រោយមកទៀតយើងមានក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណីនៅឆ្នាំ១៩២០ ពោលគឺមុនមានរដ្ឋធម្មនុញ្ញទៅទៀត ។ ប្រព័ន្ធតុលាការសម្រាប់ដោះស្រាយវិវាទមានពីរ ក្នុងនោះមួយសម្រាប់ដោះស្រាយវិវាទរវាងខ្មែរនិងខ្មែរ និងមួយទៀតសម្រាប់ដោះស្រាយវិវាទរវាងខ្មែរនិងបារាំង ហើយកាលនោះយើងមានតែសាលាដំបូងទេ ចំណែកឯសាលាឧទ្ធរណ៍ គឺនៅព្រៃនគរឯណោះ ។ ដូច្នេះ បើយើងនិយាយពីរដ្ឋធម្មនុញ្ញ គឺយើងទើបមានចាប់ពីឆ្នាំ១៩៤៧ នោះទេ ។ យើងអាចមើលព្រឹត្តិការណ៍ឡើងវិញថា យើងបានទទួលឯករាជ្យឆ្នាំ១៩៥៣ មុនឆ្នាំនេះយើងមានស្តេចសោយរាជ្យ ។ ខ្ញុំសូមលើកយក ព្រះមហាក្សត្រ នរោត្តម សីហនុ ដែលលោកសោយរាជ្យពីឆ្នាំ១៩៤១មក គឺយើងបានអនុម័តរួចហើយហៅថា ព្រះរាជបញ្ញត្តិរបស់ព្រះមហាក្សត្រជាលាយលក្ខណ៍អក្សរ ។ បើយើងមើលទៅមុននេះទៀត យើងអាចមើលឃើញច្បាប់ក្រមង៉ុយច្បាប់ទំនៀមទំលាប់ផ្សេងៗ ។ បើតាមឯកសារយើងអាចដឹងទៀតថា ច្បាប់មានតាំងពីជំនាន់ ព្រះបាទជ័យវរ្ម័នទី២ មានលើសិលាចារឹក ដែលយើងចាត់ទុកជាព្រះរាជបញ្ញត្តិ ។