សំណួរ
១- តើពន្ធលើប្រាក់បៀវត្សគឺជាអ្វី ?
២- តើនរណាជាអ្នកជាប់ពន្ធនិវាសនជន ?
៣- តើគ្រប់និយោជកដែលបើកប្រាក់បៀវត្សជាប់ពន្ធត្រូវទទួលភារកិច្ចអ្វីខ្លះ ? ចូររៀបរាប់ ។
៤- តើអ្វីខ្លះរួមបញ្ចូលក្នុងប្រាក់បៀវត្ស ?
៥- តើអ្វីខ្លះមិនរួមបញ្ចូលក្នុងប្រាក់បៀវត្ស ?
ចម្លើយ
១- ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែដែលត្រូវកាត់ទុកដោយនិយោជក ពីប្រាក់បៀវត្សរបស់និយោជិតដែលបំពេញការងារ ។
- អ្នកជាប់ពន្ធនិវាសនជន ពន្ធត្រូវកាត់ទុកពីប្រាក់បៀវត្សប្រភពកម្ពុជា និងពីប្រាក់បៀវត្សប្រភពបរទេស ។
- អ្នកជាប់ពន្ធអនិវាសនជន ពន្ធត្រូវកាត់ទុកពីប្រាក់បៀវត្សប្រភពកម្ពុជា ។
២- អ្នកជាប់ពន្ធនិវាសនជន គឺជាបុគ្គលដែលមាន ៖
- លំនៅដ្ឋាន ឬកន្លែងស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា ឬ
- មានវត្តមានក្នុងប្រទេសកម្ពុជាច្រើនជាង១៨២ថ្ងៃ ក្នុងរយៈពេល ១២ខែ នៃការបញ្ចប់ឆ្នាំសារពើពន្ធចរន្ត/ឆ្នាំជាប់ពន្ធចរន្ត ។
៣- គ្រប់និយោជកដែលបើកប្រាក់បៀវត្សជាប់ពន្ធត្រូវទទួលភារកិច្ចដូចជា ៖
- កាត់ទុកប្រាក់ពន្ធមុនពេលបើកប្រាក់បៀវត្ស
- រាយការណ៍ជូនរដ្ឋបាលសារពើពន្ធ និងនិយោជិតពីស្ថានភាពប្រាក់ពន្ធដែលបានកាត់ទុក
- កាន់កាប់និងថែរក្សាបញ្ជីការដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
៤- ប្រាក់បៀវត្សសំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិតចំពោះការបំពេញសកម្មភាពបម្រើការងារ ។
៥- មិនរួមបញ្ចូលក្នុងប្រាក់បៀវត្សមានដូចជា ៖
- ប្រាក់សំណងដោយពិតប្រាកដនូវចំណាយខាងវិជ្ជាជីវៈ ដែលបានចាយដោយនិយោជិតតាមសេចក្ដីបង្គាប់ និងសម្រាប់ជាផលប្រយោជន៍នៃនិយោជក ។
- ប្រាក់សំណងសម្រាប់ការបញ្ឈប់ការងារ ស្របតាមក្របខ័ណ្ឌនៃច្បាប់ស្តីពីការងារ ។
- ចំណាយបន្ថែមស្របតាមលក្ខណៈសង្គម ដែលមានចែងក្នុងច្បាប់ការងារ ។
- ឯកសណ្ឋានពិសេស ឬសម្ភារៈវិជ្ជាជីវៈដែលមិនគិតថ្លៃ ឬមានតម្លៃទាប ។
- ប្រាក់ឧបត្ថម្ភថេរសម្រាប់បេសកកម្ម និងចំណាយលើការធ្វើដំណើរជំនួសឲ្យការទូទាត់សងជាក់ស្តែង ។
- ប្រាក់បៀវត្សរបស់មន្ត្រី និងបុគ្គលិកនៃបេសកកម្មកុងស៊ុល និងការទូតរបស់រដ្ឋាភិបាលក្រៅប្រទេស ដែលកាន់លិខិតឆ្លងដែនការទូត ឬផ្លូវការរបស់រដ្ឋាភិបាលបរទេស ដែលបានទទួលសិទ្ធិបំពេញមុខងារជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ប្រាក់បៀវត្សរបស់តំណាងមន្ត្រី និងបុគ្គលិករបស់អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលផ្សេងទៀត ដែលបានទទួលសិទ្ធិបំពេញមុខងារផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ប្រាក់បៀវត្សរបស់សមាជិករដ្ឋសភា និងព្រឹទ្ធសភាជាតិ ។