សំណួរ
៦១- តើឆ្នាំជាប់ពន្ធត្រូវបានកំណត់អ្វីខ្លះ ?
៦២- តើវិធានគណនេយ្យត្រូវបានកំណត់ដូចម្តេច ?
៦៣- តើប្រាក់ចំណូលលើកលែងពន្ធត្រូវបានកំណត់យ៉ាងដូចម្តេច ?
៦៤- តើប្រាក់ចំណូលរបស់ក្រុមអាជីវកម្មត្រូវបានកំណត់យ៉ាងដូចម្តេច ?
៦៥- តើការកាត់កងដែលអនុញ្ញាតត្រូវបានកំណត់យ៉ាងដូចម្តេច ?
ចម្លើយ
៦១- ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចជា ៖
- ពន្ធលើប្រាក់ចំណេញអនុវត្តចំពោះរបបពិត ត្រូវគណនាចេញពីលទ្ធផលនៃតុល្យការសម្រេចបានក្នុងឆ្នាំសារពើពន្ធកន្លងទៅ ។
- ប្រសិនជាពុំមានតុល្យការណាមួយបានបញ្ឈប់ក្នុងអំឡុងនៃឆ្នាំណាមួយទេនោះ ពន្ធដែលត្រូវបង់សម្រាប់ឆ្នាំជាបន្ទាប់ត្រូវគិតយកលើប្រាក់ចំណេញក្នុងរយៈវេលាដែលកន្លងទៅ ចាប់តាំងពីថ្ងៃផុតរយៈពេលជាប់ពន្ធដែលកន្លងហួសទៅនោះ ។ ចំពោះសហគ្រាសថ្មីត្រូវគិតចាប់តាំងពីថ្ងៃដែលផ្តើមធ្វើប្រតិបត្តិការមកទល់នឹងថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដែលត្រូវគិតពន្ធ ។
- កាលបើមានធ្វើតុល្យការជាច្រើនៗគ្នាក្នុងអំឡុងនៃឆ្នាំមួយដដែលនោះ លទ្ធផលនៃតុល្យការទាំងឡាយនេះ ត្រូវបូករួមគ្នាធ្វើជាមូលដ្ឋាននៃពន្ធដែលត្រូវបង់ ។
- ពន្ធលើប្រាក់ចំណេញអនុវត្តចំពោះរបបបំព្រួញ និងរបបម៉ៅការ ត្រូវគណនាតាមវិធីគណនេយ្យមូលដ្ឋានសាច់ប្រាក់នៅក្នុងឆ្នាំប្រតិទិនកន្លងមក ។
- សេចក្តីណែនាំនានាស្តីអំពីការធ្វើរបាយការណ៍ ការដាក់លិខិតប្រកាសចុងក្រោយសម្រាប់សហគ្រាសដែលបញ្ឈប់អាជីវកម្ម ឬរៀបចំឡើងវិញ ឬត្រូវបានលក់ ឬផ្ទេរក្នុងឆ្នាំប្រតិទិន ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
៦២- វិធានគណនេយ្យត្រូវបានកំណត់ដូចជា ៖
- ចំពោះអ្នកជាប់ពន្ធតាមរបបបំព្រួញដែលប្រើវិធីគណនេយ្យមូលដ្ឋានសាច់ប្រាក់ ប្រាក់ចំណូលត្រូវគិតបញ្ជូលនៅក្នុងឆ្នាំដែលបានទទួលជាក់ស្តែងនូវសាច់ប្រាក់ ឬទ្រព្យដទៃទៀត ទោះបីជាការទូរទាត់បានធ្វើឡើងសម្រាប់ឆ្នាំផ្សេងទៀតក្តី ។ ឯចំណាយ ឬការកាត់កងនានា អាចផាត់ចេញនៅក្នុងឆ្នាំដែលចំណាយ ឬខ្ទង់ផ្សងទៀតត្រូវបានទូទាត់សងជាក់ស្តែង លើកលែងតែចំណាយទូទាត់មុន និងទាយជ្ជទានឲ្យដល់រំលស់ ។
