Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- ចូរឲ្យនិយមន័យទីផ្សារ ។

២- តើគោលការណ៍សេដ្ឋកិច្ចទីផ្សារមានប៉ុន្មាន ? អ្វីខ្លះ ?

៣- ចូរបង្ហាញពីភាពខុសគ្នារវាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងសេដ្ឋកិច្ចផែនការ ?

៤- តើអ្វីទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ?

៥- ចូររៀបរាប់ពីប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច ?

ចម្លើយ

១- និយមន័យទីផ្សារមានដូចជា ៖

ក- ទីផ្សារក្នុងន័យធម្មតា

  • ទីផ្សារ គឺជាកន្លែងដោះដូរផលិតផលរវាងអ្នកទិញនិងអ្នកលក់ក្នុងក្របខណ្ឌតំបន់ភូមិសាស្ត្រ ក្នុងរយៈពេលកំណត់មួយ និងតាមតម្លៃសមស្របមួយ ។ ផលិតផលដែលត្រូវដោះដូរលើទីផ្សារ អាចជាទំនិញ សេវាកម្ម ឬ អាចជាធនធាន ។
  • ទីផ្សារ គឺជាមជ្ឈដ្ឋានចាំបាច់សម្រាប់យន្តការសេដ្ឋកិច្ចទីផ្សារ និងមានការដោះដូរផលិតផលនិងសេវាកម្ម ដែលបង្កើតឡើងដោយពលកម្មសង្គមជាមូលដ្ឋាន ។
  • ទីផ្សារ គឺជាប្រភពរីកចម្រើននៃជីវភាពសេដ្ឋកិច្ចសង្គម ពោលគឺជាកន្លែងទំនាក់ទំនងរវាងអ្នកលក់ ផលិតករ ឬអ្នកផ្គត់ផ្គង់ និងអ្នកទិញ អតិថិជន ឬអ្នកប្រើប្រាស់ អ្នកមានតម្រូវការ ដើម្បីដោះដូរទំនិញនិងសេវាកម្ម ។ តាមរយៈនេះ បង្កើតឲ្យមានកិច្ចព្រមព្រៀងក្នុងការផលិត តម្លៃ បរិមាណ ផលិតផល ដែលចាំបាច់សម្រាប់សង្គម ។

ខ- ទីផ្សារក្នុងន័យសេដ្ឋកិច្ច

  • ទីផ្សារ គឺជាការដោះដូររវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការនូវរាល់ទំនិញនិងសេវាកម្ម ជាមួយនឹងបរិមាណផលិតផលនិងតម្លៃសមរម្យ ក្រោមការប្រកួតប្រជែង បើទោះបីជាអ្នកផ្គត់ផ្គង់និងអ្នកមានតម្រូវការ ពុំបានជួបមុខគ្នាក្នុងកន្លែងកំណត់ណាមួយក៏ដោយ ។
  • ពាក្យថា ទីផ្សារ គឺអនុវត្តចំពោះគ្រប់ទ្រព្យសកម្មសេដ្ឋកិច្ច ដែលជាកម្មវត្តនៃការធ្វើពាណិជ្ជកម្ម ផ្សារមូលធន ផ្សារចលនវត្ថុនិងអចលនវត្ថុ និងផ្សារពលកម្ម ។

២- គោលការណ៍សេដ្ឋកិច្ចទីផ្សារ គឺជាសកម្មភាពដោយសេរីនៅក្នុងដំណើរការផលិតកម្ម និងពាណិជ្ជកម្មគឺ ៖

