Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨១- តើបំណុលពន្ធ និងកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធ​ត្រូវបានកំណត់ដូចម្តេច ?

៨២- តើការផ្គត់ផ្គង់មិនជាប់អាករមានអ្វីខ្លះ ?

៨៣-​ តើការផ្គត់ផ្គង់មិនជាប់អាករចំពោះបេសកកម្មទូតនិងអង្គការអន្តរជាតិត្រូវបានកំណត់យ៉ាងដូចម្តេច ?

៨៤- តើតម្លៃជាប់អាករត្រូវបានកំណត់ដូចម្តេច ?

៨៥- តើពេលផ្គត់ផ្គង់ត្រូវបានកំណត់យ៉ាងដូចម្តេច ?

ចម្លើយ

៨១- បំណុលពន្ធ និងកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធ​ត្រូវបានកំណត់ដូចជា ៖

  • ពន្ធនេះ គឺជាបំណុលរបស់រូបវន្តបុគ្គលដែលបានទទួលប្រាក់បៀវត្ស រួមទាំងរូបវន្តបុគ្គលបរទេសផង វៀរលែងតែមានបទប្បញ្ញត្តិផ្ទុយដែលមានចែងក្នុងកិច្ចព្រមព្រៀងអន្តរជាតិ ។
  • ពន្ធលើប្រាក់បៀវត្សត្រូវប្រមូលតាមរបៀបកាត់ទុកជាមុនជារៀងរាល់ខែ ដោយនិយោជកនៅរាល់ពេលបើកប្រាក់បៀវត្ស ។
  • ប្រសិនបើនិយោជកស្នាក់នៅបរទេស តំណាងសារពើពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលនិយោជនបានចាត់ចែង គឺជាអ្នកទទួលភារៈកាត់ទុកពន្ធលើប្រាក់បៀវត្សមុនពេលបើកប្រាក់បៀវត្សទៅឲ្យនិយោជិត និងបង្វែរប្រាក់ពន្ធទាំងនោះជូនរដ្ឋ ។
  • និយោជក ឬតំណាងនិវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់និយោជកបរទេស ហើយនិងនិយោជិតត្រូវទទួលខុសត្រូវរួមគ្នាក្នុងការបង់ពន្ធលើប្រាក់បៀវត្សក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពុំកំណត់ថាប្រាក់បៀវត្សបានបើកឲ្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬនៅបរទេសឡើយ ។ ក្នុងករណីមិនបានកាត់ទុកប្រាក់ពន្ធលើប្រាក់បៀវត្ស និយោជកត្រូវទទួលខុសត្រូវចំពោះច្បាប់នេះ ទោះបីជាប្រាក់ពន្ធត្រូវបានបង់ដោយនិយោជិតរួចហើយក្តី ។

៨២- ការផ្គត់ផ្គង់មិនជាប់អាករមានដូចជា ៖

  • សេវាប្រៃសណីយ៍សាធារណៈ
  • សេវារបស់មន្ទីរពេទ្យ និងគ្លីនិក សេវាខាងវេជ្ជសាស្រ្ត និងទន្តសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេ​ជ្ជសាស្ត្រ និងទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ ។
  • សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ ។
  • សេវាធានារ៉ាប់រង ។
  • សេវាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
  • ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ ក្នុងកម្រិតតម្លៃដែលត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
  • សកម្មភាពមិនស្វែងរកចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

៨៣- ការផ្គត់ផ្គង់មិនជាប់អាករចំពោះបេសកកម្មទូតនិងអង្គការអន្តរជាតិត្រូវបានកំណត់ដូចជា ៖

  • ការនាំចូលនូវទំនិញសម្រាប់ ឬដោយបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា សម្រាប់យកមកប្រើនៅក្នុងការបំពេញមុខងារជាផ្លូវការរបស់ខ្លួន ត្រូវកំណត់ថាជាការផ្គត់ផ្គង់មិនជាប់អាករ ។ ការផ្គត់ផ្គង់មិនជាប់អាករត្រូវបានផ្តល់ឲ្យតែក្នុងករណីមានការបញ្ជាក់អំពីប្រធានបេសកកម្មជូននាយកដ្ឋានពន្ធដារថាទំនិញទាំងនោះបាននាំចូលមកសម្រាប់គោលដៅនៃការប្រើប្រាស់ខាងលើនេះមែន ។
  • ការនាំចូលទំនិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់បុគ្គលិកផ្លូវការនៃបេសកកម្ម ឬអង្គការ ដូចមានចែងក្នុងកថាខណ្ឌ១ នៃមាត្រានេះ ត្រូវកំណត់ថាជាការផ្គត់ផ្គង់មិនជាប់អាករចំពោះតែមុខទំនិញទាំងឡាយ ដែលមានចុះនៅក្នុងបញ្ជីរាយមុខទំនិញដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ។
  • ការផ្គត់ផ្គង់មិនជាប់អាករនៅក្នុងមាត្រានេះ ត្រូវឈរលើគោលការណ៍បដិការរវាងរដ្ឋាភិបាលពាក់ព័ន្ធ ។