- ចំពោះអ្នកជាប់ពន្ធតាមរបបពិតដែលប្រើវិធីគណនេយ្យតាមប្លង់គណនេយ្យទូទៅ ប្រាក់ចំណូលត្រូវគិតបញ្ជូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ ។ ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្ទង់ចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់ ។
- ចំពោះអ្នកជាប់ពន្ធតាមរបបពិត ចំណាយនានាធ្វើឡើងចំពោះបុគ្គលទាក់ទិនដែលស្ថិតក្រោមរបបបំព្រួញ មិនអនុញ្ញាតឲ្យផាត់ចេញមុនការទូទាត់ជាក់ស្តែងឡើយ ។
- ចំពោះធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក ត្រូវបានអនុញ្ញាតឲ្យធ្វើសំវិធានធនសម្រាប់ឥណទេយ្យជាប់សង្ស័យ ដើម្បីកំណត់ប្រាក់ចំណេញជាប់ពន្ធ ។ វិធាន និងនីតិវិធីស្តីពីការកាត់កងនានា ត្រូវកំណត់ដោយអនុក្រឹត្យ ។
៦៣- ប្រាក់ចំណូលលើកលែងពន្ធត្រូវបានកំណត់ដូចជា ៖
ក- វៀរលែងតែមានបទប្បញ្ញត្តិផ្ទុយ និងលើកលែងតែប្រាក់ចំណូលដែលត្រូវជាប់ពន្ធតាមមាត្រា ២២ នៃច្បាប់នេះពន្ធលើប្រាក់ចំណេញមិនត្រូវអនុវត្តចំពោះ ៖
- ប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល ឬប្រាក់ចំណូលស្ថាប័នរាជរដ្ឋាភិបាល
- ប្រាក់ចំណូលរបស់អង្គការណាមួយដែល ៖
- ត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា សប្បុរធម៌ វិទ្យាសាស្ត្រ អក្សរសាស្រ្តឬអប់រំ
- គ្មានចំណែកណាមួយនៃទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជន
- ប្រាក់ចំណូលរបស់អង្គការពលករ ឬសភាពាណិជ្ជកម្ម ឧស្សាហកម្ម ឬកសិកម្ម ក្នុងករណីដែលប្រាក់ចំណូលរបស់អង្គការទាំងនោះមិនត្រូវបានប្រើប្រាស់ជាផលប្រយោជន៍ឯកជនរបស់អ្នកចូលហ៊ុន ឬរូបវ័ន្តបុគ្គល
- ប្រាក់ចំណេញដែលបានមកពីការលក់ផលិតផលកសិកម្ម ដែលបុគ្គលមិនមែនជាអ្នកជាប់ពន្ធតាមរបបពិតផលិតបានដោយខ្លួនឯងទោះបីផលិតផលនោះមិនទាន់កែច្នៃ ឬកែច្នៃហើយក៏ដោយទៅតាមទម្លាប់នៃការងារកសិកម្ម ។ ប្រតិបត្តិការតាមមធ្យោបាយឧស្សាហកម្ម រួមទាំងការកែច្នៃការរក្សាគុណភាព ការវេចខ្ចប់សម្រាប់លក់ ពុំត្រូវបានចាត់ទុកជាទម្លាប់នៃការងារកសិកម្មឡើយ ។
- ភាគលាភដែលបានទទួលមកពីសហគ្រាសនិវាសនជន ក្នុងករណីដែលប្រាក់ពន្ធត្រូវបង់តាមមាត្រា២០ថ្មី មាត្រា២៣ថ្មី និងមាត្រា២៦ថ្មី នៃច្បាប់នេះត្រូវបានបង់រួចរាល់ ។
