2020-06-05 13:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ផ្នែកទី ៣
អំពីអនុភាពនៃការលែងលះគ្នា
មាត្រា ៦៩-
ការលែងលះគ្នារំសាយអនុភាពអាពាហ៍ពិពាហ៍ ចាប់តាំងពីថ្ងៃដែលការលែងលះគ្នានោះ ទៅជាស្ថាពរ ។
មាត្រា ៧០-
ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង ។ បើគ្មានការព្រមព្រៀង សហព័ន្ធម្នាក់ៗត្រូវយកតែទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលមានមុនរៀបអាពាហ៍ពិពាហ៍ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមត៌កក្តី ជាអំណោយក្តីជាអច្ច័យទានក្តីក្នុងរយៈមានចំណងអាពាហ៍ពិពាហ៍ប៉ុណោ្ណះ ។
ក្រៅពីនេះ សហព័ន្ធម្នាក់ៗមានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្តាលម្នាក់ ។
ប៉ុន្តែក្នុងករណីពិសេស និងតាមសំណើរបស់សហព័ន្ធណាមួយ តុលាការប្រជាជនអាចសម្រេចសេចក្តីចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាងលើបាន ដោយគិតទៅដល់ផលប្រយោជន៍របស់កូននិងផលិតកម្ម ។
ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតម្លៃស្មើនឹងការងារផលិតកម្ម ។
មាត្រា ៧១-
ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ន្ធម្នាក់ត្រូវសហព័ន្ធម្នាក់ទៀតបំផ្លាញ សហព័ន្ធនេះត្រូវតែសងតម្លៃទ្រព្យនោះវិញ ។
មាត្រា ៧២-
សាលក្រមដែលកាត់ឲ្យប្តីប្រពន្ធលែងលះគ្នានោះ ត្រូវសម្រេចអំពីអំណាចមេបា ដែលត្រូវប្រគល់ឲ្យទៅឪពុក ឬទៅម្តាយហើយនិងត្រូវសម្រេចអំពីការប្រាស្រ័យទាក់ទងរវាងឪពុក ម្តាយ និងកូននោះផង ។
មាត្រា ៧៣-
ដើម្បីផលប្រយោជន៍របស់កូន ការឲ្យភាគីណាមួយរក្សាកូនត្រូវសម្រេចតាមការយល់ព្រមនៃប្តីប្រពន្ធដែលលែងលះគ្នានោះ ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវឲ្យទៅម្តាយរក្សា ។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នាលើការរក្សាកូន តុលាការប្រជាជនត្រូវសម្រេច ។
មាត្រា ៧៤-
ឪពុក ឬម្តាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ ជួយបីបាច់រក្សា ជួយផ្តល់សោហ៊ុយ អប់រំ និងរៀនសូត្រដល់កូនតាមលទ្ធភាពរបស់ខ្លួន ។
កម្រិតអាហារកិច្ចដែលត្រូវឲ្យទៅកូន ត្រូវសម្រេចតាមការព្រមព្រៀងនៃសហព័ន្ធដែលលែងលះគ្នា ។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនត្រូវសម្រេចដោយផ្នែកទៅតាមលទ្ធភាពរបស់សហព័ន្ធម្នាក់ៗ ។
អាហារកិច្ចត្រូវផ្តល់ឲ្យកូនរហូត ដល់កូនមាននីតិភាព ។
មាត្រា ៧៥-
ភាគីដែលមិនបានរក្សាកូន មានសិទ្ធិទៅសួរសុខទុក្ខកូន ។ ភាគីដែលទទួលសិទ្ធិរក្សាកូនត្រូវបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ភាគីម្ខាងទៀត ។
ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្តឹងទៅតុលាការប្រជាជនរបស់ពេលវេលា ឲ្យដកសិទ្ធិរក្សាកូនពីភាគីម្ខាងនោះបាន បើមានការប៉ះពាល់ដល់ផលប្រយោជន៍របស់កូន ។
មាត្រា ៧៦-
ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុសហើយខ្វះខាត អាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន ។ ភាគីខាងក្រោមនេះត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន ។
កម្រិតអាហារកិច្ចត្រូវសម្រេចតាមការយល់ព្រមរបស់គូភាគីទាំងសងខាង ។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនត្រូវសម្រេចសេចក្តី ។
បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធិទទួលអាហារកិច្ចទៀតហើយ ។
