ប្រព័ន្ធសេដ្ឋកិច្ចមានបី សេដ្ឋកិច្ចទីផ្សារសេរី សេដ្ឋកិច្ចបញ្ជារ ឬសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចចម្រុះ
- សេដ្ឋកិច្ចទីផ្សារសេរី ៖ កម្មសិទ្ធលើធនធានសេដ្ឋកិច្ចមួយភាគធំ ស្ថិតនៅក្នុងរង្វង់ការគ្រប់គ្រងរបស់ផ្នែកឯកជន ដែលជារូបវន្តបុគ្គល និងនីតិបុគ្គល ។ ដោយឡែកយន្តការគ្រប់គ្រង និងសម្របសម្រួលផ្នែកទាំងស្រុងលើយន្តការទីផ្សារដែលតាងទ្រឹស្តីក្លាស្សិក ហៅថាជាសេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង ។ ប្រព័ន្ធសេដ្ឋកិច្ចនេះ សេចក្តីសម្រេចចិត្តក្នុងការបែងចែកធនធានគឺជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ច ជាការពិតសេរីភាពនេះអាស្រ័យទៅនឹងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ក្នុងសង្គមសេដ្ឋកិច្ច ។ ពីព្រោះមុននឹងផលិតរបស់អ្វីមួយ ភ្នាក់ងារសេដ្ឋកិច្ចដែលជាផលិតករត្រូវសិក្សាសេចក្តីត្រូវការរបស់អតិថិជន ឬអ្នកប្រើប្រាស់ ។ ករណីនេះ សកម្មភាពផលិតកម្ម ការផ្លាស់ប្តូរ និងការប្រើប្រាស់ទំនិញ និងសេវាជាទូទៅត្រូវមានសេរីភាពបរិបូរណ៍ ។ ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចនេះ ភ្នាក់ងារសេដ្ឋនីមួយៗគ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងប្រឹងប្រែងធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើងតាមរយៈការប្រកួតប្រជែង ។
- សេដ្ឋកិច្ចបញ្ជារ ៖ រដ្ឋមានកម្មសិទ្ធិលើធនធាន និងកត្តាផលិតស្ទើរតែទាំងអស់ ឯយន្តការគ្រប់គ្រង និងសម្របសម្រួលផ្អែកលើមូលដ្ឋានផែនការរបស់រដ្ឋ មានន័យថាដំណើរផលិតកម្មស្ថិតនៅក្រោមការការពាររបស់រដ្ឋស្ទើរតែទាំងអស់ ។ ដំណោះស្រាយធំៗទាក់ទងទៅនឹងផលិតកម្ម ការគ្រប់គ្រង ការបែងចែកធនធានផ្សេងៗត្រូវស្ថិតនៅក្រោមការកំណត់របស់រដ្ឋ ។ សហគ្រាសជាកម្មសិទ្ធិរបស់រដ្ឋ ដូច្នេះសកម្មភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចទាំងក្នុងផលិតកម្ម ការបែងចែកព្រមទាំងការផ្លាស់ប្តូរទំនិញ និងសេវាស្ថិតនៅក្រោមការត្រួតពិនិត្យ នឹងត្រូវអនុវត្តតាមផែនការរបស់រដ្ឋ ។ និយាយរួមផែនការផលិតកម្មរបស់សហគ្រាសនីមួយៗត្រូវចាត់ចែង និងត្រួតពិនិត្យ និងអនុវត្តតាមផែនការរបស់រដ្ឋ ដែលមានក្រុមប្រឹក្សាផែនការជាតំណាង ហើយជាទូទៅផែនការទាំងនេះជាអ្នកកំណត់ចំពោះសហគ្រាសទីមួយៗពីបរិមាណគុណភាព បរិមាណគុណផល និងតើត្រូវផលិតអ្វី? ផលិតដូចម្តេច? សម្រាប់នរណា? ចំនួនប៉ុន្មាន? ក្នុងថ្លៃប៉ុន្មាន ? ដូច្នេះសមាមាត្របរិមាណផលិតកម្មរវាងទំនិញវិនិយោគ និងទំនិញប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋត្រូវបានគ្រប់គ្រង និងកំណត់ដោយផែនការរដ្ឋ ។