ខ- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវកំណត់ដោយប្រកាសអំពីនីតិវិធីនៃការស្នើសុំលើកលែងពន្ធ ភាពបាត់បង់លក្ខណៈលើកលែងពន្ធ ការប្រកាសសារពើពន្ធ និងការចុះបញ្ជី ។
៦៤- ប្រាក់ចំណូលរបស់ក្រុមអាជីវកម្មត្រូវបានកំណត់ដូចជា៖
- ចំពោះក្រុមអាជីវកម្ម ក្នុងការកំណត់ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ឆ្នាំជាប់ពន្ធណាមួយ សមាជិកម្នាក់ៗត្រូវគិតដាច់ដោយឡែកពីគ្នានូវចំណែករៀងៗខ្លួននៅក្នុងខ្ទង់ចំណូល ចំណេញ ខាត ការកាត់កងឥណទាន និងវិភាគទានសប្បុរធម៌ក្នុងឆ្នាំនេះ ។ សម្រាប់គោលដៅនេះ ខ្ទង់នីមួយៗត្រូវរក្សាចរិតលក្ខណៈនៅដដែល ហើយត្រូវចាត់ទុកថាបានបែងចែកនៅក្នុងឆ្នាំជាប់ពន្ធ ទោះបីជាមានឬគ្មានការបែងចែកជាក់ស្តែងក្តី ។ ការខាតបង់ដែលត្រូវយោងទៅឆ្នាំមុខ និងត្រូវកំណត់ឡើងក្រោយពីបានបែងចែកខ្ទង់នានាហើយ ។
- វិធានសម្រាប់កំណត់ចំនួនទឹកប្រាក់ ដែលត្រូវបែងចែកការចាត់ចែងចំពោះវិភាគទានផ្សេងៗ និងការកែតម្រូវទៅលើ ចំណែកជាមូលដ្ឋានរបស់សមាជិកម្នាក់ៗនៃក្រុមអាជីវកម្មនៅក្នុងឆ្នាំជាប់ពន្ធណាមួយ ត្រូវកំណត់ដោយអនុក្រឹត្យ ។
៦៥- ការកាត់កងដែលអនុញ្ញាតត្រូវបានកំណត់ដូចជា ៖
- វៀរលែងតែបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា១២ ដល់មាត្រា១៨ នៃច្បាប់នេះ ចំណាយដែលអនុញ្ញាតឲ្យកាត់កង រួមមានបន្ទុកដែលអ្នកជាប់ពន្ធបានទូទាត់ ឬត្រូវសងនៅក្នុងឆ្នាំជាប់ពន្ធដើម្បីប្រកបអាជីវកម្ម ។
- ថ្លៃឈ្នួល ការប្រាក់ ការប៉ះប៉ូវ ការទូទាត់ ឬកម្រៃនានាដែលបានបើកឲ្យអ្នកទទួលខុសត្រូវ ឬអភិបាលរបស់សហគ្រាស សមាជិកភាគទុន ឬសមាជិករបស់ក្រុមអាជីវកម្ម សមាជិកនៃគ្រួសារអ្នកជាប់ពន្ធ ឬបុគ្គលទាក់ទិនផ្សេងទៀត ក្នុងករណីមានភស្តុតាងបញ្ជាក់ថា ការទូទាត់នោះបានអនុវត្តចំពោះការបំពេញសេវាជាក់ស្តែង ហើយក្នុងកម្រិតសមហេតុសមផលផងដែរ ។
- ប្រាក់ដែលបានទូទា់លើអាគារថ្មី ឬទ្រព្យសកម្មដទៃទៀត ការកែលំអជាប់លាប់ ឬការកែលំអនានា ក្នុងនោះមានទាំងការប្រាក់ និងប្រាក់ពន្ធអាករ ដែលបានបង់ក្នុងរយៈពេលសាងសង់ ឬទិញចូលផង ។ ទឹកប្រាក់នេះត្រូវកត់ត្រាចូលក្នុងគណនីទ្រព្យសកម្មដែលពាក់ព័ន្ធ ហើយត្រូវកាត់កងតាមការរំលស់ដូចមានចែងក្នុងមាត្រា១៣នៃច្បាប់នេះ ។
តភាគ