មាត្រា ៧៧-
តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើន ឬបន្ថយកម្រិតអាហារកិច្ចបាន បើមានសំណូមពររបស់ភាគីម្ខាង ។ ការបង្កើន ឬបន្ថយកម្រិតអាហារកិច្ចនោះ ត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្តល់អាហារកិច្ច និងតាមសេចក្តីត្រូវការនៃភាគីដែលទទួលអាហារកិច្ច ។
អាហារកិច្ចអាចផ្តល់ឲ្យជាទឹកប្រាក់ ឬជារបស់ ។
មាត្រា ៧៨-
ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាងលើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដែលនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន បើកាលណាមានភស្តុតាង បញ្ជាក់ថា ជនដែលត្រូវផ្តល់អាហារកិច្ចនោះមិនស្មោះត្រង់ ។
ជំពូកទី ៤
អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និង
អាពាហ៍ពិពាហ៍ជាមួយបរទេស
ផ្នែកទី ១
អំពីអាពាហ៍ពិពាហ៍
មាត្រា ៧៩-
អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា ឬរវាងពលរដ្ឋកម្ពុជា និងជនបរទេសដែលរស់នៅឯបរទេស ត្រូវប្រព្រឹត្តទៅនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត ឬស្ថានកុង ស៊ុល នៃរដ្ឋកម្ពុជាប្រចាំនៅប្រទេសដែលគូភាគីមានលីលំនៅ ។
ក្នុងករណីដែលអាពាហ៍ពិពាហ៍ រវាងពលរដ្ឋកម្ពុជានិងពលរដ្ឋកម្ពុជា និងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស បានប្រព្រឹត្តទៅត្រឹមត្រូវតាមទម្រង់នៃអាពាហ៍ពិពាហ៍ ដែលមានចែងក្នុងច្បាប់នៃកន្លែងរៀបអាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជា ប្រសិនបើអាពាហ៍ពិពាហ៍នោះមិនផ្ទុយនឹងបទបញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា ។
លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងលិខិតអាពាហ៍ពិពាហ៍នេះ ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ នៅឃុំ ឬសង្កាត់ ដែលមកតាំងទីលំនៅនោះ ។
មាត្រា ៨០-
អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់នៃរដ្ឋកម្ពុជា ។
ផ្នែកទី ២
អំពីការរំលាយអាពាហ៍ពិពាហ៍
មាត្រា ៨១-
ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា ឬរវាងពលរដ្ឋកម្ពុជា និងជនបរទេស ដែលរស់នៅឯបរទេស ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជា ។
- ការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស ឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជាត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា ។
- តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសម្រេចលើបណ្តឹងសុំរំលាយអាពាហ៍ពិពាហ៍របស់សហព័ន្ធណាមួយដែលចូលមកតាំងទីលំនៅៗរដ្ឋកម្ពុជា ។
ជំពូកទី ៥
អំពីគ្រួសារ
ផ្នែកទី ១
អំពីកូនអត់ខាន់ស្លា
មាត្រា ៨២-
កូននឹងទុកជាកូនមានខាន់ស្លា លុះត្រាតែកូននោះកើតមកពីឪពុកម្តាយ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និងលុះត្រាតែម្តាយនៃកូននោះមានគភ៌ក្នុងរយៈពេលដែលឪពុកម្តាយនៅជាប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នា បានន័យថា កូនដែលកើត ១៨០ ថ្ងៃយ៉ាងតិចក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ ឬក្នុងរយៈពេល៣០០ថ្ងៃគិតពីថ្ងៃដាច់ចំណងអាពាហ៍ពិពាហ៍ ។
មាត្រា ៨៣-
