Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦៦- តើលក្ខខណ្ឌនៃរំលស់ធម្មតានៃទ្រព្យរូបីមានអ្វីខ្លះ ?

៦៧- តើលក្ខខណ្ឌនៃរំលស់ពិសេសនៃទ្រព្យរូបីមានអ្វីខ្លះ ?

៦៨- តើការរំលស់ធនធានធម្មជាតិត្រូវបានកំណត់យ៉ាងដូចម្តេច ?

៦៩- សម្រាប់បទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណេញ តើចំណាយដែលមិនអនុញ្ញាត្តឲ្យផាត់ចេញមានអ្វីខ្លះ ?

៧០- ​តើពន្ធលើសហគ្រាសធានារ៉ាប់រងត្រូវបានកំណត់យ៉ាងដូចម្តេច ?

ចម្លើយ

៦៦- លក្ខខណ្ឌនៃរំលស់ធម្មតានៃទ្រព្យរូបីមានដូចជា ៖

  • ក្នុងការកំណត់ប្រាក់ចំណេញជាប់ពន្ធ ការកាត់កងសម្រាប់រំលស់ ត្រូវបានផ្តល់ឲ្យម្ចាស់ទ្រព្យរូបី ឬអ្នកជួលទ្រព្យរូបី ក្នុងករណីដែលអ្នកជួលទទួលខុសត្រូវលើហានិភ័យចំពោះការបាត់បង់ ឬការខូចខាតនៃទ្រព្យស្របតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  • ទ្រព្យរូបីដែលអាចរំលស់បាន គឺទ្រព្យរូបីប្រើប្រាស់ក្នុងអាជីវកម្មដែលតែងតែបាត់បង់តម្លៃដោយការប្រើប្រាស់ ឬភាពហួសសម័យ ។ ដីធ្លីមិនមែនជាទ្រព្យអាចរំលស់បានទេ ។
  • ទ្រព្យរូបីទាំងអស់ ត្រូវបានបែងចែកជាថ្នាក់ដូចតទៅ ៖

- ថ្នាក់ទី១ ៖ អាគារ និងរចនាសម្ព័ន្ធ ព្រមទាំងសមាសភាពរបស់វា ។ អត្រារំលស់៥ភាគរយតាមវិធីរំលស់ស្មើភាគ

- ថ្នាក់ទី២ ៖ កុំព្យូទ័រ ប្រព័ន្ធព័ត៌មានអេឡិចត្រូនិច សហ្វវែរ និងបរិក្ខារទុកដាក់ទិន្នន័យ ។ អត្រារំលស់៥០ភាគរយ តាមវិធីរំលស់ថយជាលំដាប់ ។

- ថ្នាក់ទី៣ ៖ រថយន្ត រថយន្តដឹកទំនិញ គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ ។ អត្រារំលស់២៥ភាគរយតាមវិធីរំលស់ថយជាលំដាប់ ។

- ថ្នាក់ទី៤ ៖ ទ្រព្យរូបីឯទៀតទាំងអស់ អត្រារំលស់២០ភាគរយ តាមវិធីរំលស់ថយជាលំដាប់ ។

  • នីតិវិធីក្នុងការបង្កើតថ្នាក់នៃទ្រព្យ ការបញ្ជូលទ្រព្យថ្មីទៅក្នុងថ្នាក់ណាមួយ ការបញ្ចេញទ្រព្យពីថ្នាក់ណាមួយ និងការចាត់ចែងចំពោះបញ្ហាជួសជុលព្រមទាំងចំណាយផ្សេងៗ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
  • វិធានអន្តរកាលសម្រាប់អ្នកជាប់ពន្ធក្នុងការប្រើវិធីរំលស់ ដូចមានចែងក្នុងកថាខណ្ឌនេះ សម្រាប់ឆ្នាំសារពើពន្ធ២០០២ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
  • ការកាត់កងសម្រាប់រំលស់នៅក្នុងកថាខណ្ឌនេះត្រូវគណនាដោយផ្អែក លើតម្លៃទ្រព្យក្រោយការកាត់កងទឹកប្រាក់រំលស់ពិសេសក្នុងកថាខណ្ឌ២នៃមាត្រានេះ ។

៦៧- លក្ខខណ្ឌនៃរំលស់ពិសេសនៃទ្រព្យរូបីមានដូចជា​៖

ក- រំលស់ពិសេស គឺជាចំនួនដែលអាចកាត់កងក្នុងឆ្នាំទី១នៃការទិញ ឬនាពេលក្រោយមកទៀតនៅឆ្នាំទី១នៃការដាក់ប្រើប្រាស់ទ្រព្យរូបី ដោយគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចមានចែងក្នុងវាក្យខណ្ឌ ខ នៃកថាខណ្ឌនេះ ។ ចំនួនដែលអាចកាត់កងបាននេះស្មើនឹង៤០ភាគរយនៃតម្លៃមូលធននៃទ្រព្យរូបីថ្មី ឬទ្រព្យរូបីប្រើប្រាស់រួចដែលបានដាក់ប្រើប្រាស់ក្នុងផលិតកម្ម និងការកែច្នៃដែលនឹងកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ រំលស់ពិសេសនិងកាត់បន្ថយនូវតម្លៃមូលធននៃទ្រព្យរូបី ដែលអាចប្រើប្រាស់សម្រាប់ការរំលស់ធម្មតាតាមកថាខណ្ឌ១នៃមាត្រានេះ ។

ខ- រំលស់ពិសេសនៃទ្រព្យរូបីនិងត្រូវបានយកមកកាត់កង ដើម្បីកំណត់ប្រាក់ចំណូលជាប់ពន្ធរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឆ្នាំសារពើពន្ធ ប្រសិនបើអ្នកវិនិយោគមិនជ្រើសយកការប្រើប្រាស់សិទ្ធិ ទទួលរយៈពេលលើកលែងពន្ធ ។