  • សិទ្ធិជាម្ចាស់លើកម្មសិទ្ធិ និងសិទ្ធិសហគ្រិនក្នុងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មដោយសេរី ។
  • ការលប់បំបាត់ទម្រង់និងបែបបទផ្សេងៗ ដែលបង្អាក់ដល់ផលិតកម្ម និងពាណិជ្ជកម្ម ។
  • ថ្លៃទំនិញឬសេវាកម្មបង្កើតឡើង ដោយកិច្ចព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ ឬសមភាពរវាងបរិមាណផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារ ។
  • ថ្ងៃទីផ្សារទំនិញនិងសេវាកម្ម មានលក្ខណៈបរានុមតិ ដោយឆ្លុះបញ្ចាំងពីប្រភពថ្លៃដើមនៃផលិតផល ។ ការធ្វើអន្តរាគមន៍របស់រដ្ឋក្នុងសេដ្ឋកិច្ច ត្រូវបានប្រើប្រាស់និយ័តករសេដ្ឋកិច្ច ដោយស្ថិតក្នុងក្របខ័ណ្ឌច្បាប់សេដ្ឋកិច្ច ជៀសវាងការប្រើប្រាស់វិធានការរដ្ឋបាលប្រមូលផ្ដុំ ។ និយ័តករសេដ្ឋកិច្ចសំខាន់ៗមាន គោលនយោបាយសារពើពន្ធ ហិរញ្ញវត្ថុ និងឥណទាន ច្បាប់ការងារ ច្បាប់ប្រឆាំងនឹងការផ្តាច់មុខ ការបង្កើតកម្មវិធីជាតិ ដើម្បីអភិវឌ្ឍន៍ជាដើម ។

៣- ការបង្ហាញពីភាពខុសគ្នារវាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងសេដ្ឋកិច្ចផែនការគឺ ៖

  • ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលធនធានត្រូវបានបែងចែក និងផលិតជាផលិតផលតាមតម្រូវការទីផ្សារ ។ ការសម្រេចចិត្តផលិតចំប៉ុន្មាន ហើយសម្រាប់អ្នកណា គឺផ្អែកតាមការប្រែប្រួលនៃថ្ងៃទីផ្សារ ។
  • ប្រព័ន្ធសេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលរដ្ឋាភិបាលសម្រេចគ្រប់លើផលិតកម្ម និងការប្រើប្រាស់ទំនិញ ។ ការិយាល័យផែនការរបស់រដ្ឋាភិបាល និងសម្រេចថាតើត្រូវផលិតប៉ុន្មាន ហើយសម្រាប់អ្នកណាខ្លះ?

៤- ប្រព័ន្ធសេដ្ឋកិច្ច (Economic System) គឺជាប្រព័ន្ធនៃផលិតកម្ម ការចាត់ចែង ធនធាន និង ការបែងចែកទំនិញ និងសេវាកម្មនៅក្នុងសង្គមមួយ ឬតំបន់ភូមិសាស្រ្តណាមួយ ។ ប្រព័ន្ធសេដ្ឋកិច្ចនៅលើសាកលលោកត្រូវបានបែង ចែកចេញជា ៤ ប្រភេទធំៗ គឺប្រព័ន្ធសេដ្ឋកិច្ចប្រពៃណី (Traditional Economic System) ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) និង ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System)។ ឥឡូវនេះ យើងនឹងសិក្សាតែទៅលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ប៉ុណ្ណោះ។ តើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) គឺជាអ្វី ? ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ គឺជាប្រព័ន្ធសេដ្ឋកិច្ចមួយ ដែលរាល់ការសម្រេចចិត្ត ផ្នែកសេដ្ឋកិច្ច និងការកំណត់តម្លៃលើទំនិញ និងសេវាត្រូវបានធ្វើឡើងដោយការព្រមព្រៀងគ្នារវាងអ្នកលក់ និងអ្នកទិញ  ដែលគោលការណ៍នេះ រដ្ឋាភិបាលអាចធ្វើអន្តរាគមន៍តិចតួច ឬក៏មិនមានផង ។ ផ្អែកទៅលើរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ កម្ពុជា គឺជាប្រទេសមួយដែលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលបើកទូលាយឱ្យពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរីនៅលើទីផ្សារ លើកលែងតែទំនិញឬសេវាកម្មទាំងឡាយណា ដែលត្រូវបានហាមឃាត់ដោយច្បាប់ ។ នៅក្នុងប្រព័ន្ធទីផ្សារសេរី អ្នកលក់និងអ្នកទិញអាចធ្វើប្រតិបត្តិការជួញដូរដោយសេរី នៅពេលដែលពួកគេព្រមព្រៀងគ្នាលើតម្លៃនៃទំនិញឬសេវាកម្ម ។ ជាឧទាហរណ៍ សន្មត់ថាអ្នកលក់មានបំណងចង់លក់ម៉ូតូរបស់ខ្លួនក្នុងតម្លៃ $១.៨០០ ហើយអ្នកទិញមានបំណងទិញម៉ូតូនោះក្នុងតម្លៃ $១.៧០០ ។ ប្រតិបត្តិការនៃការលក់ទិញនេះនឹងកើតមានឡើង នៅពេលដែលពួកគេព្រមព្រៀងគ្នានៅក្នុងតម្លៃណាមួយនោះ ។ ជាការពិតណាស់ មូលដ្ឋានគ្រឹះទ្រឹស្ដីនៃសេដ្ឋកិច្ចទីផ្សារត្រូវបានបង្កើតឡើង និងអភិវឌ្ឍដោយអ្នកសេដ្ឋកិច្ចសម័យបុរាណ មានដូចជា លោក អាដាម ស្មីត (Adam Smith-1723-1790) លោក វីត រីកាដូ (David Ricardo-1772-1823) និង លោក ហ្សង់ បាទីស សេ (Jean-Baptiste Say-1767-1832) ជាដើម ។ ពួកគេជឿជាក់ថា ការគាំពារនិយម និងការធ្វើអន្តរាគមន៍ពីរដ្ឋាភិបាលនឹងនាំឱ្យកើតមានឡើង នូវអប្រសិទ្ធភាពសេដ្ឋកិច្ច(Economic Inefficiencies) ដែលកិច្ចការនេះ នឹងធ្វើឱ្យជីវភាពប្រជាជនកាន់តែលំបាក ។ ខាងក្រោមនេះ គឺជាលក្ខណៈទាំង ៦ យ៉ាងរបស់សេដ្ឋកិច្ចទីផ្សារ ៖

