Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

មង្គល គឺជាសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីដែលបានមកពីការប្រព្រឹត្តប្រតិបត្តិរបស់អ្នកដែលត្រូវការសេចក្តីសុខចម្រើន។ មង្គលមិនមែនបានមកដោយការអុជធូបបួងសួង បន់ស្រន់សុំពីអាទិទេព ឬព្រះសម្មាសម្ពុទ្ធឡើយ គឺបានមកពីអំពើល្អដែលខ្លួនបានធ្វើ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងអំពីមង្គលទាំងនោះដូចមានសេចក្តីខាងក្រោមនេះ៖

សូត្រនេះឈ្មោះមង្គលសូត្រ គឺព្រះអានន្ទបានស្តាប់មកហើយយ៉ាងនេះថា៖ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់នោះឯង ទេវតាមួយអង្គ កាលដែលវេលាបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងទីណា ក៏ចូលទៅក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយ បង្គំចំពោះព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ, កាលទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យជាគាថាយ៉ាងនេះថា៖

ទេវតានិងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសេចក្តីសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់ព្រះមេត្តាសំដែងប្រាប់នូវមង្គលដ៏ឧត្តម ។ (ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងតបពាក្យទេវតានោះ ដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថា៖)

  1. កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ (អសេវនា ចពាលានំ )
  2. កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ (បណ្ឌិតានញ្ច សេវនា )
  3. កិរិយាបូជាដល់បុគ្គលដែលគួរបូជា (បូជា ចបូជនីយានំ )
  4. កិរិយារស់នៅក្នុងប្រទេសដ៏សមគួរ (បដិរូបទេសវាសោច )
  5. ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន ( បុព្វេ កតបុញ្ញតា )
  6. កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ (អត្តសម្មាបណីធិ ច )
  7. ភាវៈជាបុគ្គលបានស្តាប់បានរៀនសូត្រចេះដឹងច្រើន (ពាហុសច្ច )
  8. សេចក្តីឆ្លៀវឆ្លាតប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ( សិប្បៈ )
  9. វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ( វិនយោ ចសុសិក្ខិតោ )
  10. វាចាដែលបុគ្គលពោលដោយប្រពៃ ( សុភាសិតា ច យា វាចា )
  11. កិរិយាបម្រើ ឬ ទំនុកបម្រុងមាតា (មាតាបិតុ ឧបដ្ឋានំ )
  12. កិរិយាបម្រើ ឬ ទំនុកបម្រុងបិតា (មាតាបិតុ ឧបដ្ឋានំ )
  13. កិរិយាសង្គ្រោះបុត្រ និងភរិយា (បុត្តទារស្សសង្គហោ )
  14. ការងារទាំងឡាយដែលមិនច្របូកច្របល់ ( អនាកុលា ចកម្មន្តា )
  15. កិរិយាបរិច្ចាគទាន (ទានំ )
  16. កិរិយាប្រព្រឹត្តធម៌ដ៏ប្រសើរ (ធម្មចរិយា )
  17. កិរិយាសង្គ្រោះញាតិទាំងឡាយ ( ញាតកានញ្ច សង្គហោ )
  18. កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ( អនវជ្ជានិ កម្មានិ )
  19. កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ( អារតី វិរតីបាបា )
  20. សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ( មជ្ជបានា ច សញ្ញាមោ )
  21. ការមិនប្រមាថក្នុងធម៌ទាំងឡាយ ( អប្បមាទោ ចធម្មេសុ )
  22. កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ( គាររោ ច )
  23. កិរិយាប្រព្រឹត្តបន្ទាបខ្លួន( និវាតោ ច )
  24. សេចក្តីសណ្តោសត្រេកអរចំពោះរបស់ដែលមាន (សន្តុដ្ឋី ច )
  25. ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន ( កតញ្ញូតា )
  26. កិរិយាស្តាប់នូវធម៌តាមកាល ( កាលេន ធម្មស្សវនំ )
  27. សេចក្តីអត់ធ្មត់ (ខន្តិ ច )
  28. ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ (សោវចស្សតា )
  29. កិរិយាបានឃើញ បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ(សមណានញ្ច ទស្សនំ )
  30. កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល (កាលេនធម្មសាកច្ឆា)
  31. សេចក្តីព្យាយាមដុតនូវបាបធម៌ ( តបោ ច )
  32. កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ (ព្រហ្មចរិយញ្ច )
  33. កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ(បរិយសច្ចាន ទស្សនំ )
  34. កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់ ( និព្វានសច្ឆិរិយា ច )
  35. ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌ (ផុជ្ឋស្ស លោកធម្មេហិចិត្តំយស្ស ន កម្បតិ )
  36. ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ (អសោកំ )
  37. ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស ( វីរជំ )
  38. ចិត្តក្សេមក្សាន្ត (ខេមំ)

ទេវតានិងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាល ចាញ់ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង ម្នាលទេវតា អ្នកចូរប្រកាន់ជឿថា មង្គលទាំង៣៨ប្រការ មានកិរិយាមិនសេពគប់នូវបុគ្គលពាលជាដើម នោះ របស់ទេវតានិងមនុស្សទាំងអម្បាលនោះ ជាមង្គលដ៏ឧត្តម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login