កូនដែលកើតក្នុងរយៈវេលាតិចជាង ១៨០ថ្ងៃ គិតពីថ្ងៃរៀបអាពាហ៍ពិពាហ៍ និងទុកថាកូនរបស់ប្តីនៃម្តាយបាន កាលបើមានភស្តុតាងច្បាស់ថា ប្តីនេះបានដឹងថា ប្រពន្ធរបស់ខ្លួនមានផ្ទៃពោះតាំងពីមុនរៀបអាពាហ៍ពិពាហ៍មកម្ល៉េះ ឬក៏ព្រមទទួលស្គាល់ថាខ្លួនជាឪពុករបស់កូននោះ ។ បើមិនដូច្នេះទេ ប្តីរបស់ម្តាយនៃកូននោះអាចបដិសេធថា ខ្លួនមិនមែនជាឪពុករបស់កូននោះបាន ដោយមិនចាំបាច់បង្ហាញភស្តុតាងថាខ្លួនមិនមែនជាឪពុក ។
មាត្រា ៨៤-
កូនដែលកើតក្នុងលក្ខខណ្ឌ នៃពេលដែលមានចែងក្នុងមាត្រា៨២ ជាភស្តុតាងយ៉ាងមាំ តម្រូវឲ្យសន្មត់ថាប្តីនៃម្តាយគឺពិតជាឪពុករបស់កូននោះ ។ ប្តីនៃម្តាយអាចមិនទទួលស្គាល់ថា កូននោះជាកូនរបស់ខ្លួនបាន លុះណាតែប្តីនោះប្តឹងបដិសេធបិតុភាព ។
មាត្រា ៨៥-
ការប្តឹងប្រកែកមិនទទួលស្គាល់បិតុភាព ត្រូវប្តីប្តឹងពីម្តាយ និងពីកូនចំពោះមុខតុលាការប្រជាជនខាងលំនៅនៃម្តាយក្នុងរយៈពេល២ខែ គិតពីថ្ងៃដែលខ្លួនបានដឹងពីកំណើតនៃកូននោះ ។
មាត្រា ៨៦-
ប្តីត្រូវជូនភស្តុតាង កាលប្រពន្ធខ្លួនមានគត៌ ក្នុងរយៈពេលដែលច្បាប់បានកំណត់នោះ ខ្លួនមានវិបត្តិខាងរូបកាយ មិនអាចរួមដំណេកជាមួយម្តាយនៃកូននោះបានទេ ។ វិបត្តិខាងរូបកាយដែលពុំអាចឲ្យរួមដំណេកបាននោះ អាចកើតមកពីហេតុ២យ៉ាង ៖
១- ប្តីប្រពន្ធរស់នៅដាច់ឆ្ងាយពីគ្នា
២- ប្តីគ្មានពលានុភាពបណ្តាលមកពីកាយវិកលកម្ម ដែលមិនអាចឲ្យបន្តពូជបាន ។
មាត្រា ៨៧-
ទាយាទខាងប្តី អាចនឹងប្តឹងបដិសេធកូននោះជួសបាន ក្នុងរយៈពេលដែលមានចែងក្នុងមាត្រា៨៥ ប្រសិនបើប្តីនោះមិនអាចប្តឹងបាន ដោយប្តីនោះស្លាប់បាត់ខ្លួន ឬក៏ឆ្កួតលេលា ។
ទាយាទខាងប្តីអាចនឹងបន្តការប្តឹងបដិសេធកូននោះបាន ប្រសិនបើក្នុងរយៈពេល ដែលមានចែងក្នុងមាត្រា៨៥ ក្តីនោះបានប្តឹងបដិសេធរួចហើយ ហើយស្លាប់បាត់ខ្លួន ឬក៏ឆ្កួតលេលា ។
មាត្រា ៨៨-
សាលក្រមដែលសម្រេចទទួលបណ្តឹងបដិសេធនោះ ទុកជាត្រឹមត្រូវ ត្រូវបង្គាប់ឲ្យលុបឈ្មោះប្តីនោះ ចេញពីបញ្ជីសំបុត្រកំណើតរបស់កូន ហើយឲ្យដកត្រកូលឪពុកចេញពីកូន ដោយយកត្រកូលម្តាយដាក់ជំនួសវិញ ។
មាត្រា ៨៩-
ត្រូវបញ្ជូនសេចក្តីសម្រេចនៃសាលក្រមទៅឲ្យមន្ត្រីអត្រានុកូលដ្ឋានដែលបានធ្វើសំបុត្រកំណើតរបស់កូននោះ ដើម្បីឲ្យចម្លងដាក់ក្នុងបញ្ជីសំបុត្រកំណើតហើយចុះនិទ្ទេសនៅរឹមទំព័រ នៃសំបុត្រកំណើតដែលត្រូវកែនោះ ។
ផ្នែកទី ២
អំពីកូនឥតខាន់ស្លា
មាត្រា ៩០-
ដែលហៅថា កូនឥតខាន់ស្លា គឺកូនដែលកើតពីឪពុកម្តាយគ្មានចំណងដៃអាពាហ៍ពិពាហ៍ ។
មាត្រា ៩១-
នៅពេលធ្វើសំបុត្រកំណើត បើឪពុកម្តាយ ដែលគ្មានចំណងដៃអាពាហ៍ពិពាហ៍បានឆ្លើយទទួលស្គាល់ដោយជាក់លាក់នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានថា កូនដែលកើតមកនោះជាកូនរបស់ខ្លួន នោះត្រូវចាត់ទុកឪពុកម្តាយនេះថា ឪពុកម្តាយរបស់កូននោះ ។
មាត្រា ៩២-
បើមានតែឪពុក ឬមានតែម្តាយ ឆ្លើយទទួលស្គាល់ម្នាក់ឯងទេ កូននោះត្រូវចាត់ទុកជាកូនរបស់អ្នកដែលបានឆ្លើយទទួលស្គាល់តែម្នាក់ប៉ុណោ្ណះ ។
មាត្រា ៩៣-
ក្រោយពេលដែលឪពុក ឬម្តាយបានប្តឹងចុះកំណើតកូន ឪពុក ឬម្តាយណាដែលមិនទាន់ទទួលស្គាល់ឪពុក ឬម្តាយនោះអាចប្តឹងសុំទទួលស្គាល់កូនជាក្រោយបាន ។
មាត្រា ៩៤-
កូនឥតខាន់ស្លាដែលឪពុកម្តាយបានទទួលស្គាល់នឹងទៅជាកូនមានខាន់ស្លាបាន បើក្រោយពីកំណើតរបស់កូននោះ ឪពុកម្តាយរបស់កូននោះ បានចុះអាពាហ៍ពិពាហ៍ជាមួយគ្នា ។
ការទទួលស្គាល់កូនអាចធ្វើនៅមុនពេលចុះអាពាហ៍ពិពាហ៍ ធ្វើដំណាលគ្នានឹងពេលចុះអាពាហ៍ពិពាហ៍ ឬក្រោយពេលចុះអាពាហ៍ពិពាហ៍ក៏បាន ។