  • ទ្រព្យសម្បត្តិឯកជន (Private Property) ៖ ភាគច្រើនទំនិញ និងសេវាកម្ម គឺជាកម្មសិទ្ធិរបស់បុគ្គលឯកជន ។ ម្ចាស់កម្មសិទ្ធិអាចធ្វើកិច្ចសន្យាស្របច្បាប់​ ដើម្បីទិញលក់ ឬជួលទ្រព្យសម្បត្តិរបស់ពួកគេ ។ យើងអាចនិយាយ មួយបែបទៀតថា ម្ចាស់កម្មសិទ្ធិមានសិទ្ធិពេញលេញក្នុងការទទួលបាននូវផលប្រយោជន៍ពីទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ពួកគេ ។
  • សេរីភាពនៃជម្រើស (Freedom of Choice) ៖ ម្ចាស់កម្មសិទ្ធិមានសេរីភាពពេញលេញក្នុងការផលិតលក់ និងទិញទំនិញ និងសេវាកម្មនៅក្នុងទីផ្សារប្រកួតប្រជែង ។ លក្ខខណ្ឌពីរដែលពួកគេត្រូវបំពេញ គឺទី១ តម្លៃដែលពួកគេមានឆន្ទៈ (បំណង) ក្នុងការទិញលក់ និងទី ២ គឺចំនួននៃធនធានដែលពួកគេមាន ។
  • បុព្វហេតុនៃផលប្រយោជន៍ផ្ទាល់ (Motive of Self-Interest) ៖ រាល់បុគ្គលទាំងឡាយតែងតែលក់ទំនិញរបស់ពួកគេឱ្យទៅបុគ្គលដែលហ៊ានឱ្យតម្លៃខ្ពស់បំផុត ខណៈពេលដែលកំពុងចរចារពីតម្លៃ ។ ទោះបីជាហេតុផលនេះ ស្តាប់ទៅហាក់បីដូចជាអាត្មានិយម ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនាពេលខាងមុខ ។ នោះក៏ព្រោះតែប្រព័ន្ធនៃការដេញថ្ងៃនេះ កំណត់នូវតម្លៃសម្រាប់ទំនិញ និងសេវាកម្មដែលឆ្លុះបញ្ចាំងពីតម្លៃនៅលើទីផ្សាររបស់ពួកគេ ។
  • ការប្រកួតប្រជែង (Competition) ៖ សម្ពាធនៃការប្រកួតប្រជែងនឹងធ្វើឱ្យតម្លៃធ្លាក់ចុះហើយវាក៏ធានានូវការផ្តល់ ទំនិញ និងសេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ ។
  • ប្រព័ន្ធទីផ្សារ និង តម្លៃ (System of Markets and Prices) ៖ សេដ្ឋកិច្ចទីផ្សារ គឺពឹងផ្អែកទៅលើទីផ្សារដ៏មានប្រសិទ្ធិភាពមួយ ដើម្បីលក់ទំនិញនិងសេវាកម្ម ។ ទីនោះគឺជាកន្លែងដែលអ្នកទិញ និងអ្នកលក់ទាំងអស់មានលទ្ធភាពស្មើគ្នាក្នុងការទទួលបានពត៌មានដូចគ្នា ។
  • រដ្ឋាភិបាលដែលត្រូវបានកម្រិត (Limited Government) ៖ រដ្ឋាភិបាលមានតួនាទីក្នុងធានាថាទីផ្សារ គឺបើកនិងមានដំណើរការ ។ ជាឧទាហរណ៍ ក្រសួងពាណិជ្ជកម្ម គឺជាអាជ្ញាធរដែលទទួលបន្ទុកក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងដំណើរការជាប្រក្រតីរបស់ទីផ្សារ ។ ប៉ុន្តែក្រសួងមួយនេះមិនមានសិទ្ធិអំណាចក្នុងកំណត់តម្លៃ របស់ទំនិញ និងសេវាកម្មទាំងឡាយនៅលើទីផ្សារឡើយ ។

