សំណួរ
១១- ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជន តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ ? ១២- តើប្រទេសកម្ពុជាក្លាយជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា ? តើសមាជិកភាពរបស់កម្ពុជាទាំងនេះអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រទេសនិងប្រជាជនកម្ពុជា ?
១៣- តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមអ្វីខ្លះ ?
ចម្លើយ
១១- វិស័យពាណិជ្ជកម្មមានតួនាទីដូចខាងក្រោម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាជនដូចខាងក្រោម ៖
- ផ្គត់ផ្គង់តម្រូវការនានារបស់អ្នកប្រើប្រាស់ ដែលប្រជាជនក្នុងស្រុក កសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរណ៍ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញ ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬពីភូមិមួយទៅភូមិមួយទៀត ។
- នាំចេញនូវទំនិញនានា ដែលផលិតលើសសេចក្តីត្រូវការក្នុងស្រុក ដើម្បីទទួលបាននូវរូបិយប័ណ្ណ សម្រាប់ទិញទំនិញនិងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឬប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ ។
- ធ្វើឲ្យសេដ្ឋកិច្ចមានដំណើរការជានិរន្ត និងធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើ និងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។
១២- ប្រទេសកម្ពុជាចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅទី ១៣ ខែ តុលា ឆ្នាំ ២០០៤ ។
សមាជិកភាពរបស់កម្ពុជាទាំងពីរនេះ អាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជាដូចខាងក្រោម ៖
- ផ្តល់ទីផ្សារដ៏ធំនៅក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និងនាំចេញពីកម្ពុជា ។
- ផ្តល់នូវទំនិញដែលមានគុណភាពល្អ មានជម្រើសច្រើន និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ។
- នៅក្នុងទីផ្សារអាស៊ាន ពន្ធនាំចូលមានកម្រិតទាបសម្រាប់ផលិតផល ដែលផលិតពីកម្ពុជា ។
- បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និងកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំនៅក្នុងពិភពលោក ។
- ផ្តល់លទ្ធភាពឲ្យកម្ពុជានាំចេញនូវផលិតផលវាយនភ័ណ ដោយមិនជាប់កូតាចាប់តាំងពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥ មកម្លេះ ។
- ជាចលករដើម្បីជម្រុញឲ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេស ។
- ផ្តល់នូវជំនួយបច្ចេកទេសនានាដើម្បីកសាងច្បាប់ ពង្រឹងសមត្ថភាពក្រសួង និងស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន ។
- ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្ម និងជួយបង្កើននូវប្រាក់ចំណូល សម្រាប់ប្រជាជន និងជួយជម្រុញនូវកំណើនសេដ្ឋកិច្ច ។
១៣- រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយ ជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងធុនមធ្យមមានដូចជា ៖
- លើកទឹកចិត្តដល់ការរីកលូលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង ។
- ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ ។
- កាត់បន្ថយបែបបទនៃការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន ។
- សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគ្រស្មាញ មានដូចជា អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ។
- ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួន ក្នុងរយៈពេលសម្របសម្រួលមួយ ។
- ជំរុញស័ម្ពន្ធភាពរវាងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម ជាមួយឧស្សាហកម្ម ធុនធំ ។
- ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិ ដែលជួយដល់ឧស្សាហកម្មធុនតូច និងមធ្យម តាមរយៈការលើកកម្ពស់ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម ។
- បង្កើតវិទ្យាស្ថានស្តង់ដារជាតិ ដែលនឹងជួយធានាឲ្យមានគុណភាព ផលិតផលក្នុងប្រទេសអាចឆ្លើយតបបានទៅនឹងស្តង់ដារក្នុងតំបន់ និងអន្តរជាតិ ។
- បង្កើតមន្ទីរពិសោធន៍ផ្នែករូប គីមី មីក្រូជីវ មេកានិច និងការធ្វើតេស្ត ដែលអាចកំណត់បានលើគុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល ។
- ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញា ដែលរារាំងដល់ការលួចចម្លងខុសច្បាប់ ក្នុងការរិះរកនិងប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី ព្រមទាំងផលិតផលថ្មី ។
- ជំរុញដល់ការបណ្តុះបណ្តាលមុខវិជ្ជាជំនាញទាំងក្នុងនិងក្រៅប្រទេស ។
- បង្កើតចលនាភូមិមួយផលិតផលមួយ ។
- ពង្រឹងប្រព័ន្ធច្បាប់ ដោយច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្ម ឧស្សាហកម្ម ច្បាប់សុវត្តិភាព ភាពឧស្សាហកម្ម ច្បាប់រង្វាស់ រង្វាល់ ។ល។
តភាគ