សំណួរ
៦- តើការទទួលខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានអ្វីខ្លះ ?
៧- ក្នុងករណីដែលអន្តរការី ឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានដឹងថាព័ត៌មានក្នុងកំណត់ត្រាអាចបង្កឲ្យមានការទទួលខុសត្រូវខាងផ្នែករដប្បវេណីឬព្រហ្មទណ្ឌ អន្តរការីឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តើត្រូវចាត់វិធានការជាបន្ទាន់អ្វីខ្លះ ?
៨- តើក្រសួងពាណិជ្ជកម្មផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណរួមមានអ្វីខ្លះ ?
៩- បុគ្គលដែលប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក ដើម្បីលក់ទំនិញឬសេវាទៅឲ្យអ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងងាយយល់បាន តើត្រូវមានព័ត៌មានអ្វីខ្លះ ?
១០- តើក្រសួងឬស្ថាប័នរដ្ឋនានាអាចប្រើប្រាស់ទម្រង់អេឡិចត្រូនិកសម្រាប់សកម្មភាព និងប្រតិបត្តិការអ្វីខ្លះ ?
១១- លើកលែងតែមានភស្តុតាងផ្ទុយ ប្រព័ន្ធអេឡិចត្រូនិកដែលបានប្រើប្រាស់សម្រាប់កត់ត្រា ឬរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ត្រូវបានសន្មតថាមានសុក្រឹតភាពក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ តើមានលក្ខខណ្ឌអ្វីខ្លះ ?
១២- មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បុគ្គលផ្តល់សេវាត្រូវបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណរបស់អតិថិជន និងផ្ទៀងផ្ទាត់ឡើងវិញនូវភាពត្រឹមត្រូវនៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។ តើបុគ្គលផ្តល់សេវាទូទាត់ត្រូវទទួលខុសត្រូវលើករណីអ្វីខ្លះ ?
ចម្លើយ
៦- ការទទួលខុសត្រូវរបស់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានដូចជា ៖
- អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌពាក់ព័ន្ធនឹងព័ត៌មានដែលមានក្នុងកំណត់ត្រាអេឡិចត្រូនិកដែលពាក់ព័ន្ធនឹងការផ្តល់សេវារបស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនោះឡើយ ក្នុងករណីដែលខ្លួនមិនមែនជាអ្នកផ្ញើកំណត់ត្រានោះ និងក្នុងករណីដែល ៖
ក- អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនោះមិនបានដឹងថាព័ត៌មាន ដែលបានផ្ញើនោះបង្កឲ្យមានការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីឬព្រហ្មទណ្ឌ ។
ខ- អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនោះមិនបានដឹងអំពីអង្គហេតុ ឬកាលៈទេសៈដែលអាចឲ្យស្មានទុកថាព័ត៌មាននោះអាចបង្កឲ្យមានការទទួលខុសត្រូវផ្នែករដ្ឋប្បវេណីឬព្រហ្មទណ្ឌ ។ ឬ
គ- អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានដឹងនាពេលក្រោមព័ត៌មាន ឬអង្គហេតុ ឬកាលៈទេសៈដែលអាចឲ្យស្មានទុកថា ព័ត៌មាននោះអាចបង្កឲ្យមានការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌ ហើយបានអនុវត្តតាមនីតិវិធីចំពោះព័ត៌មានខុសច្បាប់ និងការបរិហារកេរ្តិ៍ដូចមានចែងក្នុងមាត្រា២៥ ។
- អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនតម្រូវឲ្យតាមដានត្រួតពិនិត្យកំណត់ត្រាអេឡិចត្រូនិកណាមួយ ដែលដំណើរការដោយប្រព័ន្ធអេឡិចត្រូនិកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ ទោះបីជាដំណើរការនៃកំណត់ត្រាអេឡិចត្រូនិកនោះអាចបង្កើតជាបទល្មើស ឬនាំឲ្យមានការទទួលខុសត្រូវរដ្ឋប្បវេណីក៏ដោយ លើកលែងតែមានការកំណត់ផ្សេងពីនេះ ។
- បញ្ញាតិ្តនៃមាត្រានេះមិនត្រូវយកមកអនុវត្ត ដើម្បីឲ្យអន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករួចផុតពី ៖
ក- កាតព្វកិច្ចដែលបង្កើតឡើងដោយច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា ។
ខ- កាតព្វកិច្ចអនុលោមតាមបទបញ្ជា ឬសេចក្តីបង្គាប់របស់តុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ។ ឬ
គ- កាតព្វកិច្ចតាមកិច្ចសន្យា ។
៧- ក្នុងករណីដែលអន្តរការី ឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានដឹងថាព័ត៌មានក្នុងកំណត់ត្រាអាចបង្កឲ្យមានការទទួលខុសត្រូវខាងផ្នែករដប្បវេណីឬព្រហ្មទណ្ឌ អន្តរការីឬបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវចាត់វិធានការជាបន្ទាន់ដូចជា ៖
- ដកព័ត៌មានចេញពីប្រព័ន្ធព័ត៌មានដែលស្ថិតក្រោមការគ្រប់គ្រងរបស់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយឈប់ផ្តល់សេវាពាក់ព័ន្ធនឹងព័ត៌មាននោះ ។
- រក្សាទុកព័ត៌មានជាភស្តុតាងនិងជូនដំណឹងដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាអំពីអង្គហេតុនិងអត្តសញ្ញាណនៃជនសង្ស័យ ។
៨- ក្រសួងពាណិជ្ជកម្មផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណរួមមាន ៖
- លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់រូបវន្តបុគ្គល ។
- អាជ្ញាបណ្ណឲ្យប្រតិបត្តិការផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់នីតិបុគ្គល ។
៩- បុគ្គលដែលប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក ដើម្បីលក់ទំនិញឬសេវាទៅឲ្យអ្នកប្រើប្រាស់ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងងាយយល់បាន ត្រូវមានព័ត៌មានយ៉ាងតិចដូចជា ៖
- ឈ្មោះឬនាមករណ៍ស្របច្បាប់របស់បុគ្គល អាសយដ្ឋានអាជីវកម្មដែលបានចុះបញ្ជី និងមធ្យោបាយអេឡិចត្រូនិកសម្រាប់ទំនាក់ទំនងឬលេខទូរស័ព្ទ ។
- ទម្រង់ទំនាក់ទំនងដែលរហ័ស ងាយស្រួល និងមានប្រសិទ្ធិភាពរវាងអ្នកប្រើប្រាស់ជាមួយអ្នកលក់ ។
- ខចែង លក្ខខណ្ឌ និងសោហ៊ុយរបស់ទំនិញឬសេវានានាដែលពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេស ខចែង លក្ខខណ្ឌ និងមធ្យោបាយទូទាត់ប្រាក់ និងព័ត៌មានលម្អិតពាក់ព័ន្ធនឹងការដកឬលុបចោលការបញ្ជាទិញ ការបញ្ឈប់ ការប្រគល់ និងការប្តូរទំនិញ និងការសងប្រាក់មកវិញ ។ និង
- ទំនិញនិងសេវាជាក់ស្តែងដែលជាក់លាក់ ។
១០- ក្រសួងឬស្ថាប័នរដ្ឋនានាអាចប្រើប្រាស់ទម្រង់អេឡិចត្រូនិកសម្រាប់សកម្មភាព និងប្រតិបត្តិការដូចជា ៖
- ការទទួលចុះបញ្ជីឯកសារ ឬការបំពេញលក្ខខណ្ឌតម្រូវ សម្រាប់បង្កើតឬរក្សាទុកឯកសារ ។
- ការចេញអាជ្ញាបណ្ណឬលិខិតអនុញ្ញាត ។