៥-​ ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃផលិតកម្ម ការលៃលកធនធាន និងការបែងចែកទំនិញ ឬសេវាកម្មនៅក្នុងសង្គម ឬទីតាំងភូមិសាស្រ្តជាក់លាក់ណាមួយ ។ វាក៏យោងទៅតាមប្រព័ន្ធនៃសង្គមផងដែរ ដើម្បីកត់សម្គាល់ទៅលើចំណុចអាទិភាព ណាខ្លះ ដែលសង្គមនៅអាចសម្រេចបានក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវកំណត់ថាអ្វីដែលគេត្រូវផលិត ផលិតដោយរបៀបណា និងផលិតទៅឲ្យអ្នកណា ។ ប្រព័ន្ធនៃសេដ្ឋកិច្ចត្រូវបានគេបែងចែកជា៤ប្រភេទគឺ ៖

  • ប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណី (Traditional Economic System) ៖ វាគឺជាសេដ្ឋកិច្ចដើម ដែលប្រពៃណីទំនៀមទម្លាប់ និងជំនឿរបស់គ្រួសារ សហគមន៍ ក្រុម កុលសម្ព័ន្ធ ឬសាសនារបស់ខ្លួន នឹងកំណត់ពីទំនិញ ឬសេវាកម្មដែលសេដ្ឋកិច្ចនោះត្រូវផលិតនិងចែកចាយ ហើយភាគច្រើនការដោះដូរទំនិញគឺមិនប្រើប្រាស់ទេ ។ ប្រទេសដែលប្រើប្រាស់សេដ្ឋកិច្ចរបៀបនេះភាគច្រើន គឺស្ថិតនៅតំបន់ដាច់ស្រយាល និងពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បង ។ គេអាចហៅម្យ៉ាងទៀតថា “ភាពគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិត” ។ សេដ្ឋកិច្ចរបៀបនេះគឺមិនសូវមានឬគ្មានការអភិវឌ្ឍន៍ទទួលយកបច្ចេកវិទ្យា និងផ្នែកសុខាភិបាលពីបរទេសតិចតួច ឬគ្មានសោះដោយប្រពៃណីនឹងសម្រេចពីការចិញ្ចឹមជីវិត ការស្លៀកពាក់ក៏ដូចជាការតាំងទីលំនៅរបស់ពួកគេ ដែលប្រព្រឹត្តទៅតាមមនុស្សជំនាន់មុន ។ ប៉ុន្តែវាមានលក្ខណៈប្រសើរត្រង់ថាសេដ្ឋកិច្ចបែបនេះ នឹងជួយឲ្យប្រជាជននៅតែរក្សាប្រពៃណីទំនៀមទម្លាប់ និងការបំពេញចិត្តមនុស្សជុំវិញបានស្របពេលដែលសេដ្ឋកិច្ចផ្សេងទៀតពិបាកនឹងធ្វើបាន ។
  • ប្រព័ន្ធសេដ្ឋកិច្ចផែនការ (Planned Economic System) ៖ សេដ្ឋកិច្ចរបៀបនេះ គឺរដ្ឋមានសិទ្ធិកាន់កាប់ទៅលើសកម្មភាពទាំងស្រុងនៃសេដ្ឋកិច្ចដោយការសម្រេចចិត្តចែកចាយ និងផលិតគឺធ្វើទៅតាមផែនការរបស់រដ្ឋាភិបាល ។ វាមិនសូវមានភាពបត់បែនដូចសេដ្ឋកិច្ចទីផ្សារទេ ហើយប្រតិកម្មផ្លាស់ប្តូរការទិញទំនិញរបស់អ្នកប្រើប្រាស់ និងភាពឡើងចុះនៃការផ្គត់ផ្គង់ និងតម្រូវការក៏មានភាពយឺតយ៉ាវផងដែរ ។ ឧទាហរណ៍ដូចជាប្រទេសដែលកាន់របបកុម្មុយនីស ។ ហេតុផល ចម្បងដែលរដ្ឋាភិបាលជ្រើសរើសសេដ្ឋកិច្ចប្រភេទនេះ គឺដើម្បីអាចកាន់កាប់ធនធានដែលមានតម្លៃរបស់ខ្លួន (ឧ. ប្រេង រ៉ែ មាស ) ។ រីឯផ្នែកផ្សេងទៀតដូចជា កសិកម្មគឺប្រជាជនជាអ្នកដឹកនាំនិងចាត់ចែង ។
  • ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ (Market Economic System) ៖ រាល់សកម្មភាពនៃការដោះដូរទំនិញដោយសេរី និងអាស្រ័យទៅលើការព្រមព្រៀងគ្នារវាងអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់ ។ ក្រុមហ៊ុនក៏ដូចជាស្ថាប័នឯកជនមានសិទ្ធិកាន់កាប់ក្រុមហ៊ុនដាក់តម្លៃទំនិញគ្រប់គ្រងសង្វាក់ផលិតកម្ម ក៏ដូចជាបុគ្គលិកដោយខ្លួនឯង ។ ចំណែករដ្ឋាភិបាលមិនមានសិទ្ធិគ្រប់គ្រងធនធានចាំបាច់ទំនិញដែលមានតម្លៃ ឬវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនោះទេ ។ ប្រជាជនជាអ្នកកំណត់ថាសេដ្ឋកិច្ចត្រូវប្រព្រឹត្តទៅដោយរបៀបណា ការផ្គត់ផ្គង់ត្រូវធ្វើដូចម្តេច និងតម្រូវការអ្វីខ្លះដែល ចាំបាច់ ។ ជាក់ស្តែងមិនមានសេដ្ឋកិច្ចទីផ្សារសេរីសុទ្ធសាធនៅក្នុងពិភពលោកឡើយ ។ រដ្ឋាភិបាលនៅតែមានចំណែកចំពោះសេដ្ឋកិច្ចខ្លះៗដដែល ។
  • ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ (Mixed Economic System) ៖ ជាសេដ្ឋកិច្ចមួយ ដែលរួមបញ្ចូលកិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការជាមួយគ្នា ។ ធនធានត្រូវបានគេបែងចែកទៅឲ្យទាំងឯកជននិងរដ្ឋជាអ្នកត្រួតត្រាតាមវិស័យនីមួយៗ ដែលប្រើប្រាស់គោលការណ៍ល្អបំផុតចំពោះប្រព័ន្ធទាំងពីរ ។ ទីផ្សារសេរី គឺមានតិចឬច្រើនជាងរដ្ឋាភិបាលលើកលែងតែវិស័យសំខាន់ៗមួយចំនួន ដូចជាវិស័យអប់រំ ថាមពល (ឧ. អគ្គិសនីកម្ពុជា) ទូរគមនាគម៍ជាដើម ។ វិស័យទាំងនោះ មិនអាចឲ្យឯកជនកាន់កាប់ទាំងស្រុងបានទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ ជាក់ស្តែងយើងឃើញថាវិស័យផ្សេងៗ គឺមានទាំងរដ្ឋនិងឯកជន (ឧ . វិស័យអប់រំ) ។ ទោះបីជាតាមទ្រឹស្តី គឺគេចង់ធ្វើយ៉ាងណាឲ្យវិស័យទាំងពីរអាចទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមកឲ្យបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែងគឺមិនងាយនោះឡើយ ។ យើងឃើញថាទំហំនៃការគ្រប់គ្រងរបស់រដ្ឋាភិបាល គឺធំដែលជួនកាលអាចមានឥទ្ធិពលលើសពីភាពចាំបាច់ទៅទៀត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login