ការលើកលែងពន្ធលើប្រាក់បៀវត្សរបស់មន្ត្រីការទូត និងមន្រ្តីការបរទេសដទៃទៀតត្រូវបានកំណត់ដូចខាងក្រោម ៖
ក ការលើកលែងពន្ធលើប្រាក់បៀវត្សចំពោះ ៖
- ប្រាក់បៀវត្សដែលមន្ត្រីនិងនិយោជិតបេសកកម្មទូត ឬកុងស៊ុលរបស់រដ្ឋាភិបាលបរទេសណាមួយ ដែលកាន់កាប់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់ប្រទេសនោះ បានទទួលក្នុងក្របខណ្ឌនៃការបំពេញមុខងារជាផ្លូវការនៅក្នុងព្រះរាជាណាចកម្រកម្ពុជា ។
- ប្រាក់បៀវត្សដែលតំណាងមន្ត្រី និងនិយោជិតបរទេសរបស់អង្គការអន្តរជាតិ និងរបស់ភ្នាក់ងារខាងប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃទៀត បានទទួលក្នុងក្របខណ្ឌនៃការបំពេញមុខងារជាផ្លូវការ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ខ ការលើកលែងពន្ធក្នុងចំណុចនេះត្រូវឈរលើគោលការណ៍បដិការ រវាងរដ្ឋាភិបាលដែលពាក់ព័ន្ធ ។ ប្រាក់ចំណូលរបស់និយោជិតត្រូវបានលើកលែងពន្ធមាន ៖
- ប្រាក់សំណងដោយពិតប្រាកដនូវចំណាយវិជ្ជាជីវៈ ដែលបានចាយដោយនិយោជិត តាមសេចក្តីបង្គាប់និងសម្រាប់ជាប្រយោជន៍នៃនិយោជក ហើយដែលបំពេញលក្ខណៈ៣ដូចខាងក្រោម ៖
- បានចាយក្នុងប្រយោជន៍ផ្ទាល់ និងដាច់ខាតរបស់សហគ្រាស
- មិនបង្ហាញលក្ខណៈហួសប្រមាណឬស្តុកស្តម្ភហួសហេតុ
- បានបង្ហាញភ័ស្តុតាងដោយយកវិក័យបត្ររាយលំអិត និងបានទូទាត់ស្រេចបាច់ហើយ ដែលបានធ្វើក្នុងនាមអ្នកបានទទួលប្រាប់សំណងនូវចំណាយពិតប្រាកដ ។
- ប្រាក់បំណាច់នៃការបញ្ឈប់លែងឲ្យធ្វើការ ក្នុងកម្រិតដែលបានបញ្ញត្តិក្នុងច្បាប់ការងារ ។
- លាភបការបន្ថែមមានលក្ខណៈខាងសង្គមកិច្ច ក្នុងករណីដែលបានបញ្ញត្តិក្នុងច្បាប់ការងារ ។
- ការផ្គត់ផ្គង់ឲ្យដោយឥតគិតថ្លៃ ឬយកថ្លៃទាបជាថ្លៃដើមនូវឯកសណ្ឋាន ឬបរិក្ខាសម្រាប់វិជ្ជាជីវៈពិសេស ។
- ប្រាក់បំណាច់ម៉ៅការសម្រាប់ចំណាយបេសកកម្ម និងការធ្វើដំណើរ ។ ប្រាក់បំណាច់នេះមិនត្រូវត្រួតគ្នាជាមួយប្រាក់សំណងពិតប្រាកដ នូវចំណាយដូចមានចែងខាងលើឡើយ ។