សំណួរ
១- តើរាល់ការងារសំណង់ត្រូវគោលការណ៍អ្វីខ្លះ ?
២- តើអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីអ្វីខ្លះ ?
៣- តើក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបអាជីវកម្មក្នុងករណីអ្វីខ្លះ ?
៤- តើរាល់ការងារសាងសង់ឬរុះរើដែលមិនតម្រូវឲ្យមានការអនុញ្ញាតមានអ្វីខ្លះ ?
៥- អ្នកសាងសង់មិនតម្រូវឲ្យមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬលិខិតអនុញ្ញាតផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត លុះត្រាតែអ្នកសាងសង់នោះបានបំពេញគ្រប់លក្ខខណ្ឌ ។ តើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ ?
ចម្លើយ
១- រាល់ការងារសំណង់ត្រូវគោលការណ៍ដូចជា ៖
- ការពារផលប្រយោជន៍សាធារណៈនិងសិទ្ធិបុគ្គល
- ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
- រៀបចំដែនដីនិងនគរូបនីយកម្ម
- អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន
- រក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិ ។
២- អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបវិជ្ជាជីវៈក្នុងករណីណាមួយដូចជា ៖
- លែងបំពេញលក្ខខណ្ឌតម្រូវពាក់ព័ន្ធនឹងការប្រកបវិជ្ជាជីវៈ
- បានប្រព្រឹត្តកំហុសវិជ្ជាជីវៈដែលនាំទៅដល់ការផ្អាកឬការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ
- មានបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈ ដោយមានបញ្ជាក់ពីគ្រូពេទ្យជំនាញ ឬបានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភដោយតុលាការ
- បានទទួលការប្រកាសក្ស័យធនដោយតុលាការ
- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ ។
៣- ក្រុមហ៊ុនដែលប្រកបអាជីវកម្មក្នុងវិស័យសំណង់ត្រូវបាត់បង់នីតិសម្បទាក្នុងការប្រកបអាជីវកម្មក្នុងករណីដូចជា ៖
- លែងបំពេញលក្ខខណ្ឌតម្រូវណាមួយដែលអនុញ្ញាតឲ្យក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្ម
- ត្រូវបានលុបចេញពីបញ្ជីពាណិជ្ជកម្ម
- ត្រូវបានតុលាការប្រកាសរំលាយឬប្រកាសមោឃភាព
- ត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ
- មានអភិបាលឬនាយបច្ចេកទេសដែលបានទទួលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ ឬការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភដោយតុលាការ លើកលែងតែអភិបាលឬនាយកបច្ចេកទេសនោះត្រូវបានប្តូរក្នុងរយៈពេល៣០ថ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសដោយតុលាការ
- មានអភិបាលឬនាយកបច្ចេកទេសដែលត្រូវបានតុលាការប្រកាសក្ស័យធនឬការជម្រះបញ្ជីតាមផ្លូវតុលាការ លើកលែងតែអភិបាលឬនាយកបច្ចេកទេសនោះត្រូវបានប្តូរក្នុងរយៈពេល (សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃប្រកាសដោយតុលាការ
- មានអភិបាលឬនាយកបច្ចេកទេសដែលត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬក្នុងប្រទេសណាមួយដែលខ្លួនធ្លាប់ស្នាក់នៅ លើកលែងតែអភិបាលឬនាយកបច្ចេកទេសនោះត្រូវបានប្តូរក្នុងរយៈពេល៣០ (សាមសិប)ថ្ងៃ គិតចាប់ពីថ្ងៃមានសាលក្រមឬសាលដីកាស្ថាពរ ។
៤- រាល់ការងារសាងសង់ឬរុះរើដែលមិនតម្រូវឲ្យមានការអនុញ្ញាតមានដូចជា ៖
- សំណង់ទំហំតូចដែលមិនប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
- លំនៅដ្ឋានធ្វើពីលើ ផ្ទះថ្មក្រោមឈើលើ ផ្ទះតៀមធ្វើពីឈើឬថ្មនៅទីជនបទឬស្រែចម្ការ ដែលមិនប៉ះពាល់ដល់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ
- សំណង់បម្រើដល់សន្តិសុខជាតិនិងការពារជាតិ ។
៥- អ្នកសាងសង់មិនតម្រូវឲ្យមានអាជ្ញាបណ្ណផ្តល់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឬលិខិតអនុញ្ញាតផ្តល់ដោយរដ្ឋបាលរាជធានី ខេត្ត លុះត្រាតែអ្នកសាងសង់នោះបានបំពេញគ្រប់លក្ខខណ្ឌដូចជា ៖
- ជាអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់
- សាងសង់ឬរុះរើសំណង់ដែលជាលំនៅដ្ឋានផ្ទាល់ខ្លួន និង
- សាងសង់ឬរុះរើសំណង់តាមជំនាញវិជ្ជាជីវៈរបស់ខ្លួន ។