៨៤- តម្លៃជាប់អាករត្រូវបានកំណត់ដូចជា ៖

  • តម្លៃជាប់អាករនៃការផ្គត់ផ្គង់ គឺជាថ្លៃទំនិញ ឬសេវាដែលអ្នកលក់យកពីអ្នកទិញ ។ តម្លៃជាប់អាកររួមមានបន្ទុកដឹកជញ្ជូន ហើយនិងខ្ទង់ដទៃទៀតដែលត្រូវទូទាត់ឲ្យអ្នកលក់ចំពោះការផ្គត់ផ្គង់នោះ រួមបញ្ជូលទាំងអាករពិសេសលើទំនិញ និងសេវាមួយចំនួន លើកលែងតែអាករលើតម្លៃបន្ថែម ។ នីតិវិធីសម្រាប់ធ្វើការកែតម្រូវតម្លៃជាប់អាករនៅពេលផ្គត់ផ្គង់ ឬក្រោយពេលផ្គត់ផ្គង់ ត្រូវកំណត់ដោយអនុក្រឹត្យ ។
  • ក្នុងករណីដែលការទូទាត់ចំពោះការផ្គត់ផ្គង់ជាប់អាករជាសំណងអ្វីមួយក្រៅពីប្រាក់កាសដើម្បីជាផលប្រយោជន៍ផ្ទាល់ ឬប្រយោលដល់អ្នកលក់ សំណងនោះត្រូវគិតបញ្ជូលក្នុងតម្លៃជាប់អាករតាមតម្លៃទីផ្សារ ។
  • តម្លៃជាប់អាកររបស់ទំនិញនាំចូល គឺជាតម្លៃគយ រួមបញ្ជូលទាំងតម្លៃធានារ៉ាប់រង និងដឹកជញ្ជូន ដោយបូកបន្ថែមនូវពន្ធគយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន ។ បើសិនជាគ្មានតម្លៃគយកែតម្រូវនេះទេ ត្រូវកំណត់យកតាមតម្លៃទីផ្សារ ។
  • បើសិនជាតម្លៃជាប់អាកររបស់ទំនិញ ឬសេវាដែលបានផ្គត់ផ្គង់មិនតំណាងឲ្យតម្លៃពិតទេនោះ រដ្ឋបាលសារពើពន្ធអាចកំណត់ចេញនូវតម្លៃមួយសម្រាប់ទំនិញ ឬសេវា ហើយតម្លៃនោះត្រូវចាត់ទុកជាតម្លៃត្រឹមត្រូវរហូតដល់ពេលមានភស្តុតាងបញ្ជាក់ផ្សេងដែលរដ្ឋបាលសារពើពន្ធបានយល់ព្រមផង ។
  • តម្លៃជាប់អាករនៃទំនិញប្រើរួចហើយ ដែលបុគ្គលជាប់អាករបានទិញពីអ្នកប្រើប្រាស់ដើម្បីលក់ជាប្រចាំ ឬលក់ជំនួសមុខឲ្យអ្នកប្រើប្រាស់ គឺជាចំនួនលំអៀងរវាងថ្លៃលក់ និងថ្លៃទិញឬប្រាក់កម្រៃដែលបានមកពីការលក់ទំនិញនោះ ។

៨៥- ពេលផ្គត់ផ្គង់ត្រូវបានកំណត់ដូចតទៅ ៖

  • អាករលើតម្លៃបន្ថែមត្រូវដល់កំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់ ។
  • ពេលផ្គត់ផ្គង់ទំនិញ និងសេវា គឺជាពេលដែលអ្នកលក់ត្រូវចេញវិក្កយបត្រ ឬជាពេលដែលអ្នកលក់បានចេញវិក្កយបត្រ ប្រសិនបើវិក្កយបត្រនោះត្រូវបានចេញមុនពេលដែលអ្នកលក់ត្រូវចេញវិក្កយបត្រ ។
  • វិក្កយបត្រអាករលើតម្លៃបន្ថែមត្រូវចេញយ៉ាងយឺតបំផុត ៧ថ្ងៃក្រោយការបញ្ជូនទំនិញ ឬការបំពេញសេវា ឬក្រោយការទូទាត់ក្នុងករណីដែលការទូទាត់ធ្វើឡើងមុនការបញ្ជូនទំនិញ ឬការបំពេញសេវា ។ ប្រសិនបើការបញ្ជូនទំនិញពុំមានវិក្កយបត្រភ្ជាប់ជាមួយទេ ត្រូវមានភ្ជាប់ឯកសារបញ្ជូនទំនិញដែលបានកត់ត្រាត្រឹមត្រូវក្នុងទិនានុប្បវត្តិបញ្ជូនទំនិញ ។
  • ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាដែលធ្វើឡើងជាបន្ត ឬដែលមានការទូទាត់ច្រើនលើក ពេលផ្គត់ផ្គង់ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
  • ចំពោះការនាំចូលទំនិញ ពេលផ្គត់ផ្គង់ គឺជាពេលដែលអ្នកនាំចូលដាក់លិខិតប្រកាសជូនអាជ្ញាធរគយទៅតាមគោលការណ៍ជាធរមាន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login