ពន្ធ មានមុខងារសំខាន់បីនៅក្នុងសេដ្ឋកិច្ចគឺ ៖
ក- មុខងារហិរញ្ញវត្ថុរបស់ពន្ធដារ
- ពន្ធដារបានដើរតួនាទីមួយយ៉ាងសំខាន់ក្នុងការបង្កើតប្រភពចំណូលរបស់ថវិការជាតិ ។
- រដ្ឋាភិបាលយកចំណូលពន្ធទៅទ្រទ្រង់ដល់ការចំណាយសាធារណៈនានា ដូចជា សង់សាលារៀន សង់មន្ទីរពេទ្យ ធ្វើផ្លូវថ្នល់ ធ្វើស្ពាន ធ្វើសួនច្បារ ធ្វើកន្លែងកំសាន្ត ។ល។
- ការប្រមូលពន្ធបានច្រើនធានានូវនិរន្តរភាពនៃការចំណាយរបស់រដ្ឋ ។
ខ- មុខងារសេដ្ឋកិច្ចរបស់ពន្ធដារ
- ពន្ធដារត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍ សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរបស់រដ្ឋ ។
- ពន្ធដារត្រូវបានគេចាត់ទុកថា ជាឧបករណ៍សម្រាប់ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមដល់សង្គម ។
- ពន្ធដារក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការពង្រឹង និងជំរុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ ព្រោះថាពន្ធដារបានជះឥទ្ធិពលដល់ការផលិត និងការប្រើប្រាស់នៅក្នុងខឿនសេដ្ឋកិច្ច ។
- ពន្ធដារ ត្រូវបានប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់បង្គាប់បញ្ជាស្ថានភាពសេដ្ឋកិច្ចរដ្ឋ ។ ពន្ធត្រូវបានចាត់ទុកថា ជាឧបករណ៍ទប់ស្កាត់ប្រភេទអាជីវកម្មណាមួយ ដើម្បីជាប្រយោជន៍រួមដល់សង្គម ។ ពន្ធដារជះឥទិព្វលដល់សេដ្ឋកិច្ចពីរផ្នែកជាអាទិ៍ ៖
- ផលិតកម្ម (Production) ៖ ពន្ធដារការពារឧស្សាហកម្មក្នុងស្រុក ។ ប្រសិនបើ អត្រាពន្ធត្រូវបង់ជូនរដ្ឋខ្ពស់នោះចំណងឬលទ្ធភាពនៃការវិនិយោគថយចុះ ក៏ប៉ុន្តែប្រសិនបើអត្រាពន្ធត្រូវបង់ជូនរដ្ឋថយចុះនោះចំណង ឬលទ្ធភាពនៃការវិនិយោគកើនឡើងដែរ ។
- ការប្រើប្រាស់ (Consumption) ៖ ពន្ធដារ ជះឥទិព្វលដល់បរិមាណប្រាក់ចំណូលរបស់បុគ្គលម្នាក់ៗ ប្រសិនបើអត្រាពន្ធមានការប្រែប្រួល ។ ប្រពន្ធ័ពន្ធដែលល្អ គឺប្រព័ន្ធពន្ធដែលធ្វើឱ្យគម្លាតរវាងអ្នកមាននិងអ្នកក្រនៅជិតបំផុត ។ វត្ថុប្រើប្រាស់ចាំបាច់ខ្ពស់ ដូចជា គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ កម្រត្រូវបានគិតពន្ធ ។
គ- មុខងារសង្គមរបស់ពន្ធដារ
- ពន្ធដារក៏បានដើរតួនាទីផងដែរក្នុងការជួយលើកកម្ពស់សុខមាលភាពសង្គម ជូនប្រជាពលរដ្ឋវិញទៅតាមលទ្ធភាពរបស់ប្រទេសនីមួយៗ ។
- ពន្ធជំរុញឱ្យមានការអភិវឌ្ឍរដ្ឋបាលកណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ចំណូលពន្ធ ត្រូវបានចំណាយសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (ដូចជា សាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន វត្តអារាមទីធ្លាសាធារណៈ...) ការពង្រឹងសន្តិសុខជាតិ ការបម្រើឱ្យវិស័យការពារជាតិ និងពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈផ្សេងៗទៀត ។
- ជាវិបាកពន្ធដារ ជំរុញការអភិវឌ្ឍរដ្ឋបាលកណ្តាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ បន្ថែមពីលើសពីនេះទៀត ពន្ធដារការពារសុខភាពរបស់មនុស្សបាន ជាក់ស្តែងទំនិញដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សដូចជា ស្រា បារី ត្រូវបានយកពន្ធច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ ។
- សរុបមកពន្ធដារបានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។ រដ្ឋាភិបាលប្រមូលពន្ធ ដើម្បីយកជាប្រាក់ចំណូលសម្រាប់ចំណាយលើការគ្រប់គ្រងរដ្ឋ រួមទាំងសងបំណុលបរទេសផងដែរ ។
- ពន្ធដារបានមកពីការបែងចែកប្រាក់ចំណូលរបស់អ្នកជាប់ពន្ធ ពោលគឺអ្នកមានចំណូលច្រើន ត្រូវបង់ពន្ធច្រើនចំណែកឯអ្នកមានចំណូលតិច ត្រូវបង់ពន្ធតិច ។