គ- ទ្រព្យរូបីដែលបានទទួលនូវការកាត់កងរំលស់ពិសេស ត្រូវដាក់ប្រើប្រាស់យ៉ាងតិចបំផុត​៤ឆ្នាំសារពើពន្ធបន្ទាប់ពីសារពើពន្ធដែលរំលស់ពិសេសត្រូវបានកាត់កង ។ ប្រសិនបើទ្រព្យរូបីនោះត្រូវបានឈប់ប្រើប្រាស់មុនរយៈពេលនេះ អ្នកវិនិយោគត្រូវកត់ត្រាបញ្ជូលក្នុងប្រាក់ចំណេញជាប់ពន្ធវិញនូវចំនួនមួយស្មើនឹងទឹកប្រាក់រំលស់ពិសេស ដែលបានកាត់កងកាត់បន្ថយដោយចំនួនមួយស្មើនឹង២ភាគរយនៃទឹកប្រាក់រំលស់ពិសេស ដែលបានកាត់កងសម្រាប់ខែនីមួយៗ ឬចំណែកនៃខែដែលទ្រព្យនោះត្រូវបានដាក់ឲ្យប្រើប្រាស់ ។ ចំនួននេះនឹងមិនប៉ះពាល់តម្លៃពិតគណនេយ្យនៃទ្រព្យរូបីសម្រាប់ការកំណត់ផលចំណេញពីមូលធនជាប់ពន្ធតាមមាត្រា ៧នៃច្បាប់នេះ ។

៦៨- ការរំលស់ធនធានធម្មជាតិត្រូវបានកំណត់ដូចជា ៖

  • ទាយជ្ជទានឲ្យដល់ការរំលស់លើធនធានធម្មជាតិមានជាអាទិ៍ ប្រេងកាត និងឧស្ម័នធម្មជាតិ ត្រូវបានកំណត់ដូចតទៅ ៖

ក- ចំណាយក្នុងការរុករក និងអភិវឌ្ឍន៍ ក្នុងនោះមានទាំងការប្រាក់ ដែលជាប់ទាក់ទងដល់ចំណាយនោះផង ត្រូវបូកបញ្ជូលទៅក្នុងគណនីទ្រព្យសកម្មនៃធនធាននោះ ។

ខ- ទឹកប្រាក់រំលស់លើធនធានធម្មជាតិនីមួយៗ ដែលត្រូវផាត់ចេញនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវគណនាដោយយកសមតុល្យនៃគណនីធនធានធម្មជាតិ ទៅគុណនឹងផលចែករវាងបរិមាណដែលបានផលិតចេញអំពីធនធានធម្មជាតិនៅក្នុងឆ្នាំ និងចំនួនប៉ាន់ស្មាននៃផលិតផលសរុបដែលអាចទាញយកបានពីធនធាននោះ ។

  • នីតិវីធីសម្រាប់កំណត់ចំនួនប៉ាន់ស្មាននៃផលិតផលសរុប ត្រូវកំណត់ដោយអនុក្រឹត្យ ។

៦៩- សម្រាប់បទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណេញ ចំណាយដែលមិនអនុញ្ញាត្តឲ្យផាត់ចេញមានដូចជា ៖

  • ចំណាយលើសកម្មភាពទាំងឡាយដែលជាទូទៅចាត់ទុកជាការកំសាន្ត ការសម្រាកលំហែ ការទទួលភ្ញៀវ ឬការប្រើប្រាស់មធ្យោបាយណាមួយដែលជាប់ទាក់ទងនឹងសកម្មភាពទាំងនេះ ។
  • ចំណាយសម្រាប់ការរស់នៅផ្ទាល់ខ្លួន ឬក្រុមគ្រួសារ លើកលែងតែអត្ថប្រយោជន៍បន្ថែមជាប្រាក់ ឬជាវត្ថុដែលប្រាក់ពន្ធត្រូវបានកាត់ទុកតាមបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្ស ។
  • ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់ចំនេញបានកំណត់ និងពន្ធកាត់ទុកដែលបទប្បញ្ញត្តិស្តីពីពន្ធលើប្រាក់បៀវត្សបានកំណត់ ។
  • ការខាតបង់លើការលក់ ឬដោះដូរទ្រព្យសម្បត្តិ ទោះដោយច្បាប់ ឬប្រយោលក្តីរវាងបុគ្គលទាក់ទិន ។
  • ចំណាយនានា វៀរលែងតែចំណាយដែលកើតមានហើយ ហើយអ្នកជាប់ពន្ធអាចបញ្ជាក់ច្បាស់លាស់នូវចំនួនទឹកប្រាក់ និងគោលដៅអាជីវកម្ម ស្របទៅតាមបែបបទដែលត្រូវកំណត់ដោយអនុក្រឹត្យ ។

៧០- ពន្ធលើសហគ្រាសធានារ៉ាប់រងត្រូវបានកំណត់ដូចជា​៖

ក- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ដូចតទៅ ៖

  • ៥ ភាគរយនៃបុព្វលាភធានារ៉ាប់រងដុល ដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្តនូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
  • តាមអត្រាកំណត់ក្នុងមាត្រា ២០នៃច្បាប់នេះ ចំពោះសកម្មភាពដទៃទៀត ដែលមិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត ។

ខ- វិធាន និងនីតិវិធីនៃការបង់ពន្ធលើប្រាក់ចំណេញរបស់សហគ្រាសធានារ៉ាប់រង ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login