- ការកំណត់មធ្យោបាយនិងរបៀបក្នុងការទូទាត់ប្រាក់ ។ ឬ
- សកម្មភាពផ្សេងទៀតដែលកំណត់ដោយក្រសួងឬស្ថាប័នរដ្ឋ ។
១១- លើកលែងតែមានភស្តុតាងផ្ទុយ ប្រព័ន្ធអេឡិចត្រូនិកដែលបានប្រើប្រាស់សម្រាប់កត់ត្រា ឬរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ត្រូវបានសន្មតថាមានសុក្រឹតភាពក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ តាមលក្ខខណ្ឌដូចជា ៖
- ក្នុងករណីមានភស្តុតាងគាំទ្រដល់អង្គហេតុណាមួយដែលបញ្ជាក់ថាប្រព័ន្ធអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀត បានដំណើរការជាប្រក្រតីនៅពេលដែលកំណត់ត្រាអេឡិចត្រូនិកនោះត្រូវបានកត់ត្រា ឬរក្សាទុក ឬនៅពេលដែលយកទៅធ្វើជាភស្តុតាង ឬក្នុងករណីដែលប្រព័ន្ធអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀតនោះមិនបានដំណើរការជាប្រក្រតី ឬឈប់ដំណើរការទាំងស្រុង ប៉ុន្តែមិនធ្វើឲ្យប៉ះពាល់ដល់សុក្រឹតភាពនៃកំណត់ត្រាអេឡិចត្រូនិក ហើយគ្មានមូលហេតុ សមស្របណាផ្សេងយកមកជំទាស់សុក្រឹត្ភាពនៃកំណត់ត្រានោះ ។
- ក្នុងករណីមានភស្តុតាមអាចបង្ហាញបានថា កំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រាឬរក្សាទុក ដោយភាគីដែលមានផលប្រយោជន៍ផ្ទុយគ្នាទៅនឹងភាគីម្ខាងទៀត ដែលប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិកនោះជាភស្តុតាងក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ។ ឬ
- នៅពេលដែលមានភស្តុតាងអាចបង្ហាញបានថា កំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រាឬរក្សាទុកជាប្រក្រតីក្នុងគោលបំណងអាជីវកម្មធម្មតាដោយបុគ្គលដែលមិនមែនជាភាគីក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ហើយបុគ្គលនោះមិនបានកត់ត្រាឬរក្សាទុកនូវកំណត់ត្រាអេឡិចត្រូនិកក្រោមការគ្រប់គ្រងរបស់ភាគិដែលប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិកនោះជាភស្តុតាងក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ។
១២- មុនពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក បុគ្គលផ្តល់សេវាត្រូវបញ្ជាក់ឲ្យបានច្បាស់ពីអត្តសញ្ញាណរបស់អតិថិជន និងផ្ទៀងផ្ទាត់ឡើងវិញនូវភាពត្រឹមត្រូវនៃការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។ បុគ្គលផ្តល់សេវាទូទាត់ត្រូវទទួលខុសត្រូវលើករណីដូចជា ៖
- ប្រតិបត្តិការកើតឡើងដោយគ្មានការអនុញ្ញាតពីអតិថិជន ។
- ប្រតិបត្តិការកើតឡើងបន្ទាប់ពីដឹងថាមានការបន្លំ បាត់បង់ ឬចោរកម្មនៃឧបករណ៦ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។
- ប្រតិបត្តិការកើតឡើងបន្ទាប់ពីមានការជូនដំណឹងពីអតិថិជន ។
- ការខកខានមិនបានប្រតិបត្តិតាមបញ្ជារបស់អតិថិជន ឬការប្រតិបត្តិខុសពីបញ្ជារបស់អតិថិជន ។ ឬ
- ភាពមិនប្រក្រតីនៃប្រព័ន្ធបច្ចេកទេស កំហុសក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកទេស ឬភាពខ្វះខាតនៃឧបករណ៍ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ។
តភាគ