- សេដ្ឋកិច្ចចម្រុះ ៖ យន្តការរដ្ឋ និងយន្តការទីផ្សារមានតួនាទីសំខាន់ៗ ដូចគ្នាក្នុងដំណោះស្រាយបញ្ហាថាផលិតអ្វី? ផលិតដូចម្តេច? ផលិតសម្រាប់នរណា? ក្នុងការអនុវត្តកន្លងមក ប្រព័ន្ធសេដ្ឋកិច្ចចម្រុះច្រើនស្ថិតនៅចន្លោះ ជាសេដ្ឋកិច្ចចម្រុះបែបទីផ្សារ ឬសេដ្ឋកិច្ចចម្រុះបែបសេដ្ឋកិច្ចបញ្ជារ ។ ឧទាហរណ៍ សេដ្ឋកិច្ចសហរដ្ឋអាមេរិកជាសេដ្ឋកិច្ចចម្រុះបែបទីផ្សារ ពីព្រោះថានៅក្នុងសកម្មភាពសេដ្ឋកិច្ចជាច្រើន ផ្នែកឯកជនដើរតួសំខាន់ ហើយសកម្មភាពមួយចំនួនទៀតដំណើរការដោយរដ្ឋខ្លួនឯង តាមរយៈការអនុវត្តបទបញ្ញតិផ្សេងៗ ការយកពន្ធ និងការឧបត្ថម្ភជាដើម ជាងនេះទៀតរដ្ឋមានតួនាទីសកម្មក្នុងការប្រើប្រាស់ឧបករណ៍ម៉ាក្រូសេដ្ឋកិច្ច ដែលមាននៅក្នុងដៃសម្រាប់សម្របសម្រួលក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជា គោលនយោបាយសារពើពន្ធសម្រាប់រក្សារស្ថេរភាពនៃការផ្គត់ផ្គង់ និងជម្រុញកំណើនសេដ្ឋកិច្ចព្រមទាំងផ្គង់ផ្គង់ទំនិញ និងសេវាសាធារណៈ ជាពិសេសទំនិញ និងសេវាដែលអវត្តមាននៅក្នុងទីផ្សារ ឬមានចំនួសរដ្ឋ ។ តាមរយៈនេះការធ្វើអន្តរាគមន៍របស់រដ្ឋអាចកែសម្រួល និងបំពេញចន្លោះខ្វះខាតនូវយន្តការទីផ្សារ និងដើម្បីផ្ទេរសកម្មភាពទាំងនេះឱ្យក្លាយជាសកម្មភាពមានប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល ។ សេដ្ឋកិច្ចអតីតសហភាពសូវៀត និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមានលក្ខណៈជាសេដ្ឋកិច្ចចម្រុះដែរ តែបែបសេដ្ឋកិច្ចផែនការ ។ ក្នុងករណីនេះពិតមែនតែអ្វីៗ (ទាំងកម្មសិទ្ធធនធានសេដ្ឋកិច្ច ការរៀបចំផែនការ ការអនុវត្តន៍ និងការត្រួតពិនិត្យ) ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់រដ្ឋ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង សេដ្ឋកិច្ចចម្រុះបែបបញ្ជារនេះជៀសមិនផុតពីការប្រើប្រាស់យន្តការទីផ្សារនោះទេ ពោលគឺនៅតែមានសេសសល់កម្មសិទ្ធឯកជនលើធនធានសេដ្ឋកិច្ចមួយចំនួន ។ បច្ចុប្បន្នកូរ៉េខាងជើង និងប្រទេសគុយបា អាចចត់ថាជាសេដ្ឋកិច្ចចម្រុះបែបបញ្ជារ ។