ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពន្ធ ជាវិភាគទានមានលក្ខណៈកាតព្វកិច្ច (ចាប់បង្ខំ) ស្របតាមច្បាប់កំណត់ដែលអ្នកជាប់ពន្ធ ទាំងរូបវន្តបុគ្គល និងនីតិបុគ្គលត្រូវបង់ជូនរដ្ឋ ។ ការយកពន្ធជាមធ្យោបាយជាក់ស្តែងមួយដែលរដ្ឋប្រើប្រាស់សម្រាប់បង្កើនប្រាក់ចំណូល និងបំពេញការចំណាយរបស់រដ្ឋទៅលើទំនិញ និងសេវាដែលប្រជាជនភាគច្រើនត្រូវការ ។ ទំនិញសាធារណៈដូចជា ការការពារជាតិ និងកម្មវិធីធានារ៉ាប់រងសង្គមអាចត្រូវបានផ្តល់ជូនសង្គមជាតិវិញ តាមរយៈការយកពន្ធដោយចាប់បង្ខំប៉ុណ្ណោះ ។ ពិតណាស់ប្រសិនបើរដ្ឋអនុញ្ញាតឱ្យប្រជាជន (អ្នកជាប់ពន្ធ) បង់ពន្ធជូនរដ្ឋដោយស្ម័គ្រចិត្តនោះនឹងមានអ្នកជាប់ពន្ធមួយចំនួនតូចប៉ុណ្ណោះ ឬពុំមានអ្នកជាប់ពន្ធណាម្នាក់បង់ពន្ធជូនរដ្ឋឡើយ ។ ដូច្នេះរដ្ឋនឹងទទួលចំណូលតិចតួចសម្រាប់បែងចែកជូនសង្គមជាតិវិញ និងប្រជាជនវិញតាមរយៈទំនិញ និងសេវាសាធារណៈរបស់រដ្ឋ ។ ក៏ប៉ុន្តែបើសិនមានពន្ធចាប់បង្ខំដោយសមហេតុផល រដ្ឋអាចមានហិរញ្ញវត្ថុសម្រាប់ផ្គង់ផ្គង់សេចក្តីត្រូវការរបស់ប្រជាជន ហើយបង្កើតបាននូវទំនោរយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធរបស់ប្រជាជនផងដែរ ។ ជាមួយនេះរដ្ឋត្រូវការហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ស្ថាប័នរបស់ខ្លួន ។ តាមរយៈចំណូលពន្ធស្ថាប័នរបស់រដ្ឋ អាចដំណើរការបានក្នុងការបំពេញភារៈកិច្ច និងការដឹកនាំដើម្បីផ្តល់ទំនិញ និងសេវាសាធារណៈ ។