សំណួរ
១៨៦- យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តើអង្គភាពប្រឆាំងអំពើពុករលួយមានបុព្វសិទ្ធអ្វីខ្លះ ?
១៨៧- ប្រសិនបើមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមកាលកំណត់របស់ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តើត្រូវទទួលទោសដូចម្តេច ?
១៨៨- តើអ្វីទៅជាបទមានទ្រព្យសម្បត្តិដោយខុសច្បាប់ ?
១៨៩- តើអង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចអ្វីខ្លះ ? ចូររៀបរាប់ ?
១៩០- តើអង្គភាពប្រឆាំងអំពើពុករលួយមានរចនាសម្ព័ន្ធអ្វីខ្លះ ?
ចម្លើយ
១៨៦- យោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដែលប្រកាសឲ្យប្រើនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ អង្គភាពប្រឆាំងអំពើពុករលួយមានបុព្វសិទ្ធចំនួន៤ដូចជា ៖
- បុព្វសិទ្ធពិសេសរបស់អង្គភាពប្រឆាំងអំពើពុករលួយ (មាត្រា២៦នៃច្បាប់ស្តីពីអង្គភាពប្រឆាំងអំពើពុករលួយ)
- បុព្វសិទ្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទង និងការតាមដាន (មាត្រា២៧នៃច្បាប់ស្តីពីអង្គភាពប្រឆាំងអំពើពុករលួយ)
- បុព្វសិទ្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយទាក់ទងនិងការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល (មាត្រា២៨នៃច្បាប់ស្តីពីអង្គភាពប្រឆាំងអំពើពុករលួយ)
- បុព្វសិទ្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរសាធារណៈ (មាត្រា២៩នៃច្បាប់ស្តីពីអង្គភាពប្រឆាំងអំពើពុករលួយ)
១៨៧- ប្រសិនបើមិនប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមកាលកំណត់របស់ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងត្រូវទទួលទោស ដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ដោយយោងទៅតាមមាត្រា៣៨បទមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។ ច្បាប់៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០ បានបញ្ញត្តិថា ៖ ជនណាដែលមិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល ហើយត្រូវបង្ខំ្ឲ្យប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ ។ ក្នុងករណីរឹងរូសមិនប្រកាសទ្រព្យសម្បត្តិត្រូវផ្តន្ទាទោសទ្វេរដង ។
១៨៨- ការមានទ្រព្យសម្បត្តិដោយខុសច្បាប់ គឺជាកំណើនទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដោយបុគ្គលនោះមិនអាចធ្វើការពន្យល់សមហេតុផលនូវការកើនឡើងនៃទ្រព្យសម្បត្តិនេះ ដោយប្រៀបធៀបទៅនឹងចំណូលស្របច្បាប់របស់ខ្លួន ។ (មាត្រា៣៦កថាខណ្ឌទី១នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឆ្នាំ២០១០)
១៨៩- អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ចដូចជា ៖
- អនុវត្តច្បាប់ បទបញ្ជា និងបទប្បញ្ញត្តិជាធរមានពាក់ព័ន្ធនឹងបទល្មើសពុករលួយ
- រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ
- តាមដាន ស៊ើបអង្កេត ត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
- ទទួល និងពិនិត្យរាល់ពាក្យប្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយ ព្រមទាំងចាត់ការទៅតាមនីតិវិធីជាធរមាន
- ទទួល និងពិនិត្យពាក្យប្តឹងដែលពាក់ព័ន្ធនឹងការមិនអនុវត្តកម្រងព័ត៌មាន សេវាសាធារណៈ
- ស្វែងរក ពិនិត្យ និងរៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាតចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានបញ្ញត្តិក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ និងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការ ទប់ស្កាត់ និងកម្ចាត់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថវិកាប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើង ដោយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬសមាជិករដ្ឋសភា
- បម្រើសេវាការងារជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំង ផ្លាស់ប្តូរ និងគ្រប់គ្រង ឬលើកសំណើតែងតាំង ផ្លាស់ប្តូរ មន្ត្រីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយនឹងអង្គការជាតិ អង្គការតំបន់ អង្គការអន្តរជាតិនានាដើម្បីប្រឆាំងអំពើពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមានក្នុងគោលដៅបង្ការ និងទប់ស្កាត់អំពើពុករលួយ
- បំពេញភារកិច្ចផ្សេងៗទៀតតាមការបញ្ញត្តិរបស់ច្បាប់ជាធរមាន និងតាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល ។
១៩០- អង្គភាពប្រឆាំងអំពើពុករលួយមានរចនាសម្ព័ន្ធដូចជា ៖
- អគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ
- អគ្គនាយកដ្ឋានប្រតិបត្តិការ
- ផ្នែកស៊ើបអង្កេតផ្ទៃក្នុង
- ការិយាល័យប្រឆាំងអំពើពុករលួយរាជធានី ខេត្ត
- ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ។
តភាគ